អ្នកបុរីកីឡា១២គ្រួសារនាំគ្នាតវ៉ារកដំណោះស្រាយនៅមុខការដ្ឋានសំណង់ចិន
2019.12.25
ពលរដ្ឋ១២គ្រួសារដែលរងការបណ្ដេញចេញពីអគារចាស់នៅបុរីកីឡា ប្រមូលផ្ដុំគ្នានៅក្បែរគំនរអគារចាស់ ស្រែកទាមទារឱ្យភាគីក្រុមហ៊ុនចិន ផ្អាកការបុកគ្រឹះសាងសង់សិន ដោយសារពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ អ្នកឃ្លាំមើលបញ្ហាដីធ្លី និងសិទ្ធិមនុស្សយល់ថា ទាំងភាគីក្រុមហ៊ុន និងអាជ្ញាធរគួរឈប់រុញដាក់គ្នាទៅវិញ ប៉ុន្តែត្រូវងាករកដំណោះស្រាយរួមគ្នាឱ្យអ្នកបុរីកីឡា ដើម្បីបញ្ចប់បញ្ហាដីធ្លីរ៉ាំរ៉ៃមួយនេះ។
តំណាងសហគមន៍បុរីកីឡា លោកស្រី ភោគ សុភិន ថ្លែងថា ក្រុមហ៊ុនចិនបានបុកគ្រឹះសាងសង់អគារទំនើប រំលោភលើដីចំណីផ្លូវជាងពាក់កណ្ដាល ស្ថិតនៅក្រោយអគារបុរីកីឡាថ្មី ក្រោយពីអាជ្ញាធរបណ្ដេញពួកគាត់ចេញ និងប្រគល់អគារបុរីកីឡាចាស់ឱ្យក្រុមហ៊ុនវាយកម្ទេចចោលកាលពីពេលកន្លងទៅ។
លោកស្រី ទាមទារឱ្យភាគីក្រុមហ៊ុនចិន គិតគូរផ្ដល់សំណងឱ្យពួកគាត់១២គ្រួសារជាមុនសិន ទើបអាចបន្តការសាងសង់បាន។ លោកស្រីថា ភាគីក្រុមហ៊ុនបានឆ្លើយតបថា ក្រុមហ៊ុនធ្វើតាមការចង្អុលបង្ហាញរបស់អាជ្ញាធរប៉ុណ្ណោះ គឺមិនបានរំលោភបំពានដីធ្លីផ្ទះសម្បែងរបស់ពលរដ្ឋនោះទេ។ ភាគីក្រុមហ៊ុនបានតម្រូវឱ្យអ្នកបុរីកីឡាដែលទាមទារសំណង នាំគ្នាទៅរកដំណោះស្រាយពីសាលារាជធានីភ្នំពេញវិញ។
លោកស្រី ភោគ សុភិន បន្តថា ពលរដ្ឋបុរីកីឡាតែងតែព្យាយាមសុំជួបមន្ត្រីសាលាក្រុងភ្នំពេញ ដើម្បីជជែកពីការផ្ដល់សំណងក្រោយពេលវាយកម្ទេចអាគារ ប៉ុន្តែមន្ត្រីសាលាក្រុងភ្នំពេញបានព្រងើយកន្តើយមិនឆ្លងឆ្លើយ និងមិនលើកលេខទូរស័ព្ទរបស់ពលរដ្ឋនោះទេ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ពួកគាត់ចង់បាន ការអភិវឌ្ឍនៅនឹងកន្លែងដែលជាការផ្ដល់បន្ទប់អាគារឱ្យពួកគាត់នៅតំបន់បុរីកីឡាដដែល ឬផ្ដល់សំណងក្នុង ១គ្រួសារ ៥ម៉ឺនដុល្លារ៖ «គាត់ដេញពួកខ្ញុំ ឱ្យទៅសាលាក្រុង។ បើសាលាក្រុងមិនអើពើផងហ្នឹង មិនយកចិត្តទុកដាក់ពួកខ្ញុំផងហ្នឹង ហើយគាត់មិនឱ្យជួបផង។ អ្នកខ្លះទៅភូមិអណ្ដូង គ្នាព្រមយក ៥ពាន់ហើយ ក៏មិនឱ្យគ្នា នៅបង្កក់គ្នាចោលនៅហ្នឹង។ មិនមែនតែ១២គ្រួសារហ្នឹងទេ មាន៣គ្រួសារដែលព្រមយកក៏បានផង។ ឥឡូវ រត់មករកខ្ញុំដែរ។ សម្រាប់ពួកខ្ញុំ គេមិនអើពើ សម្រាប់អ្នកព្រមទៅនៅភូមិអណ្ដូងហើយ ក៏មិនឱ្យលុយគ្នា។ សាលាក្រុងមិនមើលមុខផង ឱ្យខ្ញុំធ្វើយ៉ាងម៉េច»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បាននៅឡើយ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញវិវាទដីធ្លីនៅបុរីកីឡាចំកណ្ដាលក្រុងភ្នំពេញនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួនពលរដ្ឋ ដែលនៅសេសសល់ មិនច្រើននោះទេ ដូច្នេះលោកជំរុញឱ្យអាជ្ញាធរ និងភាគីក្រុមហ៊ុន គួរដោះស្រាយបញ្ចប់បញ្ហានេះ ដោយមិនគួរបន្តអូសបន្លាយតទៅទៀត៖ «បើតាមការសម្គាល់មើលទៅ វាអត់មានអ្នកទទួលខុសត្រូវច្បាស់លាស់។ វាមិនដឹងថាយន្តការនៃការដោះស្រាយហ្នឹង វានៅលើអ្នកណាមួយ ជាអ្នកសម្រេចច្បាស់លាស់ នៅលើក្រុមហ៊ុន ឬនៅលើអាជ្ញាធរទេ។ ហើយអាជ្ញាធរហ្នឹង អ្នកណាជាអ្នកសម្រេចច្បាស់លាស់។ សរុបសេចក្ដីមក រឿងហ្នឹងវាអត់ចេះចប់ទេ។ វាធ្វើឱ្យខាងអាជ្ញាធរ និងក្រុមហ៊ុន ឈឺក្បាលទៅវិញទេ ធ្វើការតែរឿងផ្សេងទៀតមិនអស់ ហើយនៅរង់ចាំដោះស្រាយតែរឿងដីធ្លី មិនទាន់ចប់សព្វគ្រប់ហ្នឹង។ ហើយចោទប្រជាពលរដ្ឋ ចេះតែធ្វើការរំខាន ឬមួយធ្វើអ្វីប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬមួយក៏ញុះញង់ ឬក៏ប្រឆាំងនឹងការអភិវឌ្ឍអ៊ីចឹង។ ហ្នឹងគឺអត់ត្រឹមត្រូវទេ។ ហ្នឹងជារឿងមួយដែលអាជ្ញាធរនិងក្រុមហ៊ុន ទទួលខុសត្រូវដោះស្រាយដូចគ្នា មិនមែនតែអាជ្ញាធរឬក្រុមហ៊ុននោះទេ»។
បច្ចុប្បន្ន ផ្ទៃដីនៅបុរីកីឡាដែលអាជ្ញាធរបានបណ្ដេញពលរដ្ឋចេញដោយបង្ខំ កាលពីឆ្នាំ២០១២ នោះ បានជំនួសមកវិញជាអគារលំនៅឋានបែបពាណិជ្ជកម្ម ឈ្មោះថា CEO KT Pacific តាមរយៈការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។ ក្នុងគេហទំព័រអចលនទ្រព្យកម្ពុជា ចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា ក្រុមហ៊ុនចិនឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) បានទទួលសិទ្ធិសាងសង់អគារពាណិជ្ជកម្មមួយនេះ ដែលមានកម្ពស់ ៣៣ជាន់ ស្ថិតនៅក្នុងខណ្ឌ៧មករា ។ នៅក្នុងគម្រោងនៃការសាងសង់អគារទំនើប ដែលគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២០ រួមមាន អគារលំនៅឋាន សាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកម្សាន្ត និងភោជនីយដ្ឋាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកបុរីកីឡាដែលក្រាញននៀលរស់នៅក្នុងបុរីកីឡា មិនពេញចិត្តនឹងគម្រោងដែលច្បាមយកដីធ្លីពួកគាត់បែបនេះ ហើយពួកគាត់នៅតែប្រកាន់ជំហរ ធ្វើសកម្មភាពចេញតវ៉ារហូតទទួលបានដំណោះស្រាយសមរម្យដែលអាចទទួលយកបាន៕