អ្នក​មាន​ជម្លោះ​ដី​នៅ​បុរីកីឡា​នឹង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី

ដោយ យន់ សាមៀន
2017-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ទាំង ១១​គ្រួសារ ទុក​រយៈពេល​ឲ្យ​អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ ១​សប្ដាហ៍​ទៀត ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពួកគាត់​មុន​នឹង​ពួកគាត់​ងាក​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​ធ្នូ ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ដ៏​សមរម្យ​មួយ​ដើម្បី​អាច​ឲ្យ​ពួកគាត់​ទាំង ១១​គ្រួសារ ទទួល​បាន​សិទ្ធិ​ស្នាក់នៅ​ក្នុង​អគារ​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច នៅ​លើ​ដី​របស់​ពួកគាត់​ក្នុង​តំបន់​បុរីកីឡា ឬ​ត្រូវ​ផ្ដល់​ជូន​ពួកគាត់​ទឹក​ប្រាក់ ២៥.០០០​ដុល្លារ។

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​តំបន់​បុរីកីឡា អ្នកស្រី សរ ស៊ន ឲ្យ​ដឹង​ថា ប្រាក់ ២៥.០០០​ដុល្លារ​ដែល​ស្នើ​សុំ​នោះ ដើម្បី​យក​ទៅ​ទិញ​អគារ​ស្នាក់​នៅ​របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច​វិញ។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​នៅ​បុរីកីឡា មិន​ចង់​ទៅ​រស់​នៅ​តំបន់​ដាច់ស្រយាល ភូមិ​អណ្ដូង តាម​ការ​រៀបចំ​របស់​សាលា​រាជធានី​នោះ​ទេ ព្រោះ​បុរីកីឡា ជា​ផ្ទះ​របស់​ពួកគាត់ និង​ជា​កន្លែង​ដែល​ពួកគាត់​បាន​ប្រកប​អាជីវកម្ម​រស់​នៅ​យូរ​ណាស់​មក​ហើយ។

អ្នកស្រី សរ ស៊ន បញ្ជាក់​ថា ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាក្រុង ព្រោះ​ពួកគាត់​មិន​បាន​ជួប​អភិបាល​ក្រុង ឬ​អភិបាល​រង​ដែល​ចេញ​ឱសានវាទ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​កាល​ពី​សប្ដាហ៍។ ប៉ុន្តែ​មន្ត្រី​ដែល​ទទួល​ញត្តិ​ប្រាប់​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នឹង​យក​ញត្តិ​នោះ​ទៅ​ដាក់​ជូន​អភិបាល​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បុរីកីឡា ថា នៅ​សប្ដាហ៍​ក្រោយ​ពួកគាត់​នឹង​ទៅ​សាលាក្រុង​ម្ដង​ទៀត​ដើម្បី​សាកសួរ​ពី​សំណើ​របស់​ពួកគាត់ មុន​នឹង​ពួកគាត់​សម្រេច​ចិត្ត​ទៅ​ពឹង​ពាក់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ដែនដី៖ «»។

​ការ​ស្វះ​ស្វែង​រក​ដំណោះស្រាយ​ជា​ថ្មី​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ក្រោយ​ពេល​អភិបាល​ខណ្ឌ​៧មករា បាន​កោះហៅ​អ្នក​ភូមិ​ទៅ​ជួប​ប្រជុំ​នៅ​សាលា​ខណ្ឌ​ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ។ សហគមន៍​មាន​ជម្លោះ​ដីធ្លី​បុរីកីឡា អះអាង​ថា អភិបាល​ខណ្ឌ​កោះ​ហៅ​ពួកគាត់​មិន​មែន​ទៅ​រក​ដំណោះស្រាយ​ទេ តែ​កោះហៅ​ដើម្បី​ទៅ​ព្រមាន​ឲ្យ​ទទួល​យក​ដំណោះស្រាយ​ទាំង​បង្ខំ។ បន្ថែម​ពី​នេះ​ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា អភិបាល​ខណ្ឌ​៧​មករា ព្រមាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ បើ​នៅ​តែ​រឹង​រូស​មិន​ព្រម​ទទួល​យក​លុយ​ប្រហែល ៣.០០០ ឬ ៤.០០០​ដុល្លារ ឬ​ការ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រក​នៅ​ភូមិ​អណ្ដូង រាជធានី​ភ្នំពេញ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់​ថា គម្រោង​ស្វះ​ស្វែង​រក​ដំណោះស្រាយ​ពី​រដ្ឋមន្ត្រី​ដែនដី​លោក ជា សុផារ៉ា ជា​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​មើល​ឃើញ​ថា  លោក ជា សុផារ៉ា ប្រហែល​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​បាន​ដោយសារ​តែ​លោក​ធ្លាក់​ដោះស្រាយ​បញ្ហា​នៅ​អគារ​ស ឬ​ប៊ូឌីង ចប់​ដោយ​ជោគជ័យ និង​គ្មាន​ការ​តវ៉ា​​ណា​មួយ​ពី​ពលរដ្ឋ។

លោក វណ្ណ សូផាត បន្ត​ថា កន្លង​មក​សាលា​រាជធានី​ភ្នំពេញ បាន​ខិតខំ​ដោះស្រាយ​ជម្លោះ​នៅ​បុរីកីឡា តាំង​ពី​មាន​ចំនួន​រាប់​រយ​គ្រួសារ រហូត​សល់​ត្រឹម ១១​គ្រួសារ ដូច​នេះ​គួរ​តែ​ខិតខំ​បន្ត​ទៀត​ដើម្បី​រក​បាន​ដំណោះស្រាយ​ល្អ​មួយ​សម្រាប់​អ្នក​បុរីកីឡា ទាំង​មូល៖ «»។

​​បើ​ទោះ​ជា​ថ្ងៃ​ឱសានវាទ​បាន​ផុត​ទៅ​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​២២ ខែ​ធ្នូ មក ប៉ុន្តែ​មក​ដល់​ពេល​នេះ ពលរដ្ឋ​បុរីកីឡា ប្រាប់​ថា មិន​ទាន់​មាន​អាជ្ញាធរ ឬ​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគាត់​នោះ​ទេ។ ពលរដ្ឋ​នៅ​បុរីកីឡា​ថា ការ​តវ៉ា​ទាមទារ​ដី​របស់​ខ្លួន​ឯង​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​រំលោភ​យក​ជា​ច្រើន​ឆ្នាំ​មក​នេះ គ្រាន់តែ​ដើម្បី​ចង់​មាន​ជម្រក​មួយ​សមរម្យ ដែល​អាច​រស់​នៅ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល