ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ត្អូញត្អែរ​ថា កូនចៅ​របស់​ពួកគេ​ទៅ​រៀន​សូត្រ​មិន​បាន​ជាប់​លាប់

0:00 / 0:00

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ថា កូនៗ​របស់​ពួកគេ​មិនបាន​ទៅ​រៀន​ជាប់​លាប់​រហូត​នោះ​ទេ។ ពួកគេ​ថា មាន​កុមារ​ខ្លះ​ពេល​ថ្ងៃ​ទៅ​រៀន ពេលយប់​ដើរ​សុំទាន​ទៀត​ផង ដោយសារតែ​បញ្ហា​ដីធ្លី​របស់​ពួកគេ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ។

វិបត្តិ​ដីធ្លី​ដែល​កំពុង​រីក​រាលដាល​នៅ​ទូទៅ​ប្រទេស​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ក្នុង​កុមារ​តូចៗ​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​ទាំងនោះ ជាហេតុ​ធ្វើ​ឱ្យ​កុមារ​ទាំងនោះ បាត់បង់​សិទ្ធិ​សំខាន់​របស់​ខ្លួន​មួយ គឺ​សិទ្ធិ​អប់រំ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ដីធ្លី​ស្នើ​ទៅ​របប​ក្រុងភ្នំពេញ គិតគូរ​ឡើងវិញ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការសិក្សា​របស់​កុមារ។ តំណាង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ដែល​មាន​បញ្ហា​ដីធ្លី​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា យ៉ាងហោចណាស់​មាន​កុមារ ១០​នាក់​ដែល​ឪពុកម្ដាយ របស់​ពួកគេ​ជា​អ្នក​បញ្ហា​ដីធ្លី​មិនបាន​ទៅ​រៀន​សូត្រ​ជាប់លាប់ ហើយ​ពេលខ្លះ​ត្រូវ​ដើរ​សុំទាន​គេ ថែម​ទៀត​ផង។ លោកស្រី​បន្ត​ថា កុមារ​ក្នុង​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​ភាគច្រើន​ឪពុកម្ដាយ ពួកគេ​មាន​ជីវភាព​ក្រីក្រ​ហើយ​អ្នកខ្លះ​ត្រូវ​ចំណាកស្រុក​ទុក​កូន​ចោល​ផ្ញើ​នៅ​សាច់ញាតិ​ក្នុង តំបន់​បុរីកីឡា ដែល​ក្មេង​ទាំងនោះ​មិន​បាន​ចូលរៀន​សូត្រ​នោះ។ «»

ក្មេង​ស្រី​អាយុ ១២​ឆ្នាំ ម្នាក់​ដែល​ឪពុកម្ដាយ​របស់​ពួកគេ​ជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ហើយ​សព្វថ្ងៃ​ប្រកប​រប​ដើរ​រើស​អេតចាយ​ឱ្យ​អាស៊ីសេរី​ដឹង​ថា តី បាន​ចូលរៀន​នៅ​អង្គការ​មួយ​ឈ្មោះថា ”មិត្រ​សម្លាញ់” ដោយមាន​ឡាន​មក​ដឹក​រៀងរាល់​ព្រឹក​ទៅ​សាលា ប៉ុន្តែ​កុមារ​រូប​នេះ ប្រាប់​ថា ដោយសារ​គ្រួសារ​របស់​គេ​ជួប​បញ្ហា​ខ្វះខាត​លុយកាក់ គេ​ត្រូវ​បង្ខំចិត្ត​ដើរ​សុំទាន នៅ​ពេល​យប់​ជាមួយ​ក្មេង​ផ្សេងៗ​ទៀត​។ ក្មេង​ស្រី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​ខ្លួន​ដើរ​សុំ​ទាន​ដល់​យប់​ជ្រៅ​ស្ទើរ​រាល់​យប់ ដូច្នេះ​ធ្វើ​ឱ្យ​គេ​មិន​អាច​ភ្ញាក់​ពី​ព្រឹក​ទាន់​ឡាន ដែល​អង្គការ​មក​ដឹក​នោះ​បាន​ទេ និង​មិន​បាន​ទៅ​រៀន។ «»

ចំណែក​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ឱ្យ​ដឹង​ដែរ​ថា កូន​របស់​លោក និង​ក្មេង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​របស់​លោក មិនសូវ​បាន​ទៅ​សាលា​នោះ​ទេ​ខណៈ​តំបន់​របស់​លោក​រស់នៅ​កំពុង​កើតមាន​បញ្ហា​ដីធ្លី។ លោក​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ក្មេងៗ​នៅ​ទីនេះ​មិនសូវ​បាន​ទៅ​រៀន​ថា ពេលខ្លះ​ឪពុកម្ដាយ​ក្មេងៗ​ទាំងនោះ​នាំ​ពួកគេ​ទៅ​ទាមទារ​តវ៉ា​បញ្ហា​ដីធ្លី​នៅ​សាលាខេត្ត និង​រាជធានី​ភ្នំពេញ ហើយ​ពេល​ខ្លះ​ទៀត​មាន​ក្រុមហ៊ុន ចូល​ឈូស​ឆាយ​ដីធ្លី​របស់​ពួកគេ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រវល់​ទៅ​ការពារ​ដីធ្លី​មិនបាន​ជូន​កូន​ទៅ​រៀន។ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែល​ធ្វើ​ការងារ​ទាក់ទង​វិស័យ​អប់រំ​ដែរ​នោះ​ឱ្យ​ដឹង​ថា មាន​មូលហេតុ​ធំៗ​បី​ចំណុច​ដែល​ធ្វើ​ឱ្យ​កុមារ​ក្នុង​គ្រួសារ​មាន​បញ្ហា​ដីធ្លី​រៀន​មិន​បាន​ល្អ និង​ទៅ​រៀន​មិនបាន​ជាប់​លាប់​នោះ គឺ​ការ​ផ្លាស់ប្ដូរ​ទីលំនៅ ការ​មមាញឹក​ក្នុង​ការ​ទាមទារ និង​ការ​ខ្វះ​លុយកាក់។ លោក​ព្រួយបារម្ភ​ថា កុមារ​ក្នុង​គ្រួសារ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​កាន់​ខ្លាំង​ថែមទៀត បើ​តួអង្គ​សំខាន់ៗ​ដែល​ធ្វើ​ការងារ​ទាក់ទង​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​មិន​រក​ដំណោះស្រាយ។ «»

របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នៅតែ​រក​ឃើញ​ថា កុមារ​ដែល​បោះបង់​ការ​សិក្សា ឬ​នៅ​ក្រៅ​សាលារៀន​នៅតែ​មាន​តួលេខ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មូលហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​កុមារ​ឈប់​រៀន​នោះ គឺ​ដោយសារ​ភាព​ក្រីក្រ សាលា​នៅ​ឆ្ងាយ កុមារ​រស់នៅ​អនាថា កុមារ​ជនជាតិ​ភាគតិច​និង​កុមារ​មាន​ពិការភាព​ជាដើម ប៉ុន្តែ​មិន​ទាន់​មាន​តួលេខ​ដាច់ដោយឡែក ទាក់ទង​ការ​បោះបង់​ចោល​ការសិក្សា​របស់​កុមារ​ក្នុង​គ្រួសារ​ដែល​បញ្ហា​ដីធ្លី​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំបូលី ឱ្យ​អាស៊ីសេរី​ដឹង​ថា បញ្ហា​នេះ​ទាក់ទង​ទៅ​នឹង​ជម្លោះដីធ្លី​ដូច្នេះ​មិន​ស្ថិត​ក្នុង​ដំណោះ​របស់​ក្រសួង​អប់រំ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​ទាក់ទង​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​អប់រំ​ក៏​មាន​កម្មវិធី សិក្សា​ខ្លះ​ជួយ​ឱ្យ​អ្នក​បោះបង់ចោល​ការសិក្សា​អាច​បន្ត​ការសិក្សា​បាន​ដែរ ហើយ​មាន​គុណ​តម្លៃ​ស្មើ​ទៅ​នឹង​ការសិក្សា​នៅ​ក្នុង​សាលា​ដែរ។

ចំណែក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា ទីណា​មាន​បញ្ហា​ដីធ្លី នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កុមារ​និង​ស្ត្រី។ ប៉ុន្តែ​អះអាង​ថា រដ្ឋាភិបាល​បាន​ព្យាយាម​ដោះស្រាយ បញ្ហា​ទាំងនោះ​ដោយ​យកចិត្ត​ទុក​បំផុត​គឺ​ព្យាយាម​ឱ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ទៅ​រស់នៅ​ទីតាំង​ដែល​មាន​សាលារៀន​ឬ​មន្ទីរពេទ្យ​ជាដើម​។ អ្នកនាំពាក្យ​រូប​​នេះ​បាន​ចោទប្រកាន់​ដែរ​ថា មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះ និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ខ្លះ​បាន​យក​កុមារ​ធ្វើជា​ចំណាប់ខ្មាំង ដែល​លោក​យល់​ថា ករណី​នេះ​ជា​ការ​រំលោភ​សិទ្ធិ​កុមារ។ «»

ប៉ុន្តែ​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត លើកឡើង​ថា ប្រសិន​រដ្ឋាភិបាល​មាន​ឆន្ទៈ​នឹង​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​ដែល​កើត​ចេញពី​ជម្លោះដីធ្លី​នេះ​បាន។ លោក​បាន​សង្កេត​ឃើញ​ថា វិបត្តិ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​ជាង ២០​ឆ្នាំ​មក​ហើយ ដូច្នេះ​បើ​វិបត្តិ​នេះ​នៅតែ​អូស​បន្លាយ​បន្ត​ទៅ​ទៀត​មិន​ត្រឹមតែ​ធ្វើ ឱ្យ​ប៉ះពាល់​កុមារ​ក្នុង​គ្រួសារ​មាន​បញ្ហា​ដីធ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​តែម្តង​ព្រោះ​បញ្ហា​ខ្វះ​ធនធាន​មនុស្ស។ «»

កុមារ​មាន​សិទ្ធិ​សំខាន់ៗ​ចំនួន​បួន​ធំៗ​គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ ដែល​សិទ្ធិ​នេះ សំដៅ​ទៅលើ​ការ​ទទួល​បាន​ការអប់រំ​ដោយ​ឥត​បង់ថ្លៃ នៅ​សាលា​សាធារណៈ​ក្នុង​ថ្នាក់​អប់រំ​មូលដ្ឋាន សិទ្ធិ​លេង​កម្សាន្ត សិទ្ធិ​ជា​សមាជិក​ក្នុង​សហគមន៍។ សិទ្ធិ​ទទួល​ការ​ការពារ និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​។ ប៉ុន្តែ​ការបោះបង់​ការសិក្សា​របស់​កុមារ នៅតែ​ជា​បញ្ហា​ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ លើ​វិស័យ​អប់រំ​ទទូច​ឱ្យ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​របប​ក្រុងភ្នំពេញ​រួម​កម្លាំង​គ្នា​ដើម្បី​ផ្ដល់​ឱកាស​ដល់​កុមារ​ដែល​បោះបង់​ការសិក្សា​បាន​វិល​ចូលរៀន​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។