តំណាងសហគមន៍មានជម្លោះដីធ្លី ដាក់ញត្តិជាថ្មីនៅសាលារាជធានីភ្នំពេញ ស្នើសុំឲ្យមានកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយថ្មីមួយសម្រាប់ពលរដ្ឋរស់នៅតំបន់ជ្រោយចង្វារ ដែលកំពុងរងផលប៉ះពាល់ពីការអភិវឌ្ឍតំបន់នោះ ដោយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)ជាង ៨ឆ្នាំមកនេះ។
តំណាងសហគមន៍ជ្រោយចង្វារ លោក ជា សុផាត ប្រាប់អាស៊ីសេរីថា សាលាក្រុងភ្នំពេញនឹងជូនដំណឹងមកលោកវិញ ក្នុងរយៈពេល២-៣ថ្ងៃទៀត បន្ទាប់ពីរដ្ឋបាលសាលាក្រុងភ្នំពេញទទួលញត្តិ នៅថ្ងៃទីពុធ ទី១៦ មករា។ ក្រៅពីដាក់ញត្តិសាលាក្រុង លោក ជា សុផាត និងលោក សេង សារៀម បន្តដាក់ញត្តិតាមស្ថាប័នជាតិមួយចំនួនទៀត មានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ខុទ្ទកាល័យលោក ហ៊ុន សែន និងតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
ដំណោះស្រាយដែលពលរដ្ឋសរសេរក្នុងញត្តិដាក់ជូនអភិបាលក្រុងភ្នំពេញ គឺស្នើឲ្យសាលាក្រុងភ្នំពេញ ផ្អាករាល់សកម្មភាពរបស់ក្រុមហ៊ុន OCIC នៅលើដីដែលមិនទាន់ដោះស្រាយ កាត់ឆ្វៀលដីលំនៅឋានទាំងអស់ចេញពីគម្រោងអភិវឌ្ឍ និងចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ដោយមិនគិតប្រវែងគម្លាត១០០ម៉ែត្រ ឬក្រៅ១០០ម៉ែត្រពីផ្លូចជាតិលេខ 6A និងពីច្រាំងទន្លេសាប។ ក្រៅពីនេះ ដីអាស្រ័យផលសម្រាប់ធ្វើស្រែចម្ការរបស់ពលរដ្ឋដែលជាម្ចាស់ដី ចូលរួមអភិវឌ្ឍន៍ ដោយប្រគល់ដី៥០% ជូនសាលាក្រុងភ្នំពេញនិងក្រុមហ៊ុន ហើយដី៥០%ដែលនៅសល់ ស្នើសុំចេញប័ណ្ណកម្មសិទ្ធិឲ្យម្ចាស់ដី ឬក្រុមហ៊ុនអាចទិញតាមតម្លៃទីផ្សារសម្រាប់ដីទាំងមូល។ ហើយនឹងដោះស្រាយផលប៉ះពាល់ដីលំនៅឋាន នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ៨គ្រួសារ ដែលក្រុមហ៊ុនឈូសកម្ទេចចោលកាលពីខែមេសា ឆ្នាំ២០១៧។
តំណាងពលរដ្ឋ ៨២គ្រួសារនៅតំបន់ជ្រោយចង្វារ លោក ជា សុផាត សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដែលឡើងកាន់តំណែងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង នឹងពិនិត្យមើលករណីជម្លោះដីធ្លីរបស់ពួកគាត់ ដើម្បីឈានទៅរកដំណោះស្រាយមួយដែលពលរដ្ឋអាចទទួលយកបាន៖ «ខ្ញុំសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហើយឯកឧត្ដមអភិបាលក្រុង ប្រហែលជាគាត់នឹង ពិនិត្យនិងសើរើឡើងវិញ ដើម្បីរកដំណោះស្រាយមួយដោយសមស្របឲ្យពួកខ្ញុំ កុំឲ្យពួកខ្ញុំ នៅបើកភ្នែកមកពេលណា នៅតែគិតពីរឿងដីរបស់ខ្លួន គិតតែពីរឿងអយុត្តិធម៌នៅក្នុងខ្លួន តើថ្ងៃណាបានពួកខ្ញុំហ្នឹង មានជីវិតរស់នៅ ដូចថាយើងអស់ទុក្ខកង្វល់ពីការបាត់បង់ទ្រព្យសម្បត្តិហ្នឹង។ ខ្ញុំគិតឃើញថា អភិបាលក្រុងថ្មី ១ឆ្នាំមកហើយ ប្រហែលជាលោកមានវិធីសាស្រ្តជួយដោះស្រាយឲ្យពួកខ្ញុំ ដោយសមរម្យ»។
ចំពោះជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងអ្នកជ្រោយចង្វារនិងក្រុមហ៊ុនOCIC របស់លោកឧកញ៉ា ពុង ខៀវសែ ដែលអូសបន្លាយជាង ៧ឆ្នាំមកនេះ មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ថា ដំណោះស្រាយពិតជាមាន ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់ជម្លោះដីធ្លីនៅកណ្ដាលក្រុងភ្នំពេញមួយនេះ៖ «បញ្ហា អូ . ស៊ី . អាយ . ស៊ី នេះ គឺថាយូរឆ្នាំហើយ។ ហើយសាលារាជធានីភ្នំពេញនៅតែប្រកាន់ជំហរ ផ្ដល់ជូនគាត់តែ១០ % ។ បើសិននៅតែប្រកាន់ជំហរហ្នឹង មិនមានជំហរផ្សេងទៀតសម្រាប់ដំណោះស្រាយពិសេសណាផ្សេងទៀតទេ គឺថាវាពិបាកណាស់។ ខ្ញុំយល់ថា វាមិនអាចឈានទៅរកដំណោះស្រាយបញ្ចប់បានទេ លុះត្រាតែ ខាងសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុន ឬមួយក៏ឯកឧត្តម ជា សុផារ៉ា អាចប្រជុំ ឬក៏សម្របសម្រួលក្នុងការស្វែងរកដំណោះស្រាយណាទទួលយកបានទាំងអស់គ្នា ហ្នឹងបានអាចទៅមុខរួច»។
កាលពីឆ្នាំ២០១២ ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ខៀវសែ ចាប់ដំណើរការសាងសង់ក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ ក្រោយពីទទួលបានសិទ្ធិអភិវឌ្ឍន៍ ពីសាលាក្រុងភ្នំពេញលើផ្ទៃដីសរុបប្រមាណ៣៨៧ហិកតារ។ គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅភាគខាងកើតទីក្រុងភ្នំពេញ ជាប់ច្រាំងទន្លេខាងកើតឈៀងខាងឆ្វេង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន។
លោក ជា សុផាត តំណាងសហគមន៍ជ្រោយចង្វារ ឲ្យដឹងថា បច្ចុប្បន្ននេះ ខាងភាគីក្រុមហ៊ុននៅតែបន្តការឈូសឆាយដីធ្លីពលរដ្ឋ និងសាងសង់ ផ្ទះល្វែង ភោជនីយដ្ឋាន រហូតមកដល់ពេលនេះ ដោយគ្មានការផ្អាកមួយថ្ងៃណាឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់ជ្រោយចង្វារ ស្នើសុំប្រមុខដឹកនាំ លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនពួកគាត់ ដែលភាគច្រើនជាមន្ត្រីរាជការធ្វើការតាមក្រសួងស្ថាប័នរដ្ឋនានា មាននគរបាល ទាហាន និងគ្រូបង្រៀនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។