ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​​ពី​​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ដាក់​ញត្តិ​តាម​ស្ថានទូត​ស្នើ​ជួយ​អន្តរាគមន៍​រឿង​ជម្លោះដីធ្លី​

0:00 / 0:00

ពលរដ្ឋ​​១៣​នាក់​តំណាង​ឲ្យ​១២១​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អូ​ស៊ី​អាយ​ស៊ី (OCIC)​ នៅ​តំបន់​ព្រលាន​យន្ត​ថ្មី​ នាំ​គ្នា​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មួយ​ចំនួន​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ពន្លឿន​ដំណោះស្រាយ​។ ស្ថានទូត​ដែល​ពលរដ្ឋ​ដាក់​ញត្តិ​នោះ មាន​ស្ថានទូត​អាមេរិក បារាំង អូស្ត្រាលី​ ជប៉ុន និង​ស្ថានទូត​ចិន។

ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​បរទេស ពី​សំណាក​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​បាន​ព្យាយាម​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​ច្រើន​លើក​ពី​ស្ថាប័នជាតិ​គ្រប់​លំដាប់​ថ្នាក់ ក្នុង​រយៈពេល​៤ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ស្ថាប័ន​មួយ​ណា អាច​ផ្ដល់​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ។

តំណាង​ពលរដ្ឋ​ម្នាក់​លោក​ ទួន វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៦ ខែមេសាថា ការ​ដាក់​ញត្តិ​នេះ​មានប្រជាពលរដ្ឋ​មក​ពី​ឃុំ​បឹង​ខ្យាង និង​ព្រែក​ស្លែង​ ស្នើ​ឲ្យ​ឯក​អគ្គរដ្ឋទូត​ទាំង​នេះ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ និង​ភាគី​ក្រុម​ហ៊ុន​របស់​ឧកញ៉ា ពុង ឃាវសែ ជួប​ជាមួយ​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ដោយ​ផ្ដល់​​សំណង​សមរម្យ​ណាមួយ​ ដែល​ពួកគាត់​អាច​ទទួល​យក​បាន។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល​នៅ​តែ​ប្រកាន់​គោលការណ៍​ដដែល​ គឺ​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ ក្នុង​តម្លៃ​ដី​មួយ​ការ៉េ​៨​ដុល្លារ ឬ​ដោះដូរ​ដី​ទៅ​ទីតាំង​ផ្សេង គឺ​គ្មាន​ផ្ដល់​ដំណោះស្រាយ​ណា​ល្អ​ប្រសើរ​ជាង​នេះ​ទេ ខណៈ​តម្លៃ​ដី​នៅ​តំបន់​នោះ ចាប់​ពី​៥០​ដុល្លារ ដល់​១៣០​ដុល្លារ​ក្នុង​ម៉ែត្រ​ការ៉េ។

លោកបញ្ជាក់​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ​សំណង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​នោះ ព្រោះ​តិច​តួច​ពេក ដែល​មិន​អាច​ទិញ​ដី​នៅ​ទីតាំង​ថ្មី​បាន​៖ «បើ​សិន​ពួក​ខ្ញុំ​ទទួល​​យក​៨​ដុល្លារ បើ​ទទួល​ក៏​ក្រ មិន​ទទួល​ក៏​ក្រ​ដែរ។ អ៊ីចឹង ! ពួក​ខ្ញុំ​នឹង​តស៊ូ​មតិ​ត​ទៅ​ទៀត។ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​ និង​ស្ថាប័ន​ផ្សេង​ៗ​ជំរុញ​ឲ្យ​តំណាង​ក្រុមហ៊ុន​ចូល​រួម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​ថ្មី​នេះ»។

លោក​ ទួន​ វណ្ណៈ ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​បាន​ទទួល​ញត្តិ​ពី​តំណាង​ប្រជាពលរដ្ឋ ហើយ​និយាយ​ថា​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​តំណាង​អង្គ​ទូត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ អូ​ស៊ី​អាយ​ស៊ី (OCIC ) លោក ជូ កុកសាយ និង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំ​វិញ​រឿង​នេះ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុកលោក នី សុខា មាន​ប្រសាសន៍​ថា ករណី​ប្រជាពលរដ្ឋ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថាន​ទូត​​បរទេស​​​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្សោយ​របស់​អាជ្ញាធរ​រដ្ឋ​ ដែល​មិន​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ជូន​ពលរដ្ឋ​របស់​ខ្លួន​​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្នុង​វិវាទ​ដីធ្លី​នេះ​បាន។

លោកបន្ត​ថា ការ​កំណត់​តម្លៃ​ដី​ដោយ​ឯកតោ​ភាគី​ពី​ខាង​ក្រុមហ៊ុន ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទទួល​យក​សំណង​បែប​នេះ គឺ​ជា​ការ​ផ្ដល់​សំណង​ ផ្ទុយ​ពី​ស្មារតី​ច្បាប់​ ដែល​តម្រូវ​ឲ្យ​ផ្ដល់​សមរម្យ​ ដោយ​យុត្តិធម៌ និង​អាច​ទទួល​យក​បាន។

លោក​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ទទួល​ដោះស្រាយ​វិវាទ​នេះ ដោយ​ប្រកាន់​យក​គោល​នយោបាយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ស្រប​តាម​ច្បាប់​អស្សាមិករណ៍ ជម្លោះ​ដីធ្លី​នេះ នឹង​អាច​ដោះស្រាយ​បាន​ដោយ​ជោគជ័យ ហើយ​នឹង​មាន​ការ​សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ៖ «បើ​សិន​ជា​យើង​ដោះស្រាយ​ដីធ្លី​គាត់​នៅ​ទីតាំង​ហ្នឹង​ទៅ​អភិវឌ្ឍ​ យើង​ត្រូវ​ដោះស្រាយ​សំណង​ឲ្យ​គាត់​ជា​តម្លៃ​ដី​ហ្នឹង​​ឲ្យ​គាត់​ត្រឡប់​មក​វិញ ទី​១។ ទី​២​ អាច​ដោះស្រាយ​ឲ្យ​ដី​គាត់​ដែល​មាន​ប្រហាក់​ប្រហែល​​នឹង​ដី​ដែល​យើង​យក​របស់​គាត់។ អា​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​សមរម្យ​និង​យុត្តិធម៌។ យើង​មើល​នៅ​ក្នុង​ច្បាប់​អស្សាមិករណ៍​ទៅ​ ប៉ុន្តែ​បើ​យើង​ទៅ​កំណត់​តម្លៃ​ហើយ​យើង​អត់​បាន​ឈរ​នៅ​លើ​សមភាព​ ឈរ​លើ​គោលការណ៍​ច្បាប់​ទាំង​អស់​ហ្នឹង​ទេ។ នេះ​ជា​ដោះស្រាយ​ក្នុង​ការ​បង្ខិត​បង្ខំ។ ខ្ញុំ​គិត​ថា​មិន​ទទួល​បាន​ជោគជ័យ​ទេ ហើយ​បណ្ដាល​ឲ្យ​គាត់​ឈឺ​ចាប់ ​រត់​ទៅ​រក​ទូត​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ហ្នឹង»។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ អូ​ស៊ី​អាយ​ស៊ី (OCIC) ដែល​ទទួល​បាន​សិទ្ធី​សាងសង់​ព្រលាន​យន្ត​ហោះ​ថ្មី ​ដាក់​កម្លាំង​សន្តិសុខ​ជា​ច្រើន​នាក់ រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូល​មើល​ដី​ និង​ធ្វើ​ស្រែ​បាន​ទៀត​ទេ ដោយ​ក្រុមហ៊ុន​ព្រមាន​ចាប់​ខ្លួន​ពលរដ្ឋ​បញ្ជូន​ទៅ​តុលាការ។

ពលរដ្ឋ​ថា​ គ្រួសារ​ម្នាក់ៗ​ធ្លាក់​ខ្លួន​ក្រីក្រ កូន​បាត់​បង់​ការ​សិក្សា និង​ជំពាក់​ធនាគារ​វ័ណ្ឌ​ក ដោយសារ​បាត់​បង់​ដី​ស្រែ​ ជាង​៤​ឆ្នាំ​មក​នេះ ហើយ​អាជ្ញាធរ​និង​ក្រុមហ៊ុន​មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ណា​មួយ​ឲ្យ​ពួកគាត់​នៅ​ឡើយ។

ពលរដ្ឋ​១២១​គ្រួសារ ដែល​មាន​ដី​សរុប​៦៣​ហិកតារ​ ស្ថិត​ក្នុង​គម្រោង​ក្រុមហ៊ុន​ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួកគាត់​ស្វែង​រក​តាំង​ថ្មី​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។