ពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋាននៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ ថា ដោះស្រាយវិវាទដីធ្លីរើសអើងនិន្នាការនយោបាយ ដោយមិនចាត់វិធានការតាមបណ្ដឹងរបស់ពួកគាត់ មន្ត្រីសង្គមស៊ីវិលស្នើអាជ្ញាធររកដំណោះស្រាយបណ្ដឹងជូនពលរដ្ឋឲ្យបានស្មើភាពគ្នា គ្រប់និន្នាការគណបក្សនយោបាយ។
ពលរដ្ឋនៅឃុំតាលោសែនជ័យ ស្រុកបាកាន មិនពេញចិត្តនឹងទង្វើរបស់មន្ត្រីឃុំគណបក្សកាន់អំណាច ដែលពុំអើពើដោះស្រាយបណ្ដឹងរបស់ពលរដ្ឋ។ ពលរដ្ឋចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះ ថា ជាការរើសអើងនិន្នាការគណបក្សនយោបាយ ដោយសារខ្លួនគាំទ្រគណបក្សប្រឆាំង។
ពលរដ្ឋរស់នៅឃុំតាលោសែនជ័យលោកស្រី នួន សាវាត ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៧ខែមិថុនា ថា លោកស្រីធ្លាប់មានទំនាស់ដីធ្លីជាមួយនឹងគ្រួសារលោក ជួង ថើង ជាអ្នកភូមិផងនឹងលោកស្រី ជាច្រើនលើកច្រើនសាមកហើយ ដោយគ្រួសារនេះចេះតែរំកិលព្រំរបងចូលមកលើដីលោកស្រី។ លោកស្រីបន្តថា លោកស្រីបានទៅប្ដឹងបញ្ហានេះទៅមេភូមិ មេឃុំ ដែរ តែមន្ត្រីទាំងនោះពុំអើពើដោះស្រាយបណ្ដឹងរបស់លោកស្រីនោះទេ ដោយសារតែលោកស្រីគាំទ្រគណបក្សសង្គ្រោះជាតិ៖ «ប៉ុន្តែដល់វាស់វែងទៅទាញខ្សែទៅ ខ្សែរត់ទៅមកលើដីខ្លួនឯង មានចូលដីគេមួយសន្ទូចនេះទៀត។ គេមិនដោះស្រាយឲ្យ មកពីកូនគាំទ្រគណបក្សណាមិនដឹង បានមិនដោះស្រាយឲ្យ។ ញាតិគេថាអីចឹងណា ប៉ុន្តែថាតែម្នាក់ទេ។ ញាតិគេនិយាយនឹងណា អ្នកអីនៅភូមិថា អ្នកមាននិយាយអីនយោបាយដែរអត់ បានគេមិនដោះស្រាយឲ្យ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីមេឃុំតាលោសែនជ័យ លោក យ៉ាំ យេន បានទេ នៅល្ងាចថ្ងៃទី២៧ មិថុនា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចទាក់ទងទៅភាគីចុងចោទ លោក ជួង ថើង ដើម្បីសុំការស្រាយបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ។
ប៉ុន្តែនាយផ្នែកនគរបាលខេត្តពោធិ៍សាត់ លោក ទិត្យ ប្រុស ប្រាប់អាស៊ីសេរីថា កន្លងមកអាជ្ញាធរខេត្ត តែងតែដោះស្រាយបណ្ដឹងពលរដ្ឋគ្រប់និន្នាការគណបក្សនយោបាយ។ លោកបញ្ជាក់ថា ចំណែកបញ្ហាដែលថា មានជម្លោះដីធ្លីនៅឃុំតាលោសែនជ័យនោះ ខាងស្នងការនគរបាលខេត្ត និងអាជ្ញាធរខេត្តមិនទាន់បានទទួលសំណុំរឿងនេះនៅឡើយទេ។ លោកថា លោកនឹងព្យាយាមទាក់ទងមន្ត្រីមូលដ្ឋាន ដើម្បីសួរនាំបញ្ហានេះ៖ «ដោយសារ ហ្នឹងហើយដោយសារដូចថាមិនទាន់បានទាក់ទងមកខាងខ្ញុំអីចឹងទៅណា ។ ខ្ញុំស្រាវជ្រាវវាអត់ឃើញដែរ អត់ផង អត់បានឮផង មិនដែលទទួលបានអាព័ត៌មានហ្នឹងណាបង ហើយអធ្យាស្រ័យ ដោយសារខ្ញុំវាអត់អាចស្រាវជ្រាវបានអីចឹងណាបង»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួល អង្គការអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ លោក សំ ច័ន្ទគា ឲ្យដឹងថា ការដែលអាជ្ញាធរមូលដ្ឋានមិនអើពើដោះស្រាយបណ្ដឹងពលរដ្ឋ ដោយប្រកាន់និន្នាការបក្សនេះ គឺជាការធ្វើផ្ទុយពីតួនាទីរបស់ខ្លួន ។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែ ពុំព្រមដោះស្រាយ ពលរដ្ឋអាចប្ដឹងទៅអាជ្ញាធរខេត្ត និងទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយដោះស្រាយបណ្ដឹងពួកគាត់បាន៖ «ធ្វើយ៉ាងណាឲ្យពលរដ្ឋនឹង ទាំងគ្រប់និន្នាការទាំងអស់ហ្នឹង ចូលរួមក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។ ហើយបើសិនជាអាជ្ញាធរនេះ គាត់បង្កើតនូវការរើសអើងហ្នឹងហើយ នោះគាត់មិនអាចទៅបង្រួបបង្រួមគំនិត ឬក៏សម្រុះសម្រួលគំនិតរបស់ពលរដ្ឋបានទេ ។ ហើយបើរឿងនេះឮដល់ក្រសួងមហាផ្ទៃហើយ ក្រសួងមហាផ្ទៃសូមឲ្យមានការចាត់វិធានការ កុំឲ្យការរើសអើងនេះធ្វើឲ្យបែកបាក់សាមគ្គីភាព នៅក្នុងសង្គមខ្មែរនេះបាទ»។
កន្លងមក ពលរដ្ឋតែងតែត្អូញត្អែរ មន្ត្រីថ្នាក់ក្រោមមួយចំនួន ដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋប្រកាន់និន្នាការគណបក្សនយោបាយ ពោលគឺភាគច្រើនដោះស្រាយចំពោះតែពលរដ្ឋណា ដែលគាំទ្រគណបក្សកាន់អំណាច ចំណែកឯពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំង គឺមិនយកចិត្តទុកដាក់ដោះស្រាយនោះទេ។
ទង្វើបែបនេះមន្ត្រីសង្គមស៊ីវិល យល់ថា អាចនឹងធ្វើឲ្យមានការបែកបាក់សាមគ្គីភាពតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ។ លោកបន្តថា ប្រសិនបើគណបក្សកាន់អំណាចមិនអប់រំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ឲ្យចេះយោគយល់ពលរដ្ឋគ្រប់និន្នាការគណបក្សនយោបាយទេនោះ ប្រទេសជាតិនឹងប្រេះស្រាំ គ្មានថ្ងៃផ្សះផ្សាបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។