មន្ត្រីសង្គមស៊ីវិលគាំទ្រអាជ្ញាធរព្រះវិហារដែលចាត់វិធានការតឹងរ៉ឹងលើឈ្មួញមានអំណាច ដែលបានឈូសឆាយបំផ្លាញផ្ទះពលរដ្ឋប្រមាណ ១០គ្រួសារ នៅស្រុកគូលែន ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់ផ្នែកសហគមន៍ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកសាទរចំពោះអាជ្ញាធរនៃខេត្តព្រះវិហារ ដែលចាត់វិធានការចាប់ខ្លួនឈ្មួញដីដែលមានកេរ្តិ៍ឈ្មោះមិនសូវល្អ គឺអ្នកស្រី ទួន ចន្ទ្រា និងបក្ខពួក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីឈ្មួញដីរូបនេះបានបញ្ជាបក្ខពួកប្រើគ្រឿងចក្របំផ្លាញផ្ទះពលរដ្ឋប្រមាណ ១០គ្រួសារ និងផលដំណាំ ស្ថិតនៅចំណុចត្រពាំងល្អក់ ត្រង់ព្រំប្រទល់រវាងឃុំគូលែនត្បូង និងឃុំស្រយង់ លើភូមិចំនួន២ គឺភូមិស្រយង់ជើង និងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
លោក ប៉ែន ប៊ុណ្ណា បន្តថា បុគ្គលណាក៏ដោយ មិនអាចយកតួនាទី អំណាចបុណ្យសក្តិមកបំពានលើបុគ្គលណាផ្សេងទៀតនោះទេ។ ជាក់ស្ដែងករណីនេះ លោកលើកទឹកចិត្តភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយតាមផ្លូវតុលាការ បើពុំអាចជជែកដោះស្រាយគ្នា ដោយពុំត្រូវឈូសឆាយផ្ទះពលរដ្ឋនោះទេ។
លោក ប៉ែន ប៊ុណ្ណា៖ «តាមពិតវាជាការចាត់វិធានការតាមផ្លូវច្បាប់ ព្រោះមិនអាចមានក្រុមណា ឬបុគ្គលណាមកឈូសឆាយ ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយមិនមានការសម្រេចរបស់តុលាការបានទេ។ បើក្រុមណាមួយមិនពេញចិត្តនឹងបុគ្គលណាមួយ ត្រូវតែដាក់ពាក្យបណ្ដឹងនៅតុលាការ ដើម្បីចុងក្រោយតុលាការសម្រេចយ៉ាងម៉េច»។
អ្នកស្រី ទួន ចន្ទ្រា និងបក្ខពួក ៥នាក់ ត្រូវបានចាប់ខ្លួនកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ តុលា បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅអាជ្ញាធរ ពេលដែលអ្នកស្រីបានបញ្ជាកម្លាំងរុះរើបំផ្លាញផ្ទះពលរដ្ឋ ៩ខ្នង និងដំណាំជាច្រើនហិកតារ ទាំងគ្មានដីកាពីតុលាការ ដើម្បីដណ្ដើមយកដីពីពលរដ្ឋធ្វើជាកម្មសិទ្ធិ។
រដ្ឋបាលស្រុកគូលែនបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២០ តុលា ថា ឈ្មួញដីដ៏មានឥទ្ធិពលគឺអ្នកស្រី ទួន ចន្ទ្រា និងបក្ខពួក ពិតជាបានបំផ្លាញផ្ទះពលរដ្ឋប្រមាណ ១០គ្រួសារ និងផលដំណាំពលរដ្ឋពិតប្រាកដមែន។
ប៉ុន្តែ អ្នកស្រី ទួន ចន្ទ្រា បដិសេធការចោទប្រកាន់នេះ តាមរយៈលិខិតបំភ្លឺ កាលពីថ្ងៃទី១៨ តុលា។ អ្នកស្រី ទួន ចន្ទ្រា ដែលត្រូវបានគេស្គាល់ថា មានខ្សែធំ និងជាកូនប្រសាធ្វើជាមន្ត្រីនៅតុលាការខេត្តព្រះវិហារនោះ បានអះអាងក្នុងលិខិតរបស់ខ្លួនថា បក្ខពួកខ្លួនបានរុះរើសំណង់អនាធិបតេយ្យដែលទុកចោលលើដីរបស់ខ្លួន ចំនួន២ខ្នង គឺផ្ទះធំ១ និងខ្ទម១ ហើយមានជនមិនស្គាល់មុខបានដុតផ្ទះនោះ ដើម្បីបំភ្លៃធ្វើបាបខ្លួនតែប៉ុណ្ណោះ។ អ្នកស្រី ទួន ចន្ទ្រា បានចោទប្រកាន់អភិបាលស្រុកគូលែន លោក ប៉ែន ចឹង វិញថា បានរាយការណ៍កុហកទៅអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បន្ទាប់ពីអ្នកស្រីបានសូកលុយបំបិទរឿងត្រឹម ២០០ដុល្លារ ដែលមិនគ្រប់ចំនួន ១ពាន់ដុល្លារដែលអភិបាលស្រុកគូលែនទារពីអ្នកស្រី។
ផ្ទុយពីការចោទប្រកាន់នេះ អភិបាលស្រុកគូលែន លោក ប៉ែន ចឹង តាមរយៈលិខិតរដ្ឋបាលស្រុកដដែលរបស់ខ្លួនបានបដិសេធថា អភិបាលស្រុកពុំបានសុំលុយពីឈ្មួញដីអ្នកស្រី ទួន ចន្ទ្រា ជាថ្នូរនឹងការបិទរឿងនោះទេ។ ចំណែកកំណត់ហេតុដែលមានអាជ្ញាធរខេត្តព្រះវិហារបានចូលរួមផង កាលពីថ្ងៃទី១៦ តុលា បានបញ្ជាក់ថា ឈ្មួញដីអ្នកស្រី ទួន ចន្ទ្រា ពិតជាបានបញ្ជាបក្ខពួកខ្លួនរុះរើផ្ទះពលរដ្ឋ និងឈូសឆាយផលដំណាំពិតមែន ដោយមានគ្នីគ្នាប្រមាណ ២០-២៥នាក់ ត្រាក់ទ័រ ២គ្រឿង គោយន្ត ១គ្រឿង និងរណារយន្ត ១គ្រឿងផង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទៅលេខដែលអ្នកស្រី ទួន ចន្ទ្រា ដាក់ក្នុងលិខិតបំភ្លឺបានទេ នៅថ្ងៃទី២៨ តុលា ដោយហៅចូល តែត្រូវបានចុចបិទវិញ។
លោក ប៉ែន ប៊ុណ្ណា ដែលកំពុងតាមដានករណីនេះបានអះអាងថា លោកនឹងពិនិត្យមើលសំណុំរឿងនេះជាក់ស្ដែង ហើយលោកសង្ឃឹមថា អាជ្ញាធរនឹងមិនដោះលែងឈ្មួញមានលុយ មានអំណាចស្រេចចិត្ត ជាថ្នូរនឹងលុយកាក់ ហើយធ្វើឱ្យពលរដ្ឋទន់ខ្សោយរងទុក្ខនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។