របប​ភ្នំពេញ​បដិសេធ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ ៣៥​គ្រួសារ​រស់​នៅ​លើ​ប្រឡាយ០៣

របប​ក្រុងភ្នំពេញ​បដិសេធ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ចំនួន​៣៥ ដែល​រស់​នៅ​លើ​ប្រឡាយ ០៣ នៅ​ខណ្ឌ​ដង្កោ ជាយក្រុង​ភ្នំពេញ ដោយ​លើកឡើង​ថា ខ្លាច​មាន​ផល​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​រក្សាទុក​សម្រាប់​រំដោះ​ទឹក​ពេល​មាន​ភ្លៀង​ជន់​ខ្លាំង។ ក្រុម​ប្រជាពលរដ្ឋ​បាន​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នេះ​ចំនួន ១៦​លើក​រួច​មក​ហើយ តែ​នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ដោះស្រាយ​ជួន​ពួកគេ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​រស់​នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ ០៣ នៅតែ​បន្ត​រក​ដំណោះស្រាយ​ដើម្បី​ស្នើសុំ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី ក្រោយពី​របប​ក្រុង​ភ្នំពេញ​ច្រានចោល​សំណើ​របស់​ពួកគេ។

កាលពី​ថ្ងៃ​ទី​១៣ មិថុនា តំណាង​ប្រជា​សហគមន៍​តាតុក ស្ថិតនៅ​ភូមិ​ព្រែកថ្លឹង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ទាំង​៣៥ គ្រួសារ​បាន​នាំគ្នា​លើក​បដា​ដើម្បី​តវ៉ា​ឱ្យ​សាលាក្រុង​ភ្នំពេញ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​នឹង​កាត់​ដី​ទំហំ​មួយ​ចំនួន​ចេញពី​គម្រោង​អភិវឌ្ឍន៍ ប្រឡាយ​០៣ ដោយសារតែ​ពួកគេ​ចង់​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង។

តំណាង​សហគមន៍​តា​កុក អ្នកស្រី ប៉ៅ ស្រីម៉ៅ ប្រាប់​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​បាន​រស់នៅ​លើ​ប្រឡាយ​០៣​តាំង ពី​ឆ្នាំ​១៩៨០ អាជ្ញាធរ​មិនទាន់​ចេញ​ប្លង់​កាន់កាប់​ដីធ្លី​ដល់​ពួកគេ​នៅឡើយ​ទេ​។​អ្នកស្រី​បញ្ជាក់​ថា យើង​ស្នើ​សុំ​ឱ្យ​សាលាក្រុង​ភ្នំពេញ​ឆ្វៀល​ដំ​ទំហំ​ជាង ៤​ពាន់​ម៉ែត្រ​ការ៉េ​ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង៖ «ហា​ឡើង​សិត​តែ​ថា នៅ​លើ​ប្រឡាយ​ថ្ងៃ​ណាមួយ​យក​អាអ៊ិច​យក​មក​កាយ។ ពួក​ខ្ញុំ​បាន​ស្នើ​សុំ​ធ្វើ​ផ្លូវ​គេ​ថា​ពួក​ខ្ញុំ​នៅ​លើ​ប្រឡាយ​មិន​អាច​ធ្វើ​បានទេ ដល់​អ៊ីចឹង​ពួក​ខ្ញុំ​មានការ​មួយ​នៅ​អត់​ស្ងៀម​ដោយសារ​មិន​ទុកចិត្ត​ខ្លាច​ថ្ងៃ​ណាមួយ​នៅ​សុខៗ​គេ​ដេញ​យើង​ទៅ​អត់​មាន​ប្លង់​កម្មសិទ្ធិ»។

ពលរដ្ឋ​រស់នៅ​សហគមន៍​តាកុក រស់នៅ​ខណ្ឌ​ដង្កោ ជាយក្រុង​ភ្នំពេញ បាន​ទាមទារ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ចេញ​ប្លង់​កាន់កាប់​ដីធ្លី ដល់​ពួក​គេ ចំនួន ៣៥​គ្រួសារ​ចំនួន ១៦​លើក​រួច​មក​ហើយ​តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

មន្ត្រី​ទីចាត់ការ​រៀបចំ​សាលាក្រុង​ភ្នំពេញ​លោក ទី ដូរី ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៣ មិថុនា​ថា សាលាក្រុង​មិនទាន់​សម្រេច​ថា នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ទេ ដោយសារតែ​សុំ​ការ​ផ្ដល់​ប្រឹក្សា​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​សិន។ លោក​បញ្ជាក់​ថា ទីតាំង​តំបន់​នោះ ជា​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ដើម្បី​រំដោះ​ទឹក ពេល​មាន​ទឹកភ្លៀង​ជន់​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​សាលាក្រុង​មិន​មាន​គោលការណ៍​ណាមួយ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ដែរ​៖ «គាត់​អាច​រស់​នៅ​លើ​ទីតាំង​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​ហ្នឹង វា​អត់​មាន​អ្នកណា​ទៅ​ប៉ះពាល់​អី​គាត់​ទេ តែ​បើ​គាត់​សុំ​ចេញ​កម្មសិទ្ធិ​ទៅលើ​ទីតាំង​ដែល​គេ​ចេញ​ជា​គម្រោង​ប្រឡាយ​ហ្នឹង​យើង​អត់​ទាន់​អាច​ចេញ​កម្មសិទ្ធិ​អ្វី​នៅ​លើ​ប្រឡាយ​ហ្នឹង​បានទេ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក សេង ឡូត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​បានទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​ក្រសួង​ដែនដី​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី៣ ឧសភា ថា ក្រសួង​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ​០៣​បានទេ ដោយសារ​គម្រោង​ប្រឡាយ​នេះ​សម្រាប់​រំដោះ​ទឹក​ប្រើប្រាស់​ទាំង​រដូវប្រាំង និង​រដូវ​វស្សា និង​ជា​គម្រោង​អភិវឌ្ឍន៍​នា​ពេល​អនាគត​នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។