មេប៉ុស្តិ៍ឃុំកំពង់ឫស្សីខេត្តព្រៃវែងមិនជួបតំណាងរាស្ត្រដើម្បីដោះស្រាយទំនាស់ដីភូមិ
2014.11.30

អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង៣រូប បានទៅជួបជាមួយពលរដ្ឋនៅក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីប្រជុំ និងត្រួតពិនិត្យករណីទំនាស់ដីរួមរបស់អ្នកភូមិ។ ក្នុងទំនាស់នោះ អ្នកភូមិចោទថា អាជ្ញាធរបានលក់ដីរួមរបស់ពួកគេ។ ក្រុមអ្នកតំណាងរាស្ត្រក៏បានព្យាយាមជួបមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឫស្សី ក៏ប៉ុន្តែមិនបានលទ្ធផលឡើយ។
អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង៣រូប ខកខានមិនបានជួបមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឫស្សីនៅថ្ងៃទី ២៩ ខែ វិច្ឆិកា ដើម្បីសួរនាំពីដំណើររឿងដែលអ្នកភូមិបានចោទថា អាជ្ញាធរបានយកដីរួមមួយកន្លែងរបស់អ្នកភូមិសម្រាប់សង់សាលាឆទាន យកទៅលក់នោះ។
មិនត្រឹមតែមិនមានកិច្ចស្វាគមន៍ពីសមត្ថកិច្ចទេ គឺថែមទាំងមានក្រុមសមត្ថកិច្ចប្រហែល៥០នាក់ ខ្លះមានកាំភ្លើងផង នៅឈររាំងផ្លូវនៅមុខទ្វាររបង ប៉ុស្តិ៍នគរបាលនោះទៅវិញ។ លោក អ៊ុង ថាន អធិការស្រុកពោធិ៍រៀង និងលោក កែវ វណ្ណា មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឫស្សី មានវត្តមាននៅទីនោះ ប៉ុន្តែមិនបានមកជួបអ្នកតំណាងរាស្ត្រនោះទេ ដោយមានមន្ត្រីប៉ូលិសម្នាក់មកឆ្លើយឆ្លងជាមួយអ្នកតំណាងរាស្ត្រ៖ ប៉ូលិស៖«កម្លាំងគឺដាក់មកដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណឹង»។ អ្នកតំណាងរាស្ត្រ៖ «ចុះហេតុអ្វីបានជាមេគាត់មិនមកជួបខ្ញុំក្នុងនាមខ្ញុំជាអ្នកដំណាងរាស្ត្រ»។ ប៉ូលិស៖ «ឲ្យបងទៅជួបចៅហ្វាយខេត្តទៅ»។
ទោះជាយ៉ាងណាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង គីលោក ឡាក់ លិតេយ្យ មានប្រសាសន៍ថា អ្នកតំណាងរាស្ត្រទាំងអស់កំពុងតែពិភាក្សាគ្នាដើម្បីរកមធ្យោបាយដោះស្រាយជូនដល់ពលរដ្ឋ ដែលរួមគ្នាថែរក្សាសម្បត្តិរួមនៅក្នុងភូមិនេះ៖ «ខ្ញុំមានសំបុត្របេសកកម្មពីលោក ហេង សំរិន ដើម្បីហៅអ្នកដែលពាក់ព័ន្ធហ្នឹងទៅសាលាខេត្តដើម្បីបំភ្លឺ។ ខ្ញុំនឹងដោះស្រាយតាមហ្នឹង ហើយខ្ញុំសុំឲ្យប្រជាពលរដ្ឋកុំឲ្យមានអំពើហិង្សា ដើម្បីទុកឲ្យពួកខ្ញុំមានឱកាសក្នុងការដោះស្រាយ។ តែខ្ញុំសោកស្ដាយដែរ ដែលមេប៉ុស្តិ៍ប៉ូលិសនៅក្នុងហ្នឹងអត់មាន ហើយគាត់និយាយថា អត់ដឹងទៀត»។
តាមរបាយការណ៍របស់មេឃុំកំពង់ឫស្សី បានសរសេរថា ដីមានទំនាស់គឺជាដីរួមរបស់ភូមិសម្រាប់ធ្វើបុណ្យ ប៉ុន្តែត្រូវអធិការនគរបាលស្រុកពោធិ៍រៀង និងជំទប់ទី១ឃុំ បានឃុបឃិតគ្នាលក់ ទើបបណ្ដាលឲ្យមានទំនាស់ដល់អ្នកភូមិ។
អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី ថ្លែងថា ប្រសិនបើអាជ្ញាធរមានឆន្ទៈក្នុងការដោះស្រាយគឺទំនាស់នេះមិនអូសបន្លាយយ៉ាងដូច្នេះទេ៖ «ខ្ញុំគិតថា ករណីនេះជាករណីដី ប៉ុន្តែដីហ្នឹងបើយើងមើលទៅមិនធំទេ គឺជាង៥អា តែប៉ុណ្ណឹង ហើយប្រជាពលរដ្ឋគាត់តវ៉ាដោយសារតែមានអ្នកលក់ដីសាលាឆទានរួមរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងខ្ញុំគិតថា មិនពិបាកក្នុងការដោះស្រាយ បើថ្ងៃ ទី០៣ ខែធ្នូ មានការជួបជុំជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកតំណាងរាស្ត្រគឺខ្ញុំសង្ឃឹមថា នឹងអាចរកដំណោះស្រាយបានក្នុងករណីហ្នឹង»។
ក្រុមអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងប្រជុំជាមួយអភិបាលខេត្តព្រមទាំងអ្នកដែលពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានានារបស់ពលរដ្ឋទូទាំងខេត្តព្រមទាំងករណីជម្លោះដីធ្លីនៅឃុំកំពង់ឫស្សីនេះ ផងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ៕