សហគមន៍​សាទរ​ចំពោះ​ការ​សម្រេច​ឲ្យ​តំណាង​សហគមន៍​ដីធ្លី​៨​នាក់​ឈ្នះ​ក្ដី​លោក ហេង ហ៊ុយ

0:00 / 0:00

សហគមន៍ និង​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​តាំង​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​តំណាង​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ចំនួន ៨​នាក់ ឈ្នះក្ដី លោក ហេង ហ៊ុយ ។ ពួកគាត់​លើកឡើង​ថា ការ​សម្រេច​នេះ ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​សម្រេច​ឲ្យ​ពលរដ្ឋ​ឈ្នះ​អ្នកមាន​លុយ មាន​អំណាច និង​ស្នើ​ដល់​តុលាការ​គ្រប់​ជាន់ថ្នាក់​យក​គំរូ​តាម​សាលាឧទ្ធរណ៍​ព្រះសីហនុ។

តំណាង​សហគមន៍​ដីធ្លី​១៩៧​គ្រួសារ លោកស្រី ដេត ហ៊ួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ វិច្ឆិកា ថា លោកស្រី​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ ដែល​សម្រេច​ឲ្យ​ពួកគាត់​ឈ្នះក្ដី​លោក ហេង ហ៊ុយ នៅ​ពេល​នេះ។

លោកស្រី ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ចាត់​ឲ្យ​មាន​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់។

លោកស្រី ដេត ហួរ៖ «ខ្ញុំ​ក៏​សង្ឃឹមថា សម្ដេច​នឹង​ឮ​សារ​មួយ​នេះ ខ្ញុំ​កំពុង​តែ​យំ​ស្រែក ហើយ​កំពុងតែ​បាត់បង់​ដីធ្លី សម្ដេច​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពួក​ខ្ញុំ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ខ្ញុំ​សង្ឃឹម​ហើយ​នៅតែ​ជឿជាក់​ថា សម្ដេច​ថ្ងៃ​ណាមួយ​នឹង​បានឮ​សារ​ពួក​ខ្ញុំ ហើយ​ថ្ងៃ​ណាមួយ នឹង​មាន​មន្ត្រី​ឯករាជ្យ​មួយ ដែល​គាត់​ធ្វើការ​ឲ្យ​ប្រជាពលរដ្ឋ​ពិតប្រាកដ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​ចៅក្រម​សាលាឧទ្ធរណ៍​ព្រះសីហនុ នៅ​ថ្ងៃទី​១៦ វិច្ឆិកា បាន​ប្រកាស​សាលដីកា សម្រេច​ឲ្យ​តំណាង​សហគមន៍​ដីធ្លី​១៩៧​គ្រួសារ ចំនួន​៨ នាក់​រួមមាន​លោកស្រី ដេត ហួរ លោកស្រី កើត នៅ និង​លោក សុខ ជ័យ និង​តំណាង​សហគមន៍​៥​នាក់​ផ្សេងទៀត ឈ្នះក្ដី លោក ហេង ហ៊ុយ ដែល​បាន​ប្ដឹង​តំណាង​សហគមន៍​ទាំង​៨​នាក់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ វិច្ឆិកា ថា លោក​សាទរ និង​ស្វាគមន៍​ចំពោះ​ការសម្រេច​ឲ្យ​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី ឈ្នះក្ដី​អ្នក ដែល​រំលោភ​យក​ដី​ពួកគាត់។ លោក​ស្នើ​ដល់​តុលាការ​នៅ​តាម​រាជធានី​ខេត្ត​ទាំងអស់​យក​គំរូ​តាម​សាលាឧទ្ធរណ៍​ព្រះសីហនុ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។

លោក វណ្ណ សូផាត៖ «នេះ​ជា​លើក​ទី​១ ហើយក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែរ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដែល​បាន​កាត់ក្ដី​ឲ្យ​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​រួច​ពី​ការចោទប្រកាន់​របស់​អ្នក​មាន​អំណាច​ជាពិសេស គឺ​អ្នក ដែល​រំលោភ​យក​ដី​គាត់​តែម្ដង​។ តាម​ពិត​ទៅ​សាលាដំបូង​ត្រូវ​ទម្លាក់​ការ​ចោទប្រកាន់​តាំងពី​ដំបូង​ម្ល៉េះ»។

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​រាប់ពាន់​គ្រួសារ បាន​បាត់បង់​ដីធ្លី ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឱ្យ​ឧកញ៉ា និង​អ្នក​មាន​អំណាច ក្នុង​នោះ រួមមាន​លោក លី យ៉ុងផាត់ និង​លោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់​ពាក់​ផ្កាយ​ពីរ នៃ​ក្រសួងមហាផ្ទៃ។

ពលរដ្ឋ​បាន​ព្យាយាម​តវ៉ា និង​ដើរ​ដាក់​ញត្តិ​រាប់មិនអស់ ទាំង​នៅ​ថ្នាក់​ខេត្ត និង​តាម​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​អូស​បន្លាយ​អស់​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ដំណោះស្រាយ​ឡើយ ក៏ប៉ុន្តែ​តុលាការ​បាន​ចោទប្រកាន់​ពួកគាត់​ពី​បទ​ព្រហ្មទណ្ឌ និង​បាន​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ថែមទៀត។

មក​ទល់​នឹង​ថ្ងៃទី​១៦ វិច្ឆិកា​នេះ គឺជា​លើក​ទី​១​ហើយ ដែល​តុលាការ​បាន​កាត់ក្ដី ឲ្យ​ពលរដ្ឋ​រងគ្រោះ​បាត់បង់​ដីធ្លី​ឈ្នះក្ដី​អ្នក​មាន​អំណាច ក៏ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា អ្នក​មាន​អំណាច​ទាំងនោះ នឹង​មិន​បញ្ចប់​រឿងក្ដី​ត្រឹម​សាលាឧទ្ធរណ៍​នោះ​ទេ ហើយ​ពួកគេ​នឹង​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។ ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សូផាត នៅតែ​ទទូច​ដល់​តុលាការ​គ្រប់​ជាន់ថ្នាក់​ពិនិត្យ​ពាក្យបណ្ដឹង​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​សម្រេចចិត្ត​ចោទប្រកាន់​លើ​ពលរដ្ឋ​ណា​ម្នាក់ ជៀសវាង​បង្ក​ទុក្ខ​ជាន់​លើ​ទុក្ខ​ដល់​ពលរដ្ឋ។ មួយ​វិញ​ទៀត លោក​ថា ករណី​សហគមន៍​ដីធ្លី​១៩៧​គ្រួសារ​នៅ​ខេត្ត​កោះកុង​នេះ តុលាការ​មិន​គួរ​ចោទ​ប្រកាន់​ពួកគាត់​តាំង​ពី​ដំបូង​មក​ម្ល៉េះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។