សហគមន៍រងគ្រោះដីធ្លីចំនួន៤នៅខេត្តកោះកុងជិត៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា បានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ដើម្បីជំរុញដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយដីធ្លី និងទម្លាក់បទចោទលើតំណាងសហគមន៍ទាំងអស់។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់សហគមន៍ ដើម្បីអោយពួកគាត់មានទីលំនៅច្បាស់លាស់ និងមាន ដីបង្កបង្កើនផលរកប្រាក់ចំណូល ដោះស្រាយជីវភាពគ្រួសារ។
ក្រុមប្រជាសហគមន៍មានជម្លោះ ដីធ្លីទាំង៤សហគមន៍នោះ បានរៀបចំទិវាសិទ្ធិលំនៅឋានលើកទី៣៧ នៅឃុំដងពង ស្រុកស្រែអំបិល។ តំណាងសហគមន៍លើកឡើងថា ការប្រារព្ធពិធីនេះឡើង ដើម្បីជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋនៅក្នុងសហគមន៍ ផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទីទ័លក្រីក្រ និងទម្លាក់បទចោទទៅលើតំណាងសហគមន៍ទាំង៣២នាក់ដែលជាប់បណ្ដឹងនៅតុលាការ។
តំណាងសហគមន៍១៩៧ គ្រួសារ អ្នកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១០ ខែតុលាថា ការប្រារព្ធពិធីនេះ មានគោលបំណងចង់អោយអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពួកគាត់ឱ្យបានឆាប់។ អ្នកស្រីបន្តថា តំណាងសហគមន៍ និងប្រជាសហគមន៍តាមភូមិ តែងចូលរួមក្នុងទិវាសិទ្ធិលំនៅឋាននេះ ព្រោះពួកគាត់យល់ថាសព្វថ្ងៃនេះពួកគាត់ កំពុងរស់នៅយ៉ាងលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្រោយគ្មានដីធ្លីបង្កបង្កើនផល ដូចពេលមុន។ អ្នកស្រីអះអាងថា ពលរដ្ឋសហគមន៍ តែងចំណាយពេលតវ៉ារកដំណោះស្រាយដីធ្លី ដោយគ្មានពេលគ្រប់គ្រាន់ប្រកបមុខរបរអ្វីជួយដល់គ្រួសារឡើយ។
អ្នកស្រី ដេត ហ៊ួរ បញ្ជាក់ថា សហគមន៍បានប្រារព្ធទិវាសិទ្ធិលំនៅឋាននេះ ២ឆ្នាំជាប់គ្នា ដែលមានប្រជាសហគមន៍ចំនួន៤ រួមមានសហគមន៍៧៦៦ គ្រួសារ សហគមន៍១៧៥គ្រួសារ សហគមន៍១៩៧គ្រួសារ និងសហគមន៍ភូមិប្រលាន ចូលរួម និងមានអាជ្ញាធរភូមិ ឃុំ ស្រុកចូលរួម៖ « គោលបំណងដើម្បីជំរុញអោយរាជរដ្ឋាភិបាលគាត់ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋយើងហើយមានសិទ្ធិលំនៅឋានអោយបានសមរម្យ ដោយសារតែប្រជាពលរដ្ឋយើងទាំងអស់គ្នានេះ កំពុងរងទុក្ខវេទនា នូវការបាត់បង់សិទ្ធិលំនៅឋានខ្លួនឯង បាត់បង់ដីអាស្រ័យផលពិតប្រាកដ។ គោលបំណងអោយរាជរដ្ឋាភិបាលដោះស្រាយដីសម្បទានសង្គមកិច្ច ដែលក្មេង បងប្អូនដែលគាត់អត់មានដីរស់នៅ អត់មានដីអាស្រ័យផល។ ជំរុញអោយរាជរដ្ឋាភិបាលព្រមទាំងតុលាការគ្រប់ជាន់ថ្នាក់ទម្លាក់ការចោទប្រកាន់ទៅលើតំណាងពួកយើងទាំងអស់គ្នា ដែលកំពុងតែរងគ្រោះបាត់បង់ដីហើយ ត្រូវមានការចោទប្រកាន់ ឡើងតុលាការ និងចោទប្រកាន់ ឈានដល់មានការជាប់គុកដូចនាងខ្ញុំជាដើមចា៎»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងអភិបាលស្រុកស្រែអំបិល អ្នកស្រី ជា ច័ន្ទកញ្ញា និងនាយករដ្ឋបាលស្រុកស្រែអំបិល លោក លី ប៉ុលសាវ៉ាន់ ដើម្បីធ្វើអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែតុលា។ ប៉ុន្តែមេឃុំដងពែង លោក ទី យោង ប្រាប់វិទ្យុអាស៊ីសេរីថាកន្លងមកលោក បានទទួលញត្តិពីពលរដ្ឋដែរ តែមិនទាន់មានគោលការណ៍ពីថ្នាក់លើក្នុងការដោះស្រាយនៅឡើយ៖ « អត់មានគោលការណ៍ណាដោះស្រាយទេ យើងគ្រាន់តែទទួលពាក្យគាត់តែប៉ុណ្ណឹងទេ ហ្នឹងហើយ។ ថ្នាក់លើមិនទាន់អោយដំណឹងយ៉ាងម៉េចទេ អោយយើងទទួលពាក្យប៉ុណ្ណឹង។ ពាក្យអត់បញ្ជូនទៅទេ តែយើងវាយត្រាចូលយើងទទួលប៉ុណ្ណឹងទេ។ មិនដឹងយ៉ាងម៉េចអាហ្នឹងចាំមើល ថ្នាក់លើគេថាម៉េចទៀតចាំយើងបញ្ជូនចាំសួរយោបល់គេ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុកប្រចាំ ខេត្ត កោះកុង លោក ថោង ច័ន្ទដារ៉ា យល់ឃើញថា ការរៀបចំទិវារបស់សហគមន៍ជម្លោះដីធ្លី គឺជាសារមួយ ដើម្បីពញ្ញាក់ស្មារតីដល់អាជ្ញាធរ អោយយកចិត្តទុកដាក់គិតគូរពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ លោកបន្តថា ពលរដ្ឋមានជម្លោះដីធ្លីពិតជារងទុក្ខលំបាកច្រើន ព្រោះជីវភាពខ្វះខាត ហើយត្រូវចំណាយពេលតវ៉ារកដំណោះស្រាយដីធ្លី។
លោក ហង្ស ចាន់ដារ៉ា បន្ថែមថា រដ្ឋាភិបាលគួរបង្កើតគណៈកម្មការស្រាវជ្រាវមួយជាក់លាក់ ដោយមិនត្រូវជឿតែលើរបាយការណ៍ អាជ្ញាធរភូមិឃុំមួយចំនួនឡើយ ព្រោះអាជ្ញាធរខ្លះមានការរើសអើងពលរដ្ឋខ្លួនឯងនៅក្នុងសហគមន៍៖«ក្រុមហ៊ុនហាក់បីដូចជា ដាក់សម្ពាធជាប្រព័ន្ធទៅលើប្រជាពលរដ្ឋ ដូចថា គំរាមកំហែងបំភិតបំភ័យ កុំអោយពួកគាត់ទាមទារតវ៉ាអ៊ីចឹងបាទ។ មិនគួរទៅចោទប្រកាន់ មិនគួរអីទៅគាត់ទេបាទ រឿងនេះយើងអាចដោះស្រាយដោយថា អាជ្ញាធរគ្រប់គ្រងដីធ្លីហ្នឹងដោះស្រាយជូនប្រជាពលរដ្ឋទៅ បញ្ហាអស់ហ្នឹងវាបានចប់ហើយ បើសិនជាអាជ្ញាធរគាត់យកចិត្តទុកដាក់ មានឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋពិតប្រាកដអ៊ីចឹងបាទ»។
កន្លងមក សហគមន៍ដីធ្លីតែងប្រារព្ធទិវាសិទ្ធិលំនៅឋាន ព្រោះពួកគាត់យល់ឃើញថា ត្រូវទទួលបានសិទ្ធិរស់រាន ប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងនាមជាពលរដ្ឋខ្មែរ ដែលស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកតំណាងសហគមន៍រងគ្រោះដីធ្លីភាគច្រើន តែងត្រូវបុគ្គលមានលុយ និងអំណាចរំលោភយកដី ហើយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាប់សង្កត់ ដាក់សម្ពាធភាគី ដោយមានការឃុបឃិតពីមន្ត្រីពុករលួយមួយចំនួន ដែលធ្វើអោយពលរដ្ឋមានជម្លោះ ដីធ្លីកាន់តែកើនឡើងជាបន្តបន្ទាប់។
សង្គមស៊ីវិលយល់ឃើញថា ពលរដ្ឋត្រូវតែទទួលបាននូវសិទ្ធិរស់រានរបស់ពួកគាត់ ដោយស្របទៅតាមច្បាប់ ហើយរដ្ឋាភិបាលគួរតែពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីជូនពលរដ្ឋទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។