សង្គម​​ស៊ីវិល​​ស្នើ​អាជ្ញាធរ​​ថ្នាក់​​ជាតិ​​ចាត់​​វិធានការ​​ផ្លូវ​​ច្បាប់​​ចំពោះ​​មេឃុំ​​បក្សកាន់​អំណាច​រឿង​​ចេញ​​លិខិត​​ទិញ​​លក់​​ដី​​នៅ​​តំបន់​​ការពារ​​ធម្មជាតិ​

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានរួមជាមួយអភិបាលខេត្តកំពតលោក ជាវ តាយ ចុះ​ត្រួតពិនិត្យ​ការងារ​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានរួមជាមួយអភិបាលខេត្តកំពតលោក ជាវ តាយ ចុះ​ត្រួតពិនិត្យ​ការងារ​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ (រូប៖ ក្រសួងបរិស្ថាន)

0:00 / 0:00

អង្គការ​​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​មេ​ឃុំ​ ៣​នាក់ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត ដែល​ចេញ​លិខិត​ស្នាម​ផ្ទេរ​សិទ្ធិ​ ទិញ​-លក់​ដី​ ស្ថិតនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឧទ្យាន​ជាតិ​បូក​គោឲ្យ​ពលរដ្ឋ​។ ចំណែកមន្ត្រី​ក្រសួង​មហាផ្ទៃ ​អះអាង​ថា អាជ្ញាធរ​ខេត្ត​អាច​សើរើ​ ហើយ​ស្រាវ​ជ្រាវ​រក​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​នេះ ប្រសិន​បើ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ខូចខាត​ពី​ការ​ទិញ​-លក់​នៅ​តំបន់​នោះ។

ការ​​ស្នើ​ឲ្យ​​អាជ្ញាធរ​ពិនិត្យ​មើល​រឿង​នេះ គឺ​ក្រោយ​ពី​មេឃុំ​ព្រែកត្នោត មេឃុំ​កោះតូច និង​មេឃុំ​បឹង​ទូក ក្នុង​ស្រុក​ទឹក​ឈូ ខេត្តកំពត កាល​ពី​ពេល​ថ្មី​ៗ​នេះ បានចេញ​​លិខិត​ម្នាក់​មួយសន្លឹក ប្រកាស​បដិសេធ​ចោល​រាល់​ឯកសារ និង​លិខិត​ស្នាម​ដែល​ពួក​គាត់​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​កន្លង​មក ទាក់​ទង​នឹង​ការ​ស្នើសុំ​ផ្ទេរ​សិទ្ធិ​កាន់​​កាប់​ដីធ្លី ការ​សុំ​ប្រើប្រាស់​ដី​ធ្លី ការ​ទិញ​-លក់​ដី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ នៃ​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ។ ពួកគេលើកហេតុ​ផលដូចៗ​គ្នា​ថា​ មិន​បាន​យល់​ដឹង​អំពី​ច្បាប់​ច្បាស់លាស់។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ការ​ចេញ​លិខិត​ព្រមាន​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត ចំពោះ​​មន្ត្រី​មូលដ្ឋាន​ប្រាប់​ឲ្យ​ឈប់​ធ្វើ​ទង្វើ​បែប​នេះ​ទៀត គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ព្រោះ​ការ​ចេញ​លិខិត​​ទទួល​ស្គាល់​ដី​ធ្លី​ឯក​ជន​ នៅ​ក្នុង​តំបន់​ការពារ​ធន​ធាន​​ធម្មជាតិ​​របស់​​រដ្ឋ​នោះ គឺ​ជា​រឿង​ខុស​ច្បាប់​។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​គួរ​ចាត់​វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បាន​ប្រព្រឹត្ត​រឿង​នេះ ទៅ​តាម​ច្បាប់​ដែល​មាន​ចែង ដើម្បី​ទុក​ជា​គំរូ​ដល់​មន្ត្រី​ផ្សេង​​ទៀត ហើយ​រៀប​ចំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ទិញ​លក់​ដី​នៅ​តំបន់​នោះ។

មន្ត្រី​សង្គម​ស៊ី​វិល​រូប​នេះយល់​ថា ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្បាប់​ដោយពុំ​ស្មើភាព​ និង​តម្លាភាព​ទេ នោះ​បន្ទុក​រឿង​នេះ ​គឺ​ធ្លាក់​ទៅលើ​ពលរដ្ឋ​ដែល​មិន​សូវ​យល់​ដឹង​អំពី​​ច្បាប់​ ដោយ​ត្រូវ​ខាត​ប្រាក់​ទិញ​ដី​និង​ធ្វើ​ផ្ទះ​រស់​នៅ​តំបន់​នោះ​៖ «ឃើញ​ថា​ប្រជាពលរដ្ឋ​ គាត់​មាន​បញ្ហា​ខុស​ឆ្គង​អី មាន​ចាត់​វិធានការ​ច្បាប់​តទល់​នឹង​គាត់ ដើម្បី​​មាន​ការ​បំបាក់ ឬ​ធ្វើ​ចំណាត់​ការ​ទៅ​លើ​គាត់​អ៊ីចឹង។ តែ​អាជ្ញាធរ​វិញ ឬ​មួយ​ក្រុមហ៊ុន​វិញ ភាគ​ច្រើន​ គ្រាន់​តែ​ព្រមាន​អ៊ីចឹង។ អ៊ីចឹង​ ! ការ​អនុវត្ត​ចំពោះ​មុខ​ច្បាប់​ ពុំ​មាន​ភាព​ស្មើ​គ្នា​។ ហើយ​ទៅ​តាម​លក្ខខ័ណ្ឌ​របស់​មន្ត្រី​ថ្នាក់​ឃុំ​ ឬ​ក៏​មន្ត្រី​រដ្ឋបាល​ គួរ​តែ​មាន​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ដែល​ធ្វើ​​ឲ្យ​ចាត់​ការ​ទៅ​តាម​នីតិវិធី​រដ្ឋបាល»។

ស្រដៀង​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿង​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ថា ​ការ​ចេញ​លិខិត​ស្នាម​ដែល​ថ្នាក់​ឃុំ​​បាន​ចុះ​ហត្ថលេខា​និង​ប្រថាប់ត្រា​ជា​អាជ្ញាធរ​រដ្ឋ​ ពាក់ព័ន្ធ​នឹង​ដីធ្លី​ ហើយ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​របស់​ប្រទេស ត្រូវ​​​ទទួល​​ខុស​​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​និង​ចំពោះ​មុខ​ច្បាប់ អំពី​កំហុស​របស់​បុគ្គល​ទាំង​នោះ​ ទៅ​តាម​ច្បាប់ ​ស្ដីពី ​ការ​គ្រប់គ្រង​ឃុំ-សង្កាត់ និង​ច្បាប់ ​ស្ដីពី​ តំបន់​ការពារ​ធម្មជាតិ​។

លើស​ពី​នេះ លោក​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​និង​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​បំពេញ​តួនាទី ករណីយកិច្ច​ និង​កាតព្វកិច្ច​របស់​មន្ត្រី​សាធារណ:​ក្រោម​ឱវាទ​របស់​ខ្លួន​ ហើយ​រដ្ឋ​ត្រូវ​សង​សំណង​ការ​ខូចខាត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​កំហុស​របស់​មន្ត្រី​សាធារណ: ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។

ឆ្លើយ​តប​រឿង​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​​ជាតិ​(គ.ជ.អ.ប ) លោក ង៉ាន់ ចំរើន ឲ្យ​ដឹង​ថា​ ការ​ពិនិត្យ​សើរើ និង​ចុះ​ស្រាវជ្រាវ​រក​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​នេះ គឺ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ ព្រោះ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ប្រតិភូកម្ម ឬ​ផ្ទេរ​អំណាច​ពី​ថ្នាក់​ជាតិ​ឲ្យ​ថ្នាក់​ខេត្ត​ដោះស្រាយ។

លោកបញ្ជាក់​ថា ប្រសិន​បើ​មាន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូច​ខាត​នៅ​តំបន់​នោះ ប្ដឹង​អាជ្ញាធរ​ថ្នាក់​ក្រោម​រឿង​ចេញ​លិខិត​បដិសេធ​ច្រាន​ចោលដីធ្លី​ពួកគាត់​ទៅ​រដ្ឋបាល​ខេត្ត​កំពត នោះ​អាជ្ញាធរ​មាន​តួនាទី​ចុះ​ស្រាវជ្រាវ​និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​៖ «គាត់​មាន​បណ្ដឹង រដ្ឋបាល​ខេត្ត លោក​ត្រូវ​តែ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ហើយ​បើ​មាន​ការ​ខូច​ខាត​មែន ក្រុម​ប្រឹក្សា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោះស្រាយ។ ហើយ​គាត់​ដោះស្រាយ​ហ្នឹង បើ​គាត់​សម្រេច​ក្នុង​នាម​ក្រុម​ប្រឹក្សា​ អា​ហ្នឹង​ក្រុមប្រឹក្សា​ទាំង​មូល​​ត្រូវ​ទូទាត់​សំណង​នោះ។ តែ​បើ​សម្រេច​ដោយ​បុគ្គល មេឃុំ​ ឬ​ចៅ​សង្កាត់​ គឺ​បុគ្គល​នោះ​ត្រូវ​ចេញ​សង​។ ហើយ​មិន​យក​ថវិកា​ឃុំ​សង​ទេ គឺ​យក​ថវិកា​របស់​ខ្លួន​សង។ អា​ហ្នឹង ! ជា​រឿង​ឯកជន​ ដែល​សម្រេច​ខុស»។

ទាក់​ទង​រឿង​នេះ អភិបាល​ខេត្ត​កំពតលោក ជាវ តាយ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដាថា រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូន​ដំណឹង​ទៅ​អភិបាល​ក្រុង-ស្រុក​​ទូទាំង​ខេត្ត ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​បរិស្ថាន ​ឲ្យ​ចាត់​វិធានការ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​រាល់​ការ​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​និង​ការ​ទិញ​លក់​ដី​រដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ដែល​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់។

លោក​បញ្ជាក់​ថា​ ចំពោះ​ការ​អនុវត្ត​តាម​ច្បាប់​ចំពោះ​មន្ត្រី​មូលដ្ឋាន​យ៉ាង​ណា​នោះ គឺ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។ ចំណែក​ពលរដ្ឋ​ដែល​បានទិញ​​ដី​ នៅ​តំបន់​ការ​ពារ​​ធម្មជាតិ​​ឧទ្យាន​ជាតិ​បូក​គោ អាជ្ញាធរ​​មិន​អាច​ដោះស្រាយ​ជូន​បាន​​ទេ ដោយសារ​ពួកគាត់​ទៅ​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​៖ «អ៊ីចឹង​ ! មក​ដល់​ពេល​នេះ មេឃុំ​ដែល​ពាក់ព័ន្ធ​ គាត់​ត្រូវ​ធ្វើ​លិខិត​បដិសេធ ដើម្បី​មិន​ទទួល​ស្គាល់​នូវ​លិខិត​ដែល​គាត់​ចេញ​កន្លង​មក​ហ្នឹង។ ហើយ​រាល់​វិធានការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ជា​ការ​ណែនាំ ហើយ​គាត់​បាន​អនុវត្ត​តាម​ការ​ណែនាំ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​អំពី​ការ​ចេញ​សេចក្ដី​ណែនាំ​នេះពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថានលោក នេត្រ ភក្ក្រា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា បាន​នៅ​ឡើយ​ទេ ដោយ​​ហៅ​ទូរស័ព្ទ​ចូល​ តែ​លោក​មិន​ទទួល។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ មិនមែន​មាន​តែ​មេឃុំ​នៅ​ក្នុង​ខេត្ត​កំពត​នោះ​ទេ ក៏​មាន​មេឃុំ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត ដូចជា​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ​ជា​ដើម ​បាន​ចេញ​លិខិត​មោឃ​ភាព​ពាក្យ​​ស្នើ​សុំ​​កាន់​​កាប់​​ដី​​ក្នុង​​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះដែរ​។ ករណី​នេះ​​បណ្ដាល​​​ឲ្យ​មាន​ការ​រិះគន់ជា​ច្រើន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)។

កន្លងមក ​ទង្វើ​របស់​មេឃុំ​ និង​ចៅសង្កាត់​មួយ​ចំនួន ​ក៏បាន​ទាញទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រ​ជាជន​កម្ពុជា​ដែរ ​ហើយធ្វើឲ្យ​គណបក្ស​កាន់អំណាច ​បាត់បង់​អាសនៈ​ឃុំ-សង្កាត់​យ៉ាង​ច្រើន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុងការ​បោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ២០១៧។

អង្គការ​សង្គម​ស៊ីវិល​ តែង​សង្កេត​ឃើញ​ថា រាល់​ពេល​មាន​បញ្ហា​ដីធ្លី​កើត​ឡើង​មិន​ថា​នៅ​ទី​ក្រុង​ ឬ​តាម​ខេត្ត ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ពីសំណាក់​អាជ្ញាធរ ជូន​ប្រជាពលរដ្ឋភាគ​ច្រើន​ធ្វើ​ដោយ​គ្មាន​តម្លាភាព គ្មាន​យុត្តិធម៌ និង​គ្មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ។ សង្គម​ស៊ីវិល​ ទទូច​ដល់​រដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ គួរ​ចេញ​មុខ​ដោះស្រាយ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្តបន្ថែម​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដោយ​ភាព​សុខដុម​រមនា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។