ក្រសួងការពារជាតិ កំពុងស្វែងរកពលរដ្ឋម្នាក់ដែលក្រុមគ្រួសារអះអាងកំពុងបាត់ខ្លួន ជាង១ខែមកនេះ ក្រោយពីទទួលបណ្ដឹងពីពលរដ្ឋថា កងអន្តរាគមន៍វីរយោធាលេខ២៦១ បានចាប់ខ្លួនពលរដ្ឋ និងបញ្ជូនទៅឃុំខ្លួនការិយាល័យបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងរឿងជម្លោះដីធ្លីមួយកន្លែង នៅខេត្តព្រះវិហារ។ សង្គមស៊ីវិលយល់ថា ក្រសួងការពារជាតិនិងអាជ្ញាធរខេត្តព្រះវិហារ គួរចុះធ្វើអធិការកិច្ចដោយផ្ទាល់ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលធ្វើឲ្យពលរដ្ឋម្នាក់បាត់ខ្លួននោះ ថាតើកើតចេញពីខាងក្រុមទាហាន ឬមន្ត្រីបរិស្ថាន ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យលើរឿងនេះ និងជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ ប្រាប់អាស៊ីសេរីថា ខាងអធិការកិច្ចរបស់ក្រសួងការពារ បានទាក់ទងទៅតាមបញ្ជាការដ្ឋានកងទ័ព ខេត្តព្រះវិហារហើយ ដើម្បីពិនិត្យ និងស្វែងរកពលរដ្ឋម្នាក់ ឈ្មោះ ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំ ដែលកំពុងបាត់ខ្លួនមកដល់ពេលនេះ ថាតើពិតឬក៏មិនពិតយ៉ាងណានោះ។ ថ្វីបើក្រសួងការពារជាតិទទួលបានពាក្យបណ្ដឹងពីករណីខាងលើក្ដី ក៏ប៉ុន្តែ លោក ឈុំ សុជាតិ ស្នើឲ្យសាច់ញាតិគ្រួសារ គួររកកិច្ចអន្តរាគមន៍បន្ថែមទៀតពីអាជ្ញាធរ៖ «រឿងនេះ យើងគួរធ្វើតែធ្វើទាំងពីរ។ ក្រសួងការពារជាតិ ក៏យើងមានពាក្យបណ្ដឹងមក ហើយយើងគួរតែពាក្យបណ្ដឹងមួយទៅខាងអាជ្ញាធរនៅមូលដ្ឋាន។ អាជ្ញាធរ មានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ពាក់ព័ន្ធជាមួយអង្គភាពណា ឬស្ថាប័នណា។ យើងធ្វើតាមថានានុក្រមមក។ បើយើងមកក្រសួងការពារជាតិ ហាក់ដូចជា យើងចេះតែទទួលបានហើយ ប៉ុន្តែយើងត្រូវត្រលប់ទៅក្រោមវិញដដែលហ្នឹង។ យើងណែនាំឲ្យគាត់ធ្វើពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន ចំពោះការបាត់ខ្លួនហ្នឹង។ ហើយយើងនឹងស្វាគមន៍នៅពេលមានកិច្ចសហការជាមួយ នៅពេលយើងសុំសហការពីមូលដ្ឋានមក»។
លោកស្រី ឃុត រ៉ា ដែលត្រូវជាកូនប្រសាស្រីលោក ស៊ុំ ម៉ឺន ប្រាប់អាស៊ីសេរីថា លោកស្រីនិងម្ដាយក្មេក គឺលោកស្រី ភឹម ម៉ៅ បានទៅរាយការណ៍ប្រាប់លោកមេភូមិ និងលោកឃុំ ភ្លាមៗ ក្រោយពីដឹងថាក្រុមកងកម្លាំងទាហានកងពលលេខ៦ បានចាប់ខ្លួនលោក ស៊ុំ ម៉ឺន និងប្ដីលោកស្រី យកទៅឃុំខ្លួននៅការិយាល័យបរិស្ថាន កាលពីថ្ងៃទី២០ មករា។ ប៉ុន្តែមកដល់ពេលនេះ លោកស្រី ឃុត រ៉ា នៅតែមិនទទួលបានដំណឹងណាមួយពីខាងអាជ្ញាធរ រឿងបាត់ខ្លួនឪពុកក្មេក ខណៈប្ដីលោកស្រី ឈ្មោះ ម៉ឺន មៀន វ័យ២៦ឆ្នាំ នៅជាប់ឃុំក្នុងពន្ធនាគារព្រះវិហារនៅឡើយ។ លោកស្រី ឃុត រ៉ា ស្នើសុំអាជ្ញាធរ និងតុលាការខេត្តព្រះវិហារ បង្ហាញខ្លួន និងប្រគល់លោក ស៊ុំ ម៉ឺនមកឲ្យក្រុមគ្រួសារវិញ បន្ទាប់ពីលេចឮដំណឹងថា អាជ្ញាធរ បានដឹងកន្លែងលាក់ខ្លួនរបស់លោក ស៊ុំ ម៉ឺន ហើយបានចេញដីកាចាប់ខ្លួនផង៖ «ខាងនេះគេប្រាប់ខ្ញុំថា ខាងតុលាការ គេមានដីកាចាប់ខ្លួន ដល់ពេលអ៊ីចឹងទៅ ខ្ញុំក៏ស្នើសុំថា បើគាត់បានឃើញឬក៏បានជួប សូមឲ្យគាត់នាំមកជួបនឹងក្រុមគ្រួសារទៅ ព្រោះចាប់ខ្លួនគាត់ ធ្វើឲ្យគាត់បាត់ខ្លួន អត់ដឹងដំណឹង។ ធម្មតាប្រពន្ធ កូននៅក្នុងផ្ទះ ខ្វាយខ្វល់ចិត្តចង់ស្លាប់ទៅហើយ គាត់គេចទៅណាបង។ បើសិនជាដឹងដំណឹងកន្លែងណាហើយសូមឲ្យគាត់ វិលជួបក្រុមគ្រួសារវិញទៅ។ ហើយស្នើឲ្យដោះលែងប្ដីខ្ញុំមកវិញផង»។
ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បដិសេធនឹងសំណួរអាស៊ីសេរី ថាតើតុលាការខេត្តព្រះវិហារបានចេញដីកាតាមចាប់ខ្លួនលោក ស៊ុំ ម៉ឺន ដែរឬទេ?៖ «អត់ដឹងទេ ! កុំសួរ។ សួរកិច្ចការស៊ើបអង្កេត ឬក៏ស៊ើបសួរជាការងារសម្ងាត់។ យូរៗ មក ចង់ស៊ើបខ្ញុំម៉េច។ រឿងរ៉ាវវាដឹងអស់ហើយ។ យ៉ូអិន (UN) ក៏ទៅមើលដែរ។ សួរខាងយ៉ូអិន ដឹងហើយ»។
ទោះបីជាយ៉ាងណា មន្ត្រីតុលាការរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា តុលាការកំពុងចេញដីកាតាមចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ស៊ុំ ម៉ឺន ក្រោយពីគាត់បានរត់គេចខ្លួន អំឡុងពេលបរិភោគអាហារពេលព្រឹក កាលពីថ្ងៃទី២១ មករា នៅការិយាល័យបរិស្ថាន ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន។ លោកបន្តថា សមត្ថកិច្ចបានឃើញឈ្មោះ ស៊ុំ ម៉ឺន ហើយ ប៉ុន្តែលោកសុំមិនផ្ដល់ព័ត៌មានលំអិត។
ចំណែក មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុក លោក ឡោ ចាន់ យល់ឃើញថា បើដំណឹងនេះពិតប្រាកដមែន សមត្ថកិច្ចមិនគួរបន្តលាក់បាំងតទៅទៀត៖ «បើឃើញហើយ ម្ដេចក៏មិនព្រមចាប់ប្រគល់ឲ្យក្រុមគ្រួសារគាត់ ដើម្បីបញ្ចប់រឿងហ្នឹងទៅ។ ចាំបាច់គ្រាន់តែឃើញៗ នាំគ្នាឃើញគ្រប់តែគ្នា ហើយមិនព្រមចាប់ឲ្យគ្រួសារគាត់។ អ៊ីចឹងហើយ ព័ត៌មានដែលចេះតែថាឃើញហ្នឹង គឺជាព័ត៌មានបំប៉ោងមួយដែរ ដើម្បីគ្រាន់តែឲ្យក្រុមគ្រួសារ ឬក៏ព័ត៌មានមួយចំនួន ស្ងប់អារម្មណ៍ថា គាត់នៅរស់ទេ តែធាតុពិតមិនដឹងថាគាត់នៅរស់ឬក៏ស្លាប់ទេ មកដល់ពេលនេះ ព្រោះវាមានរយៈពេលជាង១ខែកន្លងមកហើយ»។
កាលពីថ្ងៃទី៣ដល់ទី៧ ខែកុម្ភៈ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការ លីកាដូ បានចុះទៅស៊ើបអង្កេតករណី អាជ្ញាធរ ដែលរួមមានកម្លាំងទាហានចូលរួមផង បានចុះចាប់ពលរដ្ឋ១៤នាក់ ដាក់ពន្ធនាគារខេត្តព្រះវិហារ ក្នុងនោះមានម្នាក់បាត់ខ្លួន ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ដែលចុះស៊ើបអង្កេតរឿងនេះ ឲ្យដឹងថា ទាំងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ ខាងតុលាការ រួមទាំងមន្ត្រីបរិស្ថាន អះអាងដូចៗ គ្នាថា លោក ស៊ុំ ម៉ឺន បានរត់គេចខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កាលពីថ្ងៃទី២១ មករា ខណៈអាជ្ញាធររៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តព្រះវិហារ។ លោក សំ អាត យល់ថា ផ្អែកតាមផ្លូវច្បាប់ គឺស្ថិតនៅក្នុងការសង្ស័យនៅឡើយ ចំពោះការលើកឡើងរបស់អាជ្ញាធរអំពីការបាត់ខ្លួនពលរដ្ឋនេះ។
លោកស្រី ឃុត រ៉ា ឲ្យដឹងថា ជីវភាពគ្រួសាររបស់គាត់ កំពុងប្រឈមកង្វះខាតយ៉ាងខ្លាំង ហើយប្អូនតូច៤នាក់ ត្រូវបាត់បង់ការសិក្សា ក្រោយពីបាត់ខ្លួន ឪពុកក្មេក ហើយប្ដីបានជាប់ឃុំជាង១ខែមកនេះ។ លោកស្រី ឃុត រ៉ា ស្នើសុំអាជ្ញាធរប្រគល់ខ្លួនលោក ស៊ុំ ម៉ឺន មកឲ្យគ្រួសារ និងដោះលែងប្ដីលោកស្រី ឲ្យមានសេរីភាពឡើងវិញ ព្រោះថា អ្នកទាំងពីរ និងពលរដ្ឋផ្សេងទៀត មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។
មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ឲ្យដឹងដែរថា កងអន្តរាគមន៍វីរយោធាលេខ២៦១ ឬហៅថា ក្រុមកងកម្លាំងទាហានកងពលលេខ៦ ដែលឈរជើងការពារដីឲ្យក្រុមហ៊ុនមេត្រីភាព នៅតែបន្តចុះដុតខ្ទម និងផ្ទះពលរដ្ឋ អស់១៥ខ្នង កាលពីចុងខែកុម្ភៈកន្លងទៅ ខណៈចំណាត់ការរបស់ក្រសួងការពារជាតិ និងដំណោះស្រាយរបស់អាជ្ញាធរខេត្តព្រះវិហារនៅមិនលេចចេញជាផ្លែផ្កានៅឡើយ។ ដើម្បីឲ្យដឹងច្បាស់រឿងបាត់ខ្លួនពលរដ្ឋជាង ១ខែមកនេះ អង្គការសង្គមស៊ីវិលថា ក្រសួងការពារជាតិ មិនគួរបណ្ដែតបណ្ដោយនីតិវិធីតទៅទៀតទេ គួរចុះធ្វើអធិការកិច្ចឲ្យបានឆាប់ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលធ្វើឲ្យពលរដ្ឋម្នាក់បាត់ខ្លួនរកមិនឃើញថា តើកើតចេញពីខាងក្រុមទាហាន ឬមន្ត្រីបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។