ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​របស់​អភិបាលរង​ខេត្តព្រះវិហារ​ថា បន្ត​ឈូស​ឆាយ​ព្រៃ​សហគមន៍​ជីអោក

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​នាក់ នៅ​ថ្ងៃទី១០ កុម្ភៈ បាន​លើកគ្នា ឃាត់​គ្រឿងចក្រ​ជា​ថ្មី​ទៀត ដែល​បន្ត​ឈូស​ឆាយ ព្រៃ​សហគមន៍​ភូមិ​ជីអោក និង​ផលដំណាំ របស់​ពួកគាត់​។ អ្នកភូមិ​សង្ស័យ​ថា ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ដែល​ជា​របស់​អភិបាលរង​ខេត្ត​ព្រះវិហារ​ម្នាក់ មាន​ជាប់​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​នេះ។

ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ៣០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ២​រយ គ្រួសារ​រស់នៅ​ភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ខឹង​សម្បារ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា បន្ត​បើកដៃ​ឱ្យ​ក្រុមហ៊ុន​ជា​របស់​អភិបាល​ខេត្ត​ព្រះវិហារ ឈូស​ឆាយ​ព្រៃ​សហគមន៍​ជីអោក និង​ផលដំណាំ របស់​អ្នកភូមិ​ជាថ្មី​ទៀត។

ជនជាតិ​ដើម​ភាគតិច​កួយ លោក សាន សៀ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​មួយ​គ្រឿង ប្រភេទ​អាប៊ុល (Bulldozer) លួច​ឈូស​ឆាយ​ព្រៃ​សហគមន៍​ជី​អោក និង ផលដំណាំ​អ្នកភូមិ​ជា​ថ្មី​ទៀត នៅ​រយៈពេល ២ ថ្ងៃ​ចុង​ក្រោយនេះ ដែល​បាន​បំផ្លាញ​ដំឡូង​មី របស់​លោក​អស់​ជិត ១​ហិកតារ និង​ដំណាំ​អ្នកភូមិ​ផ្សេងៗ​ទៀត។

លោក​ថា អ្នកភូមិ​ជាង ៣០​នាក់ បាន​លើកគ្នា​ហាមឃាត់​គ្រឿងចក្រ​នោះ មិន​ឱ្យ​បន្ត​ឈូស​ឆាយ រង់ចាំ​ការ​ដោះស្រាយ​សិន ក៏ប៉ុន្តែ​អ្នក​បើក​គ្រឿងចក្រ​មិន​ស្តាប់​ឡើយ។

លោក សាន សៀ៖ «ឈូស​របស់ខ្ញុំ​រួច អត់​មាន​ដីស្រែ​ទេ មានតែ​ចម្ការ បើ​គេ​ឈូស​ឆាយ​ទៀត ចប់​បណ្តោយ មិនដឹង​ទៅ​រស់​នៅឯណា ធ្វើស្រែ​ឯណា​?ដើម​ចំប៉ក់​ខ្ទេចខ្ទី​អស់ហើយ សព្វថ្ងៃ​។ ពលរដ្ឋ​រឿង​ជ័រទឹក រឿង ជ័រ​ផ្សេង វល្លិ​ដល់ពេល​សព្វថ្ងៃ បំផ្លាញ​អស់រលីង ខ្ញុំ​អត់​ចេះ​និយាយ​។ វា​លួច​ម្តង​ត្រង់​នេះ ត្រង់នោះ»។

ជនជាតិ​ដើម​ភាគតិច​កួយ វ័យ ៦០ រូប​នេះ ស្តី​បន្ទោស​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា ឃុបឃិត​ជាមួយ​ក្រុមហ៊ុន សាន់ តាណា បន្ត​រំលោភ​យក​ដីធ្លី​សហគមន៍​ដ៏​ធំ​សម្បើម បំផ្លាញ​ប្រភព​សេដ្ឋកិច្ច និង​អត្តសញ្ញាណ​របស់​អ្នកភូមិ។

លោក​ថា នៅ​រយៈពេល​ជិត ១​ឆ្នាំ​ចុង​ក្រោយនេះ ដើមឈើ​ធំៗ​ប្រភេទ ឈើទាល គគីរ ធ្នង់ និង សុក្រំ​ជាដើម ឋិត​ក្នុង​ព្រៃ​អភិរក្ស​នេះ ត្រូវ​កាប់​បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង ហើយ​ដី​សហគមន៍​យ៉ាង​ហោច​ណាស់ ជាង ១០០ ហិកតារ ក៏​ត្រូវ​គេ​ឈូស​ឆាយ​អស់​ដែរ។

សមាជិក​សហគមន៍ ចាស់ សុថេន ថ្លែង​ថា ក្រុមហ៊ុន​គ្រោង​នឹង​ឈូស​ឆាយ​ព្រៃស្រោង​ជាង ៣​រយ ហិកតារ (៣២៤) ធ្វើ​ឱ្យ​អ្នកភូមិ​កើតទុក្ខ​មិន​សុខចិត្ត បាន​លើកគ្នា​តវ៉ា​ជា​ញឹកញាប់ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ប៉ុណ្ណោះ​អាសន្ន។

ChiOrk_021023.JPG
ប្រជាសហគមន៍ជីអោកលើកគ្នាឃាត់គ្រឿងចក្រ​ក្រុមហ៊ុន កាលពីថ្ងៃទី១០ កុម្ភៈ​២០២៣។ រូប៖ ពលរដ្ឋផ្តល់ឲ្យ (Vadhna Vey)

លោក​ថា ដំបូង​ឡើយ​អ្នកភូមិ​ជាង ៣០០​នាក់​លើកគ្នា​តវ៉ា​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​គំរាម​ចាប់​ពលរដ្ឋ​ដាក់គុក ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​ខ្លាច​រអា។

ចាស់ សុថេន៖ «លោក​ដើមឈើ​ធំៗ​ឱប២ គេ​កាប់​អស់រលីង​ហើយ អត់​មាន​នរណា​ទប់ស្កាត់​ទេ បើកដៃ​ពី​អាជ្ញាធរ​ផង។ ដំឡូង​ពួកគាត់​ទើប​ដាំ ក៏​គេ​ឈូស​ដែរ ហាម​ក៏​អត់​ស្តាប់​ដែរ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​សកម្មភាព​ឈូស​ឆាយ​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក យង់ គឹមហឿង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ ១០ កុម្ភៈ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ចំណែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធ​បំភ្លឺ​រឿង​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នោះ​ទេ។

អ្នកភូមិ​ស៊ើប​ដឹង​ថា ឧកញ៉ា​ម្នាក់ ឈ្មោះ អ៊ុក គឹមសាន មាន​តួនាទី​ជា អភិបាល​រង​ខេត្តព្រះវិហារ​ មាន​មហិច្ឆតា រំលោភ​យក​ដី​ព្រៃ​នៅ​តំបន់​នោះ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​យក​ដី ធ្វើ​កសិកម្ម​អស់​រាប់​រយ​ហិកតារ​ដោយសារតែ​ទីផ្សារ​ដី​ឡើងថ្លៃ​ខ្ពស់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាចទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ឧកញ៉ា អ៊ុក គឹមសាន បាន​នៅ​ឡើយ​ទេ។ ប្រជា​សហគមន៍​អះអាង​ថា មេឃុំ​រមណីយ លោក ឃុត រី តែងតែ​ចុះ​ចួប​ពលរដ្ឋ ដោយ​លួងលោម​ឱ្យ​ពលរដ្ឋ​ចូលរួម​ផ្ដិតមេដៃ គាំទ្រ​ឱ្យ អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​ជីអោក ៣០០​ហិកតារ ដើម្បី​វិនិយោគ និង​អភិវឌ្ឍន៍​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​សហគមន៍ និង​ផលដំណាំ​របស់​ជនជាតិ​ដើម​ភាគតិច ជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​អនុវត្ត​ច្បាប់​ជាបន្ទាន់ មិន​គួរ​បណ្តែតបណ្តោយ​ដូច្នេះ​ទេ។

លោក ឡោ ចាន់៖ «ហើយ​បែរជា​មន្ត្រី​ជំនាញ នៅ​ជិត​ហ្នឹង​សោះ គាត់​អត់​មាន​គិតគូរ​យកចិត្តទុកដាក់​បង្ក្រាប​ជន​ទាំងអស់​ហ្នឹង​។ ដី​ព្រៃ​សហគមន៍​ឥលូវ ជិត​ក្លាយជា​វាលរហោឋាន មាន​គ្រឿងចក្រ​ឈូស​ឆាយ ហើយ​មន្ត្រី​ជំនាញ​នៅ​ស្ងាត់​ទៀត»។

ព្រៃ​សហគមន៍​ភូមិ​ជីអោក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សហគមន៍​តំបន់​ការពារធម្មជាតិ​ជីអោក​បឹង​ព្រៃ គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​បឹងពែរ មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ (២.០៦០)​។ ព្រៃ​សហគមន៍​នេះ​បាន​ចុះបញ្ជី ទទួលស្គាល់​ដោយ​ក្រសួង​បរិស្ថាន កាលពី​ឆ្នាំ​២០០៣ ឋិត​ក្នុងភូមិ​ជីអោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ។

អ្នកភូមិ​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​អភិរក្ស​នេះ បាន​បំផ្លាញ​ជម្រក​សត្វព្រៃ​រួមមាន សត្វ​ទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និង​ជ្រូកព្រៃ​ជាដើម ហើយ​ពេលនេះ​សត្វ​កម្រ​ទាំងនេះ បាន​បាត់​ខ្លួន​អស់​ជា​បន្ត​បន្ទាន់ ដោយ​សត្វ​ខ្លះទៀត ត្រូវ​គេ​លួច​បរបាញ់​សម្លាប់​ធ្វើ​អាជីវកម្ម ដោយសារ​បាត់បង់​ជម្រក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។