ពលរដ្ឋនៅខេត្តព្រះសីហនុ ចោទប្រកាន់ថា ក្រុមហ៊ុនរបស់អ្នកមានអំណាចម្នាក់ បានប្រើសិទ្ធិអំណាចរំលោភយកដីធ្លីរបស់ពួកគេ។ ពួកគេលើកឡើងថា ជម្លោះដីធ្លីដែលអូសបន្លាយជាង ៧ឆ្នាំមកនេះ រវាងពួកគេនឹងក្រុមហ៊ុនឋានសួគ៌នោះ ទោះពលរដ្ឋទៅសុំអន្តរាគមន៍ពីក្រសួងស្ថាប័នណាក៏គេមិនមានដំណោះស្រាយដែរ។
ពលរដ្ឋមានបញ្ហាដីធ្លីឲ្យដឹងថា ក្រុមហ៊ុនឈ្មោះឋានសួគ៌ បានរំលោភយកដីធ្លីពួកគេ ហើយនិងព្យាយាមបណ្ដេញពួកគេចេញពីផ្ទះសំបែងលើដីមានជម្លោះ។
តំណាងសហគមន៍អូរត្រជាក់ចិត្តលោក សំ សុផាត ឲ្យអាស៊ីសេរីដឹងថា នៅសហគមន៍របស់លោកមានពលរដ្ឋ ៦៣គ្រួសារ ត្រូវក្រុមហ៊ុនឋានសួគ៌វាយកម្ទេចផ្ទះសំបែងដើម្បីបណ្ដេញចេញពីដីមានជម្លោះតាំងពីឆ្នាំ២០១១ មក។ លោកថា ពលរដ្ឋបានស្វះស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័នថ្នាក់ជាតិ ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេ៖ «ក្រុមហ៊ុនហ្នឹងចាប់ផ្ដើមមកធ្វើបានមានបញ្ហា ដំបូងគេថា គេចូលមកធ្វើផ្លូវឲ្យប្រជាពលរដ្ឋក្នុងចំណុចហ្នឹងដើម្បីឲ្យពលរដ្ឋងាយឆ្លងកាត់ ប៉ុន្តែបែរជាយកឫស្សីមកដាំលើកន្លែងសម្រាប់ធ្វើផ្លូវ»។
តំណាងពលរដ្ឋដដែលឲ្យដឹងទៀតថា ក្រៅពីក្រុមហ៊ុនឋានសួគ៌ នៅឆ្នាំ២០១៥ រដ្ឋបាលព្រៃឈើ មកអះអាងថា ដីមានជម្លោះជាដីគម្របព្រៃឈើដែលតម្រូវឲ្យពលរដ្ឋចាកចេញពីដីនោះ។
ពលរដ្ឋឲ្យដឹងថា ដីមានជម្លោះនោះមានទំហំជាង៥០០ហិកតារ ស្ថិតសហគមន៍បាតខ្ទះនិងសហគមន៍អូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ហើយពួកគេចូលមករស់នៅលើដីនោះ កាលពីឆ្នាំ១៩៩១មកម្ល៉េះ។
តំណាងពលរដ្ឋបាតខ្ទះ លោក អ៊ំ ធឿន ឲ្យដឹងដែរ ដោយសារលោកចេញមុខទាមទាររកយុត្តិធម៌ករណីជម្លោះដីធ្លីលោកត្រូវសមត្ថកិច្ចចាប់ជាប់ពន្ធនាគារ។ តំណាងពលរដ្ឋរូបនេះ យល់ថា ជម្លោះដីធ្លីដីរ៉ាំរ៉ៃនេះ លុះត្រារបបក្រុងភ្នំពេញមានឆន្ទៈ ទើបអាចជួយដោះស្រាយបានព្រោះម្ចាស់ក្រុមហ៊ុននេះគឺជាមន្ត្រីជាន់ខ្ពស់នៅក្នុងរបបនេះ៖ «គេដាក់បារាសឲ្យយើងឆ្លង បើនិយាយរួមទៅគេប្ដឹងយើង»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បានទេនៅថ្ងៃទី២៣ ធ្នូ ដោយទូរស័ព្ទរបស់លោករោទ៍ជាច្រើនដងគ្មានអ្នកទទួល។
ចំណែកអ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុក (Adhoc) នៅក្រុងព្រះសីហនុ លោកស្រី ជៀប សុធាវី និយាយថា បញ្ហាដីធ្លីតំបន់នេះលោកស្រីតែងសង្កេតឃើញថា អភិបាលស្រុកស្ទឹងហាវ និងសមត្ថកិច្ចខេត្តព្រះសីហនុបានធ្វើសកម្មភាពបណ្ដេញពលរដ្ឋជំនួសឲ្យក្រុមហ៊ុន។ លោកស្រីឲ្យដឹងថា ទោះជាក្រុមហ៊ុននេះមានសិទ្ធិអំណាចលើដីមានជម្លោះនេះ ប៉ុន្តែលោកស្រីបានទទួល ដំណឹងពីពលរដ្ឋថា ក្រុមហ៊ុននេះមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅឡើយទេ៖ «ករណីនេះប្រហែលជាអាចមានដំណោះស្រាយបើសិនជាលោកឧបនាយករដ្ឋមន្ត្រីគាត់ជាប្រធានក្រុមហ៊ុនឋានសួគ៌»។
ពលរដ្ឋថា ចាប់តាំងពីពួកគេមានជម្លោះជាក្រុមហ៊ុនឋានសួគ៌ ពលរដ្ឋដែលជាងតំណាងសហគមន៍តែងតែរងការចោទប្រកាន់ពីសំណាក់តុលាការ និងត្រូវជាប់ពន្ធនាគារជាញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។