តំណាង​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ដាក់​ញត្តិ​ស្នើ​ដោះស្រាយ​ជម្លោះ​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ

0:00 / 0:00

បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ៤​នាក់ ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច​ជាង ១​ពាន់​នាក់ (១.២៥៥) បាន​មក​ដាក់​ញត្តិ​ជាថ្មី​ម្តង​ទៀត នៅ​រាជធានី​ភ្នំពេញ ក្នុង​បំណង​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ពន្លឿន​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ឱ្យ​មាន​តម្លាភាព និង​យុត្តិធម៌។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​បិទ​សិទ្ធិ​មិន​ឱ្យ​តំណាង​ជនជាតិ​ដើម​ភាគតិច​ចូលរួម​កែ​លម្អ​ចំណុច​ខ្វះខាត និង​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ​ទេ​កន្លង​មក។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ៤​រូប នៅ​ថ្ងៃ​ពុធ ទី៣ កក្កដា​នេះ បាន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី ក្រសួង​វប្បធម៌ ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិសដៅ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនេះ រក្សា​កា​ពារ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ឱ្យ​គង់វង្ស ដែល​មាន​ទំហំ ១០២ ហិកតារ (១០២.២៧៨)។

តំណាង​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក ណាន ដានី ថ្លែងប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​អូស​បន្លាយពេល​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ​ជាង ៥ ឆ្នាំ​មក​ហើយ មក​ទល់​ពេល​នេះ ពួកគេ​មិនទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ​។ លោក​ថា បំណង​រួម​របស់​ជនជាតិ​ដើម​ភាគតិច ចង់​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្អែក​តាម​សេចក្ដី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ឆ្នាំ​២០០៤៖ «វា​មិន​សម វប្បធម៌​ប្រពៃណី​ខាង​ជនជាតិ​ពួក​ខ្ញុំ ដោយសារ ទាក់ទង​ខារ៉ាអូខេ កន្លែង​ហ្នឹង ជា​ផ្ទះ​បូរាណ​ពួក​ខ្ញុំ​ធ្វើ​។ អីចឹង​ឥឡូវ វា​បាត់បង់​អស់ហើយ មាន​ខារ៉ាអូខេ មាន​កន្លែង​ស្រី បន និង​ស្រី​បា។ វា​មិន​សម ប្រពៃណី​ជនជាតិ​ពួក​ខ្ញុំ ខាង​ថ្នាក់​ខេត្ត​គាត់​ធ្វើ​អ៊ីចឹង»។

លោក ណាន ដានី បន្ថែម​ថា អន្តរក្រសួង​បាន​ទទួល​ញត្តិ​ពួកគេ​រួចហើយ នៅ​សល់​តែ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​មិនទាន់​ទទួល​ញត្តិ​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ញត្តិ​របស់​សហគមន៍​សរសេរ​មិន​ទាន់​ត្រឹមត្រូវ។

ខ្លឹម​ញត្តិ ២​ទំព័រ បង្ហាញ​ថា ពួកគេ​គាំទ្រ​អនុសាសន៍​លោក ហ៊ុន សែន ដែល​រុញ​ឱ្យ​តំបន់​ភ្នំ​ដោះ​ក្រមុំ ចុះបញ្ជី​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក ប្រយោជន៍​ប្រជាជាតិ​ទាំង​មូល។ លើស​ពី​នេះ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​លុបបំបាត់​សំណង់​អនាធិបតេយ្យ នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​ឯកជន ផលិត​ទឹក​ស្អាត សាងសង់​ការដ្ឋាន​នៅ​តំបន់​នោះ។

លេខាធិការដ្ឋាន​គណៈកម្មការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ លោក ក្រើង តុលា សង្កេត​ឃើញ​ថា ក្រោយពី​មាន​កិច្ច​អន្តរាគមន៍ ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​នោះ​បាន​មួយ​ចំនួន ក៏ប៉ុន្តែ​មាន​ចំណុច​ខ្លះ​អាជ្ញាធរ​បិទ​សិទ្ធិ​មិន​អនុញ្ញាត​ឱ្យ​តំណាង​ជនជាតិ​ដើម​ភាគតិច​ចូលរួម ពិភាក្សា សម្រេចចិត្ត និង​ការស្វែងរក​ដំណោះស្រាយ​នោះ​ទេ។ លោក​ថា សំណង់ អាគារ និង​ខារ៉ាអូខេ ដែល​សង់​រំលោភ​ដី​នៅ​តំបន់​នោះ ពួកគេ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ឱ្យ​ដាច់​ស្រឡះ​ដែរ​៖ «យើង​អត់​ទាន់​ទទួលយក​បានទេ នៅ​ពេល​ដែល​គាត់​បិទ​សិទ្ធិ​សេរីភាព ក្នុង​ការ​ចូលរួម ជជែក បិទ​សិទ្ធិ​ក្នុង​ការ​ចូលរួម​កែលំអ ទៅលើ​ចំណុច​ខ្វះខាត មិនដែល​ឱ្យ​តម្លៃ​ជនជាតិ​ដើម​ភាគតិច គាត់​ជជែក​តែ​គ្នា​គាត់​។ សំណូមពរ​ឱ្យ​គាត់​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ មិនមែន​ប្រជុំ​លួចលាក់»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍ថា រដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាយការណ៍​ហេតុផល​ប៉ះពាល់​ផ្សេងៗ ដាក់​ជូន​រដ្ឋាភិបាល​សម្រេច​រួចហើយ។ លោក​បញ្ជាក់​ថា របាយការណ៍ និង​ការសិក្សា​ហេតុផល​ប៉ះពាល់​ផ្សេងៗ មាន​ក្រសួង​វប្បធម៌ និង​ក្រសួង​ដែនដី មក​ប្រជុំ​ពិភាក្សា និង​វាយតម្លៃ​ដែរ​។ លោក​បន្ថែម​ថា អាជ្ញាធរ​បាន​សិក្សា ពី​ស្ថានភាព​ប្រជាជន​មួយ​ចំនួន ដែល​រស់​នៅ​តាម​ជើងភ្នំ​តាំងពី​ទសវត្សរ៍​ទី ៩០ ហើយ​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ​ដោះស្រាយ​រួចហើយ៖ «សម្ដេច​លោក​ចាប់​ផ្ដើម​បញ្ជា​មក យើង​ចាប់​ផ្តើម​ធ្វើ​ភ្លាម អត់​មាន​ទំនេរ​ទេ តែ​ធ្វើ​នីតិវិធី ដោយ​ពិនិត្យ​ផល​ប៉ះពាល់​ប៉ុន្មាន​គ្រួសារ បើ​យើង​យក​ទាំងអស់ វា​ប៉ះពាល់​យ៉ាងម៉េច ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ គាត់​ធ្វើ​ចម្ការ​តាំងពី​ឆ្នាំ ១៩៩០​ជាង ដែល​គាត់​មក​រស់នៅ​ខេត្ត​ដំបូង ហើយ​យក​ក៏បាន​ដាក់​របាយ​ការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដែរ»។

អគ្គលេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ឡូរ៉ង់ យល់ថា អាជ្ញាធរ​គួរតែ​ផ្ដល់​តម្លៃ ដល់​តំណាង​សហគមន៍ ក្នុង​ការ​ចូលរួម​ពិភាក្សា​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​នោះ​។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពិចារណា ជំហរ​រួម​របស់​សហគមន៍ ដែល​ចង់​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ ដោយ​យុត្តិធម៌ និង​តម្លាភាព​។ លើស​ពី​នេះ ពួកគេ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​លំនៅឋាន តាម​ជើងភ្នំ ក្នុង​នោះ​មាន​សំណង់​ខារ៉ាអូខេ​ទៀត​ផង​៖ «សហគមន៍​គាត់​ចាត់ទុកថា ការ​សាងសង់​សំណង់​នៅ​តំបន់​នោះ ធ្វើឡើង​ដោយ​ខុសច្បាប់ ព្រោះ ស . . ណ បាន​ចេញ​តាំងពី​ឆ្នាំ ២០០៤ ហើយ​ទំហំ​ដី​គឺ​វា​មាន​ភាព​ច្បាស់លាស់​។ អ៊ីចឹង​វា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​មាន​ការ​ផ្ដល់​ប្រជាពលរដ្ឋ​ប៉ុន្មាន​ហ្នឹង ដែល​សង់​ជុំវិញ​ដី​ហ្នឹង ព្រមទាំង មាន​តាំង​ក្រុមហ៊ុន​ខារ៉ាអូខេ​អី​ទៀត​។ គាត់​ចង់​ឱ្យ​មានការ​ដោះស្រាយ​ហ្នឹង​ឱ្យ​មាន​តម្លាភាព និង​ការ​ផ្ដល់​ការ​សហការ​ហ្នឹង​ដល់​សហគមន៍ ហើយ​សហគមន៍​មានការ​ចូលរួម និង​ស្នើសុំ​ឱ្យ​គោរព​ជំហរ​រួម​របស់​សហគមន៍»។

តំបន់​ភ្នំ​ដោះ​ក្រមុំ ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ឋិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃដី ១០២.២៧៨ ហិកតារ​។ សហគមន៍​ថា មក​ទល់​ពេល​នេះ​ទំហំ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​តែ ជាង ៨៧ ហិកតារ​ប៉ុណ្ណោះ៕