ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ និង ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្អូញពីការថយចុះផ្ទៃដីកសិកម្ម ដែលអាស្រ័យផលច្រើនឆ្នាំមកហើយ ដោយសារតែ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន ហេង ហ្វូ ឈូសឆាយរំលោភយកជាបន្តបន្ទាប់។ អ្នកភូមិថា ក្រុមហ៊ុននេះ បានឈូសឆាយហ៊ុមព័ទ្ធយកដីស្រែពួកគាត់ជាង ៤០ហិកតារថ្មីទៀត កាលពីពេលថ្មីៗ នេះ។
ជនជាតិដើមភាគតិចកួយឲ្យដឹងនៅថ្ងៃទី៥ ឧសភាថា អ្នកភូមិពុំទាន់អាចស្វែងរកដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិននោះទេរហូតមកដល់ពេលនេះ។
អ្នកភូមិថាពួកគាត់ បានត្រឹមឱបដៃឈរមើលក្រុមហ៊ុនឈូសឆាយរំលោភដីស្រែតាមអំពើចិត្ត ខណៈអាជ្ញាធរពាក់ព័ន្ធចាប់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ គ្មានឆន្ទៈដោះស្រាយនោះទេ បានត្រឹមតែសន្យាខ្យល់ និងធ្វើរបាយការណ៍ភូតភរ។
ជនជាតិដើមភាគតិចរស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ រៀបរាប់ថា គ្រួសាររបស់លោកមានដីកសិកម្ម ១៤ហិកតារជាដីកេរដូនតា ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយកអស់ ១០ហិកតារ កាលពីសប្តាហ៍មុន។ លោកថា អ្នកភូមិកំពុងស្វែងរកវិធីសាស្ត្រតវ៉ា រកយុត្តិធម៌តាមផ្លូវច្បាប់ ខណៈអាជ្ញាធររឹតត្បិតសិទ្ធិសេរីភាពសព្វបែបយ៉ាង មិនឲ្យពួកគាត់ជួបប្រជុំពិភាក្សាក្នុងសហគមន៍ ថែមទាំងដាក់កម្លាំងឃ្លាំមើលទៀតផង៖ «»
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ថ្លែងសុំមិនបញ្ចេញឈ្មោះដែរឲ្យដឹងថា កន្លងទៅអ្នកភូមិរាប់រយនាក់ បានមូលមតិគ្នាដាក់ញត្តិទៅស្ថាប័នជាតិ សុំឲ្យមានវិធានការលើក្រុមហ៊ុន ដែលឈូសឆាយព្រៃស្រោង លប់ទឹកបឹង និងអូរធម្មជាតិ បង្កឲ្យពលរដ្ឋបាត់បង់កន្លែងអាស្រ័យផល។ ចំណែកអាជ្ញាធរមិនត្រឹមតែមិនស្វែងរកដំណោះស្រាយជូនពលរដ្ឋទេ បែរជាប្រើតុលាការ និងសមត្ថកិច្ចគំរាមកំហែងពលរដ្ឋណា ចេញមុខតវ៉ារឿងដីធ្លី ដែលបង្កឲ្យពលរដ្ឋខ្លាចរអា៖«»
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ (៤២.០០០) តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និងក្រុមហ៊ុន ហេង យូ។
មេឃុំប្រមេរ លោក ធាន ហេង ទទួលស្គាល់ថា ក្រុមហ៊ុនចិនបានឈូសឆាយដីកសិកម្មរបស់ពលរដ្ឋ តែអាជ្ញាធរកំពុងដោះស្រាយជូនពលរដ្ឋបណ្ដើរៗ ហើយ។ លោកថា ដំណោះស្រាយដីធ្លីខ្លះហួសពីសមត្ថភាពអាជ្ញាធរឃុំ លោកបានរុញករណីនេះទៅថ្នាក់លើ។ លោកបដិសេធថា អាជ្ញាធរមិនបានគំរាមកំហែងពលរដ្ឋដែលតវ៉ារឿងដីធ្លីនោះទេ៖ «»។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សង្កេតឃើញថា ពលរដ្ឋកំពុងភ័យខ្លាចសកម្មភាពទាមទារស្វែងរកដំណោះស្រាយដីធ្លីរបស់ខ្លួន ខណៈដំណោះស្រាយរបស់អាជ្ញាធរនៅតែអូសបន្លាយ ហើយក្រុមហ៊ុននៅតែមានឱកាសឈូសឆាយពង្រីកផ្ទៃដី។ លោកថា ពលរដ្ឋហាក់មិនស្ងប់ចិត្តចំពោះវិវាទដីធ្លីនេះទេ និងមិនដឹងថា តើស្ថាប័នណាមួយមានសមត្ថភាពដោះស្រាយដីធ្លីជូនពួកគាត់បាន ត្បិតពាក្យបណ្ដឹងរបស់ពួកគាត់ជាច្រើន ដែលសុំកិច្ចអន្តរាគមន៍ស្ទើរតែគ្រប់ស្ថាប័ន គឺគ្មានលទ្ធផល៖ «»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខែត្រព្រះវិហារ លោក ឡោ ចាន់ រកឃើញថា ក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ បំពានបទបញ្ជា ០០១ របស់របបក្រុងភ្នំពេញ ដែលមិនបានអនុវត្តរួបមន្តស្បែកខ្លា និងបានឈូសឆាយខឿនប្រាសាទបូរាណ លុបបឹង អូរ និងព្រៃជំនឿរបស់ជនជាតិដើមភាគតិច។ លោកថា អាជ្ញាធរថ្នាក់ជាតិធ្លាប់ជូនដំណឹងឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយសិន រង់ចាំដំណោះស្រាយសិន តែក្រុមហ៊ុនមិនអនុវត្តតាម៖ «»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ចាត់ទុកការឈូសឆាយរបស់ក្រុមហ៊ុន គឺជាការរំលោភសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ។ លោកថា អាជ្ញាធរហាក់មិនមានវិធានការម៉ឹងម៉ាត់ណាមួយ បង្ក្រាបក្រុមហ៊ុនចិន ដែលល្មើសកិច្ចសន្យាវិនិយោគនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។