សាច់​ញាតិសោកស្ដាយ​ចំពោះ​ការ​លើក​​​ពេល​​សវនាការ​ឧទ្ធរណ៍​​​លើ​​​​​​​សកម្ម​ជន​បក្ស​ប្រឆាំងនិង​​ដីធ្លី​ ​១៤​នាក់​​​​​​​ នៅ​ខេត្ត​ត្បូងឃ្មុំ

ដោយ ជាតិ ចំណាន
2021-10-11
Share
សាច់​ញាតិសោកស្ដាយ​ចំពោះ​ការ​លើក​​​ពេល​​សវនាការ​ឧទ្ធរណ៍​​​លើ​​​​​​​សកម្ម​ជន​បក្ស​ប្រឆាំងនិង​​ដីធ្លី​ ​១៤​នាក់​​​​​​​ នៅ​ខេត្ត​ត្បូងឃ្មុំ សាច់ញាតិសកម្មជនបក្សប្រឆាំងឡើងមកស្តាប់​​សវនាការ​លើ​​​​​​​សកម្ម​ជន​បក្ស​ប្រឆាំងនិង​​ដីធ្លី​ ​១៤​នាក់​​​​​​​ នៅ​ខេត្ត​ត្បូងឃ្មុំកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកពួកគាត់

សាលា​​​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១១​ ខែតុលា បាន​សម្រេច​​​​លើ​​ពេល​សវនាការ​​​​​លើ​​​សកម្ម​ជន​បក្ស​ប្រឆាំង និង​សកម្មជន​​​ដីធ្លី​ ​សរុប​ចំនួន​ ១៤​នាក់ ទៅ​ពេល​ក្រោយ​​ដោយ​សារ​ករណី​សមាសភាព​ចៅក្រម​​​។ សាច់​ញាតិ និង​មេធាវី​  ថា​​​​​ការ​លើក​ពេល​សវនាការ​​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សេរីភាព​​អ្នក​ជាប់​ឃុំ។​

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក​ វ៉េង ប៊ុនធឿន បាន​​ប្រកាស​​​ការ​លើក​ពេល​សវនាការ​​បណ្ដឹងឧទ្ធរណ៍​​លើ​​​​សកម្ម​ជន​​ទាំង ​១៤​នាក់​​ ​ដោយ​មូលហេតុ​​ថា ​​​​​ចៅក្រម​​ប្រឹក្សា​​​២​នាក់ ​​​​គឺ​​លោក​​ ទី សំណាង និង​​​លោក​​ រៀល សុភិន​ ​មាន​វិសមភាព​​ក្នុង​សំណុំ​រឿង​នេះ ព្រោះ​លោក​ទាំង​២​ធ្លាប់​​​មាន​តួនាទី​ជា​អ្នក​សម្រេច​ក្ដី​​​ម្ដង​ហើយ​កាល​ពី​ដំណាក់​កាល​សាលា​ដំបូង​។

មេធាវី​កាន់​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​គឺ​លោក សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​​ ការ​លើក​ពេល​សវនាការ​នេះ​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​ពន្យារ​ពេល​សវនាការ​​​ទេ ព្រោះ​​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ ខណៈ​​​អ្នក​ជាប់​ឃុំ​ខ្លះ​​ជិត​​​ចប់​ការ​​អនុវត្ត​ទោស​ពន្ធនាគារ​នៅ​ចុង​ខែ​តុលា​នេះ​ហើយ​​ តែ​មិន​ទាន់​​​​​ទទួល​បាន​សវនាការ​ឧទ្ធរណ៍​ទេ។ លោក​មេធាវី ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​រៀប​ចំ​សវនាការ​នេះ​ឲ្យ​លឿន ដើម្បី​ជា​ផល​ប្រយោជន៍​កូន​ក្ដី​របស់​លោក​៖ «កាល​ណា​ចៅក្រម​គាត់​មាន​វិសមភាព​ គឺ​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ហើយ​ ​ហ្នឹង​យើង​ទទួល​ស្គាល់ និង​ឯកភាព​ថា ​វា​ជា​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​បើ​យើង​ពន្យារ​ពេល​សវនាការ​កាន់​តែ​យូរ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ​​ដោយសារ​​នៅ​ក្នុង​ចំណោម​ពួកគាត់​ទាំង​៨​នាក់​​​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ​ មាន​អ្នក​ខ្លះ គាត់​ត្រូវ​បម្រើ​ទោស​ចប់​នៅ​ក្នុង​អំឡុង​​​ប្រហែល​ជា​ថ្ងៃ​ទី​២២ ឬ​២៣​ហ្នឹង​ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ត្រូវ​បម្រើ​ទោស​ចប់​នៅ​ក្នុង​អំឡុង​ពេល​​ខែ​១១ ឬ​ខែ​១២​ដែរ។ អ៊ីចឹង​បើ​យើង​អូស​បន្លាយ​ពេល​សវនាការ​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ»។​​​

​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា អនុរក្ស​ពន្ធនាគារ​បាន​ដឹក​ជន​ជាប់​ឃុំ​ចំនួន​ ៨​នាក់ ក្នុង​ចំណោម​ជន​​ជាប់​ចោទ​ទាំង​អស់ ​១៤​នាក់ មក​ចូលរួម​សវនាការ​។ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​កៀក​​ចូល​ជួប​សួរ​សុខ​ទុក្ខ​ឡើយ។

ប្រពន្ធ​របស់​​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​​លោក ព្រៅ ចាន់ធឿន គឺ​លោកស្រី តឹក​ សុឡន ឲ្យ​ដឹង​ថា​ អាជ្ញាធរ​​​អនុញ្ញាត​ឲ្យ​​​​​ប្រពន្ធ កូន​របស់​សកម្មជន ​បាន​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​ និង​អាច​​ស្រែក​ហៅ​ប្ដី​ពី​ចម្ងាយ​ ប៉ុន្តែ​​​មិន​​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​ទេ។ ចំណែក​សាច់​ញាតិ​ប្រហែល ​៤០​នាក់​ទៀត​ ដែល​​បាន​នាំ​គ្នា​​ម៉ៅ​​ឡាន​ទៅ​ឃ្លាំមើល​​​មិន​ត្រូវ​​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​ទេ។

ជាមួយ​គ្នា​នេះ ​​អ្នក​ជាប់​ឃុំ​​​​​ទាំង​ ៨​នាក់​​ មាន​សុខភាព​ល្អ​ប្រសើរ​វិញ​ហើយ បន្ទាប់​ពី​ពួកគាត់​​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ខ្លះ​ដើរ​អត់​រួច ខ្លះ​ទៀត​​​ឆ្លង​​ជំងឺ​កូវីដ​១៩​(Covid-19) ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ឬ​ពន្ធនាគារ​មាត់​ឃ្មង់។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដដែល គឺ​លោកស្រី តឹក សុឡន​ មិន​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ពេល​សវនាការ​ទេ។ លោកស្រី ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​បើក​សវនា​ការ​​នេះ​ឲ្យ​បាន​លឿន​បំផុត និង​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ​៖ «សង្ឃឹម​ថា​បាន​គាត់​ចេញ​ថ្ងៃ​នេះ។ ​ឥឡូវ​ហ្នឹង​លើក​​ទៅ​ខែ​ក្រោយ​ទៀត ហើយ​​ខ្ញុំ​មាន​ពេល​ឯណា​​នឹង​ទៅ​មើល បើ​ជីវភាព​ខ្ញុំ​ពិបាក​យ៉ាង​នេះ។ ខ្លះ​គ្នា​កូន​ខ្ចី​ផង​ដូច​ប្រពន្ធ​របស់​​សែម ចំណាន​ ​គ្នា​កូន​ខ្ចី​យំ​រង៉េករង៉ាក​ខំ​មក​ទាំង​យប់​​ ទាំង​អធ្រាត្រ នាំ​គ្នា​ប៉ាវ​ឡាន​គេ​ចាក់​ប្រេង​ទៅ​ណា ហើយ​ដល់​ឥឡូវ​ហ្នឹង​វេទនា​យ៉ាង​នេះ​ល្មម​តែ​បាន​ទៅ​ដល់​។ ទៅ​ដល់​ហើយ​គេ​លើក​ពេល​ទៅ​ខែ​ក្រោយ​ទៀត»។

សកម្មជន​​​កំពុង​ជាប់​ឃុំ​ទាំង​៨​នាក់ មាន​៦​នាក់ គឺ​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ លោក ស៊ូ យាន លោក អ៊ុំ យ៉េត លោក ម៉ក់ សំអាន លោក ព្រៅ ចាន់ធឿន លោក លាភ សុផេង និង​លោក​ស្រី ខន ទន។ ចំណែក​​​ម្នាក់​គឺជា​តំណាង​សហគមន៍​ដី​ធ្លី​​ស្រែប្រាំង គឺ​​លោក​ សែម ចំណាន។ ឯ​​ម្នាក់​​ទៀត​គឺជា​តំណាង​សហគមន៍​ដីធ្លី​ជាំ​ក្រវៀន​​​​​​ លោក ផុន សុផល​​។ ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​​ បាន​កាត់​​ទោស​អ្នក​ទាំង​៨​នាក់​ កាល​ពី​ថ្ងៃ​ទី​០២ កក្កដា ដោយ​​​សម្រេច​​ដាក់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ​ និង​ពិន័យ​​​ប្រាក់​ម្នាក់​មួយ​​លាន​(១.០០០.០០០​៛)​ ក្នុង​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

ក្នុង​សំណុំ​រឿង​ដដែល​​នេះ​ តុលាការ​ក៏​​​​ចេញ​ដីកា​​ឲ្យ​ស្វែង​រក​ និង​ចាប់​ខ្លួន​​​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​របស់​បក្ស​ប្រឆាំង លោក វ៉ាន់ ណារិទ្ធិ និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ ៥​នាក់ ​ទៀត គឺលោក ស៊ូ យេន លោក តាំង សុផុន លោក ញឹម ថន លោក ជា យ៉ាម៉ន លោក​ លោក ឃ្លីច​ វី ក្នុង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​​ដូច​គ្នា​ ហើយ​ពួកគាត់​ទាំង ​៦​នាក់ ​នេះ​ក៏​រង​ការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ម្នាក់​មួយ​លាន​រៀល​ដែរ។

ជុំវិញ​ករណី​លើក​ពេល​សវនាការ​ឧទ្ធរណ៍​​នេះ​ដែរ ​​​​​​​នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត សោកស្ដាយ​​ភាព​ខ្វះ​ចន្លោះ​ក្នុង​​ការ​​​រៀបចំ​ ឬ​​ការ​​ចាត់​តាំង​ចៅក្រម​​​មិន​បាន​ត្រឹមត្រូវ​ជាមុន។ លោក​ពន្យល់​ថា ​ការ​ផ្ដល់​​​​យុត្តិធម៌​​ឲ្យ​បាន​ឆាប់​រហ័ស​​នៅ​ដំណាក់​កាល​សាលា​​ឧទ្ធរណ៍​​​ មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ជាប់​ឃុំ និង​ក្រុម​គ្រួសារ​របស់​ពួកគេ៖ «វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា​មិន​គួរ​ឲ្យ​មាន​ការ​កើត​ឡើង ព្រោះ​ពួកគាត់​ប្ដឹង​ឧទ្ធរណ៍​ហ្នឹង​សង្ឃឹម​ថា​នឹង​អាច​មាន​ការ​ទម្លាក់​បទ​​ចោទ ឬ​ក៏​មាន​ការ​រួច​ផុត​ការ​ជាប់​ឃុំ​ណា»។

របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការ​ចាប់​ខ្លួន​​​អ្នក​នយោបាយ សកម្ម​ជន​សង្គម សិទ្ធិ​មនុស្ស គ្រូ​បង្រៀន​អ្នក​ការពារ​បរិស្ថាន​​ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជិត​​កៅសិប​(៩០)នាក់​ហើយ ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​ខ្លួន​។ ពួកគាត់​ភាគ​ច្រើន​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​​ញុះញង់ រួម​គំនិត​ក្បត់​​។ ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​​ជាតិ ​អន្តរជាតិ និង​​​ក្រុម​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​​​ ​ហៅ​ការ​​បង្ក្រាប​ទាំង​អស់​នេះ​ថា​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​​​​​។ តំណាង​ស្ថាប័ន​​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​ដោះលែង និង​ត្រូវ​​បញ្ឈប់​ការ​ធ្វើ​បាប​លើ​​​​សកម្មជន​ទាំង​អស់​​ តាម​គ្រប់​រូប​ភាព​៕​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល