សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែតុលា បានសម្រេចលើពេលសវនាការលើសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី សរុបចំនួន ១៤នាក់ ទៅពេលក្រោយដោយសារករណីសមាសភាពចៅក្រម។ សាច់ញាតិ និងមេធាវី ថាការលើកពេលសវនាការធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកជាប់ឃុំ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក វ៉េង ប៊ុនធឿន បានប្រកាសការលើកពេលសវនាការបណ្ដឹងឧទ្ធរណ៍លើសកម្មជនទាំង ១៤នាក់ ដោយមូលហេតុថា ចៅក្រមប្រឹក្សា២នាក់ គឺលោក ទី សំណាង និងលោក រៀល សុភិន មានវិសមភាពក្នុងសំណុំរឿងនេះ ព្រោះលោកទាំង២ធ្លាប់មានតួនាទីជាអ្នកសម្រេចក្ដីម្ដងហើយកាលពីដំណាក់កាលសាលាដំបូង។
មេធាវីកាន់ក្ដីឲ្យសកម្មជនបក្សប្រឆាំងគឺលោក សំ សុគង់ ប្រាប់វិទ្យុអាស៊ីសេរីថា ការលើកពេលសវនាការនេះជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ ប៉ុន្តែលោកមិនពេញចិត្តចំពោះការពន្យារពេលសវនាការទេ ព្រោះជាការប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ ខណៈអ្នកជាប់ឃុំខ្លះជិតចប់ការអនុវត្តទោសពន្ធនាគារនៅចុងខែតុលានេះហើយ តែមិនទាន់ទទួលបានសវនាការឧទ្ធរណ៍ទេ។ លោកមេធាវី ជំរុញឲ្យសាលាឧទ្ធរណ៍រៀបចំសវនាការនេះឲ្យលឿន ដើម្បីជាផលប្រយោជន៍កូនក្ដីរបស់លោក៖ «កាលណាចៅក្រមគាត់មានវិសមភាព គឺត្រូវតែមានការផ្លាស់ប្ដូរហើយ ហ្នឹងយើងទទួលស្គាល់ និងឯកភាពថា វាជានីតិវិធីច្បាប់។ ប៉ុន្តែបើយើងពន្យារពេលសវនាការកាន់តែយូរ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទដោយសារនៅក្នុងចំណោមពួកគាត់ទាំង៨នាក់ដែលកំពុងជាប់ពន្ធនាគារនេះ មានអ្នកខ្លះ គាត់ត្រូវបម្រើទោសចប់នៅក្នុងអំឡុងប្រហែលជាថ្ងៃទី២២ ឬ២៣ហ្នឹងហើយអ្នកខ្លះទៀតក៏ត្រូវបម្រើទោសចប់នៅក្នុងអំឡុងពេលខែ១១ ឬខែ១២ដែរ។ អ៊ីចឹងបើយើងអូសបន្លាយពេលសវនាការនេះ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ»។
ទោះជាយ៉ាងណា អនុរក្សពន្ធនាគារបានដឹកជនជាប់ឃុំចំនួន ៨នាក់ ក្នុងចំណោមជនជាប់ចោទទាំងអស់ ១៤នាក់ មកចូលរួមសវនាការ។ ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ពួកគេបានកៀកចូលជួបសួរសុខទុក្ខឡើយ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំលោក ព្រៅ ចាន់ធឿន គឺលោកស្រី តឹក សុឡន ឲ្យដឹងថា អាជ្ញាធរអនុញ្ញាតឲ្យប្រពន្ធ កូនរបស់សកម្មជន បានចូលទៅខាងក្នុងបរិវេណសាលាឧទ្ធរណ៍ និងអាចស្រែកហៅប្ដីពីចម្ងាយ ប៉ុន្តែមិនអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការទេ។ ចំណែកសាច់ញាតិប្រហែល ៤០នាក់ទៀត ដែលបាននាំគ្នាម៉ៅឡានទៅឃ្លាំមើលមិនត្រូវអាជ្ញាធរអនុញ្ញាតឲ្យចូលក្នុងបរិវេណសាលាឧទ្ធរណ៍ទេ។
ជាមួយគ្នានេះ អ្នកជាប់ឃុំទាំង ៨នាក់ មានសុខភាពល្អប្រសើរវិញហើយ បន្ទាប់ពីពួកគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ ខ្លះដើរអត់រួច ខ្លះទៀតឆ្លងជំងឺកូវីដ១៩(Covid-19) ក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ឬពន្ធនាគារមាត់ឃ្មង់។ ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងដដែល គឺលោកស្រី តឹក សុឡន មិនពេញចិត្តចំពោះការលើកពេលសវនាការទេ។ លោកស្រី ស្នើសុំឲ្យសាលាឧទ្ធរណ៍បើកសវនាការនេះឲ្យបានលឿនបំផុត និងដោះលែងអ្នកកំពុងជាប់ឃុំទាំងអស់ឲ្យមានសេរីភាពវិញ៖ «សង្ឃឹមថាបានគាត់ចេញថ្ងៃនេះ។ ឥឡូវហ្នឹងលើកទៅខែក្រោយទៀត ហើយខ្ញុំមានពេលឯណានឹងទៅមើល បើជីវភាពខ្ញុំពិបាកយ៉ាងនេះ។ ខ្លះគ្នាកូនខ្ចីផងដូចប្រពន្ធរបស់សែម ចំណាន គ្នាកូនខ្ចីយំរង៉េករង៉ាកខំមកទាំងយប់ ទាំងអធ្រាត្រ នាំគ្នាប៉ាវឡានគេចាក់ប្រេងទៅណា ហើយដល់ឥឡូវហ្នឹងវេទនាយ៉ាងនេះល្មមតែបានទៅដល់។ ទៅដល់ហើយគេលើកពេលទៅខែក្រោយទៀត»។
សកម្មជនកំពុងជាប់ឃុំទាំង៨នាក់ មាន៦នាក់ គឺសមាជិកគណបក្សសង្គ្រោះជាតិ គឺ លោក ស៊ូ យាន លោក អ៊ុំ យ៉េត លោក ម៉ក់ សំអាន លោក ព្រៅ ចាន់ធឿន លោក លាភ សុផេង និងលោកស្រី ខន ទន។ ចំណែកម្នាក់គឺជាតំណាងសហគមន៍ដីធ្លីស្រែប្រាំង គឺលោក សែម ចំណាន។ ឯម្នាក់ទៀតគឺជាតំណាងសហគមន៍ដីធ្លីជាំក្រវៀន លោក ផុន សុផល។ សាលាដំបូងខេត្តត្បូងឃ្មុំ បានកាត់ទោសអ្នកទាំង៨នាក់ កាលពីថ្ងៃទី០២ កក្កដា ដោយសម្រេចដាក់ពន្ធនាគារម្នាក់មួយឆ្នាំ និងពិន័យប្រាក់ម្នាក់មួយលាន(១.០០០.០០០៛) ក្នុងបទចោទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្នុងសំណុំរឿងដដែលនេះ តុលាការក៏ចេញដីកាឲ្យស្វែងរក និងចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតរបស់បក្សប្រឆាំង លោក វ៉ាន់ ណារិទ្ធិ និងមន្ត្រីបក្សប្រឆាំងនៅតាមមូលដ្ឋាន ៥នាក់ ទៀត គឺលោក ស៊ូ យេន លោក តាំង សុផុន លោក ញឹម ថន លោក ជា យ៉ាម៉ន លោក លោក ឃ្លីច វី ក្នុងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដូចគ្នា ហើយពួកគាត់ទាំង ៦នាក់ នេះក៏រងការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារម្នាក់មួយឆ្នាំ និងពិន័យប្រាក់ម្នាក់មួយលានរៀលដែរ។
ជុំវិញករណីលើកពេលសវនាការឧទ្ធរណ៍នេះដែរ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត សោកស្ដាយភាពខ្វះចន្លោះក្នុងការរៀបចំ ឬការចាត់តាំងចៅក្រមមិនបានត្រឹមត្រូវជាមុន។ លោកពន្យល់ថា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័សនៅដំណាក់កាលសាលាឧទ្ធរណ៍ មានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់ពួកគេ៖ « វាជារឿងមួយដែលខ្ញុំគិតថាមិនគួរឲ្យមានការកើតឡើង ព្រោះពួកគាត់ប្ដឹងឧទ្ធរណ៍ហ្នឹងសង្ឃឹមថានឹងអាចមានការទម្លាក់បទចោទ ឬក៏មានការរួចផុតការជាប់ឃុំណា»។
របបក្រុងភ្នំពេញបានបង្កើនការចាប់ខ្លួនអ្នកនយោបាយ សកម្មជនសង្គម សិទ្ធិមនុស្ស គ្រូបង្រៀនអ្នកការពារបរិស្ថាន ដាក់ឃុំក្នុងពន្ធនាគារសរុបជិតកៅសិប(៩០)នាក់ហើយ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ ពួកគាត់ភាគច្រើនត្រូវបានតុលាការផ្ដន្ទាទោសពីបទញុះញង់ រួមគំនិតក្បត់។ ប៉ុន្តែអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហៅការបង្ក្រាបទាំងអស់នេះថាជាអំពើរំលោភសិទ្ធិមនុស្ស។ តំណាងស្ថាប័នលើកស្ទួយសិទ្ធិមនុស្សទាំងអស់នោះ បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែង និងត្រូវបញ្ឈប់ការធ្វើបាបលើសកម្មជនទាំងអស់ តាមគ្រប់រូបភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។