សហគមន៍​នេសាទ និង​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កាត់​ឆ្វៀល​ដី មិន​មាន​តម្លាភាព

ដោយ សុជីវី
2022.05.31
Share on WhatsApp
Share on WhatsApp
សហគមន៍​នេសាទ និង​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កាត់​ឆ្វៀល​ដី មិន​មាន​តម្លាភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាប់​បឹង​ទន្លេសាប និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​អាជ្ញាធរ ឆ្វៀល​ដី​ចែក​ពលរដ្ឋ​គ្មាន​តម្លាភាព និង​អំពើពុករលួយ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ចុះ​ពិនិត្យ​និង​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ឆ្វៀល​ដី​នឹង​គ្មាន តម្លាភាព​នោះ​ទេ ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​បណ្ដោយ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​វាស់វែង​ដីធ្លី​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

អនុប្រធាន​សហគមន៍​នេសាទ​ដី​ក្រោម​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ហោ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ង​នៅ​ទី​៣០ ឧសភា ថា នៅ​តំបន់​លោក អាជ្ញាធរ​មិន​ទាន់​បាន​ចុះ​ត្រួត​ពិនិត្យ​ដីធ្លី​រួចហើយ ប៉ុន្តែ​មិនទាន់​កាត់​ឆ្វៀល​ចែក​ជូន​ពលរដ្ឋ​នៅឡើយ​ទេ​គិត​ត្រឹម​ថ្ងៃទី​៣០​ឧសភា។ លោក ហោ សំអាត យល់​ថា បើ​រដ្ឋាភិបាល​មិន​កាត់​ឆ្លៀល​ដី​ឲ្យ​ពលរដ្ឋ​គឺជា​ការ​ល្អ ដើម្បី​រក្សា​ដី​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ ព្រោះ​អាជ្ញាធរ បង្ហាញ​ទីតាំង​ព្រំប្រទល់​ខុស​ដែល​ធ្វើ​បាត់បង់​ព្រៃ​លិច​ទឹក​បន្ត​ទៀត។ លោក​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ជូន​ស្ថាប័ន​ចុះ ចាត់ចែង​កាត់​ដី​ឱ្យ​បាន​ស្មើភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​មាន​លុយ​មាន​អំណាច៖ «ខ្ញុំ​គាំទ្រ​ការ​ធ្វើ​បែប​ហ្នឹង ប៉ុន្តែ​គ្រាន់​ថា សំខាន់ វា​ពិបាក​ក្នុង​ការ​កំណត់​ថា ប៉ុន្មាន​ឆ្នាំ ប៉ុន្មាន​ឆ្នាំ បើ​ថ្នាក់​ជាតិ​គាត់​ចុះ​មក​ពិនិត្យមើល​ហ្មង វា​ស្រួល​ទេ តែបើ​ថ្នាក់​មូលដ្ឋាន​ខ្លួនឯង អាហ្នឹង​ជា​រឿង ខ្លះ​ជា​រឿង​នៅ​តាម​ឃុំ ឃុំ​មួយៗ​ខ្លះ​ហ្នឹង​មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ខ្លះ​ហ្នឹង គាត់​កាប់​ឆ្វៀល​តាំង​ថ្មីៗ គាត់​កាប់​ថ្មីៗ ដល់​អញ្ចឹង គាត់​អាច​ដំឡើង​ថា អាហ្នឹង​គាត់​កាន់​កាប់​យូរហើយ អាហ្នឹង​វា​ជា​រឿង​ដែល​ពិបាក»

យន្តការ​កាត់​ដី​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​ពេល​នេះ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច ហើយក៏​កំពុង​ស្វះ​ស្វែងរក​សំឡេងឆ្នោត​ពី​ពលរដ្ឋ ជាមួយ​គណបក្ស​នយោបាយ​ចំនួន​១៦​បក្ស​ផ្សេងទៀត ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់។

ជុំវិញ​រឿង​នេះ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ខេត្ត​បាត់ដំបង​អាជ្ញាធរ​មិន​ទាន់​ចុះ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ ព្រោះ​ពេល​នេះ​ជា​យុទ្ធនាការ​ឃោសនា​រក​សំឡេង ។ លោក​បន្ត​ថា ខេត្ត​នឹង​ចុះ​វាស់វែង​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​ភាព​ជាក់ស្ដែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៖ «បាទ! ព្រោះ​ឥឡូវ​នេះ​យើង និង​កំពុង​ស៊ើប​អឺ ស្រាវជ្រាវ​រក​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ណា​ពិតប្រាកដ នរណា​ប៉ះពាល់​ម៉េច យើង​និង​អនុវត្ត​សិន ប៉ុន្តែ​ជា​គោលការណ៍​នៅ​ពេល​បោះឆ្នោត​រួច យើង​និង​សម្រេច​ថា យ៉ាងម៉េច ប៉ុន្តែ​និង​អនុវត្ត​តាម​បណ្តើរៗ ប៉ុន្តែ​សំខាន់​ការងារ​នេះ នៅ​លើ​ឯកឧត្តម​អភិបាល​ខេត្ត​ជា​អនុវត្ត​ផ្ទាល់​បាទ»

ពាក់ព័ន្ធ​រឿង​ដី​ព្រៃ​លិខិត​នៅ​តំបន់​បឹង​ទន្លេសាប​នេះ​ក៏​មាន​ពលរដ្ឋ​ម្នាក់​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ចុងឆ្នាំ ២០២១ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ប្រកាស​នឹង​ចាត់​វិធានការ​ទៅ​លើ​អាជ្ញាធរ​ទាំងឡាយ​ណា ទន្ទ្រានព្រៃ​លិច​ទឹក​ឱ្យ​ខាន​តែ​បាន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ បើសិន​រាជរដ្ឋាភិបាល បាន​គិត​គូរ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រយោជន៍​សាធារណៈ ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​កាត់​ឆ្វៀល​ទៅដល់​អ្នក​ដែល​បាន​កាន់កាប់​ដី​ពិត​ប្រាកដ ។ លោក​ព្រួយបារម្ភ​ថា រឿង​នេះ​ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​បណ្ដោយ​ឱ្យ​អាជ្ញាធរ ខេត្ត​ចុះ​វាស់វែង​ដី​ដោយ​គ្មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ផ្សេង​ទេ​នោះ នឹង​ការបែងចែក​ដី​គ្មាន​តម្លាភាព ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​មិន​ទទួល​បាន​ដី​ដើម្បី​ដាំ​ដុះ​ឡើយ៖ «ការ​ផ្តល់​ឱ្យ​ហ្នឹង​វា​ពិត​ថា​បាន​ទៅដល់​ប្រជាពលរដ្ឋ ដែល​គាត់​ត្រូវ​ការ​ដី គាត់​ខ្វះ​ខាត​ដី​ហ្នឹង​ពិត​ប្រាកដ​ឬ​អត់ ចៀសវាង​បាន​ទៅ​ក្រុម​ឈ្មួញ បាន​ទៅ​ក្រុម​ជន​មានអំណាច​ណាមួយ អឺ បន្លែបន្លំ​ក្នុង​ការ ផ្តល់​ឱ្យ​ហ្នឹង ហើយ​អាហ្នឹង​គួរតែ​មាន​ការ​ត្រួតពិនិត្យ ហើយ​ក៏​ពិនិត្យមើល​ឡើងវិញ​ដែរ ចំពោះ​ការ​ប្រតិបត្តិ​កន្លង​មក បើសិន​ជា បញ្ហា​ទាំងអស់​ហ្នឹង ត្រូវ​បាន​គិតគូរ​ដោះស្រាយ​មក​ជូន​ប្រជាពលរដ្ឋ អ៊ីចឹង​គួរតែ​ពិចារណា ទៅលើ​ពលរដ្ឋ​ដែល​ធ្លាប់​រង​ការចោទប្រកាន់ ការ​ចាប់ខ្លួន​ផ្សេងៗ អំពី​បញ្ហា​ទាំងអស់​ហ្នឹង​ដែរ ដើម្បី​ធ្វើឱ្យ​..​បញ្ហា​ហ្នឹង​អាច​មាន​ភាព​ធូរស្រាល​ឡើងវិញ អំពី​ភាព​តានតឹង​កន្លង​មក»

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​ទេ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា។

ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប ចុះ​ត្រួតពិនិត្យ​ដើម្បី​កាត់​ឆ្វៀល​ដី​ព្រៃ​លិច​ទឹក​មួយចំនួន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ចាប់ពី​១០​ឆ្នាំ​ឡើង​ទៅ។ ការប្រកាស​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ នៅ​ថ្ងៃទី​០៥ មិថុនា ខាងមុខ​ជិត​ចូលម​ក​ដល់ ។ ភ្លាមៗ​ក្រោយពី​មាន​បញ្ជា​ពី​លោក​ហ៊ុន សែន នេះ អាជ្ញាធរ​ខេត្ត​មួយចំនួន​បាន​ចុះ​រួមមាន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់​ជាដើម ចុះ​ពិនិត្យ​ដី​នៅ​តម​ពន់​បឹង​ទន្លេសាប និង​ជួប​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ត្រៀម​កាត់​ឆ្វៀល​ដី​បែង​ចែក​ជូន​ពួកគាត់​ជា​បន្តបន្ទាប់។

កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើត​ក្រុម​យុវជន​ប្រទេស​វាស់ដី​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ក្រុម​នេះ​ក៏​បាត់​ស្ងាត់​ទៅវិញ​។ នៅ​ចុង​ក្រោយ​នេះ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទូទាំង​ប្រទេស​ដឹកនាំ​ដោយ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ក៏​រង​ការ​រិះគន់​ថា មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។