ប្រជា​សហគមន៍​ដីធ្លី​នៅ​ខេត្តកណ្តាល​៥​នាក់​ស្លាប់​ដោយសារ​មិន​មាន​លុយ​ទៅ​ព្យាបាល​ជំងឺ

ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​ដែល​ឈ្មួញ​ទិញ​ហើយ​ឱ្យ​លុយ​មិន​គ្រប់​នៅក្នុង​ស្រុក​កោះធំ​ខេត្ត​កណ្តាល​អះអាង​ថា ពួកគេ​កំពុង​ជួប​ការ​លំបាក​វេទនា​ខ្លាំង ហើយ​សមាជិក សហគមន៍​៥​នាក់​ហើយ​បាន​ឈឺ​ស្លាប់​នៅផ្ទះ​ដោយសារ​មិន​មាន​លុយ​ទៅ​ព្យាបាល​ជំងឺ​នៅ​ពេទ្យ។

សមាជិក​សហគមន៍​ចំនួន​៥៣​គ្រួសារ​បាន​លក់​ដី​ទំហំ​ជិត ១៤០​ហិកតារ(១៣៨,២) ឱ្យ​ឈ្មួញ​ម្នាក់​តាំងពី​ឆ្នាំ​២០១៩ ប៉ុន្តែ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៣ ឈ្មួញ​ទើប ប្រគល់​លុយ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ដី​តែ​១០ ទៅ​២០​ភាគរយ​នៃ​តម្លៃ​ដី​សរុប​ប៉ុណ្ណោះ។

ប្រធាន​សហគមន៍​ព្រែក​អណ្តូង នៅក្នុង​ឃុំ​លើកដែក​ស្រុក​កោះធំ លោក សន សុង ថ្លែង​ថា ប្រជា​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ខ្លាំង រហូតដល់​មាន​អ្នក​ស្លាប់ ៥​នាក់ ដោយសារ​មិន​មាន​លុយ​ព្យាបាល​ជំងឺ។

លោក សន សុង៖ «ខ្វះខាត​ខ្លះ​ឈឺ​ក្នុង​ប្លុក​៥៣​គ្រួសារ​ហ្នឹង អត់​លុយ​មើល​ជំងឺ​ថា លក់​ដី​ក្រែង​មាន​លុយ​មើលជំងឺ។ អត់​មាន​ហ្នឹង​អស់ ៤​ទៅ ៥​គ្រួសារ​ហើយ គ្រាន់តែ​ស្លាប់​អត់​មាន​លុយ​មើល​ជំងឺ»។

ប្រជា​ពលរដ្ឋ​ដែល​ស្លាប់​ទាំង​៥​នាក់​នោះ មាន​អាយុ​ចន្លោះ​ពី​៥០ ទៅ ៦០​ឆ្នាំ។ ប្រពន្ធ​លោក ម៉ឺង មាន ដែល​ស្លាប់ គឺ​លោកស្រី គង់ ឱ្យ​ដឹង​ថា ប្តី​របស់​លោក​ស្រី​មាន​ជំងឺ​បំពង់​ក ហើយ​លោកស្រី ខ្ចីបុល​គេ​បាន​ជាង ១​ពាន់​ដុល្លារ ទៅ​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​លោក​សង្ឃ​ក្នុង​រាជធានី​ភ្នំពេញ តែ ៣​ថ្ងៃ​ក៏​អស់​លុយ។ លោកស្រី​ក៏​សម្រេចចិត្ត​នាំ​ប្តី​ទៅ​ផ្ទះ​វិញ​បណ្ដោយ​ជីវិត​តាម​ព្រេង​វាសនា ហើយ​ប្តី​លោកស្រី​ក៏​ស្លាប់​នៅ​អំឡុង​ចុង​ឆ្នាំ​២០២២។

លោកស្រី គង់៖ «កាល​គាត់​មិន​ទាន់​ខូច(ស្លាប់)ហ្នឹង​លក់​ដី ដល់​ពេល​លក់​ដី​ហ្នឹង​ទៅ អត់​មាន​លុយ​អត់​មាន​អី​មើល។ បាន​អី​មើល​បើ​ដេកពេទ្យ ៣​ថ្ងៃ​អស់​១​ពាន់​ដុល្លារ ទៅ​ហើយ​មក​ស្រុក​វិញ ទៅ​អស់​មាន​លុយ​ត ចង​ការ​គេ​មាន​លុយ​អី​!ជំពាក់​គេ​ដល់​សព្វថ្ងៃ»។

លោកស្រី គង់ ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​កូន​របស់​លោកស្រី ក៏​កំពុង​មាន​ជំងឺ ហើយ​ត្រូវ​ព្យាបាល​តាម​បែប​បុរាណ​ដោយ​ប្រើ​ថ្នាំ​ឫស​ឈើ​ដោយសារ​មិន​មាន​លុយ​ទៅ​ពេទ្យ។

ប្រជា​សហគមន៍​ម្នាក់ទៀត​លោកស្រី សៀក ឡុង ឱ្យ​ដឹង​ថា គាត់​លក់​ដី​ដើម្បី​យក​លុយ​ទៅ​សងបំណុល ក៏ប៉ុន្តែ​នៅ​ពេល​ដែល​មិន​ទទួល​បាន​លុយ​ធ្វើ​ឱ្យ​បំណុល​របស់​លោកស្រី ចេះតែ​កើន​ឡើង។

លោកស្រី សៀក ឡុង៖ «ឥឡូវ​នៅ​ជំពាក់​រដ្ឋ​ទៀត ដល់​ពេល​ត្រូវការ​អត់​មាន​លុយ​សង ដល់​អត់​មាន​លុយ​សង​ទៅ​ចងការ​គេ ហើយ​ការ​កាន់តែ​ច្រើន​ទៀត។ អ៊ីចឹង​ខ្ញុំ​ត្រូវ​ការ​លក់​ដើម្បី​បាន​លុយ​សង​គេ និង​ឱ្យ​កូន​រៀន​ផង​អី​ផង។ ឥឡូវ​ខ្ញុំ​ជំពាក់​រដ្ឋ​អត់​មាន​លុយ​បង់​រដ្ឋ»។

ប្រធាន​សហគមន៍​លោក សន សុង ថ្លែង​ថា អាជ្ញាធរ​ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព អាច​ដោយសារ​ទទួល​ផល​ប្រយោជន៍ ឬ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ។

លោក សន សុង៖ «​ពិបាក​ត្រង់​អាជ្ញាធរ​គាត់​អត់​ធ្វើ​ការ​ឱ្យ​ប្រជាពលរដ្ឋ​ដូច​គាត់​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ»។

ឈ្មួញ​ដែល​ប្រមូល​ទិញ​ដី​ប្រជា​សហគមន៍​ព្រែក​អណ្តូង​លោក ហៀក ហ៊ន ថ្លែង​ថា រូបលោក​មិន​បាន​គេច​វេច ចេញ​ពី​ការទទួលខុសត្រូវ​មិន​ព្រម​បង់លុយ​បង្គ្រប់​ឱ្យ​ពលរដ្ឋ​ទេ​។ ប៉ុន្តែ​លោក​ថា ពេលនេះ​លោក​បង្វិល​លុយ​មិន​ទាន់។

លោក ហៀក ហ៊ន៖ «ខ្ញុំ​អត់​ទាន់​បាន​ជួប​គាត់​ទេ​បង ខ្ញុំ​កំពុងតែ​ស្វែងរក​ដើម្បី​ដោះស្រាយ​ឱ្យ​ពួកគាត់​។ គេចវេស​ទៅណា​ខ្ញុំ?អត់​ទេ​បង​ត្រូវតែ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ហើយ។ ក្នុង​មុន​ចូលឆ្នាំ​ហ្នឹង​ខ្ញុំ​ដោះស្រាយ​គាត់​បណ្តើរៗ​ហើយ​បង»។

ដី​ទំហំ​ជិត​១៤០​ហិកតារ ដែល​លោក ហៀក ហ៊ន បាន​ទិញ​ពី​កសិករ នេះ​គឺជា​ប្រភេទ​ដី​ធ្វើស្រែ​។ ដី​នោះ​កសិករ​នៅ​អាច​បន្ត​ធ្វើ​កសិកម្ម​បាន ប៉ុន្តែ​មិន​អាច​លក់ដូរ ឬ​ដាក់​ជា​ទ្រព្យ​ធានា​សម្រាប់​ខ្ចី​ធនាគារ​បានទេ ព្រោះ​ឯកសារ​ត្រូវ​បាន​រៀបចំ​រួច​ប្រគល់​ឱ្យឈ្មោះ ហៀក ហ៊ន ជា​អ្នកគ្រប់គ្រង។

អភិបាលរង​ស្រុក​កោះធំ លោក ច្រឹក ស្រ៊ង មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​ប្រឹងប្រែង​រក​មធ្យោបាយ​ដោះស្រាយ ។ ប៉ុន្តែ​លោក​ថា ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ជួប​ការ​លំបាក ឈ្មួញ​ទិញ​ដី​មិន​អាច​រក​លុយ​បន្ថែម ទើប​ខាង​សាលាស្រុក​មិន​អាច​កំណត់ពេល​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន។

ចំពោះ​ការ​ចោទ​ថា អាជ្ញាធរ​ស្រុក​ទទួល​បាន​ផលប្រយោជន៍​ពី​ឈ្មួញ​នោះ លោក ច្រឹក ស្រ៊ង ជា​អ្នក​ដោះស្រាយ​បញ្ហា​នេះ​បញ្ជាក់​ថា លោក​មិន​ដែល​ទទួល​ផល​ប្រយោជន៍​អ្វី​ទេ។

លោក ច្រឹក ស្រ៊ង៖ «អាជ្ញាធរ​ទាំង​ស្រុក​ទាំង​ឃុំ​កំពុង​ព្យាយាម​ដោះស្រាយ រក​ដំណោះស្រាយ​ជូន​ពួកគាត់​ហើយ មិនមែន​មានន័យថា យើង​ទទួល​សំណង​ពី​ខាង​ណា​ទេ និយាយ​ដោយ​ត្រង់ ខ្ញុំ​វិញ​គឺ​អត់​និយាយ​ត្រង់​គឺ​អត់​ម៉ង។ ខ្ញុំ​បើសិនជា​ខ្ញុំ​ចេះ​យក​លុយ​អ៊ីចឹង ខ្ញុំ​អត់​ជិះ​ម៉ូតូ​កញ្ចាស់​ទេ ខ្ញុំ​ប្រាប់​បង​ឯង។ ខ្ញុំ​ជិត​២០​ឆ្នាំ​ហើយ​រឿង​ថា ពុករលួយ​អ៊ីចឹង​សុំទោស​អត់​ទេ»។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក គុច សុខុម ជា​អ្នក​បាន​សម្របសម្រួល​បញ្ហា​នៅ​សហគមន៍​ព្រែក​អណ្តូង​នេះ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​តួនាទី​សម្រេច​លើ​ករណី​នេះ បើ​ឈ្មួញ​មិន​មាន​លុយ​គ្រប់​ឱ្យ​ពលរដ្ឋ គឺ​ឈ្មួញ ត្រូវ​ប្រគល់​ឯកសារ​ឱ្យ​ម្ចាស់​ដី​វិញ។

លោក គុច សុខុម៖ «បើ​ករណី​លុយ​កក់​រហូត​ដល់​ឥឡូវ​២​ឆ្នាំ តាំងពី​២០១៩ ២០២០ ចឹ​ង​ទៅ ២​ទៅ​៣​ឆ្នាំ​បាត់​ទៅ​ហើយ បើ​ឈ្មួញ​អត់​មានលទ្ធភាព​ទេ គួរតែ​អាជ្ញាធរ​ដោះស្រាយ​ថា តំណាង​ក្រុមហ៊ុន​ហ្នឹង ប្រគល់​ឯកសារ​ឱ្យ​ប្រជាពលរដ្ឋ​វិញ បើសិនជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្តល់​ប្រាក់​គ្រប់​កិច្ច​សន្យា ដែល​គាត់​បាន​ព្រមព្រៀងគ្នា​ជាមួយ​ប្រជាពលរដ្ឋ»។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក ច្រឹក ស្រ៊ង បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​អាច​សម្រេច​បាន​យ៉ាងណា​នៅ​ឡើយ ព្រោះ​តម្លៃ​ដី​ទាំងនោះ​ជិត ២​លាន​ដុល្លារ​ជា​ចំនួន​ច្រើន និង​ពិបាក​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។