ស្នងការខេត្តមណ្ឌលគិរីបានអនុញ្ញាតឱ្យជនជាតិដើមភាគតិច ៥នាក់ ត្រឡប់មកផ្ទះវិញហើយ នៅរសៀលថ្ងៃទី៣ ខែឧសភា ក្រោយពីសាកសួរពេញមួយព្រឹក ទាក់ទិនជម្លោះដីធ្លីនៅតំបន់ភ្នំរ៉ាដាង ជាមួយបុគ្គលមានលុយមានអំណាច។ ក្នុងពេលកោះហៅនោះ មានជនជាតិដើមភាគតិចជាង ១០ នាក់បានលើកគ្នាឃ្លាំមើលដល់ស្នងការខេត្ត ហើយចាត់ទុកការកោះហៅនេះជាការកាច់បំបាក់ស្មារតីពលរដ្ឋដែលលះបង់កម្លាំងកាយចិត្តការពារសម្បត្តិរដ្ឋ។
ជនជាតិដើមភាគតិចព្នង ៥ នាក់ រស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យឱ្យដឹងថា អ្នកមានអំណាចម្នាក់ឈ្មោះ សេង យ៉ាន គឺជាដើមបណ្តឹង ចោទក្រុមពលរដ្ឋថា បានសាងសង់សំណង់លើដីរបស់ខ្លួន នៅខ្នងភ្នំរ៉ាដាង។ ពួកគេថា នគរបាលនៃស្នងការដ្ឋានខេត្តនេះ បានហៅពលរដ្ឋសួរនាំម្តងម្នាក់ៗ ដើម្បីគំរាមកំហែង បំភិតបំភ័យ មិនឱ្យងើបតវ៉ា ទាមទារភ្នំរ៉ាដាង ដែលបុគ្គលមានអំណាចប្រើល្បិចលួចធ្វើប្លង់រឹងរំលោភយកភ្នំនេះទាំងមូល។
តំណាងជនជាតិដើមភាគតិចព្នង ដែលសមត្ថកិច្ចកោះហៅលោកស្រី រឿង ហែង ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានសួរនាំពួកលោកស្រី ពីមូលហេតុ ដែលសាងសង់ផ្ទះ លើដីជាកម្មសិទ្ធិឯកជនរបស់ភាគីម្ខាងទៀត ដែលមានប្លង់រឹង។ ក៏ប៉ុន្តែពលរដ្ឋបកស្រាយថា ខ្នងភ្នំរ៉ាង ជាតំបន់ជំនឿ អារក្សអ្នកតា និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ពុំមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ៖ «យើងនឹងតស៊ូ តស៊ូដល់ថ្ងៃបញ្ចប់ ករណីដែលគាត់នៅតែប្តឹងពួកខ្ញុំ គឺពួកខ្ញុំនឹងប្តឹងពួកគាត់ រហូតដល់ថ្ងៃបញ្ចប់។ ពួកយើងមិនចង់ឱ្យបាត់បង់ទំនៀមទម្លាប់ប្រពៃណី ជនជាតិដើមយើងទេ។ យើងសូមឱ្យពួកគាត់ហ្នឹង មន្ត្រីទាំងឡាយ សូមឱ្យពួកគាត់ពិនិត្យកាលជាក់ស្តែង »។
ស្ត្រីដដែលបន្ថែមថា ភ្នំរ៉ាដាង ត្រូវឈ្មួញឈូសឆាយដើមឈើដុះព័ទ្ធជុំវិញភ្នំនេះ ជាច្រើនហិកតារ អមដោយព្រៃត្រណម និងព្រៃកប់សព ប៉ះពាល់ប្រភពទឹកអូរធម្មជាតិនិងបាត់បង់ទីកន្លែងគោរពបូជាអារក្សអ្នកតាបន្សល់ចុងក្រោយ។ អ្នកភូមិបានស្រែកតវ៉ា និងដាក់ញត្តិជាច្រើនស្ថាប័នដើម្បីទាមទាររកដំណោះស្រាយ តែគ្មានលទ្ធផល៖ «កន្លែងដែលកំពុងតវ៉ា មិនអាចធ្វើប្លង់បាន ហេតុអីនេះព្រៃភ្នំ កន្លែងអារក្សអ្នកតា របស់ជនជាតិខ្ញុំ ហេតុអីនៅមានអ្នកធ្វើប្លង់បាន ? ពួកខ្ញុំកំពុងតវ៉ា កក្រើកមេឃដី ហេតុអ្វី ពួកគាត់ធ្វើក្រដាសផ្ទេរសិទ្ធិឱ្យគ្នាទៅវិញ ទៅមកបាន ? ពួកខ្ញុំកំពុងដាក់ទប់ស្កាត់ ដល់មន្ទីរដែនដី ស្រាប់តែចេញប្លង់រឹតបាន។ ខ្ញុំអត់យល់ហ្មង »។
ស្នងការខេត្តមណ្ឌលគិរី លោក ឡោ សុខា បដិសេធផ្តល់បទសម្ភាសឱ្យអាស៊ីសេរី ព្រោះលោកថា កំពុងជាប់រវល់។
ចំណែកស្នងការរងលោក សូ សុវណ្ណ វិញ លោកបានប្រាប់កាសែតភ្នំពញប៉ុស្តិ៍ថា ការកោះហៅពលរដ្ឋ ៥ នាក់នោះ ផ្អែកតាមបណ្តឹងរបស់ភាគីម្ខាងទៀត ដែលជាម្ចាស់ដី។ លោកថា ដើមបណ្តឹងបានប្តឹងពលរដ្ឋ ពីបទកាន់កាប់លើដីមានម្ចាស់កម្មសិទ្ធិ ហើយថែមទាំងបានសាងសង់សំណង់លើដីនោះ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿននេះពីដើមបណ្តឹងលោក សេង យ៉ាន បាននៅឡើយទេ នៅថ្ងៃទី៣ ខែឧសភា។
តែទោះយ៉ាងណា ទីប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីលោក ក្រើង តុលា ចាត់ទុកករណីនេះ ជារឿងអយុត្តិធម៌។ លោកថា ដើមចមនាំឱ្យកើតមានជម្លោះដីធ្លីនេះ បណ្តាលមកពីអំពើពុកលួយ ដែលអាជ្ញាធរខិលខូច ឃុបឃិតគ្នាធ្វើប្លង់មិនប្រក្រតី រំលោភសម្បត្តិរដ្ឋ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន បានផ្តើមគំនិត ប្រព្រឹត្តអំពើពុករលួយក្នុងរឿងនេះ៖«សម្តេចរាលថ្ងៃ ដូចគាត់ថា គាត់ផោមក៏គាត់ឮដែរ ដល់ពេលបញ្ហាអ៊ីចឹងៗ ធ្វើមិនដឹងមិនឮ។ អ៊ីចឹងចំណុចហ្នឹងហើយខ្ញុំគិតថា សម្តេចគាត់ អត់មានគោលការណ៍ច្បាស់ក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹង។ ខ្ញុំគ្រាន់តែសំណូមពរ រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ក្រោមជាតិ អភិបាលខេត្តគួរតែពង្រឹងលើ រដ្ឋបាលរបស់ខ្លួន កុំឱ្យបំភិតបំភ័យពលរដ្ឋ ដែលការពារសម្បត្តិរដ្ឋ ហើយគួរតែលើកទឹកចិត្ត »។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ដីតំបន់ភ្នំមិនអាចទិញលក់ដូរបានទេ ព្រោះជាសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកថា ការទិញដូរដីភ្នំ និងធ្វើប្លង់រឹងមិនប្រក្រតី ជាទង្វើល្មើសច្បាប់ ដែលទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យច្បាស់លាស់ករណីនេះ ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ៖ «នរណាថាហ្នឹង ភ្នំរបស់ខ្លួន មានលិខិត មានប្លង់រឹង តែប្លង់ហ្នឹងវាមិនស្របច្បាប់ ប្លង់ឃុបឃិតទុច្ចរឹត។ បើយើងនិយាយទៅ សម្តេចតេជោ លោកបានលើកឡើងអ៊ីចឹង។ អ៊ីចឹងយើងឱ្យនិយមន័យថា គឺជាប្លង់មួយ ដែលកើតចេញពីការលក់ទិញ អ៊ីចឹងវា ខុសច្បាប់បាត់ទៅហើយ ភ្នំជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ » ។
ខ្នងភ្នំរ៉ាដាង មានទំហំជាង ៦ហិកតារ ជាបណ្ដុំប្រពៃណីវប្បធម៌ ដែលក្រុមពលរដ្ឋគោរពបូជាតាំងពីបុរាណកាលមក។ កន្លងទៅជនជាតិដើមភាគតិចព្នងរាប់សិបនាក់ បានលើកគ្នាតវ៉ានៅលើភ្នំនេះ ដោយទទូចអង្វរឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាអនុវត្តច្បាប់លើជនខិលខូចដែលលក់ និងឈូសឆាយដីភ្នំរ៉ាដាង ជាប្រភពទឹកអូរដែលសហគមន៍ប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែការតវ៉ាទាំងអម្បាលម៉ានមិនមានប្រសិទិ្ធភាពឡើយ។
អ្នកភូមិថា នៅតំបន់ភ្នំរ៉ាដាង មានទឹកអូរច្បារ ជាប្រភពទឹកសំខាន់ហូរឆ្ពោះទៅស្រុកកោះញែកមិនចេះរីងស្ងួត ហើយពលរដ្ឋរាប់ពាន់គ្រួសារនឹងបាត់បង់ទីកន្លែងអាស្រ័យផល ប្រសិនបើរដ្ឋមិនជួយសង្គ្រោះភ្នំនេះទេ។ ក្រុមពលរដ្ឋ អំពាវនាវឱ្យអាជ្ញាធរ រក្សាតំបន់នោះជាកន្លែងអភិរក្សសម្រាប់អត្តសញ្ញាណជនជាតិដើមភាគតិចព្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។