ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​កាត់​ផ្ទៃបឹង​វាល​សំណាប​ជាង ១ពាន់​ហិកតារ ឱ្យ​ក្រុមហ៊ុន​ឯកជន

0:00 / 0:00

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល មិន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ជាង ១ពាន់​ហិកតារ ក្នុង​ខេត្ត​កណ្ដាល ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​អំណាច​នោះ​ទេ។ ពួក​គាត់​បារម្ភ​ថា ការ​កាត់​ឆ្វៀល​បឹង ក្រោម​រូបភាព​អភិវឌ្ឍន៍​បែប​នេះ នឹង​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ​ ដូចជា​ទឹក​ជំនន់​ ការ​បំពុល​បរិស្ថាន និង​ការ​ថយ​ទិន្នផល​ត្រី​ជា​ដើម។

ពលរដ្ឋ​រស់​នៅ​ឃុំ​ល្វាឯម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​កាត់​ឆ្វៀល​ដី​បឹង​វាល​សំណាប ទំហំ​ជាង ១ពាន់ ២រយ​ហិកតារ (១.២២៨,៤៨) វិនិយោគ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។ ពលរដ្ឋ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​បែប​នេះ​មាន​ផល​វិបាក​ជាច្រើន ដូច​ជា បាត់បង់​ប្រភព​ទឹក​សំខាន់ ដែល​អ្នក​ស្រុក​ទាញ​មក​ស្រោចស្រព​ដំណាំ និង ប៉ះពាល់​ទី​កន្លែង​នេសាទ​ត្រី​របស់​ពលរដ្ឋ​ជា​ដើម។

លោក សិះ សេង គឺ​ជា​ពលរដ្ឋ​នៅ​ឃុំ​ល្វាឯម ដែល​ធ្លាប់​អាស្រ័យ​ផល​នឹង​បឹង​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ទេ ចំពោះ​ការ​កាត់​ឆ្វៀល និង​លុប​បឹង​ធម្មជាតិ​នេះ ដើម្បី​វិនិយោគ​នោះ​ទេ ព្រោះ​តំបន់​នោះ ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​អាស្រ័យ​ផល ដូចជា ដាំ​ឈូក នេសាទ​ត្រី និង​ធ្វើ​កសិកម្ម​ជា​ដើម។ លោក​ថា នៅ​រយៈ​ពេល ជាង ១ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​អ្នក​មាន​អំណាច បាន​សាងសង់​ទំនប់​ធំៗ ហ៊ុមព័ទ្ធ​បឹង​នេះ​មួយ​ផ្នែក​ធំ ដើម្បី​ត្រៀម​យក​ខ្សាច់​ចាក់​លុប និង​មាន​ផ្នែក​ខ្លះ​ទៀត មាន​ការ​ទិញ​លក់​ដូរ​ដី​បឹង ពី​ពលរដ្ឋ​មូលដ្ឋាន​ក្នុង​តម្លៃ​ថោកៗ។ លោក​បន្ថែម​ថា អ្នក​ភូមិ​ភាគ​ច្រើន មិន​ទទួល​បាន​ព័ត៌មាន​លម្អិត ពី​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​ទេ។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រក្សា​បឹង​នេះ ឱ្យ​គង់វង្ស ដើម្បី​បម្រើ​​វិស័យ​ទេសចរណ៍ ​ព្រម​ទាំង​ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ និង​បរិស្ថាន៖ «ព្រួយ​បារម្ភ​ថា​ អត់​មាន​បឹង​រក​ ព្រោះ​អី​ប្រជាជន​នៅ​ហ្នឹង ​រស់​នៅ​ដោយ​សារ​រក​ត្រី ដាក់​មង សន្ទូច បង្កៃ អ្នក​ធ្វើ​ស្រែប្រាំង​នៅ​លើ​ខាង​លើ​ទាញ​ទឹក​ពី​បឹង​ហ្នឹង​មក​ដែរ។ គេ​ដាំ​ឈូក ដល់​ពេល​ឥលូវ​ព្រួយ​បារម្ភ​ដែរ ព្រោះ​អី​ទឹក​អត់​ចូល ​ពិបាក​គេ​ដាំ​ឈូក​ណាស់ ​ព្រោះ​គេ​បិទ​ទ្វារ​ទឹក។ អ្នក​ទិញ​បាត​បឹង សុទ្ធតែ​អ្នក​គ្រាន់​បើ។ ឥលូវ​ដី​តំបន់​ហ្នឹង ​គេ​លក់​ឱ្យ​អ្នក​មានៗ។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា អ្នក​ភូមិ​រស់​នៅ​ជុំវិញ​បឹង​នេះ​ចំនួន​ពីរ​ស្រុក អាច​រក​ចំណូល​បាន​ពី​ការ​ដាំ​ឈូក ជា​ច្រើន​ពាន់​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ក្រុមហ៊ុន​ចាក់​លុប​បឹង​នេះ ពួក​គាត់​នឹង​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល ចិញ្ចឹម​ជីវិត​នៅ​ថ្ងៃ​ខាង​មុខ។

បឹង​វាល​សំណាប​មាន​ទំហំ​សរុប​ជិត ៥ពាន់​ហិកតារ (៤.៨១៥) ឋិត​ក្នុង​ស្រុក​ល្វាឯម និង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ កាល​ពី​ខែ​មេសា ឆ្នាំ២០២០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ កាត់​ផ្ទៃ​បឹង​នេះ ទំហំ​ជាង ១ពាន់ ២រយ​ហិតារ (១.២២៨,៤៨) ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ និង​ចុះ​បញ្ជី​ជូន​រដ្ឋបាល​ខេត្ត​កណ្ដាល។

ការ​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើសុំ​ជួល​ដី​នេះ​ពីសំណាក់​ក្រុម​ហ៊ុន​របស់ ​ឧកញ៉ា ឃុន សៀ សេដ្ឋី​អចលនទ្រព្យ​ដែល​កំពុង​ចាក់​ដី​លុប​ទន្លេ​មេគង្គ​ដ៏​សម្បើម​នៅ​តំបន់​អរិយក្សត្រ។ ក្រុម​ហ៊ុន​ឧកញ៉ា ឃុន សៀ បាន​ជួល​ដី​ពី​រដ្ឋ​ជាង ២ពាន់​ហិកតារ​រួច​ទៅ​ហើយ នៅ​ក្នុង​ប្រព័ន្ធ​បឹង​វាល​សំណាប និង​បឹង​ព្រា​ដែល​នៅ​ក្បែរ​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ឧកញ៉ា ឃុន សៀ អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ និង អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ស្ថាប័ន​ជំនាញ មាន​គោលការណ៍​ច្បាស់លាស់​ថា​ បឹង​ប៉ុន្មាន​ដែល​ត្រូវ​លុប​ និង​មាន​បឹង​ប៉ុន្មាន​ត្រូវ​រក្សាទុក​សម្រាប់​អភិរក្ស ដែល​មាន​ក្រសួង​ធនធាន​ទឹក​ និង​ក្រសួងបរិស្ថាន​ ជា​អ្នក​ធ្វើ​កិច្ចការ​ងារ​នេះ។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់ ចំពោះ​ការ​កាត​ឆ្វៀល និង​លុប​បឹង​ធម្មជាតិ​នេះ ព្រោះ​ទង្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​បាត់​ចំណូល​ពលរដ្ឋ ដែល​មាន​ជីវភាព​ពឹង​ផ្អែក​លើ​បឹង​ធម្មជាតិ​នេះ។ លើស​ពី​នេះ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ នឹង​ប្រឈម​ការ​ បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​ថ្ងៃ​ខាង​មុខ​ ដោយសារ​គម្រោង​វិនិយោគ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ា ចិត្រា ទទូច​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​មក​ពិចារណា ព្រោះ​បទ​ពិសោធ​កន្លង​ទៅ រដ្ឋាភិបាល​លុប​បឹង​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ ធ្វើ​ឱ្យ​ទឹក​លិច​ទីក្រុង​នៅ​រដូវ​វស្សា៖ «រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​មែន​ទែន​ ព្រោះ​អី​កាល​អភិវឌ្ឍន៍​នរណា​ក៏​ចង់​បាន​ដែរ ​បើ​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​យំយែក វា​ទៅ​ជា​រឿង​មួយ​ធ្វើបាប​អ្នក​នៅ​មូលដ្ឋាន​វិញ។ តើ​ការ​អភិវឌ្ឍ​ដើម្បី​អ្វី ​ដើម្បី​នរណា​គេ ?

អង្គការ​សមាគម​ធាងត្នោត​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩០ មក ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦បឹង​នៅ​រាជធានី​ភ្នំពេញ មាន​បឹង​ចំនួន១៦ ត្រូវ​បាន​លុប​ទាំងស្រុង និង​មាន​បឹង​ធម្មជាតិ​ចំនួន​ ១០ទៀត ត្រូវ​បាន​លុប​ខ្លះៗ រួច​ហើយ។ ការ​លុប​បឹង​ទាំង​នេះ នាំ​មក​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។ ពលរដ្ឋ​ជាច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ទឹក​លិច​ផ្ទះ​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​បណ្ដាល​ឱ្យ​ប៉ះពាល់​កន្លែង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។