លោក ហ៊ុន សែន បន្តកាត់ផ្ទៃដីបឹងតាមោកដែលនៅសល់ជាង២០ភាគរយ ទៅឱ្យឯកជន
2023.08.19

រដ្ឋាភិបាលលោក ហ៊ុន សែន បន្តកាត់ដីបឹងតាមោកជាង ៧ហិកតារទៀត ទៅឱ្យវិស័យឯកជន ទោះជាផ្ទៃបឹងធម្មជាតិដ៏ធំបំផុតរបស់ទីក្រុងភ្នំពេញមួយនេះ ត្រូវបានកាត់អស់ជាង ៧០ភាគរយទៅហើយ ប្រគល់ទៅឱ្យស្ថាប័នរដ្ឋ និងឯកជនដើម្បីសាងសង់ជាអគារក្ដី។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលហាក់មិនខ្វល់នឹងសំណូមពររបស់ពលរដ្ឋ ដែលចង់ឱ្យរក្សាទុកបឹងស្ដុកទឹកភ្លៀងនេះឡើយ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការកាត់ផ្ទៃដីបឹងតាមោកយកទៅចែកគ្នា ហាក់កំពុងមានសន្ទុះកាន់តែខ្លាំង ស្របពេលអ្នកដែលទទួលបានដីបឹងមួយនេះ ដើម្បីសាងសង់ជាអគារផ្សេងៗ រួមទាំងផ្ទះល្វែង ភាគច្រើនជាក្រុមឧកញ៉ា អ្នកមានអំណាច ដែលត្រូវជាសាច់ញាតិ ឬជាទីប្រឹក្សានិងជំនួយការលោក ហ៊ុន សែន រួមទាំងក្រុមសាច់ញាតិនិងកូនចៅរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)លោក វណ្ណ សុផាត ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ សីហា ថា រដ្ឋាភិបាលមិនបានខ្វល់ពីសំណូមពររបស់ក្រុមពលរដ្ឋទូទៅ រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលចង់ឱ្យរក្សាផ្ទៃបឹងដែលនៅសេសសល់នេះ សម្រាប់ធ្វើជាអាងស្ដុកទឹកធម្មជាតិ ដើម្បីជួយរំដោះជំនាន់ទឹកភ្លៀង ដែលតែងធ្វើឱ្យលិចលង់ទីក្រុងភ្នំពេញ និងកំពុងបង្កការលំបាកដល់ការរស់នៅរបស់ពលរដ្ឋឡើយ។
លោក វណ្ណ សុផាត៖ «យើងមើលតាមសន្ទុះហ្នឹងទៅ ឃើញថា ប្រហែលអត់មានកម្លាំងអ្វី ឬស្ថានភាពអ្វីទប់ស្កាត់នៃការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលបានទេ។ អាហ្នឹង ឃើញថា លឿនទៅមុខ ទោះបីជាយើងជាមតិជាតិ និងអន្តរជាតិ ឬមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះហ្នឹង គឺថាស្រែកស្នើសុំយ៉ាងទទូចក៏ដោយ នៅតែមានការពន្លឿនការផ្ដល់ដីហ្នឹង ហាក់បីដូចជា មានការចម្លែកក្នុងការផ្ដល់ហ្នឹង មានសន្ទុះលឿន មិនធ្លាប់មានពីមុខមក»។
ការលើកឡើងពីមន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងក្រោយពេលផ្ទៃដីបឹងតាមោកជាង ៧ហិកតារទៀត ត្រូវបានរដ្ឋាភិបាលកាត់ចេញប្រគល់ទៅឱ្យបុគ្គលជាស្ត្រីចំនួន៣នាក់ គឺលោកស្រី សុក ស្រីពៅ លោកស្រី អេង ស៊ីឆេង និងលោកស្រី វ៉ាន់ ធីតា ដើម្បីកាន់កាប់ជាកម្មសិទ្ធិឯកជន។ នេះបើតាមអនុក្រឹត្យចុះកាលពីថ្ងៃទី២៦ ខែមករា ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន និងទើបចេញផ្សាយកាលពីថ្ងៃទី១៧ សីហា។
ស្ត្រីទាំង៣នាក់ដែលទទួលបានដីបឹងតាមោកជាង ៧ហិកតារនេះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី ក៏មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី១៨ សីហា។ សមាគមធាងត្នោតលើកឡើងតាមទំព័រហ្វេសប៊ុកថា នេះជាការកាត់លើកទី៧១ ដែលសរុបជាផ្ទៃដីមានជាង ២ពាន់ ៣រយហិកតារ (២,៣៧៦) ឬស្មើជាង ៧៣ភាគរយនៃផ្ទៃដីបឹងតាមោកសរុប ដែលមានជាង ៣ពាន់ ២រយហិកតារ (៣,២៣៩)។
នៅពេលមានការកាត់ផ្ទៃដីបឹងតាមោកឱ្យវិស័យឯកជនអ្នកមានអំណាចនោះ ប៉ុន្តែក្រុមពលរដ្ឋដែលនៅរស់នៅជុំវិញតាមោករាប់រយគ្រួសារតាំង២០ និង ៣០ឆ្នាំមុន ត្រូវបានអាជ្ញាធរបង្ខំឱ្យដោះដូរទៅទីតាំងផ្សេង ដែលស្ថិតនៅឆ្ងាយពីមុខរបររកស៊ីចិញ្ចឹមជីវិត។
ពលរដ្ឋរស់នៅបឹងតាមោក ដែលកំពុងរងការគំរាមកំហែងពីអាជ្ញាធរឱ្យផ្លាស់ប្ដូរទៅទីតាំងផ្សេង លោកស្រី ស៊ា ដាវី លើកឡើងថា លោកស្រីបានត្រឹមឈឺចាប់ នៅពេលឃើញរដ្ឋាភិបាលបន្តកាត់ដីបឹងតាមោកប្រគល់ទៅឱ្យក្រុមអ្នកមានអំណាច និងក្រុមឧកញ៉ា ថ្វីត្បិតអ្នកទាំងនោះ ពុំដែលបានរស់នៅក្នុងតំបន់ដីបឹងតាមោកបានមួយថ្ងៃក្ដី។
លោកស្រី ស៊ា ដាវី៖ «មានការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខណ្ឌ អាជ្ញាធរក្រុង ដែលមិនព្រមដោះស្រាយចេញប័ណ្ណកម្មសិទ្ធិ ឱ្យពួកបងរស់នៅស្របច្បាប់ ពីព្រោះអី ពួកបងមករស់នៅនេះ អ្នកខ្លះតាំងពីឆ្នាំ១៩៩៥ តរៀងមក ហើយសម្រាប់ផ្ទះមករស់នៅទីនេះ តាំងពីឆ្នាំ២០០០ ហើយញត្តិរបស់ពួកបង ដាក់ទៅគ្រប់ស្ថាប័នទាំងអស់ គឺវាមកនៅទើរសាលារាជធានីទាំងអស់ ហើយសាលារាជធានី ក៏បញ្ជូនមកសាលាខណ្ឌព្រែកព្នៅជាអ្នកដោះស្រាយ ហើយសាលាខណ្ឌព្រែកព្នៅ អត់មានអ្វីក្រៅពីឱ្យពួកបងដោះដូរទៅទីតាំងថ្មី»។
លោកស្រីបន្តថា ក្រុមអាជ្ញាធរ មិនត្រឹមតែមិនដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋទេ ថែមទាំងចោទប្រកាន់ក្រុមពលរដ្ឋដែលចេញតវ៉ាកន្លងមក ថា ជាក្រុមធ្វើបដិវត្តពណ៌ផ្ដួលរលំរដ្ឋាភិបាលទៅវិញ។
ក្រុមអង្គការសង្គមស៊ីវិលតែងលើកឡើងថា តាមគោលការណ៍ច្បាប់ ការដកហូតទ្រព្យជាកម្មសិទ្ធិ ត្រូវមានការវាយតម្លៃដើម្បីផ្ដល់សំណងឱ្យបានសមរម្យ ដែលអាចឱ្យពលរដ្ឋរស់នៅជុំវិញបឹងតាមោកទទួលយកបាន ប៉ុន្តែកន្លងមក ការដោះស្រាយផលប៉ះពាល់ដីធ្លីស្ទើរនៅគ្រប់ទីកន្លែង ត្រូវបានគេមើលឃើញថា មិនបានធ្វើឡើងស្របតាមច្បាប់ឡើយ ដោយសារអាជ្ញាធរ និងរដ្ឋាភិបាល ហាក់មាននិន្នាការលម្អៀងទៅខាងក្រុមអ្នកមានអំណាច ឬខាងក្រុមហ៊ុនច្រើនជាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។