អ្នកភូមិឡពាងប្រមាណ ៣០នាក់ នៅថ្ងៃទី២៦ មេសា នាំគ្នាធ្វើដំណើរតាមគោយន្ត ទៅសាលាស្រុកកំពង់ត្រឡាច ដើម្បីសុំអភិបាលស្រុក ផ្ដល់ឯកសារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពីឆ្នាំ២០១៤ និងដោះស្រាយបញ្ហាមួយចំនួន ដែលពួកគាត់កំពុងប្រឈម។ អាជ្ញាធរស្រុកសន្យាថា នឹងចុះទៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមការស្នើសុំ ចំណែកឯកសារដែលពលរដ្ឋត្រូវការវិញ គឺអាចទៅស្នើសុំពីថ្នាក់ខេត្ត។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សុភី ថ្លែងថា ពួកគាត់ភាគច្រើនជាស្ត្រីវ័យចាស់ ទៅរកកិច្ចអន្តរាគមន៍ពីសាលាស្រុកកំពង់ត្រឡាចនេះ គឺស្នើសុំបីចំណុចសំខាន់ៗ ពីអាជ្ញាធរឲ្យជួយដោះស្រាយ។ ក្នុងសំណើនោះ មានការសុំចេញលិខិតបញ្ជាក់ពីភាពក្រីក្រ សុំផ្ដល់ឯកសារនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពី ៥ឆ្នាំមុន ដើម្បីយកទៅដាក់ជូនតុលាការក្រុងភ្នំពេញ ហើយនឹងសុំតបណ្ដាញអគ្គិសនីប្រើប្រាស់។
លោកស្រី អ៊ុំ សុភី ឲ្យដឹងថា អភិបាលរងស្រុកកំពង់ត្រឡាច លោក សន សំអាត ទទួលយកសំណើពលរដ្ឋពីការតបណ្ដាញអគ្គិសនីប៉ុណ្ណោះ ចំណែកឯកសារដែលពលរដ្ឋត្រូវវិញ គឺគាត់ឲ្យពលរដ្ឋទៅស្នើសុំពីសាលាខេត្តកំពង់ឆ្នាំងវិញ៖ «គឺសួរទៅលោកអភិបាលស្រុកថា តើលោកមានបានដឹងទេ លុយ ៧ម៉ឺនដុល្លារ ដែលថា ខាងក្រុមហ៊ុនសងដល់ ១១គ្រួសារសារ តើលោកអភិបាលស្រុកបានដឹងរឿងហ្នឹងអត់ ហើយគាត់ថា គាត់អត់ដឹងទេ។ ហើយស្អីពីឆ្នាំ២០១៤ ហ្នឹង គាត់ក៏អត់ដឹងដែរ។ គាត់ថាស្រុកមានឈ្មោះគ្រាន់តែជាអ្នករៀបចំចាត់ចែងទេ តែរបាយការណ៍អស់ហ្នឹង ឲ្យខ្ញុំទៅសួរគេខេត្តទៀត។ គ្រាន់តែពួកខ្ញុំថតរូបហ្នឹង ក៏លោកអភិបាលរងស្រុក ក៏អត់ឲ្យថតដែរ» ។
ចំណែកពលរដ្ឋម្នាក់ទៀត គឺលោកស្រី គុល វណ្ណា ស្នើសុំអាជ្ញាធរស្រុកកំពង់ត្រឡាច ជួយចេញលិខិតបញ្ជាក់ពីភាពក្រីក្រដល់រូបគាត់ ដែលតុលាការបង្គាប់ឲ្យបង់ប្រាក់ប្រដាប់ក្ដី៤០ម៉ឺនរៀល ប៉ុន្តែសំណើនេះត្រូវលោក សន សំអាត បដិសេធ៖ «ខ្ញុំទៅឲ្យគាត់ស៊ីញេឲ្យ ថាខ្ញុំជាអ្នកក្រីក្រ ខ្ញុំរកអត់បាន ព្រោះអីប្ដីខ្ញុំពាក់លី។ ខ្ញុំចិញ្ចឹមកូនពិបាកណាស់។ ខ្ញុំអត់មានលទ្ធភាពបង់ប្រាក់ពាក្យបណ្ដឹងហ្នឹងទេ។ ឲ្យគាត់ធ្វើឲ្យខ្ញុំផង ហើយគាត់អត់ហ៊ានធ្វើ» ។
អភិបាលរងស្រុកកំពង់ត្រឡាច លោក សន សំអាត ប្រាប់អាស៊ីសេរី ថា ឯកសារនៃកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៤នោះ គឺពលរដ្ឋអាចទៅរកបានពីសាលាខេត្តកំពង់ឆ្នាំង៖ «ខ្ញុំប្រាប់គាត់ក្នុងនាមប្រជាពលរដ្ឋ ថា បើបងចង់បានឯកសារគឺអត់ពិបាកទេ បង ទៅជួបគណៈកម្មការថ្នាក់ខេត្តទៅ ពីព្រោះនៅក្នុងសេចក្ដីសម្រេចគឺមានឈ្មោះពីណាៗ បងទៅទាក់ទងទៅ។ ព្រឹកមិញនេះ ខ្ញុំបានជួបជាមួយបង សុជាតា។ គាត់ជាប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៅខេត្ត គាត់ថា ឯកសារនៅគាត់ហ្នឹង គឺមាន។ ខ្ញុំបានបញ្ជាក់ច្បាស់ហើយ។ គាត់បានប្រាប់ទៀតថា បើបងប្អូនប្រជាពលរដ្ឋចង់បានមិនពិបាកទេ គាត់ឲ្យតុលាការហ្នឹង ធ្វើតាមនីតិវិធីផ្លូវច្បាប់ទៅ ស្នើសុំទៅមន្ទីរឬគណៈកម្មការដែលដោះស្រាយកាលពីសម័យឆ្នាំ២០១៤ ហ្នឹងទៅ»។
ចំពោះការស្នើសុំបញ្ជាក់ពីភាពក្រីក្រ លោក សន សំអាត ពន្យល់ថា អាជ្ញាធរស្រុកមិនបញ្ជាក់ជូនពលរដ្ឋបានទេ ព្រោះរឿងនេះមានគណៈកម្មការផែនការ និងអាជ្ញាធរថ្នាក់ឃុំ គឺជាអ្នកចុះវាយតម្លៃផ្ទាល់។ ចំណែករឿងស្នើសុំតភ្លើងអគ្គិសនីប្រើប្រាស់វិញ លោក សន សំអាត ថានឹងបញ្ជូនក្រុមការងារទៅពិនិត្យមើលជាក់ស្ដែង ហើយធ្វើរបាយការណ៍ដាក់ទៅខាងអាជ្ញាធរអគ្គិសនីកម្ពុជា៖ «ការស្នើសុំហ្នឹង គឺខ្ញុំបានទទួលហើយ។ ខ្ញុំនឹងដាក់ជូនលោកអភិបាលស្រុក គាត់នឹងជួយចាត់ចែងកំណត់គណៈកម្មការមួយចុះទៅពិនិត្យមើលលំនៅឋានរបស់ពួកគាត់ហ្នឹង ពិតជាអត់មានភ្លើងមានអី ចាំយើងឲ្យក្រុមហ៊ុនទៅពិនិត្យជាក់ស្ដែង»។
អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគម អាដហុក ខេត្តកំពង់ឆ្នាំង លោក សុំ ច័ន្ទគា ឲ្យដឹងថា ឯកសារកិច្ចព្រមព្រៀងឆ្នាំ២០១៤ ដែលពលរដ្ឋចង់បាន គឺមាននៅគណៈកម្មការចម្រុះដោះស្រាយដីធ្លីថ្នាក់ខេត្ត និងភាគីក្រុមហ៊ុន ខេឌីស៊ី។ លោក សុំ ច័ន្ទគា ថា ពលរដ្ឋគួរស្នើទៅតុលាការ ដើម្បីឲ្យភាគីណាមួយបង្ហាញឯកសារទាំងនោះ៖ «ភាគីពលរដ្ឋហ្នឹង ត្រូវធ្វើពាក្យស្នើទៅចៅក្រមកាន់រឿងហ្នឹង ឲ្យតុលាការចេញដីកាបង្គាប់ឲ្យគណៈកម្មការចម្រុះហ្នឹង ឲ្យប្រធានឬអនុប្រធាន និងក្រុមហ៊ុន បង្ហាញភស្តុតាងនៃកិច្ចព្រមព្រៀងហ្នឹង។ បើគាត់ទៅទាមទារពីមេភូមិ ពីចៅហ្វាយស្រុកគឺអត់មានទេ»។
តំណាងសហគមន៍ឡពាង ៩នាក់ បានចូលបំភ្លឺនឹងដាក់ភស្តុតាងបន្ថែមតាមការកំណត់របស់ចៅក្រមលោក លាង សំណាត់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ពាក់ព័ន្ធនឹងបណ្ដឹងមោឃភាពកិច្ចព្រមព្រៀងជាមួយអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល កាលពីឆ្នាំ២០១៤ ប៉ុន្តែតុលាការថា ភស្តុតាងដែលដាក់នោះ គឺមិនអាចទទួលបាន ដោយសារតែចុះផ្សាយតាមរយៈសារព័ត៌មានក្នុងស្រុក។ ក្នុងកិច្ចព្រមព្រៀងនោះ លោកស្រី អ៊ុំ សុភី បញ្ជាក់ថា មិនបាននិយាយអំពីការទទួលលុយពីក្រុមហ៊ុន ជាថ្នូរនឹងការដោះដូរដីស្រែចម្ការរបស់ពលរដ្ឋឡើយ។
បន្ថែមលើសនេះ អ្នកឡពាងជាង ៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ជាង១៣ឆ្នាំមកនេះ ត្រូវបង់ប្រាក់ប្រដាប់ក្ដីក្រៅពន្ធចូលតុលាការ ៤០ម៉ឺនរៀលក្នុងមួយគ្រួសារ បន្ទាប់ពីទទួលដីកាបង្គាប់ពីតុលាការក្រុងភ្នំពេញ។ ប៉ុន្តែអ្នកឡពាងថា ពួកគាត់គ្មានលទ្ធភាពបង់ប្រាក់ដ៏ច្រើនបែបនេះ ទៅតាមការកំណត់របស់តុលាការបានទេ ដោយសារតែជីវភាពខ្វះខាត។ ពួកគាត់ស្នើសុំសប្បុរសជនក្នុងប្រទេស និងនៅក្រៅប្រទេស ជួយដល់ពួកគាត់ ដើម្បីឲ្យបានតតាំងក្ដីក្នុងរឿងទាមទារដីធ្លីពីក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ដ៏មានឥទ្ធិពល និងជាប្រពន្ធរបស់រដ្ឋមន្ត្រីរ៉ែនិងថាមពល ដែលស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។