លោក ហ៊ុន សែន បញ្ជាអាជ្ញាធរឲ្យបង្រា្កបអ្នកកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប

នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បាន​បញ្ជាឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ​​ចុះ​បង្ក្រាប​មន្ត្រី​រាជការ ឬ​ពលរដ្ឋ​​ ទាំង​​ឡាយ​​ណា ដែល​​បាន​​​កាប់​ទន្ទ្រាន និង​កាន់​កាប់​ដី​ព្រៃលិច​ទឹក​យ៉ាងអនាធិបតេយ្យ​ នៅ​តំបន់​បឹង​ទន្លេសាប។ លោក ហ៊ុន សែន ក៏បានបញ្ជារឲ្យ​​ដក​​ហូត​​ដី​ទាំង​​​នោះ​ត្រឡប់​​មកវិញ ដើម្បីដាំព្រៃឈើឡើងវិញ និង​ការពារ​​ព្រៃ​​ទាំង​​នោះ​​ទុក​​ជា​​ជម្រក​ត្រី​ពង​៖ «ត្រូវដកហូតមកវិញទាំងអស់ ទាំងរបស់មន្ត្រី និងរបស់ប្រជាជន នៅក្នុងដែន​ដែលយើងបានកំណត់ ដែលត្រូវការពារនោះទេ ព្រោះនៅមិនយូរប៉ុន្មានទេ ទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្តើមបង្កបង្កើនផល ឬកាប់បន្ថែមនៅទីនោះ យើងមិនអនុញ្ញាតអោយបង្កបង្កើនផល លើដីដែលត្រូវដកហូតមកវិញនេះនោះទេ»។

លោក ហ៊ុន សែន ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​បង្ក្រាប​នេះ​ បន្ទាប់ពី​លោក​បាន​ទទួល​របាយការណ៍​ស្រាវជ្រាវ​ ពី​រាជបណ្ឌិត​សភា​កម្ពុជា ដែល​បង្ហាញ​ថា​មាន​ការកាប់នៅព្រៃលិចទឹក ដែល​ជា​តំបន់​ស្នូល និង​តំបន់​ត្រូវ​ការពារ យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​បឹង​ទន្លេសាប ជា​ពិសេស​ខេត្ត​កំពង់ឆ្នាំង។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា របាយការណ៍​នេះ​រក​ឃើញ​ថា​ អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ចាកចេញ​ពី​ដំណែង បាន​កាប់​​បំផ្លាញ​​យក​​ដី​ប្រមាណជា ជាង ២ ០០០ ហិកតារ​ឯណោះ។

ជុំវិញ​ការ​រក​ឃើញ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យឹនទៀង ស្រាវជ្រាវ​រក​មន្ត្រី​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការកាប់​ទន្រាន​ដី​ព្រៃលិច​ទឹក​នេះ ដើម្បី​បញ្ជូន​ទៅ​តុលាការ​កាត់​ទោសតាមផ្លូវច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។