ជនជាតិ​ដើម​ភាគ​តិច​កួយ​រាប់​រយ​​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ ​បារម្ភ​ខ្វះ​ស្បៀង​ ក្រោយ​ពី​ក្រុមហ៊ុន​ចិន​រំលោភ​យក​ដី​អស់

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​កួយ​រាប់​រយ​គ្រួសារ​ រស់នៅ​ស្រុក​ត្បែងមានជ័យ​ និង​ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ​ព្រួយបារម្ភ​កង្វះ​ស្បៀងអាហារ​ចិញ្ចឹម​ជីវិត​នៅ​ឆ្នាំ២០១៩ នេះ ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​បាន​ឈូស​ឆាយ​ ​និង​រំលោភ​ដី​អាស្រ័យ​ផល​របស់​ពួក​គេ​ស្ទើរតែ​ទាំងអស់​ និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​បាត់បង់​ដី​ស្រែ​ទាំងស្រុង​។ ​អ្នកភូមិ​ថា​ ​កង្វល់​ជាច្រើន​ ​បញ្ហា​ខ្វះខាត​ដី​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ ​ពួកគេ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ច្រើន​សារ​មក​ហើយ​ ​នៅតែ​គ្មាន​ប្រសិទ្ធភាព។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ជិត​ ២០០គ្រួសារ​រស់នៅ​ ​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ និង​​ឃុំ​ម្លូ​ព្រៃ ២ ​ស្រុក​ឆែប ​អំពាវនាវ​ជាថ្មី​ទៀត​ ​ឲ្យ​អាជ្ញាធរ​ជាតិ​ ​ចុះ​ដោះស្រាយ​ផលប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពួកគេ​ជាក់ស្តែង​ ក្នុង​បំណង​ឲ្យ​អ្នកភូមិ​មាន​ដី​ស្រែ​ចម្ការ​ខ្លះ​ ​ចិញ្ចឹម​ជីវិត​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ ​ខណៈ​ដែល​ដី​ស្រែ​ចម្ការ​របស់​ពួកគេ​ភាគ​ច្រើន​ ​បាន​ក្លាយជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ ​ហេង​ ហ្វូ​។​

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ ក្នុង​ចំណោម​ជាច្រើន​ទៀត​ រស់នៅ​ឃុំ​ប្រមេរ ​លោកស្រី​ ​ស្វាយ​ ​មឿង​ ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២០ ​មករា​ថា​ ​ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរ​រាប់​រយ​គ្រួសារ​ ​នឹង​ជួប​វិបត្តិ​ខ្វះ​ដី​ធ្វើ​ស្រែ​នៅ​ឆ្នាំ​នេះ​ ​ដោយសារ​ក្រុមហ៊ុន​ចិន​រំលោភ​យក​។ ​

លោកស្រី​ថា​ ​គ្រួសារ​លោកស្រី​ ​ត្រូវ​ក្រុមហ៊ុន​ចិន​រំលោភ​យក​ដី​ស្រែ​អស់​ជាង​ ១០ហិកតារ​។ ​លើស​ពី​នេះ​ ពលរដ្ឋ​ជាង​ ១០០គ្រួសារ​​ទៀត​ ​ដែល​នៅសល់​ដី​ស្រែ​ចម្ការ​តិច​តូច​ ធ្លាប់​អាស្រ័យ​ផល ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ហេង ហ្វូ ​រំលោភ​ជាបន្តបន្ទាប់​ដែរ៖ ​«ដី​ស្រែ​គេ​ដណ្ដើម​ភ្ជួរ​យក​ដាំ​អំពៅ។ ពួក​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ? តវ៉ា​មិន​ឈប់​មិន​ឈរ បើ​ប្រាប់​អាជ្ញាធរ​មិន​ដោះស្រាយ។ គេ​មិន​ដោះ​ស្រាយ​យើង​ដាក់​ញត្តិ »

ស្ត្រី​ដដែល​បន្ថែម​ថា​ រដូវ​វស្សា​ឆ្នាំ២០១៩ នេះ អ្នកភូមិ​ចៀស​មុន​ផុត​ ​ខ្វះខាត​ស្បៀងអាហារ ​ដោយសារ​គ្មាន​ទី​កន្លែង​ធ្វើ​កសិកម្ម។ លើស​ពី​នេះ អ្នក​ភូមិ​ក៏​គ្មាន​លទ្ធភាព​ប្រឆាំង​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​ចិន​ដែរ​ ព្រោះ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​តែង​ចេញមុខ​គំរាម​ពលរដ្ឋ​ណា ​ដែល​ងើប​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន៖ «មិន​ដឹង​ធ្វើ​យ៉ាង​ណា ប្រាប់​អាជ្ញាធរ​គេ​មិន​ដោះ​ស្រាយ និង​គំរាមកំហែង។ គេ​ថា ដី​រដ្ឋៗ មីង​ឯង​ចេះ​អី។ គេ​ថា មិន​បាច់​តវ៉ា​ទេ ដី​រដ្ឋ ​និង​ដី​ចិន »

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ភូមិ​ប្រើស​ក្អក ​ឃុំ​ម្លូ​ព្រៃ​ពីរ ​ស្រុក​ឆែប ​លោក ពាន ​សុផាត ​ប្រាប់​អាស៊ី​សេរី​ថា​ ​គ្រួសារ​លោក​មាន​ដី​កសិកម្ម​ជាង​ ៨ហិកតារ ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ ​អស់​ស្ទើរតែ​ទាំងស្រុង​ ​ហើយ​មក​ទល់​ពេលនេះ នៅសល់​តែ​ដី​ ៧០អា (ជិត ១ហិកតារ) ​ប៉ុណ្ណោះ។ លោក​ថា ​ពលរដ្ឋ​រស់នៅ​ភូមិ​ប្រើស​ក្អក​ ៧៥គ្រួសារ បាន​ប្តឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ ​បាន​រំលោភ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​ ​តែ​គ្មាន​លទ្ធផល។ ​លោក​បន្ថែម​ថា​ ​ភូមិ​កំណើត​របស់​ពួ​គេ ​បាន​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​អំពៅ​ចិន​ ​មិន​ត្រឹមតែ​ធ្វើឲ្យ​គ្រួសារ​របស់​លោក​​បាត់បង់​ដី​ស្រែ​ទេ ​សូម្បីតែ​វាល​ស្មៅ​ចិញ្ចឹម​គោ​ក្របី​ក៏​គ្មាន​ដែរ​ ​ហើយ​កន្លងទៅ​ សត្វពាហនៈ​អ្នកស្រុក​ជាង​ ៦០ក្បាល​ ងាប់​ជាបន្តបន្ទាប់ ​ដោយសារ​ពុល​ទឹក​ត្រពាំង​ ​ដែល​ក្រុមហ៊ុន​បង្ហូរ​សារធាតុ​គីមី​ចូល៖ «ខ្វះ​ខាត​ដី​ធ្វើ​ស្រែ​ចម្ការ និង​គ្មាន​ព្រៃ​ឈើ គ្មាន​ត្រពាំង​រក​ស៊ី គ្មាន​ដី​ធ្វើ​ស្រែ មូលហេតុ​មក​ពី​អាជ្ញាធរ​ក្រោម​ជាតិ គេ​ស៊ីញេ​ទៅ​ឲ្យ​ក្រុមហ៊ុន។ គេ​រំលោភ​យក ដល់​ពេល​បង​ប្អូន​ពលរដ្ឋ​គេ​តវ៉ា គេ​ថា ដី​រដ្ឋ និង​អាង​យក​សមត្ថកិច្ច និង​ទាហាន​គំរាម »

លោក ពាន សុផាត បារម្ភ​ថា ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ​ ​កាន់តែ​លំបាក​វេទនា​សព្វ​បែប​យ៉ាង ព្រោះ​ខ្វះខាត​ដី​ធ្វើ​ស្រែ​ចម្ការ​ ​ហើយ​ទឹក​អូរ​ធម្មជាតិ និង​បឹង​បួរ​ខ្លះ​ ត្រូវ​បាន​ក្រុមហ៊ុន​លប់​ចោល។ រីឯ​ព្រៃឈើ​ដែល​ពួក​គេ​ធ្លាប់​អាស្រ័យ​ផល ​បាន​ក្លាយ​ជា​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន​ទៀត។

ចំណែក​ពលរដ្ឋ​ណា​ដែល​ចេញមុខ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ ត្រូវ​បាន​អាជ្ញាធរ​តាមដាន​ ​និង​គំរាម​ចាប់​ដាក់​គុក៖ «អស់​រលីង​ហ្មង គ្មាន​ត្រពាំង​ប្រឡាយ និង​ព្រៃ​ឈើ​ទេ វា​ដាំ​អំពៅ​តែ​ម្ដង។ ត្រពាំង​ប្រឡាយ​ក៏​លប់​ចោល គ្មាន​ដី និង​ព្រៃ​ចិញ្ចឹម​គោ​ក្របី​ទេ »

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​ ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ ​នៅ​ថ្ងៃ​ទី​ ២០ ​មករា។

យ៉ាងណា​មេឃុំ​ប្រមេរ លោក​ ​ធាន​ ​ហេង​ ​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ សម្រេច​បាន​ស្ទើរតែ​ទាំងស្រុង​ហើយ​ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ស្ម័គ្រចិត្ត​លក់​ដី​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ដែរ​។ ​លោក​ថា ក្រុមហ៊ុន​ចិន​ ​បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ច្រើន​ខែ​មក​ហើយ​ដែរ​។ ​លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បាន​ហៅ​តំណាង​ក្រុមហ៊ុន​ ​និង​​ពលរដ្ឋ​មក​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​មួយ​ចំនួន​ឲ្យ​រួចរាល់​នៅ​ពេល​ឆាប់ៗ នេះ៖ «ដូច​គ្មាន​អី​កម្រើក​ឡើង​វិញ​ទេ ដូច​ស្ងាត់​ស្ងៀម រឿង​មុនៗ ដដែលៗ អត់​មាន​អី​ទេ អត់​មាន​ប៉ះពាល់ ដូច​ថា ក្រុមហ៊ុន​ក៏​នៅ​ហ្នឹង ហើយ​យើង​ក៏​នៅ​ហ្នឹង​ដែរ ធ្វើ​ស្រែ​ចម្ការ​រៀងៗ ខ្លួន »

របាយការណ៍​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បង្ហាញ​ថា អំឡុង​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៤ របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៣២​ក្រុមហ៊ុន​ ​ធ្វើ​ការ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ។ ក៏ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ពន្លក​ខ្មែរ​រក​ឃើញ​ថា នៅ​ខេត្ត​ព្រះវិហារ ​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ ៣៤ក្រុមហ៊ុន មិន​រាប់បញ្ចូល​ក្រុមហ៊ុន​សម្បទាន​រ៉ែ។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ២០០៩ រហូតដល់​ឆ្នាំ​២០១៤ របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ជាង​ ២២ម៉ឺន​ ៧ពាន់​ហិកតារ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ និង​ប៉ះពាល់​ធនធាន​ធម្មជាតិ​យ៉ាង​ធំ​សម្បើម។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង​ ៤ម៉ឺន​ហិកតារ ​(៤២.០០០) ​តាំងពី​ឆ្នាំ២០១១ វិនិយោគ​ដាំ​អំពៅ​ ​និង​កៅស៊ូ​។​ ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​មេ ​និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​ ៥ទៀត ដូច​ជា ក្រុមហ៊ុន​ ឡាន​ ហ្វេង ​រួយ​ ហ្វេង ក្រុមហ៊ុន ហេង​ ណុង ក្រុមហ៊ុន ហេង ​រួយ និង​ក្រុមហ៊ុន ហេង​ យូ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​ លោក ប៉ិក សោភ័ណ សង្កេតឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​អះអាង​ថា ខ្លួន​បាន​ដោះស្រាយ​វិបត្តិ​ដីធ្លី​ចប់​សព្វ​គ្រប់ ក៏ប៉ុន្តែ​ធាតុ​ពិត​ជម្លោះ​ដីធ្លី​រវៀង​ពលរដ្ឋ​ ​និង​ក្រុមហ៊ុន​ចិន នៅ​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​មិន​ទាន់​ដោះ​ស្រាយ​​រួចរាល់​នៅឡើយ​ទេ។ រីឯ​ពលរដ្ឋ​នៅតែ​ទទួលរង​ទុក្ខវេទនា ដោយសារ​ខ្វះខាត​ដី​ស្រែ​ធ្វើ​កសិកម្ម និង​បាត់បង់​ព្រៃឈើ​ជាដើម។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ជាតិ ចុះ​ពិនិត្យ​ជម្លោះ​ដីធ្លី​ជាក់ស្ដែង​នៅ​មូលដ្ឋាន​ កុំ​ជឿ​របាយការណ៍​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​រាយការណ៍​ពី​ចំណុច​ល្អៗ របស់​ខ្លួន៖ «សហគមន៍​អត់​មាន​ជំនឿ​ចិត្ត​លើ​អាជ្ញាធរ​ទាំង​ស្រុង​តែ​ម្ដង លើ​ដំណោះ​ស្រាយ សូម្បី​តែ ក្រុមហ៊ុន​ហ្នឹង​ឈូស​ឆាយ​ដី​របស់​គាត់​ឃើញ និង​ភ្នែក​គាត់​ទៅ​ទប់​ស្កាត់​ជាក់ស្ដែង​ហើយ ប្រាប់​មក​អាជ្ញាធរ​ហ្នឹង​ក៏​គាត់​លែង​ចង់​ប្រាប់​ទៀត​ផង ពីព្រោះ​គាត់​អត់​ជំនឿ​ថា អាជ្ញាធរ​ថា អាច​នឹង​ដោះ​ស្រាយ​បាន។ អ៊ីចឹង​មាន​តែ​ពួក​គាត់​ចេះ​តែ​ខំ​ប្រឹង​ទប់​ស្កាត់​ទៅ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន ​វិនិយោគ​ភាគ​ច្រើន​មិន​បាន​សិក្សា​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ​ដិត​ដល់​នោះ​ទេ។ រីឯ​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​គ្រួសារ​តែង​ត្អូញ​ពី​ការ​របូត​ដី​ស្រែ​របស់​ខ្លួន​ទៅ​ក្រុមហ៊ុន​ដាំ​អំពៅ ហើយ​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​តែង​អូស​បន្លាយ​ពេល និង​ធ្វើ​របាយការណ៍​ភូតភរ។

កាលពី​ឆ្នាំ២០១៧ ជនជាតិ​ដើម​ភាគ​តិច​ជាង​ ១ពាន់​នាក់​ រស់នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​​ជ័យសែន​​របស់​ខេត្ត​ព្រះវិហារ ​បាន​ផ្ដិត​មេដៃ ​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ជាតិ​ស្នើ ​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចិន ហេង​ ហ្វូ ​ដែល​ជា​ក្រុមហ៊ុន​មេ ​និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​ ៥ទៀត។ ពួកគេ​ចោទ​ថា ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​រំលោភបំពាន​ដី​ស្រែ​ចម្ការ​ និង​ដី​ព្រៃ​សមូហភាព​របស់​សហគមន៍។ ​ខ្លឹមសារ​ញត្តិ​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ ​គឺ​ផ្ដោត​សំខាន់​លើ​ទស្សនទាន​មួយ​ចំនួន ដែល​ពួកគេ​ទទូច​ទៅ​អាជ្ញាធរ​ជាតិ និង​ របប​ក្រុង​ភ្នំពេញ​ពន្លឿន​ដោះស្រាយ​ក្តី​កង្វល់​ជាច្រើន ដែល​ក្រុមហ៊ុន​ចិន​គឺ​ជា​មេ​ក្លោង បំផ្លាញ​ព្រៃឈើ រំលោភ​ដីធ្លី និង​ធនធាន​ធម្មជាតិ​ជាច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។