ពលរដ្ឋរាប់រយគ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំគ្នាចាកចេញពីលំនៅឋានជាបណ្ដើរ ដោយខ្លាចក្រែងអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដីធ្លី។ អ្នកភូមិថា គិតត្រឹមថ្ងៃ២៩ ខែមករា ពលរដ្ឋ ១២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយមានពលរដ្ឋម្នាក់បាត់ខ្លួន។ ចំណែកតំណាងអយ្យការខេត្តព្រះវិហារ អះអាងថា ការចាប់ខ្លួននោះ ជាបទល្មើសជាក់ស្ដែងពាក់ព័ន្ធ ការកាប់រុករានព្រៃការពារធម្មជាតិខុសច្បាប់។
ពលរដ្ឋជាច្រើនគ្រួសារ តំណាងឱ្យពលរដ្ឋ ៣៣០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព របស់ឧកញ៉ា អាន ម៉ារឌី បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ដែលកំពុងទទួលរងការបណ្ដេញចេញដោយបង្ខំ ដើម្បីយកដីប្រគល់ឱ្យក្រុមហ៊ុនឯកជន។ អ្នកភូមិថា ថ្មីៗនេះ អាជ្ញាធរខេត្តព្រះវិហារ បានដុតផ្ទះពលរដ្ឋអស់ ៣ខ្នង និងចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ បញ្ជូនទៅតុលាការ។
តំណាងពលរដ្ឋ លោក ឡយ លីហួរ ឱ្យដឹងនៅថ្ងៃទី២៩ មករាថា ពលរដ្ឋជាច្រើនគ្រួសារបានបង្ខំចិត្ត ចាកចេញពីផ្ទះសម្បែង ដោយខ្លាចក្រែងអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួន។ លើសពីនេះ មានមន្ត្រីយោធាខ្លះប្រើកាំភ្លើងបាញ់រះពេញព្រៃគំរាមកំហែងពលរដ្ឋ ឱ្យចាកចេញពីភូមិ បំណងយកដីពួកគេប្រគល់ឱ្យក្រុមហ៊ុនមេត្រីភាព។ លោកថា ក្រុមពលរដ្ឋបាននាំគ្នាធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំឱ្យអាជ្ញាធរជាតិ និងថ្នាក់ដឹកនាំរដ្ឋ ជួយរកយុត្តិធម៌ជូនពលរដ្ឋក្រីក្រខ្វះខាតដីធ្វើកសិកម្មចិញ្ចឹមជីវិត។ «»
លោក ឡូយ លីហួរ បន្ថែមថា ពលរដ្ឋ ៣៣០គ្រួសារ បាននាំគ្នាមកតាំងទីលំនៅ នាតំបន់នោះជាបន្តបន្ទាប់ តាំងពីមុនឆ្នាំ២០១៣ និងបានកាប់រុករានព្រៃរេចរឹល ដើម្បីធ្វើចម្ការ និងដាំដំណាំស្វាយ សណ្ដែក និងស្រូវជាដើម។
ពលរដ្ឋម្នាក់ទៀត ដែលត្រូវអាជ្ញាធរដុតផ្ទះឈ្មោះ ភឹម ម៉ៅ វ័យ ៥២ឆ្នាំ រៀបរាប់ថា អាជ្ញាធរខេត្តព្រះវិហារ បានដុតផ្ទះលោកស្រីអស់ ៣ខ្នង បង្កឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន ហើយមកទល់ពេលនេះគ្រួសារលោកស្រី កំពុងជួបការលំបាកផ្នែកជីវភាព។ ចំណែកកូនៗរបស់លោកស្រី ៥នាក់ នឹងប្រឈមបោះបង់ការសិក្សា ព្រោះលោកស្រី គ្មានលទ្ធភាពជួយឱ្យពួកគេទៅរៀនបានទៀតនោះទេ។ លោកស្រីថា សូម្បីតែផលដំណាំ ចេក និងស្វាយជាដើម ក៏អាជ្ញាធរកាប់បំផ្លាញដែរ។ លោកស្រីបន្ថែមថា ប្តីលោកស្រី និងកូនប្រុសម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពេលកំពុងធ្វើដំណើរតាមផ្លូវឆ្លងកាត់រនាំងក្រុមហ៊ុនមេត្រីភាពកាលពីថ្ងៃទី២០ មករា កន្លងទៅ។ ក្រោយពីចាប់ខ្លួនរួច អាជ្ញាធរយកស្វៃកាំភ្លើងវាយធ្វើបាប។ ចំណែកប្តីលោកស្រី បានបាត់ខ្លួននៅថ្ងៃដដែលនោះ មិនទាន់ទទួលដំណឹងនៅឡើយទេ។ «»
ក្រុមហ៊ុនមេត្រីភាព របស់ឧកញ៉ា អាន ម៉ារ៉ាឌី ទទួលសិទ្ធិវិនិយោគ ពីរបបក្រុងភ្នំពេញលើផ្ទៃដីចំនួនជាង ៨ ពាន់ហិកតារ ( ៨.៥២៥ ) កាលពីឆ្នាំ២០១២ ដោយវិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូ ឋិតនៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ។ ពលរដ្ឋរស់នៅតំបន់នោះចោទថា ក្រុមហ៊ុននេះបានធ្វើអាជីវកម្មឈើខ្នាតធំ តាំងពីឆ្នាំ២០១១ ដោយកាប់ឈើមូលធំៗធ្វើអាជីវកម្មគ្រប់ប្រភេទ ក្នុងនោះមានដើមឈើផលិតជ័រទឹករបស់អ្នកស្រុក រាប់ពាន់ដើម។ ពួកគេថា មកទល់ពេលនេះព្រៃនៅតំបន់នោះ នៅសល់តែដើមឈើតូចៗ គ្មានតម្លៃលើទីផ្សារអាចប្រើប្រាស់បាន។ រីឯក្រុមហ៊ុននៅមិនទាន់បានដាំកៅស៊ូនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុននេះ បានជួលក្រុមទាហានវារៈ ២៦១ នៅខេត្តឧត្តរមានជ័យ ដើម្បីការពារអាជីវកម្មឱ្យខ្លួន ហើយក្រុមប្រដាប់អាវុធនេះតែងតែធ្វើទុក្ខបុកម្នេញពលរដ្ឋ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនមេត្រីភាព ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថា យ៉ាងណានៅឡើយទេនៅថ្ងៃទី២៩ មករា នេះ។
អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង បដិសេធថា លោកមិនបានបញ្ជាឱ្យកងកម្លាំងទៅដុតផ្ទះពលរដ្ឋ និងចាប់ខ្លួនអ្នកភូមិនោះទេ។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ថ្មីៗនេះ មានព្រះរាជអាជ្ញា ដឹកនាំកងកម្លាំងចុះទៅតំបន់នោះ តែលោកមិនបានបញ្ជាក់លម្អិតថា ព្រះរាជអាជ្ញាបានបញ្ជាឱ្យចាប់ខ្លួនមនុស្សប៉ុន្មាននាក់នោះទេ។ លោកថា ជម្លោះដីធ្លីនៅតំបន់នោះ អាជ្ញាធរស្រុកបានព្យាយាមដោះស្រាយតាមនីតិវិធីរដ្ឋបាលផ្លូវច្បាប់ មានការសម្របសម្រួល និងហាមឃាត់កុំឱ្យពលរដ្ឋកាប់រុករានព្រៃបន្តទៀត ហើយអាជ្ញាធរបានបង្កើតក្រុមការងារពិនិត្យទិដ្ឋភាពជាក់ស្បាន់ថា តើពលរដ្ឋអាស្រ័យផលលើដីនៅតំបន់នោះពិតមែន ឬក៏កាប់ទន្ទ្រានដីព្រៃ? «»
ចំណែកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់អាស៊ីសេរីថា ករណីនេះគឺជាបទល្មើសជាក់ស្ដែង ដោយសារពលរដ្ឋទាំងនោះ បានប្រព្រឹត្តបទល្មើសរាល់ថ្ងៃ ដោយកាប់រុករាន និងដុតព្រៃយកដីធ្វើចម្ការ មិនឈប់ឈរបើនោះទេ។ លោកថា មុនឈានដល់ការចាប់ខ្លួន គឺអាជ្ញាធរបានពន្យល់ណែនាំ និងជំរុញឱ្យពួកគេដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចតាមនីតិវិធីរដ្ឋបាល ក៏ប៉ុន្តែពលរដ្ឋមិនស្ដាប់។ លោកថា ក្រុមពលរដ្ឋទាំងនោះ បានសម្រុកកាប់រុករានដីព្រៃជារៀងរាល់ថ្ងៃ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព អស់ប្រហែលជាង ១ពាន់ហិកតារ។ ចំណែកឈើធំៗ ពួកគេអារច្រៀកធ្វើគ្រឿងផ្ទះ។ «»
ព្រះរាជអាជ្ញារូបនេះ បន្ថែមថា លោកបានចាត់ឱ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខសញ្ញាមនុស្សមួយចំនួន ដែលបំផុសប្រជាជនឱ្យកាប់ និងដុតរុករានព្រៃការពារធម្មជាតិខុសច្បាប់។ លោកថា ការចាប់ខ្លួនពលរដ្ឋទាំងនោះ គឺជាការអនុវត្តច្បាប់បរិស្ថាន ហើយមកទល់ពេលនេះ សំណុំរឿងនេះឋិតក្នុងដៃចៅក្រមស៊ើបសួរ។ តែយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋបានប៉ុន្មាននាក់នោះទេ។ «»
តែយ៉ាងណា ស្ត្រីម្នាក់ដែលត្រូវជាប្រពន្ធបុរសដែលអាជ្ញាធរចាប់ខ្លួន លោកស្រី ឃុត រ៉ា វ័យ ៣០ឆ្នាំ ឱ្យដឹងថា គ្រួសារលោកស្រីទើបតែរៀបការបានប្រហែល ២សប្ដាហ៍ នៅខេត្តតាកែវ រួចធ្វើដំណើរមកលេង ឪពុកម្ដាយ ត្រូវបានក្រុមទាហានចាប់ខ្លួន និងប្រើអំពើហិង្សាកាលពីសប្ដាហ៍មុន ហើយមកទល់ពេលនេះ ប្ដីលោកស្រីឈ្មោះ អឿ ឈៀន កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រះវិហារយ៉ាងអយុត្តិធម៌។ «»
ជុំវិញការលើកឡើង របស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក ឡយ លីហួរ អះអាងថា ប្រសិនបើតំណាងអយ្យការ និង អាជ្ញាធរអះអាងថា ដីដែលពួកគេកាន់កាប់ជាច្រើនឆ្នាំមកហើយ ជាដីព្រៃអភិរក្ស ម្ដេចមិនដាក់ស្លាកសញ្ញាហាមឃាត់។ លោកថាអ្នកភូមិ បានចំណាយកម្លាំង និងធនធាន កាប់រានព្រៃរេចរឹលជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៣ ដើម្បីយកដីធ្វើកសិកម្មចិញ្ចឹមជីវិត ដោយមានគ្រួសារខ្លះមានដី ចាប់ពី ១ហិកតារ ដល់ ១០ ហិកតារ បែរជាអាជ្ញាធរទើបតែមកអនុវត្ត និងបណ្ដេញពួកគេចេញនៅអំឡុងឆ្នាំ២០១៨។ លោកថា មានពលរដ្ឋខ្លះមករស់នៅតំបន់នោះ មុនពេលដែលក្រុមហ៊ុនមិនទាន់មកវិនិយោគ។ «»
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ចាត់ទុកការដោះស្រាយជម្លោះដីធ្លី ដោយដុតផ្ទះពលរដ្ឋ និងចាប់ខ្លួនពលរដ្ឋជាច្រើននាក់ គឺជាការប្រើអំណាច និងហិង្សា ពុំមែនជាដំណោះស្រាយត្រឹមត្រូវតាមច្បាប់ផ្អែកតាមប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីយោធា ត្រូវដោះស្រាយវិវាទដីធ្លីនេះដោយត្រឹមត្រូវ និងយុត្តិធម៌ ចៀសវាងប្រើហិង្សា និងអំណាចប្រដាប់អាវុធមកដោះស្រាយបញ្ហា។ «»
ទោះយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឡោ ចាន់ ចាត់ទុកការដុតផ្ទះពលរដ្ឋ និងការចាប់ខ្លួនពលរដ្ឋ ដោយគ្មានដីកាពីតុលាការ ជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផ្ទុយពីអនុសាសន៍ថ្នាក់ដឹកនាំរដ្ឋ ដែលណែនាំឱ្យអាជ្ញាធរអនុវត្តបទបញ្ជា ០០១ ។ លោកថា អាជ្ញាធរកំពុងពង្រីកបញ្ហាវិវាទដីធ្លីនៅតំបន់នោះ កាន់តែធំឡើង រហូតធ្វើឱ្យពលរដ្ឋរាប់រយគ្រួសាររត់ចេញពីផ្ទះសម្បែង។ លោកមើលឃើញថា ស្ថានភាពពលរដ្ឋរស់នៅតំបន់នោះ មានការត្រួតត្រា ពីក្រុមកងទ័ព វារៈ ២៦១ កាងការពារឱ្យក្រុមហ៊ុនឯកជន ដែលជាហេតុធ្វើឱ្យពលរដ្ឋខ្លាចរអា និងខ្លះនាំគ្នាទៅភ្នំពេញ ដើម្បីតវ៉ារកយុត្តិធម៌។ «»
តំណាងពលរដ្ឋរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ឡយ លីហួរ បន្ថែមថា មកទល់ពេលនេះ ពលរដ្ឋដែលមន្ត្រីយោធា និងសមត្ថកិច្ចទាំងនោះចាប់ខ្លួនសរុប ១៣នាក់ និងមាន ១នាក់ បាត់ខ្លួននៅមិនទាន់ទទួលដំណឹងនៅឡើយទេ៕