ពលរដ្ឋ​ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​ក្នុង​ខេត្ត​ព្រះវិហារ​ បង្ខំ​កូន​ឱ្យ​ឈប់​រៀន​ដោយសារ​មាន​ជីវភាព​ក្រីក្រ

0:00 / 0:00

ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) បាន​បង្ខំ​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ដើម្បី​ដើរ​ស៊ី​ឈ្នួល​គេ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​។ មូលហេតុ​ដែល​អ្នក​ភូមិ​ទាំង​នោះ សម្រេច​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ ដោយសារ​តែ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត មិន​អាច​បង្កបង្កើន​ផល​ដាំដុះ​ដំណាំ​លើ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​រំលោភ​យក​កន្លង​មក ស្រប​ពេល​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ជួល​ដី​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​ចំណាក់​ជា​បន្ត​បន្ទាប់។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់​នៅ​ស្រុក​ចំនួន​បី គឺ​ស្រុក​ត្បែង​មានជ័យ ស្រុក​ជ័យសែន​ និង​ស្រុកឆែប​ អស់​សង្ឃឹម​នឹង​អាជ្ញាធរ និង​រដ្ឋាភិបាល​ដែល​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដី​ជូន​ពួក​គាត់​ឱ្យ​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។ ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដើម្បី​ស៊ី​ឈ្នួល​គេ​យក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នកភូមិ​សោកស្ដាយ​ដែល​ក្រុមហ៊ុន​និង​អាជ្ញាធរ​​នៅ​តែ​បន្ត​ហួងហែង​លើ​ដី​មាន​ជម្លោះ​ទាំង​នោះ ជួល​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​រាប់​ម៉ឺន​គ្រួសារ​ បើ​ទោះ​បី​ក្រុមហ៊ុន​ចិន​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​ជាង ៣ឆ្នាំ​ក្ដី។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់​រស់​នៅ​ភូមិ​គោក ឃុំស្អាង ស្រុកជ័យសែន លោកស្រី ព្រំ ញ៉េប ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ មករា​ថា គ្រួសារ​លោកស្រី​មាន​ជីវភាព​កាន់​តែ​ដុនដាប ព្រោះ​គ្មាន​ដី​ស្រែ​សម្រាប់​បង្ក​បង្កើន​ផល​នោះ​ទេ ដោយ​លោកស្រី​បង្ខំ​ចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដើម្បី​ដើរ​ស៊ី​ឈ្នួល​កាប់​ដំឡូង​យក​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវិត។

លោក​ស្រី​បន្ត​ថា ជនជាតិ​កួយ​ទាំង​អស់​ដែល​រង​ផល​ប៉ះពាល់​ អស់​សង្ឃឹម​យ៉ាង​ខ្លាំង ដោយសារ​តែ​អាជ្ញាធរ​មិន​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខវេទនា​ ហើយ​បែរ​ជា​យក​ដី​មាន​ជម្លោះ​នោះ​ ឃុបឃិត​គ្នា​ជា​មួយ​ជនជាតិ​ចិន​ជួល​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​រាប់​ពាន់​គ្រួសារ​ទៅ​វិញ៖ « យើង​រស់​នៅ​ធ្លាប់​មាន​ទឹក​បឹង​ត្រី​ មាន​អនុផល​ព្រៃឈើ​ យើង​ធ្លាប់​រក​បាន​ហូប​ តែ​សព្វ​ថ្ងៃ​វា​អស់​ល្ហ​ល្ហេវ។ ប៉ះពាល់​ខ្លាំង​រឿង​ការ​ហូបចុក​ព្រោះ​ទិញ​គេ​រហូត។ ដល់​យើង​ខ្វះខាត​អ៊ីចឹង កូន​ច្បង​ខ្ញុំ​អាយុ ១០ឆ្នាំ​ជាង ស៊ី​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជីវិត​មិន​បាន​រៀន​ខ្ពង់ខ្ពស់​ដូច​គេ​ទេ »

ស្រដៀងគ្នា​នេះ​ដែរ​ជនជាតិ​កួយ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​ភូមិបរ ឃុំពន្លា លោក​ស្រី មៀន លឿ អស់​ជំនឿ​លើ​អាជ្ញាធរ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​លោកស្រី​ រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។ លោកស្រី​បញ្ជាក់​ថា​ ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​បង្ខំ​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ជា​បន្ត​បន្ទាប់ រួម​ទាំង​កូន​លោក​ស្រី​ចំនួន៣នាក់​ ក្នុង​នោះ​មាន ២នាក់​បាន​បង្ខំ​ចិត្ត​ឈប់​រៀន ដោយ​សារ​ប្រឈម​បញ្ហា​ជីវភាព​គ្រួសារ​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៅ​ទៀត លោកស្រី​ថា ពួក​គេ​រង​សម្ពាធ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត ព្រោះ​គ្មាន​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ ដាំដំណាំ​ដំឡូង​មី​ទៀត​នោះ​ទេ និង​បាន​រក​ការងារ​ធ្វើ​ដើម្បី​សម្រាល​បន្ទុក​គ្រួសារ​លោកស្រី។ លោក​ស្រី​ក៏​ព្រួយ​បារម្ភ​ថា នៅ​ថ្ងៃ​ខាង​មុខ លោកស្រី​ពុំ​អាច​មាន​លទ្ធភាព​ជួយ​កូន​ឱ្យ​អាច​បន្ត​សិក្សា​បាន​ចប់​សព្វ​គ្រប់​ដែរ ដោយសារ​បច្ចុប្បន្ន​ប្រឈម​ជីវភាព​ខ្វះខាត និង​ត្រូវ​ដោះ​បំណុល​ធនាគារ៖ « ដាំ​ដំឡូង​បាន​ភាគតិច​ បង​ប្អូន​ជនជាតិ​កួយ​សុំ​ចូល​កាន់​កាប់​បែរ​ជា​យក​ដី​ជួល​ឱ្យ​អ្នក​ថ្មី​ផ្សេង​ទៀត។ ម្ចាស់​ដី​មិន​បាន​ធ្វើ​ផង ចាត់​ទុក​ថា គ្មាន​យុត្តិធម៌​សោះ សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ភូមិ។ កូន​ខ្ញុំ​នៅ​រៀន​តែ​ម្នាក់​ទេ ឈប់ ២នាក់ ដោយ​សារ​ជីវភាព​គ្រួសារ ដូច​ជា ទិន្នផល​ស្រូវ​មិន​សូវ​បាន​ផល បាន​ផល​តិច​ហើយ​តម្លៃ​ទាប​ទៀត។ មួយ​ចំនួន​ដោះ​ស្រាយ​រួច​មិន​ជំពាក់​អង្គការ​ ខ្វះ​នៅ​មិន​ទាន់​រួច »

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បញ្ហា​វិវាទ​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ព្រោះ​អាជ្ញាធរ​និង​ជនជាតិ​ចិន យក​ដី​កំពុង​មាន​ជម្លោះ ទៅ​ជួល​ឱ្យ​ពលរដ្ឋ​ដទៃ​ជា​បន្ត​បន្ទាប់។ ពលរដ្ឋ​ដែល​មក​ជួល​ដី​មាន​ជម្លោះ​នោះ​បញ្ជាក់​ថា ជនជាតិ​ចិន​បាន​ចាត់តាំង​មេការ​៤នាក់​មាន​ឈ្មោះ (ឡុង យ៉ាន) (ម៉ៅ ថុល) (ម៉េង ចេង) (ឡៃ ហ៊ោ ហៅ​យក្ស) ដើម្បី​វាស់​ដី​នៅ​តំបន់​ក្រុមហ៊ុន និង​ជម្រិត​ឱ្យ​ពលរដ្ឋ​បង់​លុយ​ថ្លៃ​ដី ដែល​ពួក​គេ​បាន​ជួល។ ជាង​នេះ​ទៅ​ទៀត​ ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ​គឺ អ្នកស្រី យូ ចាន់រី ដែល​មាន​ប្ដី​ជា​ជនជាតិ​ចិន​ឈ្មោះ ឡុង បាន​អះអាង​ថា បាន​គ្រប់គ្រង​ដី​មួយ​ចំនួន​ធំ​ក្នុង​តំបន់​ដី​របស់​ក្រុមហ៊ុន​ចិន​ដោយ​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ​រួច​មក​ហើយ៖ « ពូ យ៉ាន ឯង​មាន​ទៅ​ភ្ជួរ​ដី​ជា​មួយ​អា​ឡោះ​នៅ​ការដ្ឋាន​ទី៩ ទី១០ និង​ទី៥ ទេ ! ពូ យ៉ាន ឯង​កុំ​ទៅ​ធ្វើ​ជា​មួយ​វា ព្រោះ​ដី​ហ្នឹង​បាន​មក​ខ្ញុំ​ហើយ។ ចំណែក​ដី​ការដ្ឋាន​ទី៨ ទី៤ ពូ ម៉េង និង​ទី៧ អា​វ៉ៃ។ កុំ​អាល​ទៅ​ធ្វើ​នាំ​ប្រឆាំង​គ្នា​អី​គ្មាន​អ្នក​ណា​សម្រេច​ឱ្យ​វា​គ្រប់គ្រង​ការដ្ឋាន​ណា​មួយ​ទេ ព្រោះ​ខ្ញុំ​ទទួល​បាន​សិទ្ធិ​ពី​អភិបាល​ស្រុក និង​ក្រុមហ៊ុន​រួច​ហើយ »

វិទ្យុ​អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះវិហារ លោក យ៉ុង គឹមហឿង និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី នៅ​ថ្ងៃ​ទី៤ មករា ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី២៤ វិច្ឆិកា ឆ្នាំ២០២១ កន្លង​ទៅ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក អ៊ុង សំអាត និង​អភិបាល​ស្រុកឆែប អ៊ុំ សុភឿន បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដី​ពី​ការ​ហាមឃាត់​ប្រជា​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ ឈូស​ឆាយ ភ្ជួរ​ដី​ធ្វើ​ដំណាំ​កសិកម្ម​នៅ​តំបន់​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ដោយ​គ្មាន​ការ​អនុញ្ញាត។ លើស​ពី​នេះ លោក អ៊ុំ សុភឿន ក៍​បាន​អះអាង​ថា​ មន្ត្រី​ថ្នាក់​ស្រុក​នីមួយៗ​ និង​មន្ត្រី​ជា​មេខ្លោង​ឆបោក​ប្រជាពលរដ្ឋ​ ធ្វើ​កិច្ច​សន្យា​ជួល​ដី​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ សោយ​ស្ដាយ​ចំពោះ​អាជ្ញាធរ​ ដែល​គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព ដែល​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​ជួប​ទុក្ខ​លំបាក​ប្រឈម​បញ្ហា​ជីវភាព​គ្រួសារ​ជា​បន្ត​បន្ទាប់​។ លោក​សង្កេត​ឃើញ​ថា​ វិវាទ​ដី​ធ្លី​ដែល​អូស​បន្លាយ​ពេល​ដ៏​រ៉ាំរ៉ៃ​នេះ កើត​មាន​ឡើង​ដោយសារ​តែ​ទំនាស់​ផល​ប្រយោជន៍​របស់​អាជ្ញាធរ​ជាមួយ​ក្រុម​ឈ្មួញ​ចិន​កាន់កាប់​ដី​នៅ​តំបន់​នោះ​ជួល​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ៖ « អាជ្ញាធរ​បាន​គាំទ្រ​ជាមួយ​បុគ្គលិក​ជនជាតិ​ចិន​ក្នុង​ក្រុមហ៊ុន ដើម្បី​យក​ដី​ហ្នឹង​ទៅ​អភិវឌ្ឍ​អី​ផ្សេង ឬ​ជួល​ឱ្យ​អ្នក​ផ្សេង។ អាជ្ញាធរ​គឺ​មាន​វិធាន​ការ​បែប​ហ្នឹង​ទៅ​វិញ ហើយ​អាជ្ញាធរ​ស្រុក​ឆែប​បាន​ចេញ​លិខិត​ហាមឃាត់​ប្រជា​សហគមន៍​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​ហ្នឹង​ទៀត​ផង។ ខ្ញុំ​មើល​ឃើញ​ថា វា​ជា​រឿង​មួយ​យន្ត​ការណ៍​គ្មាន​តម្លាភាព មិន​ដឹង​ថា ដំណោះ​ស្រាយ​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​មាន​យ៉ាង​ដូច​ម្តេច »

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ ៤២.០០០ម៉ឺន​ហិកតារ តាំង​ពី​ឆ្នាំ២០១១ ដើម្បី​វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន៥ ទៀត។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ២ពាន់​គ្រួសារ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១ម៉ឺន​នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន២៥ ឃុំ​ចំនួន១០ និង​ស្រុក​ចំនួន៣ គឺ​ស្រុក​ជ័យ​សែន ស្រុក​ឆែប និង​ស្រុក​ត្បែង​មានជ័យ។ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត បាន​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ ឈូស​ឆាយ​លុប​ប្រភព​ទឹក ដែល​ជា​ផ្លូវ​ទឹក​ធម្មជាតិ​សម្បូរ​ដោយ​មច្ឆជាតិ និង​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ទួល​ប្រាសាទ​បុរាណ ៤កន្លែង និង​ស្ថានីយ​បុរាណ​ផ្សេងៗ ទៀត។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADO) កាល​ពី​ខែ​មីនា ឆ្នាំ២០២០ បង្ហាញ​ថា កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សរុប ២៩៧កន្លែង ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ស្មើនឹង​ទំហំ​ជាង ២លាន ១សែន​ហិកតារ។ ក្នុង​នោះ​ក្រុមហ៊ុន​របស់​ចិន (China) ទទួល​បាន​ចំណែក​គ្រប់គ្រង​ដី​នៅ​កម្ពុជា​ច្រើន​ជាង​គេ ស្មើនឹង​ជិត ៤សែន​ហិកតារ (៣៨៣.៧៩៨ហិកតារ) ឬ​ស្មើ​នឹង​ជាង ៥ដង​នៃ​ផ្ទៃដី​ប្រទេស​សិង្ហបុរី (Singapore) បច្ចុប្បន្ន៕