ពលរដ្ឋ​ជិត ២០គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ព្រម​យក​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ថា ក្រុមហ៊ុន​មិន​ទាន់​ផ្ដល់​ដី​កសិកម្ម​ដូច​ការ​សន្យា​ទេ

0:00 / 0:00

ពលរដ្ឋ​ជិត ២០គ្រួសារ ដែល​បាន​ឯកភាព​ទទួល​យក​គោល​នយោបាយ​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង​ បាន​ទៅ​ពឹង​អាជ្ញាធរ​មូលដ្ឋាន​ជា​ថ្មី​ទៀត ឲ្យ​ជួយ​ពន្លឿន ផ្ដល់​សំណង​ដី​កសិកម្ម​ជូន​ពួក​គាត់ ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​ឱ្យ​ក្នុង​មួយ​គ្រួសារ ៥ហិកតារ​ស្មើៗ គ្នា។ អ្នក​ភូមិ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល មិន​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ពួក​គាត់​នឹង​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទេ នៅ​ឆ្នាំ២០១៩ នេះ។

ពលរដ្ឋ​ជិត ២០គ្រួសារ​រស់​នៅ​ភូមិ​ស្រែ​គថ្មី ឃុំ​ស្រែ​គ (ថ្មី) ស្រុក​សេសាន ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​ដី​កសិកម្ម របស់​ក្រុមហ៊ុន និង​គណៈកម្មការ​ដោះ​ស្រាយ​ផល​ប៉ះពាល់។ ពួក​គាត់​ថា ជាង ៣ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន អូស​បន្លាយ​ពេល មិន​ដោះ​ស្រាយ បញ្ហា​នេះ​ឲ្យ​ដាច់​ស្រឡះ ដូច​ការ​សន្យារ។

ពលរដ្ឋដែលឯកភាព ទទួល​យក​គោល​នយោបាយ​សំណង គឺ​លោក ផាត ស៊ឺ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ មេសា​ថា ជាង ៣ឆ្នាំ​មក​ហើយ គ្រួសារ​លោក​ខាន​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។ ពួក​គាត់​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ/ឃុំ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទាំង​នោះ បែរ​ជា​ប្រាប់​អ្នក​ភូមិ​ឲ្យ​ទៅ​រក​តំណាង​ក្រុមហ៊ុន ដោះ​ស្រាយ​ទៅ​វិញ។ លោក​សង្កត់​ធ្ងន់​ថា គ្រួសារ​លោក​បង្ខំ​ចិត្ត​ទទួល​យក​សំណង ពី​ក្រុមហ៊ុន​ដោយសារ​គ្មាន​ជម្រើស ត្បិត​ភូមិ​កំណើត​ពួក​គាត់ បាន​ក្លាយ​ជា​ផ្ទៃ​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បិទ​ទ្វារ​ទឹក​ពន្លិច​ភូមិ​ជា​ច្រើន​ខែ​មក​ហើយ៖ «គេ​និយាយ​ថា ចាំ​មើល​ក្រុមហ៊ុន​គេ​រក​ឲ្យ​តែ​រហូត​ដល់​ឥឡូវ​មិន​ទាន់​បាន​ផង។ បើ​មាន​លុយ​ជួល​គេ​ស៊ី​សំណូក​សូកប៉ាន់​បាន​គេ​ទៅ​ដោះ​ស្រាយ។ បើ​អត់​មាន​លុយ​ទៅ​ឆ្ងាយ​ហើយ។ ឲ្យ​ផ្ទះ​គ្នា ដេញ​មើល​តែ​ឆ្កែ​ឆ្មា ( ជម្លៀស​ពី​ភូមិ​ចាស់ ) គេ​ថា បើ​មិន​ចុះ​ពី​ផ្ទះ គេ​ចាប់​យក​ទៅ​តុលាការ​ចេះ​ចុះ។ ពលរដ្ឋ​ខ្លាច​ចុះ​ទៅ ( ទទួល​សំណង

កាល​ចុង​ខែ​មីនា ឆ្នាំ២០១៩ ពលរដ្ឋ ១៨គ្រួសារ បាន​នាំ​គ្នា​ទៅ​ដល់​ផ្ទះ មេ​ឃុំ​ជាប់​ឆ្នោត​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ គឺ​លោក សៀក មេគង្គ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង តំណាង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​នៅ​ឆ្នាំ២០១៩ នេះ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង មេ​ឃុំ​ស្រែ​គ​ថ្មី លោក ហ្វឿន ជឿន និង​អភិបាល​ស្រុក​សេសាន ដែល​ទើប​តែងតាំង​ថ្មី លោក សុវណ្ណ ពិសេដ្ឋ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៤ មេសា។ រីឯ​ជំទប់​ទី ១ នៃ​ឃុំ​ស្រែ​គ លោក ញៀន ជាតិ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​ខ្លាច​ថ្នាក់​លើ​ស្ដីបន្ទោស៖ «ជា​រឿង​មេ បើ​ខ្ញុំ​ផ្ដល់​ព័ត៌មាន​ទៅ មេ​បន្ទោស​ខ្ញុំ។ ខ្ញុំ​មិន​អាច​ផ្ដល់​ព័ត៌មាន​ទេ »

ចំណែក​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត អះអាង​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះ​ស្រាយ​សំណង​ជូន​ពលរដ្ឋ​ដែល​ឯកភាព​ទទួល​យក​គោល​នយោបាយ សំណង​ចប់​សព្វ​គ្រប់​ហើយ។ ចំណែក​ពលរដ្ឋ​ជិត ២០គ្រួសារ ដែល​អះអាង​ថា មិន​ទាន់​ទទួល​បាន​សំណង​ដី​កសិកម្ម លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា លោក​នឹង​ពិនិត្យ​ករណី​នេះ​ឡើង​វិញ៖ «ក្រុមហ៊ុន​ធ្វើ​ការ​ជាមួយ​គណៈកម្មការ​ដោះ​ស្រាយ​ផល​ប៉ះពាល់ មាន​ភូមិ / ឃុំ / ស្រុក រហូត​ដល់​ក្រសួង​ក៏​ចូលរួម​ដែរ ហើយ​ព័ត៌មាន​ហ្នឹង ដូច​ជា មិន​បាន​ទទួល។ ការ​ដោះ​ស្រាយ​សំណង​ធ្វើ​ចប់​អស់​ហើយ ដូច​ជា មិន​មាន​ទាន់​បាន​ទទួល​សំណង​អី​ទេ មិន​ដឹង​ជា ព័ត៌មាន​ហ្នឹង​យ៉ាង​ម៉េច ចាំ​មើល​ខ្ញុំ​នឹង​សាកសួរ​ថែម »

មេ​ឃុំ​ជាប់​ឆ្នោត មក​ពី​គណបក្ស សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ពលរដ្ឋ​ជិត ២០គ្រួសារ និង​ពលរដ្ឋ​បំបែក​គ្រួសារ​ជិត ៣០គ្រួសារ ឋិត​ក្នុង​លក្ខខណ្ឌ​ទទួល​បាន​សំណង នៅ​មិន​ទាន់​ទទួល​បាន​ដី​កសិកម្ម​នៅ​ឡើយ​ទេ​ជាង ៣ឆ្នាំ​មក​ហើយ។ លោក​ថា ភាព​យឺតយ៉ាវ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​គ្មាន​ដី​បង្កបង្កើន​ផល​ជា​ដើម។ លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ​សំណង​ជូន​ពលរដ្ឋ ប្រកាន់​បក្ស​ពួក​និយម និង​និន្នាការ​នយោបាយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មិន​សប្បាយ​ចិត្ត៖ «សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត​ក៏​ដោយ ក្រុមហ៊ុន​ក៏​ដោយ ធម្មតា​ជីវភាព​ប្រជាពលរដ្ឋ ជាប្រចាំ បើ​ធ្វើ​របៀប​នេះ​ដូច​សម្លាប់ ជីវិត​ឆ្នាំង​បាយ​របស់​គ្នា។ គ្នា​ខំ​លះបង់​ភូមិ​ចាស់​ធំធេង​ណាស់ យើង​ត្រូវ​តែ​គិត អត់​ពិបាក​ទេ។ ដោះ​ស្រាយ​រាល់​ថ្ងៃ​នេះ កត្តា​បក្ស​ពួក គឺ​ខ្លាំង​តែ​ម្ដង អ្នក​ណា​ចេះ​អែបអប និង​ឲ្យ​លុយ​កាក់​បាន​លឿន​ណាស់ »

លោក សៀក មេគង្គ បន្ថែម​ថា មាន​ចំណុច​ខ្វះ​ចន្លោះ​ជា​ច្រើន ដែល​គណៈកម្មការ​ដោះ​ស្រាយ​ផល​ប៉ះពាល់ និង​ក្រុមហ៊ុន​មិន​ទាន់​អនុវត្ត​បាន​ដូច​ការ​សន្យា រួម​មាន បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដី​កសិកម្ម​ដែល​ផ្ដល់​សំណង​មួយ​ចំនួន ត្រួត​ស៊ីគ្នា​ការ​ផ្ដល់​សំណង​ពុំ​មាន​តម្លាភាព និង​មាន​ដី​កន្លែង​ខ្លះ​ដែល​ផ្ដល់​ឲ្យ​ជា​ដី​ព្រៃ​រេចរឹល ជាដើម។

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែ​គ បាន​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​តំបន់​នោះ មាន​ចំនួន​ជាង ៥២០គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៥៧០គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ ៤៥គ្រួសារ នៅ​ឃុំ​ស្រែ​គ និង​ពលរដ្ឋ​ជាង ៥០គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស បូក​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ ដែល​ក្រាញ​ននៀល​មិន​ទទួល​គោល​នយោបាយ​សំណង​ខណៈ​ដែល​ផ្ទះ និង​ភូមិកំណើត​របស់​ពួកគេ​ត្រូវ​ទឹក​លិចលង់​ទាំងស្រុង​កាលពី​ចុង​ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។