ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងថា មានជនខិលខូចលួចកាប់ទន្ទ្រានដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខណៈមន្ត្រីអាជ្ញាធរ និងរដ្ឋបាលព្រៃឈើ មិនព្រមចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងនោះ ស្របពេលសហគមន៍ដាក់ពាក្យបណ្ដឹងទៅតុលាការជាច្រើនលើកច្រើនសា។
ប្រជាសហគមន៍ជនជាតិភាគតិចព្នង បានប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី៦ ខែមេសា ថា មានជនខិលខូច បានលួចកាប់ទន្ទ្រានដីព្រៃ របស់សហគមន៍ការពារព្រៃឈើចារ៉ាតាប់ ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាច្រើនហិកតារ។ ប្រជាសហគមន៍អះអាងថា ពួកគេបានដាក់បណ្ដឹងទៅអាជ្ញាធរភូមិឃុំ និងមន្ត្រីរដ្ឋបាលព្រៃឈើរួមទាំងតុលាការ ប៉ុន្តែមិនឃើញមានចំណាត់ការ ទៅលើអ្នកកាប់ទន្ទ្រានទាំងនោះឡើយ។ សហគមន៍បន្ថែមថា ការកាប់ទន្ទ្រានដីព្រៃនេះ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានចុះសិក្សាស្រាវជ្រាវចំនួនបីដងហើយ នៅតែពុំឃើញមានចំណាត់ និងការទប់ស្កាត់ នោះទេ។
ប្រជាសហគមន៍ជនជាតិភាគតិចព្នង លោក ក្លាង ក្លោះ បានប្រាប់ឲ្យដឹងថា ព្រៃសហគមន៍ការពារចារ៉ាតាប់ កំពុងតែរងការកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ ជាច្រើនកន្លែង ហើយមន្ត្រីជំនាញបានចុះស្រាវជ្រាវជាច្រើនសារ ប៉ុន្តែសកម្មភាពលួចកាប់ទន្ទ្រាននៅតែបន្តកើតមាន ដោយមិនឃើញមានចំណាត់ការតឹងរ៉ឹង ពីមន្ត្រីអាជ្ញាធរទាំងអស់នេះនៅឡើយទេ។ លោកបន្ថែមថា ព្រៃសហគមន៍មួយនេះ ជាកន្លែងគោរពបូជា និងជាព្រៃជំនឿ របស់សហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅតំបន់នោះ ។
លោក ក្លាង ក្លោះ៖ «ខ្ញុំប្ដឹងម្ដងហើយ និងមន្ត្រីអាជ្ញាធរភូមិឃុំ ប្ដឹងទៅតុលាការដែរ ឲ្យជួយទប់ស្កាត់ព្រៃឈើ មួយណាក៏ដូចមួយណាប្ដឹងទៅដល់តុលាការ ហើយនៅតែគេមិនអើពើទៀតគេនៅតែកាប់ត្រូវគ្នា មិនដឹងជាមួយបទល្មើសមិនដឹងបានជាស្ងាត់ៗ ឥឡូវនៅតែគេកាប់នៅតែគេរុករាន»។
ប្រធានសហគមន៍ជនជាតិដើមភាគតិច ភូមិពូត្រែង លោក ព្យាន ច្រេន បានឲ្យដឹងថា សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍គ្រប់អ្នកពាក់ព័ន្ធ ប៉ុន្តែរហូតមកដល់នេះ មិនឃើញមានការទប់ស្កាត់ និងចាត់វិធានការតឹងរ៉ឹងទៅលើក្រុមអ្នកកាប់បំផ្លាញព្រៃឈើទាំងអស់នោះឡើយ។ លោកបន្ថែមថា អ្នកកាប់ទន្ទ្រានហាក់មិនខ្លាចញញើតអាជ្ញាធរនិងសហគមន៍នោះទេ បើទោះបីជាអាជ្ញាធរថ្នាក់ជាតិ បានចុះស្រាវជ្រាវនិងដាក់ពាក្យបណ្ដឹងទៅតុលាការហើយក្ដី។
លោក ព្យាន ច្រេន៖ «ឥឡូវកំពុងតែកាប់បន្តៗ កាប់ធ្វើចម្ការអ្នកខ្លះកាប់យកទៅលក់ ពួកខ្ញុំគាត់អត់ខ្លាចទេ អ៊ីចឹងបានជាខ្ញុំពឹងពាក់ទៅលើមន្ត្រីជំនាញឲ្យគាត់ចុះធ្វើការរាយការណ៍ទៅគាត់ហើយ(មន្ត្រី)តែឥឡូវគាត់នៅតែកាប់ទៀត»។
លោកអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចាត់វិធានការឲ្យបានម៉ឺងមាត់ ចំពោះជនណាដែលបានកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងជួយទប់ស្កាត់កុំឲ្យមានការកាប់ទន្ទ្រានយកដីបែបនេះតទៅទៀត បើពុំដូច្នោះទេ ព្រៃសហគមន៍ការពារ ចារ៉ាតាប់ និងរលាយឆាប់ៗខាងមុខ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ និងនាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បាននោះទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក ប៊ី វន្នី សង្កេតឃើញថា បញ្ហាកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ នៅតែជាកង្វល់របស់ប្រជាសហគមន៍ការពារព្រៃឈើ ដោយសារមន្ត្រីអនុវត្តច្បាប់ មិនបានយកចិត្តដាក់ក្នុងអនុវត្តច្បាប់ទៅលើកជនដែលប្រព្រឹត្តបទល្មើស ផ្ទុយទៅវិញមន្ត្រីទាំងអស់នោះគាបសង្កត់អ្នកការពារព្រៃឈើទៅវិញ ។ លោកបន្ថែមថា អាជ្ញាធរភូមិឃុំ គឺជាអ្នកចុះហត្ថលេខា ឲ្យមានការលក់ទិញដី ដែលបានពីការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។ រូបភាពទាំងអស់នេះអាចជាប់ពាក់ព័ន្ធនិងអំពើពុករលួយ ដូច្នេះការបង្ក្រាប និងទប់ស្កាត់មិនមានប្រសិទ្ធភាពឡើយ។
លោក ប៊ី វន្នី៖ «ដាក់ពាក្យប្ដឹងទៅមន្ត្រីអាជ្ញាធរភូមិឃុំ រហូតដល់ខណ្ឌរដ្ឋបាលព្រៃឈើ ដល់មន្ត្រីតុលាការ ប៉ុន្តែយើងឃើញ ថាជនប្រព្រឹត្តដូចជាមិនខ្លាចនឹងច្បាប់គាត់នៅតែធ្វើ សកម្មភាពកាប់ទន្ទ្រានជាបន្តទៀតជាពិសេសកាប់ទន្ទ្រានបានហើយលក់ឲ្យឈ្មួញ ការលក់ឲ្យឈ្មួញពេលខ្លះមានការចុះហត្ថលេខាពីភូមិឃុំទៀតនេះដែលយើងឃើញ»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ លើកឡើងទៀតថា ប្រជាសហគមន៍ដែលដាក់ពាក្យបណ្ដឹងទៅតុលាការតែងតែរងការគំរាមកំហែងពីជនល្មើស និងអាជ្ញាធរមូលដ្ឋាន រូបភាពទាំងនេះកំពុងតែដើរផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគ្រប់រូបមានភារកិច្ច កាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិរបស់ជាតិ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី ស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចដែលជាប់ពាក់ព័ន្ធ ជួយទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ព្រមទាំងចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើជនដែលបានប្រព្រឹត្ត។ ព្រៃសហគមន៍ការពារចារ៉ាតាប់ មានទំហំពីរពាន់ហិកតារ ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ព្រៃនេះសម្បូរដោយជីវចម្រុះ ដើមឈើធំ ដែលសហគមន៍អាស្រ័យផល គោរពបូជា និងជាព្រៃជំនឿរបស់សហគមន៍ជនជាតិដើមភាគតិចទៀតផង។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១៥០លានរៀល។ ចំណែក មន្ត្រីពាក់ព័ន្ធណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ឬ/និង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។