ជនជាតិដើមភាគតិចព្នងជាង ១០០គ្រួសារ នៅខេត្តមណ្ឌលគិរីចោទ មន្ត្រីយោធាផ្កាយពីរម្នាក់ថា ប្រើអំណាចរំលោភយកដីសមូហភាពរបស់ពលរដ្ឋអស់ជាច្រើនហិកតារ។ អ្នកភូមិអំពាវនាវឱ្យអភិបាលខេត្តថ្មីផ្តល់ដំណោះស្រាយជម្លោះដីធ្លីនេះដោយតម្លាភាព និង យុត្តិធម៌ ស្របតាមច្បាប់។
ពលរដ្ឋជាង ១០០គ្រួសាររស់នៅក្នុងភូមិពូហ្យាម និងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំងនៅតែបន្តស្វែងរកការជួយជ្រោមជ្រែងផ្នែកច្បាប់ពីអាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិល ដើម្បីប្ដឹងមន្ត្រីយោធាផ្កាយពីរម្នាក់ឈ្មោះ អ៊ុំ ណាគ្រី ករណីយកគ្រឿងចក្រឈូសឆាយ បំពានយកដីសមូហភាព និងដីចម្ការស្រល់ទំហំ ១០០ហិកតារនៅរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
តំណាងពលរដ្ឋលោក ព្យាន ច្រេន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ តុលាថា ដីព្រៃសមូហភាព នៅចំណុចពូទ្រក្នុងភូមិពូឆប ដែលអ្នកភូមិរាប់រយគ្រួសារ អាស្រ័យផល និងធ្វើចម្ការបែបប្រពៃណីជាច្រើនជំនាន់មកហើយនោះកំពុងប្រឈមការរំលោភបំពានពីមន្ត្រីយោធាជាន់ខ្ពស់រូបនេះ។ លោកថា ជំហររបស់អ្នកភូមិ គឺប្ដឹងទាមទារដីទាំងនោះ ប្រគល់ជូនសហគមន៍អាស្រ័យផលវិញ ព្រោះតំបន់នោះជាឆ្នាំងបាយរបស់ពួកគាត់។ លោកបញ្ជាក់ថា ថ្មីៗ នេះ មន្ត្រីយោធារូបនេះ បានយកគ្រឿងចក្រជាច្រើនគ្រឿងកាយក្រវាត់ព្រំដី និងហ៊ុមព័ទ្ធយកដីទំហំ ១០០ហិកតារ នៅតំបន់នោះធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ា៖ « ក្នុងសហគមន៍គេយល់ថា ពីព្រោះសហគមន៍ បើគាត់យកតំបន់គ្រប់គ្រងនោះ នឹងបាត់បង់ដីព្រៃ និង ដីចម្ការវិលជុំរបស់បងប្អូនជនជាតិដើមភាគតិច » ។
ទីប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា សង្កេតឃើញថា អ្នកភូមិភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថា ដីសមូហភាព និងដីចម្ការស្រល់ ទំហំ ១០០ហិកតារ ដែលពួកគាត់ឃ្វាលគោក្របី និងធ្វើចម្ការបែរកាន់កាប់ដោយមន្ត្រីយោធារូបនេះទៅវិញ។ លោកថា អ្នកភូមិបានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានដល់ថ្នាក់ខេត្ត តែមកទល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ៖ «ឥឡូវស្រាប់តែឃើញគាត់ឈូសឆាយតែម្ដង មិនដឹងថា គាត់យកដីពីពេលណា ហើយសួរឯកសារអត់មានដែរ។ ខាងផ្កាយពីរគាត់ខ្លាំងដែរ ហើយខាងពលរដ្ឋគាត់សំអាងមានឯកសារ បែបប្រពៃណីធ្វើចម្ការវិលជុំរបស់គាត់ » ។
អ្នកភូមិឱ្យដឹងថា លោក អ៊ុំ ណាគ្រី ជាមន្ត្រីយោធាផ្កាយពីរ ដែលបម្រើការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃក្រសួងការពារជាតិ។ លើសពីនេះ ក្រោយពីពលរដ្ឋលើកគ្នា តវ៉ាទាមទារ ឱ្យបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃនៅតំបន់នោះ គេឃើញអាជ្ញាធរមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីរដ្ឋបាលព្រៃឈើចុះពិនិត្យជម្លោះដីធ្លីនេះដែរ តែមិនទាន់សម្រេចបែបណានៅឡើយទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង លោក អ៊ុំ ណាគ្រី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ពលរដ្ឋបាននៅឡើយទេ នៅថ្ងៃទី២៨ តុលា។ រីឯមេឃុំដាក់ដាំ លោក ចាស់ ណា អភិបាលស្រុកអូររាំង លោក សៀក មុន្នី និង អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ស៊ុន សារុន វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចទាក់ទងបានដែរ ព្រោះទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែមេឃុំដាក់ដាំ លោក ចាស់ ណា បានប្រាប់កាសែតក្នុងស្រុកយ៉ាងខ្លីថា (VOD) ពុំមានការលក់ដីរដ្ឋ និងដីព្រៃសហគមន៍នោះទេ ព្រោះដីចម្ការស្រល់ក្នុងភូមិពូឆប អាជ្ញាធរមូលដ្ឋាន ក៏មិនបានលក់ដូរដែរ។
ទាក់ទងរឿងនេះដែរមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ដីសមូហភាពទំហំ ១០០ហិកតារទាំងនោះជាដីសាធារណៈរបស់រដ្ឋ គ្មានបុគ្គលណាមួយ មានសិទ្ធិទិញលក់គ្រប់គ្រងជាសម្បត្តិឯកជននោះទេ។ ជាងនេះទៅទៀត អាជ្ញាធរត្រូវចាត់វិធានការដកហូតដីសមូហភាពទាំងនោះ មកជាសម្បត្តិរដ្ឋវិញ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ជំរុញឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវស៊ើបអង្កេតរឿងនេះ ឱ្យគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តច្បាប់លើអ្នកពាក់ព័ន្ធ ដែលរំលោភដីសាធារណៈរបស់រដ្ឋ។ លោកសង្កេតឃើញថា បុគ្គលមានលុយមានអំណាច ហាក់លែងខ្លាចប្រព័ន្ធច្បាប់នៅកម្ពុជាហើយ ធ្វើឱ្យដីសាធារណៈរបស់រដ្ឋ នៅតែប្រឈមការរំលោភបំពានពីបុគ្គលទាំងនោះ៖« វាជាសង្គមមួយប្រពៃណី ដែលយកបទល្មើសធ្វើជាផលប្រយោជន៍ យកបទល្មើសធ្វើជាទ្រព្យសម្បត្តិ អ្នកណាដែលខ្លាំង ខាងប្រព្រឹត្តបទល្មើស លួចទ្រព្យសម្បត្តិជាតិ អ្នកនោះក្លាយជាសេដ្ឋី។ វាពុំមែនសង្គមនីតិរដ្ឋពិតប្រាកដ អ្នកណាធ្វើខុសច្បាប់ ត្រូវផ្ដន្ទាទោស តែនេះអត់ទេ អ្នកណាពូកែខាងប្រព្រឹត្តអំពើទុច្ចរិត ក្លាយជាសេដ្ឋី អ្នកមាន » ។
កាលពីឆ្នាំ២០២០ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្អូញថា លោករងកម្មក្នុងការដោះស្រាយវិបត្តិដីធ្លីក្នុងខេត្តមណ្ឌលគិរី ដោយសារតែមន្ត្រីធំៗ បានប្រជែងគ្នា ទៅចាប់ដីនៅទីនោះ និងមានជម្លោះ ដីធ្លីជាច្រើនទៀត មិនទាន់ដោះស្រាយរួច។ លោកបន្តថា ជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរីកំពុងតែកើតឡើងច្រើន ដោយសារអ្នកធំៗ បានដណ្ដើមគ្នាទៅចាប់ដីនៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។