ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ធ្វើ​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី១២ កុម្ភៈ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌​យ៉ាង​ច្រើន កើតមានឡើង​ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វិនិយោគ​នៅ​តំបន់​ពួកគាត់​រស់នៅ​។ សហគមន៍​ថា ប្រភព​ចម្បង​នាំ​ឱ្យ​កើតមាន​វិបត្តិ​ដីធ្លី និង​ភាព​អយុត្តិធម៌​ច្រើន បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​សុខហ្វីន ( SOCFIN-KCD) ជាង​១​ម៉ឺន​ហិកតារ​វិនិយោគ​ដំណាំ​កៅស៊ូ​។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ឱ្យ​ដឹង​ថា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ប្រជា​សហគមន៍​ទេ ធ្វើ​ឱ្យ​ពួកគេ​ខកខាន មិនបាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ប្រទេស​បារាំង​ក្នុង​សំណុំរឿង​រំលោភ​ដី និង​បង្ខំ​ឱ្យ​អ្នកភូមិ​ទទួល​សំណង​តិចតួច។ សហគមន៍​ថា សំណុំ​រឿង​នេះ ពួកគេ​ប្ដឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុខហ្វីន ( SOCFIN-KCD) ដែល​បាន​រំលោភ​ដីធ្លី​អាស្រ័យ​ផល​របស់​សហគមន៍ និង​ឈូស​ឆាយ​ព្រៃ​អារក្ស​របស់​ជនជាតិ​ដើម​ភាគតិច ជាដើម។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ មករា​ថា ក្រុមហ៊ុន​សុខហ្វីន បាន​រំលោភ​ដីធ្លី​អាស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគតិច​អស់​ជាច្រើន​ហិកតារ បំពាន​តំបន់​ទីសក្ការៈ​បូជា ព្រៃ​តំណម និង​ព្រៃ​កប់​សព។ លើស​ពី​នេះ ក្រុមហ៊ុន​ថែមទាំង​ប្ដឹង​តំណាង​សហគមន៍ ១៥​នាក់​ទៅ តុលាការ​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ពួកគេ​សម្រេចចិត្ត​ប្ដឹង​ក្រុមហ៊ុន​នេះ ទៅ​តុលាការ​ប្រទេស​បារាំង កាលពី​ឆ្នាំ២០១៥ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន និង អាជ្ញាធរ​ជាតិ រួម​ទាំង​តុលាការ​ផង មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខវេទនា របស់​ពលរដ្ឋ​នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​ទទួលរង​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន និង​បាត់បង់​ដីធ្លី​ចិញ្ចឹមជីវិត​យ៉ាង​អយុត្តិធម៌​បែប​ណា​ក្ដី៖ «ក្រុមហ៊ុន​ហ្នឹង​យក​ដី ចម្ការ​ពួក​ខ្ញុំ​ហើយ យក​កន្លែង​ឃ្វាលគោ ក្របី យក​តំបន់​ព្រៃ​តំណម និង​ព្រៃ​កប់​សព​រួចហើយ។ មិន​ត្រឹម​យក​កន្លែង​ប្រមូល​ផល​អនុផល​ព្រៃឈើ បែប​ប្រពៃណី ជ័រអុង និង​ជ័ររាំង និង​បោចវល្លិ៍ ថែមទាំង​ប្ដឹង​ពួក​ខ្ញុំ​ពី​បទ​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ​ទៀត»។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ទៀត គឺ លោក ច្រប គ្រុន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ប្រភព​ទឹកអូរ​សំខាន់ៗ​ដែល​ជា​អាយុជីវិត​របស់​អ្នកភូមិ ផ្ដល់​ប្រយោជន៍​ដល់​សហគមន៍​ជាច្រើន​ភូមិ ត្រូវ​បាន​ក្រុមហ៊ុន​សុខហ្វីន ឈូស​ឆាយ​លុប​អស់។ លោក​ថា ពួកគេ​នឹង​ទាមទារ​យក​ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​មក​វិញ និង​ស្ដារ​ទឹកអូរ​ធម្មជាតិ​ដែល​ក្រុមហ៊ុន​លុបចោល​កន្លងទៅ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ជីវភាព​រស់នៅ របស់​ជនជាតិ​ដើម​ភាគតិច​ទទួលរង​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​បាត់បង់​ដីធ្លី ហើយ​ដី​ដែល​ពួកគេ​ធ្លាប់​អាស្រ័យ​ផល​កន្លងទៅ​ត្រូវ​បាន​ក្រុមហ៊ុន​យក​ដាំ​កៅស៊ូ​អស់​៖ «ផល​ប៉ះពាល់​ដល់​ប្រភព​ទឹក​ច្រើន ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​លប់​អូរ ហើយ​អ្វី​ដែល​គាត់​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​គាត់​មកវិញ ហើយ​បច្ចុប្បន្ន​ជីវភាព​រស់នៅ​របស់​គាត់​មានការ​លំបាក​ខ្លាំង​ដោយសារ​គាត់​អស់​ដី»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​បារាំង ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ ពី​មូលហេតុ មិន​ផ្ដល់​ទិដ្ឋាការ ដល់​ប្រជា​សហគមន៍​៩​រួប ដែល​ត្រូវ​បាន​តុលាការ​ទីក្រុង​បារីស​កោះហៅ​ថ្មីៗ​នេះ បាន​ទេ នៅ​ថ្ងៃទី១២ កុម្ភៈ។ រីឯ​តំណាង​ក្រុមហ៊ុន​សុខហ្វីន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

សហគមន៍​ថា ក្រុមហ៊ុន​សុខហ្វីន (SOCFIN-KCD) ទទួល​ថវិកា​វិនិយោគ​ពី​ក្រុមហ៊ុន បូឡារ៉េ (BOLLORE) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​កៅស៊ូ លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ​(១២.៤៤០) ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី តាំងពី​ឆ្នាំ២០០៨។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ និង​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ព្រម​ទទួល​សំណង​មិន​សមរម្យ ហើយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ ១១៤​គ្រួសារ នៅតែ​ក្រាញននៀល ប្ដឹង​ក្រុមហ៊ុន​នេះ ទៅ​តុលាការ​ក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

តំណាង​សហគមន៍ លោក ក្រើង តុលា ទាមទារ​ឱ្យ​តុលាការ​ខេត្ត​រតនគិរី ទម្លាក់​បទ​ចោទ​មក​លើ​​សហគមន៍ ១៥​នាក់ ដែល​ពួកគេ​អះអាង​ថា ក្រុមហ៊ុន​សុខហ្វីន គឺជា​ដើម​បណ្ដឹង ដើម្បី​គំរាមកំហែង​សហគមន៍​មិន​ឱ្យ​តវ៉ា ទាមទារ​ដីធ្លី​។ លោក​ថា អ្នកភូមិ​ធ្លាប់​តវ៉ា​ច្រើន​សា និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ច្រើន​ករណី​មក​ហើយ បំណង​ទាមទារ​ដីធ្លី​របស់​​ពួក​គេ ក៏​ប៉ុន្តែ​​មិន​​ត្រូវ​បាន​តុលាការ​ផ្ដល់​យុត្តិធម៌​នោះ​ទេ៖ «ព្រៃឈើ​ប៉ះពាល់​ច្រើន​ជម្រក​សត្វព្រៃ និង​កន្លែង​រក​អនុផល​ព្រៃឈើ​បែប​ប្រពៃណី​ខ្ទេច​តែម្ដង​។ នេះ​ជា​ភាព​អយុត្តិធម៌​មួយ តែ​ដល់​ក្រុមហ៊ុន​ប្ដឹង​ពលរដ្ឋ តុលាការ​ចាត់ការ​លឿន​មែនទែន»។

អគ្គលេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ឡូរ៉ង់ ថ្លែង​ថា តំណាង​សហគមន៍​បាន​ពឹង​មេធាវី​នៅ​ប្រទេស​បារាំង ជា​តំណាង​របស់​ខ្លួន ដើម្បី​ស្វែងរក​យុត្តិធម៌ និង​កំពុង​ធ្វើ​កិច្ច​ការងារ​ឱ្យ​សហគមន៍​នៅ​តុលាការ​ក្រុង​ប៉ារីស​ប្រទេស​​បារាំង។ លោក​ថា បំណង​របស់​សហគមន៍​ទាមទារ​ឱ្យ​ស្ថានទូត​បារាំង បង្ហាញ​មូលហេតុ​ឱ្យ​ច្បាស់លាស់ ករណី​មិន​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ពួកគេ ខណៈ​ប្រទេស​បារាំងជា​ប្រទេស​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស៖ «គាត់​ផ្ញើ​សារ​មួយទៀត​ទៅកាន់​ទូត​បារាំង ហេតុអ្វី​បាន​គាត់​មាន​បញ្ហា​អ៊ីចឹង​ហើយ បែរជា​រំលោភ​សិទ្ធិ​គាត់​ទៀត មិនបាន​ចូលរួម​លើក​កម្ពស់​សិទ្ធិ​គាត់ មិន​ផ្ដល់​ទិដ្ឋាការ​ (VISA)​ ឱ្យ​គាត់​ស្វែងរក​យុត្តិធម៌។ គាត់​អស់ហើយ​អត់​មានអី​ទៀត​ទេ ដោយសារ​ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ អស់ហើយ គាត់​មិនបាន ខ្លះ​គាត់​ទទួល​បាន​សំណង​ដោយ​បង្ខំ គាត់​ប្រើប្រាស់​ដី​តូច ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​អត្តសញ្ញាណ​គាត់»។

កាលពី​ឆ្នាំ​២០០៨ សហគមន៍​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ជាង ៣០០​នាក់ នាំគ្នា​ឡោមព័ទ្ធ​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​សុខហ្វីន ដែល​កំពុង​ឈូសឆាយ​នៅ​លើ​ដីចម្ការ​វិល​ជុំ​ដី​ព្រៃ​គោរព​បូជា​សហគមន៍។ ក្នុង​ហេតុការណ៍​ពេល​នោះ សហគមន៍​បាន​ដុត​គ្រឿងចក្រ​ក្រុមហ៊ុន​អស់​បី​គ្រឿង ដោយសារតែ​អ្នកភូមិ​ខឹង​សម្បារ​អាជ្ញាធរ មិន​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ ដែល​ស្នើ​សុំ​ឱ្យ​ផ្អាក​ការ​ឈូស​ឆាយ ហើយ​ក្រុមហ៊ុន​បាន​ប្ដឹង​តំណាង​សហគមន៍ ១៥​នាក់ ទៅ​តុលាការ​ពី​បទ​បង្ក​អគ្គីភ័យ បំផ្លាញ​​ទ្រព្យសម្បត្តិ​ដោយ​ចេតនា និង​ប្លន់។

ទោះជា​យ៉ាងណា ការ​ធ្វើ​សន្និសិទ​កាសែត​របស់​ជនជាតិ​ដើម​ភាគតិច ដើម្បី​សម្ដែង​ការ​តស៊ូ​មតិ​របស់​ពួកគាត់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ ទី​១២ កុម្ភៈ​នេះ មិន​មាន​ការរារាំង​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង បន្ថែម​ថា ពួកគេ​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត ដើម្បី​ទាមទារ​ឱ្យ​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ពួកគេ ទៅ​ស្រាយ​បំភ្លឺ​នៅ​ពេល​ក្រោយៗ​ទៀត នៅ​តុលាការ​ក្រុង​ប៉ារីស​ប្រទេស​បារាំង ខណៈ​ដែល​សហគមន៍​គ្មាន​ជំនឿ​លើ​ប្រសិទ្ធភាព​ការងារ​អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។