ជនជាតិដើមភាគតិចកាចក់ រាប់ពាន់គ្រួសារ រស់នៅក្នុងភូមិចំនួន ១២ ជាប់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ(Hoang AnhGia Lai (HAGL)ថា មានចេតនាគេចវេះ មិនព្រមកាត់ឆ្វៀលប្រគល់ដីដែលប៉ះពាល់ជូនប្រជាសហគមន៍ ដូចការសន្យា។ តំណាងសហគមន៍រអ៊ូថា ការពន្យារពេលដោះស្រាយបញ្ហានះ របស់អាជ្ញាធរនឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនវៀតណាម បន្តរំលោភបំពានម្ដងហើយម្ដងទៀត លើតំបន់ភ្នំអារក្ស ដីព្រៃច្រប់ ព្រៃកប់សព និងទឹកអូរធម្មជាតិ។
ជនជាតិដើមភាគតិចកាចក់ទាំងនោះ រស់នៅស្រុកអណ្តូងមាស និងស្រុកអូរជុំ បានត្អូញត្អែរពីភាពយឺតយ៉ាវ ក្នុងការទទួលបានដីកាត់ឆ្វៀលផលប៉ះពាល់ នៅតំបន់មានជម្លោះ ជាង ៦០កន្លែង (៦៤) មានទំហំសរុបជាង ៧រយហិកតា (៧៤២.៤)។ ប្រជាសហគមន៍ថា ពលរដ្ឋ ១២ភូមិ បានទទឹងរង់ចាំ អាជ្ញាធរដោះស្រាយរឿងនេះ ជិត ១០ ឆ្នាំមកហើយ។
តំណាងសហគមន៍ភូមិកាក់ ឃុំតាឡាវ លោក សល់ សើយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែធ្នូថា ក្រុមហ៊ុនវៀតណាមមួយនេះ មានល្បិចកល់ច្រើន ដើម្បីបន្តរំលោភយកដីមានជម្លោះ ដែលអាជ្ញាធរ និងតំណាងក្រុមហ៊ុនបានឯកភាព កាត់ឆ្វៀល ប្រគល់ជូនសហគមន៍ តាំងពីឆ្នាំ២០១៤។ លោកថា កម្មកររបស់ក្រុមហ៊ុនវៀតណាម តែងតែលួចបោះបង្គោលរបង បំពានចូលដីសហគមន៍អស់ជាច្រើនហិកតារ ធ្វើឱ្យអ្នកភូមិកើតទុក្ខមិនសុខចិត្តដោយស្នើឱ្យអាជ្ញាធរខេត្តរតនគិរី និង ក្រសួងកសិកម្ម ពន្លឿនដោះស្រាយរឿងនេះជាបន្ទាន់៖ «ក្នុងសហគមន៍គេនៅរអ៊ូរទាំថា គេថាចែកឱ្យៗ សហគមន៍មិនទាន់ឃើញស្រេចបាច់ផង។ គេថា ចែកៗតែមាត់ ប៉ុន្តែការជាក់ស្តែងអត់ឃើញ សោះតែម្តងបង។ ថ្ងៃណា ខែណា បានប្រគល់ឱ្យច្បាស់លាស់ »។
តំណាងសហគមន៍រូបនេះបន្ថែមថា កន្លងទៅ ក្រុមហ៊ុនវៀតណាម បានយកដីលុបទឹកអូរជិត ១០កន្លែង និងចោលកាកសំណល់ជាច្រើន ចូលក្នុងអូរធម្មជាតិ ធ្វើឱ្យទឹកល្អក់មិនអាចប្រើប្រាស់បាន ប៉ះពាល់ត្រី និងជីវម្រុះ។ លោកថា កន្លងទៅ ក្រុមហ៊ុនបានសន្យារថា នឹងស្តារអូរឱ្យជ្រៅ ប៉ុន្តែមកទល់ពេលនេះ មិនឃើញក្រុមហ៊ុនអនុវត្តនៅឡើយទេ។
តំណាងសហគមន៍ម្នាក់ទៀតលោក សេវ ស៊ើន ថ្លែងថា មកទល់ពេលនេះមានអូរជាច្រើន ដូចជា អូររ៉ក អូរតាវ អូរម្លូ និង អូរឌៀក ជាដើម គឺក្រុមហ៊ុនមិនទាន់កាយដីចេញ ដើម្បីបើកចរន្តទឹកឱ្យមានលំហូរបែបធម្មជាតិនៅឡើយទេ។ លោកថា ភ្នំកាតួ ក៏កំពុងប្រឈមបាត់បង់រូបរាងដែរ ព្រោះក្រុមហ៊ុនបានយកគ្រឿងចក្រ កាយជើងភ្នំ ដើម្បីយកដីចាក់លុបអូរធម្មជាតិ ជាច្រើន ធ្វើឱ្យទឹកអូរកខ្វក់ ប៉ះពាល់ដល់ កន្លែងអាស្រ័យផលរបស់អ្នកភូមិ។
លោកថា ទល់ពេលនេះ ប្រជាសហគមន៍ខាំចិត្តយ៉ាងខ្លាំង ក្នុងការរង់ចាំដំណោះស្រាយពីអាជ្ញាធរជាច្រើនឆ្នាំមកហើយ ដើម្បីទទួលបានដីជាក់ស្ដែង ពីក្រុមហ៊ុន និងអាជ្ញាធរដែលប្រកាសកាត់ឆ្វៀលប្រគល់ឱ្យពួកគាត់។ លោកចាត់ទុក ភាពយឺតយ៉ាវនេះ ជាលេស ដើម្បីបន្តរំលោភបំពាន តំបន់ទឹកអូរធម្មជាតិ ភ្នំអារក្ស និង ដីចម្ការវិលជុំ របស់អ្នកភូមិ៖ «ធម្មតាព្រៃវានៅសំបូរ ការកស៊ីវាស្រួល ឥលូវនេះអូរវាលុប មានតែសុទ្ធតែភក់។ ខ្ញុំធ្វើម៉េចឱ្យក្រុមហ៊ុនកាយដី ឱ្យវាហូរបែបធម្មជាតិវិញ។ ធ្វើម៉េចឱ្យក្រុមហ៊ុនធ្វើឆាប់ៗ បន្តិចព្រោះទឹកអូរ វាល្អក់ពេក»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកលើក នៅថ្ងៃទី១៣ ខែធ្នូ។ ចំណែកអភិបាលខេត្តរតនគិរី ដែលទើបតែងតាំងថ្មី គឺលោក ញ៉ែម សំអឿន និងតំណាងក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែអភិបាលរងខេត្តរតនគិរី លោក យឹម ជែន និងមន្ត្រីជំនាញ កាលពីខែមិថុនាកន្លងទៅ បានចុះជួបប្រជាសហគមន៍ ដោយសន្យាថា នឹងកំណត់ព្រំដី កាត់ឆ្វៀលផលប៉ះពាល់ ជូនពលរដ្ឋឱ្យច្បាស់លាស់។ អភិបាលរងខេត្តរូបនេះ បានថ្លែងនៅចំពោះមុខអ្នកភូមិថា ការពន្យារពេលមិនព្រមប្រគល់ដីកាត់ឆ្វៀលទំហំជាង ៧រយ ហិកតាជូនសហគមន៍ នឹងបង្កើតឱ្យមានបញ្ហាជាច្រើន ប៉ះពាល់ដល់ពលរដ្ឋ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តក៏កំពុងរង់ចាំ សេចក្តីសម្រេចរបស់អាជ្ញាធរជាតិ ក្នុងការដោះស្រាយរឿងនេះដែរ។
ប្រជាសហគមន៍នៅចាំថា កាលពីឆ្នាំ២០១៤ រដ្ឋបាលខេត្តរតនគិរីបានស្នើទៅក្រសួងកសិកម្ម កាត់ឆ្វៀលតំបន់មានជម្លោះជាង ៦០កន្លែង (៦៤) មានទំហំជាង ៧រយហិកតា ( ៧៤២.៤) ប្រគល់ជូនប្រជាសហគមន៍វិញ។ តំបន់នោះរួមមាន ភ្នំអារក្ស ២០កន្លែង តំបន់កប់សព ២ កន្លែង ដីចម្ការវិលជុំ ព្រៃអារក្ស កន្លែងឃ្វាលគោក្របី និង តំបន់ប្រភពទឹកអូរធម្មជាតិដែលជាទីកន្លែងសហគមន៍អាស្រ័យផលដូចជា នេសាទត្រី និងស្រោចស្រពដំណាំកសិកម្មជាដើម។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី មានប្រសាសន៍ថា មកទល់ពេលនេះ នីតិវិធីផ្ទេរផ្ទៃដី ដែលបានឯកភាពកាត់ឆ្វៀល ជូនប្រជាសហគមន៍កំពុងឋិតក្នុងដំណើរការនៅឡើយ ព្រោះមានបញ្ហាមួយចំនួនត្រូវជជែកពិភាក្សា រកដំណោះស្រាយ ពីតំណាងក្រុមហ៊ុន និង អាជ្ញាធរខេត្ត។ លោកថា ភាគីពាក់ព័ន្ធកំពុងជជែកគ្នាបន្ថែមទៀត ដែលមានលក្ខណៈស្មុគស្មាញ ទាក់ទិននឹងការកំណត់ទំហំផ្ទៃដីដែលត្រូវកាត់ឆ្វៀល៖ «ចូលរួមពីក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនទៀត ដែលឯកភាពថា ក្រុមហ៊ុនបានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ យើងសង្ឃឹមថា វាជាជំហានមួយដ៏ល្អ យើងនឹងចរចាទៅមុខទៀតដំណោះស្រាយយ៉ាងណា ? យើងនឹងតាមដានរឿងហ្នឹងបន្តទៀត»។
កាលពីចុងឆ្នាំ ២០២០ អង្គការសមធម៌កម្ពុជា (Equitable Cambodia) បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមហ៊ុនវៀតណាមនេះ បានឈូសឆាយដីភ្នំអារក្ស ដើម្បីយកដីលុបទឹកអូរធម្មជាតិចំនួន ២ ទៀត គឺអូរ អន្សាង និងអូររ៉កដែលផ្ដល់សារៈសំខាន់យ៉ាងច្រើនដល់សហគមន៍។ លើសពីនេះក្រុមហ៊ុនបានឈូសឆាយដីនៅតំបន់ផ្សេងទៀត ដែលក្រុមហ៊ុនបានឯកភាពកាត់ឆ្វៀល ប្រគល់ជូនសហគមន៍។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ទទួលសិទ្ធិវិនិយោគដំណាំកៅស៊ូលើផ្ទៃដីទំហំ ៥ ម៉ឺនហិកតា ពីក្រសួងកសិកម្ម កាលពីឆ្នាំ២០១០ ក្នុងរយៈពេល ៥០ ឆ្នាំ។ ប្រជាសហគមន៍ថា ក្រុមហ៊ុននេះ បង្កប៉ះពាល់ជនជាតិដើមភាគតិចចំនួន ១២ភូមិ រស់នៅស្រុកអណ្តូងមាស និងស្រុកអូរជុំ សរុបប្រមាណជាង ១ពាន់ ៣រយគ្រួសារ(១.៣៧០)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។