ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​អះអាង​ថា ដីព្រៃ​កប់​សព​ចំនួន ៤​កន្លែង​ត្រូវ​ក្រុមហ៊ុន​ឯកជន​រំលោភ​យក

ដោយ ប្រាជ្ញ ចេវ
2024.09.17
ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​អះអាង​ថា ដីព្រៃ​កប់​សព​ចំនួន ៤​កន្លែង​ត្រូវ​ក្រុមហ៊ុន​ឯកជន​រំលោភ​យក អភិបាលខេត្ត​មណ្ឌលគិរី លោក ថោង សាវុន ចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​មណ្ឌលគិរី

ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​អះអាង​ថា ដីព្រៃ​កប់​សព​របស់​ពួកគាត់​ចំនួន ៤​កន្លែង​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​រំលោភ​យក ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​មិន​ព្រម​ទប់ស្កាត់ និង​ជួយ​ដោះស្រាយ​នោះទេ ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​នេះ ប្រសើរ​ជាង​គេចវេះ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ពួកគាត់

ដីព្រៃ​កប់​សព​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៤​កន្លែង​ផ្សេង​គ្នា ស្ថិតនៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវ​ក្រុមហ៊ុន​ឯកជន​រំលោភ​យក​ទាំងស្រុង ហើយ​ក្រុមហ៊ុន​បាន​លួងលោម​ពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​លក់​ដីចម្ការ​វិល​ជុំ​បែប​ប្រពៃណី​ថែម​ទៀត។ សហគមន៍​លើកឡើង​ទៀតថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ទើប​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​ហ៊ាន​រំលោភ​យក​ដី​ប់​សព​បែប​នេះ

តំណាង​សហគមន៍​ភូមិ​ពូទ្រូ លោក ប្រុង ភើង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​ថា មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ដែល​លោក​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​រំលោភ​យក​ដីព្រៃ​កប់​សព​របស់​ជនជាតិ​ដើម​ភាគតិច​ចំនួន​៤​កន្លែង​ផ្សេងគ្នា និង​ដីចម្ការ​វិលជុំ​បែប​ប្រពៃណី ហើយ​សហគមន៍​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ និង​ត្រូវ​ប្រគល់​ដីព្រៃ​កប់​សព​ទាំងនោះ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ពីព្រោះ​ពលរដ្ឋ​មិន​មាន​ដីព្រៃ​សម្រាប់​កប់​សព​ទៀត​នោះទេ។

លោក ប្រុង ភើង៖ «និយាយ​អត់​ចេញ​ទេ ភូមិ​អត់​ជួយ​ទេ ភូមិ​រុញ​ឲ្យ​ទៅ​ឃុំ ឃុំ​រុញ​ឲ្យ​ទៅ​ស្រុក​ដល់​ពេលទៅ​ដល់​ស្រុក​អត់​ឃើញ​ដោះស្រាយ​ទេ ដី​ខ្មោច ដី​ចម្ការ​វិលជុំ​របស់​ជនជាតិដើម​ភាគតិច ចង់​ឲ្យ​យក​មក​វិញ ហើយ​ឲ្យ​ខាង​ពួក​ខ្ញុំ​បាន​រស់នៅ​ដូច​ពីមុន​មក ដូច​ពី​ដូនតា​ចង់​ឲ្យ​សុខ​សប្បាយ»។

អ្នកភូមិ​អះអាង​ទៀត​ថា អាជ្ញាធរ​ភូមិ​ឃុំ​មិន​បាន​ទប់ស្កាត់​ឬ​រក្សា​ដីព្រៃ​កប់​សព​នោះទេ ផ្ទុយ​ទៅវិញ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន បោះត្រា និង​ចុះហត្ថលេខា​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ថែមទៀត

ជុំវិញ​រឿងនេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។

ក្រៅពី​ដីព្រៃ​កប់​សព​ហើយ​នោះ ដីភ្នំ ព្រៃ​ជំនឿ​ជាច្រើន​កន្លែង​ទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​អាជ្ញាធរ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​មាន​អំណាច រំលោភ​យក និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជា​ដីឯកជន​បន្តបន្ទាប់​។ លើសពីនោះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លក់​ដីស្រែ​ចម្ការ​រប​ស់​ខ្លួន រួច​នាំគ្នា​ចូលទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ ដើម្បី​អាស្រ័យ​ផល ហើយ​អាជ្ញាធរ​មិនបាន​អើពើ​ទប់ស្កាត់​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី ជំរុញ​ឲ្យ​អាជ្ញាធរ​នៅ​តំបន់​នោះ ស្វែង​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​ឈរ​លើ​ប្រយោជន៍​របស់​ជនជាតិដើម​ភាគតិច​ជាធំ ពីព្រោះ​ពួកគាត់​ជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត។

លោក ប៊ី វ៉ាន់នី៖ «យើង​គួរតែ​ធ្វើការ​ការពារ​នូវ​វប្បធម៌​ឲ្យ​ល្អប្រសើរ​របស់​ជនជាតិ​ដើម​ភាគតិច ការពារ​នូវ​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច ពីព្រោះ​វប្បធម៌​ជនជាតិដើម​ភាគតិច​គាត់​រស់នៅ ហើយ​យើង​ជា​អ្នកមាន​លុយ​មានអំណាច សូម្បីតែ​ដីព្រៃ​កប់​សព​យើង​ចង់​បាន​ដែរ មិន​ដឹង​ថា ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ជា​ជន​ងាយ​រងគ្រោះ ឬក៏​យើង​ជា​អ្នកមានអំណាច​មាន​លុយ​ជា​ជនរងគ្រោះ»។

កាលពី​ឆ្នាំ​២០១៩ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យ​ហ៊ុមព័ទ្ធ និង​ថែរក្សា ដីព្រៃ​ភ្នំ ដី​អាស្រ័យ​ផល និង​ចម្ការ​ស្រល់ ទុកជា​តំបន់​អភិរក្ស​ការពារ និង​ជា​តំបន់​ទេសចរណ៍ ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ នៅតែ​មាន​ក្រុម​ឈ្មួញ​រំលោភ​យក ដោយ​មិន​ខ្លាច​ញញើត​បទបញ្ជា​មួយ​នេះ​ឡើយ

ជនជាតិដើម​ភាគតិច​ព្នង​ព្រមាន ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍ ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ក៏​ដូច​នាយករដ្ឋមន្ត្រី ប្រសិនបើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នៅតែ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។