ជនជាតិដើមភាគតិចព្នងដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីររំពឹងថា អភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី គឺលោក ស្វាយ សំអ៊ាង នឹងដោះស្រាយបញ្ហាប្រឈមនានា ជូនជនជាតិដើមព្នងឱ្យជ្រះស្រឡះ ជាពិសេសពន្លឿនចុះបញ្ជីដីព្រៃសមូហភាពសហគមន៍ភូមិក្បាលរមាស។ លោក ស្វាយ សំអ៊ាង ប្ដេជ្ញាថា លោកនឹងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំថា ជម្លោះដីធ្លី គឺជាបញ្ហាធំដែលនាំឲ្យបក្សកាន់អំណាចបាត់បង់សន្លឹកឆ្នោត បើមិនព្យាយាមដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព។
ជនជាតិដើមព្នង ៥៣គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ អំពាវនាវឱ្យអភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង យកចិត្តទុកដាក់ខ្ពស់ដោះស្រាយទុក្ខវេទនា និងរឿងអយុត្តិធម៌ជាច្រើន ដែលអាជ្ញាធរខេត្តនេះ មិនសូវដោះស្រាយជាច្រើនឆ្នាំមកហើយ។ អ្នកភូមិសង្ឃឹមថា អាជ្ញាធរខេត្តស្ទឹងត្រែងថ្មី នឹងបញ្ឈប់កាត់ឆ្វៀលដីព្រៃសហគមន៍មួយផ្នែកធំទំហំជិត ៨ពាន់ហិកតារ វិនិយោគឱ្យក្រុមហ៊ុនឯកជន។
តំណាងសហគមន៍ភូមិក្បាលរមាសលោកស្រី ស្រាំង ឡាញ់ ឱ្យដឹងនៅថ្ងៃទី៤ តុលាថា អភិបាលខេត្តស្ទឹងត្រែងចាស់លោក ម៉ុម សារឿន បានឯកភាពចុះបញ្ជីដីសមូហភាពសហគមន៍ត្រឹមតែជាង ៩៤១ហិកតារ ប៉ុណ្ណោះធ្វើឱ្យអ្នកភូមិមិនពេញចិត្ត។ លោកស្រីថា ទង្វើរបស់អាជ្ញាធរកំពុងបំផ្លិចបំផ្លាញព្រៃជំនឿព្រៃកប់សពដីចម្ការវិលជុំ និងជម្រកសត្វព្រៃ ដែលពួកគាត់ព្យាយាមអភិរក្សជាច្រើនជំនាន់មកហើយ។ លោកស្រីសង្ឃឹមថា អភិបាលខេត្តថ្មី នឹងដោះស្រាយបញ្ហាប្រឈមនេះ ធ្វើយ៉ាងណាឱ្យសហគមន៍មានសុវត្ថិភាពដីធ្លីច្បាស់លាស់ ដែលជាផ្នែកមួយលើកកម្ពស់ប្រពៃណី និងវប្បធម៌ ជនជាតិដើមភាគតិចព្នង៖ «ខ្ញុំមិនពេញចិត្តអនុសាសន៍គាត់ឱ្យគាត់ដីសហគមន៍តិចពេក ( ម៉ុម សារឿន ) ឱ្យសហគមន៍តែ ៩៤១ហិកតារ បាត់បង់ព្រៃអារក្ស ចម្ការវិលជុំ និងព្រៃជំនឿជាច្រើន»។
ស្ត្រីដដែលបន្ថែមថា ពួកគាត់មិនព្រមទទួលសំណង ហើយរំកិលមករស់នៅលើទីទួលសុវត្ថិភាពជាង ៤ឆ្នាំ ទាំងលំបាកវេទនា ដោយសារស្ដាយព្រៃឈើកេរដូនតា។ ហេតុនេះ លោកស្រីចង់អភិរក្សព្រៃឈើ និងសត្វព្រៃឱ្យគង់វង្ស ប្រសិនបើអាជ្ញាធរឆ្វៀលព្រៃសហគមន៍ ដ៏ធំសម្បើមវិនិយោគឱ្យក្រុមហ៊ុនឯកជននឹងបង្កគ្រោះថ្នាក់ដល់ជីវិតរស់នៅធ្វើឱ្យពលរដ្ឋរងគ្រោះម្ដងហើយម្ដងទៀតពីគម្រោងអភិវឌ្ឍន៍គ្មានទីបញ្ចប់។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅព្រឹកថ្ងៃទី៤ តុលា បានធ្វើជាអធិបតីប្រកាសមុខតំណែងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែងថ្មីជំនួសលោក ម៉ុម សារឿន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំឱ្យអភិបាលស្ទឹងត្រែង ដែលទើបតែងតាំងថ្មីប្រមូលបញ្ហាជម្លោះដីធ្លីដោះស្រាយជូនពលរដ្ឋដោយយុត្តិធម៌ និងតម្លាភាព បើពុំនោះទេបញ្ហាជម្លោះដីធ្លីនេះ នឹងជះឥទ្ធិពលដល់ការបាត់បង់សន្លឹកឆ្នោតនៅពេលខាងមុខ។ លោកដាស់តឿនឱ្យលោក ស្វាយ សំអ៊ាង យកចិត្តទុកដាក់បំពេញភារកិច្ចអនុលោមតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានជាធរមានចៀសវាងប្រើប្រាស់តួនាទីមិនត្រឹមត្រូវ ដោយមិនប្រកាន់បក្ខពួក និងគ្រួសារនិយម៖ «ខ្ញុំគិតថា យើងខិតខំប្រមូលបញ្ហាប្រឈម និងអសកម្ម ដូចជាទំនាស់ដីធ្លី យកមកដោះស្រាយ ឱ្យមានការគាំទ្រពីក្រុមការងារផង»។
ក្រោយទទួលបានការតែងតាំងជាអភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង បានឡើងប្ដេជ្ញាថា លោកនឹងខិតខំអនុវត្តតួនាទី និងភារកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនពលរដ្ឋស្របតាមគោលនយោបាយច្បាប់ និងលិខិតបទបញ្ជារបស់រដ្ឋាភិបាល ដោយទទួលខុសត្រូវនូវអភិក្រមទាំង៥ របស់ថ្នាក់ដឹកនាំ៖ «ប្ដេជ្ញាយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ កាត់បន្ថយអំពើរំលោភច្បាប់ និង ភាពអយុត្តិធម៌សង្គម ដោយប្រកាន់ភ្ជាប់នូវអភិក្រមទី៥ របស់នាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់»។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលមើលឃើញថា អភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង មានបទពិសោធន៍ច្រើនដោះស្រាយ បញ្ហាប្រឈមជូនជនជាតិដើមភាគតិច និងស្វែងយល់ច្រើន ពីសុខទុក្ខជនជាតិដើមភាគតិច។ អភិបាលខេត្តរូបនេះ បានជំរុញឱ្យមានការចុះបញ្ជីដីសមូហភាពក្នុងខេត្តមណ្ឌលគិរី បាន ៦សហគមន៍ ក្នុងពេលដែលលោកកាន់តំណែងជាអភិបាលខេត្តជាង ៦ឆ្នាំ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្ឃឹមថា អភិបាលខេត្តស្ទឹងត្រែងថ្មី នឹងដោះស្រាយ បញ្ហានានាជូនជាតិដើមភាគតិចព្នងដោយយុត្តិធម៌ និងគោរពសិទ្ធិពលរដ្ឋ ដែលស្នើសុំការយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ជាច្រើនឆ្នាំមកហើយ។ លោកថា សំណើរបស់ពលរដ្ឋចង់ថែរក្សាធនធានធម្មជាតិ និងព្រៃឈើឱ្យបានល្អ ព្រោះជីវិតរស់នៅរបស់ជនជាតិដើម គឺពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ មិនចង់ឱ្យអាជ្ញាធរប្រគល់ដីព្រៃវិនិយោគឱ្យក្រុមហ៊ុនឯកជននោះទេ៖ «ភាគច្រើននៅមណ្ឌលគិរីសុទ្ធជនជាតិដើមភាគតិច យើងសង្ឃឹមថា គាត់នឹងដឹងពីទុក្ខលំបាករបស់ជនជាតិដើមភាគតិច ហើយគាត់នឹងជំរុញឱ្យមានដំណោះស្រាយជូនជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីក្រុមហ៊ុនទំនប់វារីអគ្គិសនី និងក្រុមហ៊ុនចិន ស៊ីវ ហ្គេច»។
ព្រៃសហគមន៍ភូមិក្បាលរមាសមានផ្ទៃដី ៧.៨៣៦ហិកតារ ហើយសហគមន៍បានស្នើសុំចុះបញ្ជីជាព្រៃអភិរក្សតាំងពីឆ្នាំ២០១២ តែអាជ្ញាធរខេត្តស្ទឹងត្រែងបានបដិសេធ។ រីឯក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីជនជាតិដើមភាគតិចរស់នៅតំបន់នោះជាស្វ័យអត្តសញ្ញាណ កាលពីឆ្នាំ២០១៨។ ព្រៃសហគមន៍នេះក្រុមជនជាតិដើមភាគតិចបានកំណត់លក្ខន្តិកៈផែនទីបទបញ្ជាផ្ទៃក្នុង និង GPS កំណត់ព្រំប្រទល់ ដែលមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល និងមន្ទីរអភិវឌ្ឍន៍ជនបទ។
រីឯអគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យន់ ឡូរ៉ង់ វិញ លោកគិតថា អភិបាលខេត្តថ្មីនឹងយកចិត្តទុកដាក់ការពារសុវត្ថិភាពដីធ្លី តាមរយៈចុះបញ្ជីដីសមូហភាពជូនជនជាតិដើមភាគតិច ដើម្បីរក្សាបាននូវប្រពៃណី វប្បធម៌ និងជីវភាពរស់នៅរបស់ពួកគាត់។ លោកថា ព្រៃឈើនៅភូមិក្បាលរមាស នៅសេសសល់ព្រៃតិចតួចប៉ុណ្ណោះ រដ្ឋាភិបាលពុំគួរកាត់ឆ្វៀលបន្ថែមទៀត វិនិយោគឱ្យក្រុមហ៊ុនចិននោះទេ ព្រោះទង្វើនេះនឹងបំផ្លាញធនធានធម្មជាតិ ជីវចម្រុះ និងសត្វព្រៃទាំងស្រុង។
លោកយល់ថា អាជ្ញាធរខេត្តស្ទឹងត្រែងគួរតែឯកភាពតាមសំណើរបស់សហគមន៍ ចុះបញ្ជីដីសមូហភាព ដើម្បីស្ដារមុខមាត់រដ្ឋាភិបាល ដែលជម្លៀសពលរដ្ឋចេញពីលំនៅឋាន ក្រោមរូបភាពអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី៖ «យើងមើលឃើញថា ទាល់តែថ្នាក់ដឹកនាំអត់មានផលប្រយោជន៍ ក្នុងកន្លែងណាមួយ ទើបការដោះស្រាយនឹងមានប្រសិទ្ធភាព។ យើងសង្ឃឹមថា លោក ស្វាយ សំអ៊ាង លោកថ្មីនឹងមានករណីបែបហ្នឹងកើតឡើង ហើយអាចដោះស្រាយសមស្របសម្រាប់សហគមន៍រស់នៅទីនោះជួបការលំបាកច្រើន»។
ប្រជាសហគមន៍ភូមិក្បាលរមាសស្រមៃថា ប្រសិនបើអាជ្ញាធរទុក្ខព្រៃសហគមន៍ឱ្យគង់វង្ស ដើម្បីផ្តល់ជម្រកសត្វព្រៃកម្ររស់នៅ រួមមាន សត្វខ្ទីង ក្ងោក ប្រើស ឈ្លូស ស្វាព្រៃ និងជ្រូកព្រៃជាដើម អ្នកភូមិរស់នៅតំបន់នោះ នឹងមានប្រាក់ចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិ និងប្រមូលអនុផលព្រៃឈើ ប្រសើរជាងវិនិយោគឱ្យក្រុមហ៊ុនឯកជនកាប់បំផ្លាញព្រៃឈើ និងកម្ទេចជម្រកសត្វព្រៃបន្សល់ចុងក្រោយ។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៣គ្រួសារ បូករួមទាំងពលរដ្ឋបំបែកគ្រួសារបានបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចស្រែវាលឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។