ពលរដ្ឋ​ចោទ​អភិបាល​ស្រុក​ក្រគរ​ថា​យក​ដី​ពលរដ្ឋ​ទៅ​ឲ្យ​ប្អូន​ខ្លួន

ដោយ ជិន ជេដ្ឋា
2017-06-14
Share
ជម្លោះ​ដី ក្រគរ ពោធិ៍សាត់ ៨៥៥ ទីតាំង​ដី​មាន​ជម្លោះ​នៅ​ក្បែរ​ផ្សារ​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​លោកស្រី ប៊ុង គៀង ចង​បណ្ដា​ជូន​ដំណឹង​នៅ​លើ​ដី​បញ្ជាក់​ថា ដី​កំពុង​មាន​ជម្លោះ​មិន​អាច​អភិវឌ្ឍ​អ្វី​បាន។ រូបថត​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

អតីត​អធិការ និង​បច្ចុប្បន្ន​ជា​អភិបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក ប៊ិន វណ្ណា ត្រូវ​ពលរដ្ឋ​ចោទ​ថា បំពាន​អំណាច​សាលក្រម​តុលាការ និង​យក​ដី​កម្មសិទ្ធិ​អ្នក​ដទៃ​ទៅ​ប្រគល់​ឲ្យ​ប្អូន​បង្កើត​របស់​ខ្លួន។ ចំណែក​អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ដោយ​ឲ្យ​លោកស្រី ប៊ុង គៀង ដែល​ជា​អ្នក​ចោទ​ប្រកាន់​រូប​លោក​ទៅ​សាកសួរ​រក​ខុសត្រូវ​ពី​តុលាការ​វិញ។

ជម្លោះ​ដីធ្លី​រវាង​គ្រួសារ​អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា ជាមួយ​ពលរដ្ឋ​ដែល​ជា​អ្នក​ទិញ​ដី​ឡាយឡុង​ពី​តុលាការ បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​ចប់។ ពលរដ្ឋ​ថា ការ​អូស​បន្លាយ​នេះ​ដោយសារ​តែ​លោក ប៊ិន វណ្ណា ជា​អ្នក​នៅ​ពី​ក្រោយ ហើយ​បំពាន​ផ្ទេរ​កម្មសិទ្ធិ​ដី​មួយ​ផ្នែក​ដែល​តុលាការ​សម្រេច​លក់​ឡាយឡុង​ឲ្យ​គាត់​យក​ទៅ​ឲ្យ​ប្អូន​របស់​ខ្លួន​ទៅ​វិញ។

លោកស្រី ប៊ុង គៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​១៣ ខែ​មិថុនា ថា លោក ប៊ិន វណ្ណា បាន​ប្រើ​អំណាច​របស់​ខ្លួន​ជា​អភិបាល​ស្រុក ដើម្បី​បន្ទច់បង្អាក់​រឿងរ៉ាវ​ដីធ្លី​នេះ​គ្រប់​ច្រកល្ហក។ ជាក់ស្ដែង​លោក​បាន​ផ្ទេរ​ដី​ឲ្យ​ប្អូន​ ដើម្បី​ធ្វើ​ផ្ទះ​​ និង​អគារ​សម្រាប់​ជួល ចំណែក​ដី​ដែល​លោកស្រី​ត្រូវ​ទទួល​បាន​ស្រប​ច្បាប់​ពី​តុលាការ​នោះ បែរ​ជា​លោក ប៊ិន វណ្ណា ឲ្យ​ដី​ចំណី​ផ្លូវ ហើយ​មិន​បាន​គ្រប់​ទំហំ ៣៦៨​ម៉ែត្រការ៉េ ទៅ​តាម​សាលក្រម​តុលាការ​នោះ​ទេ៖ «ពាក្យ​បណ្ដឹង​ខ្ញុំ​នៅ​សាលាឧទ្ធរណ៍ ហើយ​មក​ដល់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដី​ស្របច្បាប់​ដែល​ខ្ញុំ​ទិញ​ពី​តុលាការ។ ប៊ិន វណ្ណា ជា​អ្នក​ជួយ​លក់​ឲ្យ​គាត់ ហើយ​ខ្ញុំ​ជា​អ្នក​ទិញ​ពី​តុលាការ​បន្ត ហើយ​គាត់​មិន​ទាន់​បាន​ប្រគល់​ដី​ស្រប​ច្បាប់​ឲ្យ​ខ្ញុំ​ផង គាត់​បែរ​ជា​យក​ដី​ស្រប​ច្បាប់​ដែល​ត្រូវ​ប្រគល់​ឲ្យ​ខ្ញុំ​ហ្នឹង យក​ទៅ​ផ្ទេរ​ឲ្យ​ប្អូន​គាត់​ធ្វើ​ផ្ទះ ជួល​ឲ្យ​ទៅ​អង្គការ​ខាង​ធនាគារ​វិញ»

លោកស្រី ប៊ុង គៀង រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៩៨ រូប​គាត់​បាន​ចំណាយ​លុយ ៤​ពាន់​ដុល្លារ ដើម្បី​ទិញ​ដី​ទំហំ​ទទឹង ៨ គុណ​នឹង ៤៦​ម៉ែត្រ ឋិត​នៅ​ជាប់​ផ្សារ​ក្រគរ ពី​តុលាការ​ខេត្ត​ពោធិ៍សាត់។ ដី​នេះ​ជា​ដី​របស់​លោក ប៊ិន វណ្ណា ដាក់​​ធានា​ម្ដាយ​ក្មេក​ចេញ​ពី​ការ​ដាក់​ពន្ធនាគារ​បង្ខំ​រូបកាយ​តាម​អំណាច​សាលក្រម​តុលាការ ដោយ​មាន​ម្ចាស់​បំណុល​ជា​ច្រើន​នាក់ ប្ដឹង​ទាមទារ​ឲ្យ​ម្ដាយ​ក្មេក​សង​លុយ​ជំពាក់​គេ។

ក្រោយ​មក​តុលាការ​បាន​សម្រេច​លក់​ឡាយឡុង​ដី​នេះ ដើម្បី​យក​លុយ​ទៅ​សង​ម្ចាស់​បំណុល ហើយ​លោកស្រី ប៊ុង គៀង ជា​អ្នក​ទិញ​ដី​នេះ​បាន​ស្រប​ច្បាប់។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​ទិញ​មក លោកស្រី​មិន​អាច​សង់​សំណង់​រឹង ឬ​លក់ដូរ​បាន​ឡើយ ដោយ​មន្ត្រី​សុរិយោដី​អះអាង​ថា ជា​ដី​ចំណី​ផ្លូវ ហើយ​លោកស្រី​បាន​ប្ដឹង​លោក ប៊ិន វណ្ណា ជុំវិញ​រឿង​នេះ​ទៅ​តុលាការ​ ប៉ុន្តែ​មិន​ឃើញ​រក​យុត្តិធម៌​ឲ្យ​លោកស្រី​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ក្រគរ លោក ប៊ិន វណ្ណា ប្រតិកម្ម​តប​យ៉ាង​ខ្លី​មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា ឲ្យ​គាត់​ទៅ​សួរ​តុលាការ​ខ្លួន​ឯង។

ទោះ​ជា​យ៉ាង​ណា​លោកស្រី ប៊ុង គៀង ថ្លែង​បែប​ម៉ឺងម៉ាត់​ថា អំពើ​អយុត្តិធម៌​ពី​អ្នក​មាន​លុយ និង​មាន​អំណាច​បច្ចុប្បន្ន គឺ​លោកស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោកស្រី​ថា បើ​ទោះ​ជា​លោកស្រី​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទៀត ឬ​អស់​ជីវិត​នៅ​ថ្ងៃ​ណា​មួយ​លោកស្រី​នឹង​ប្ដឹង​ករណី​អយុត្តិធម៌​ទៅ​តុលាការ​ខ្មោច​ទៀត ប៉ុន្តែ​ពេល​នេះ​លោកស្រី​តស៊ូ​សិន​ក្រែង​តុលាការ​ផ្ដល់​យុត្តិធម៌​នៅ​ថ្ងៃ​ណា​មួយ៖ «សំណូមពរ​ឲ្យ​អាស៊ីសេរី ជួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បម្រើ​រាស្ត្រ តុលាការ​បម្រើ​រាស្ត្រ ហើយ​ជាមួយ​មេ​ឃុំ​បម្រើ​រាស្ត្រ ជួយ​អន្តរាគមន៍​រឿង​ដី​ឲ្យ​ខ្ញុំ​បាន​គ្រប់​ចំនួន​ផង ព្រោះ​ខ្ញុំ​ចង់​អភិវឌ្ឍ នៅ​ពេល​ខ្ញុំ​អភិវឌ្ឍ ដូចជា​ថ្នល់ និង​លូ​ទឹក​ប្រវែង​ហ្នឹង ខ្ញុំ​អត់​ឲ្យ​រដ្ឋាភិបាល​ជួយ​ខ្ញុំ​ទេ ខ្ញុំ​អាច​ដោះស្រាយ​ខ្លួន​ឯង​បាន។ ចម្បង​ធំ​ខ្លាំង​ខ្ញុំ​ចង់​បាន​ដី​ខ្ញុំ​គ្រប់​ចំនួន ហើយ​ស្របច្បាប់​ដើម្បី​ខ្ញុំ​អភិវឌ្ឍ»

ដីកា​សម្រេច​របស់​ប្រធាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៨ របស់​ចៅក្រម ជា នល់ ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បង្ហាញ​ថា ចៅក្រម​សម្រេច​ប្រគល់​ដី​ទំហំ​ទទឹង ៨ គុណ​នឹង ៤៦​ម៉ែត្រ ឋិត​នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ឲ្យ​ទៅ​ឈ្មោះ ប៊ុង គៀង ជា​ម្ចាស់កម្មសិទ្ធិ​ មាន​សិទ្ធិ​កាន់កាប់ និង​ចាត់ចែង​បាន។ ចៅក្រម​ក៏​បង្គាប់​ឲ្យ​មន្ត្រី​ភូមិបាល​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល