មន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ បានស្នើដល់រដ្ឋាភិបាលឲ្យមោឃៈ ឬលុបចោលប្លង់កម្មសិទ្ធិដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ និងដីនៅជុំវិញបឹងធម្មជាតិ បឹងព្រែកទប់ ដែលដោយពួកគេចាត់ទុកថា ការចេញប័ណ្ណមានភាពមិនប្រក្រតី និងគ្មានសកម្មភាពអភិវឌ្ឍន៍។
មន្ត្រីរដ្ឋាភិបាលមិនទាន់ឆ្លើយតបបញ្ហានេះទេ ប៉ុន្តែបានបើកិច្ចប្រជុំពិនិត្យចំពោះសកម្មភាពរបស់ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាបណ្តើរៗនាខេត្តព្រះសីហនុ នេះហើយ។
ប្រតិកម្មសំណើរបស់មន្ត្រីសង្គមស៊ីវិលដូច្នេះ កើតឡើងបន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នដីនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ភាគច្រើនត្រូវមន្ត្រីមានអំណាច និងឈ្មួញធ្វើរបងថ្មហ៊ុមព័ទ្ធស្ទើរកកន្លែងសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ឬចុះងូតទឹកឲ្យបានទូលំទូលាយទេ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បានរិះគន់ថា អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ បានឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភយកដីនៅតាមតំបន់ឆ្នេរ និងដីចំណីបឹងព្រែកទប់ ដែលជាបឹងសម្រាប់ស្តុកទឹកប្រាស់ប្រាស់ទូទាំងខេត្ត។
លោកថា គ្រួសារពលរដ្ឋពិតប្រាកដដែលរស់នៅជាប់មាត់បឹងព្រែកទប់ គឺមានចំនួនតែ ៥១គ្រួសារទេ ដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ប៉ុន្តែមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ជំនាន់លោក ស្បោង សារ៉ាត់ ដឹកនាំបានបំប៉ោងតួលេខរហូតដល់ជាង ២០០គ្រួសារ។
ផ្ដើមពីបញ្ហានេះ លោក សុខ សុខុម បានស្នើដល់លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្នត្រូវស្នើគោលការណ៍ពីរដ្ឋាភិបាលឲ្យមោឃៈភាពប្លង់ដីក្លែងឯកសារពិតនៅតាមតំបន់ឆ្នេរ ឬដីចំណីមាត់បឹងព្រែកទប់ និងដីតំបន់ក្បាលឆាយមកជាសម្បត្តិរដ្ឋវិញ៖ «សម្រាប់រដ្ឋាភិបាលត្រូវមានវិធានការទៅលើការរំលោភយកដីរដ្ឋកុំឲ្យបាត់បង់ដោយឈ្មួញ ឬមន្ត្រីមានអំណាច។ ទោះដីនៅតំបន់ក្បាលឆាយ ដីតំបន់មាត់បឹងព្រែកទប់ និងដីឆ្នេរក៏ដោយ អាជ្ញាធរខេត្តត្រូវមានវិធានការជាបន្ទាន់ ដើម្បីទុកដីឆ្នេរសមុទ្រ និងដីរដ្ឋទាំងនេះប្រែក្លាយទៅជាតំបន់រមណីយដ្ឋាន ជាកន្លែងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តព្រះសីហនុ នៅថ្ងៃអនាគត។ ជាក់ស្ដែងឆ្នេរស្ទើរតែបាត់បង់ទាំងស្រុងនៅខេត្តព្រះសីហនុ ហើយបឹងធម្មជាតិក៏អស់ទៀត»។
ដូចគ្នាដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ក៏បានទទូចឲ្យរដ្ឋាភិបាលពិចារណា ឬប្រើប្រាស់នីតិវិធីណាមួយឈានដល់លុបប័ណ្ណកម្មសិទ្ធិដីធ្លីប៉ះពាល់ដល់ដីមាត់បឹងធម្មជាតិ និងឆ្នេរសមុទ្រជាដើម។ លោកបន្តថា រដ្ឋាភិបាលត្រូវដកហូតដីធ្លីដែលមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីទាំងនោះមកជាសម្បត្តិសាធារណៈរដ្ឋវិញនៅថ្ងៃអនាគត ព្រោះលោកសង្កេតឃើញថា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ កើតមានភាពមិនប្រក្រតីជាច្រើនទាក់ទងការចេញប័ណ្ណកម្មសិទ្ធិលើចំណែកដីបឹងធម្មជាតិ និងតំបន់ឆ្នេរសមុទ្រជាដើម។
លោកបន្ថែមថា សព្វថ្ងៃនេះឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេ ព្រោះមានកម្មសិទ្ធិអស់ទៅហើយៗ មានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហ៊ុមព័ទ្ធដោយរបងថ្មធ្វើកម្មសិទ្ធិឯកជន។
លោក ប៊ួន ណារិទ្ធ បញ្ជាក់ថា បច្ចុប្បន្នឃើញមានឆ្នេរអូរឈើទាល មានទីតាំងនៅទល់មុខផ្ទះលំហែកាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមួយគត់ដែលអាចឲ្យភ្ញៀវចូលងូតទឹក ឬដើរកម្សាន្តបាន ប៉ុន្តែឆ្នេរក្រៅពីនេះមិនមានទេ ព្រោះត្រូវឯកជនគ្រប់គ្រង និងគ្មានអនាម័យ៖ «បឹងព្រែកទប់នេះ ការចេញប័ណ្ណកម្មសិទ្ធិ គឺធ្វើឲ្យបាត់បង់ដីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬដីបឹងដែលជាប្រយោជន៍របស់រដ្ឋ ជាពិសេសរាល់ការចេញប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ដែលពាក់ព័ន្ធដីបឹង និងឆ្នេរសមុទ្រជាដើម គឺរដ្ឋត្រូវតែប្រើប្រាស់នីតិវិធីណាមួយរំលាយប្លង់ទាំងនេះចោល ហើយដកហូតដីបឹង ឬឆ្នេរសមុទ្រទាំងនោះមកជាដីសាធារណៈរបស់សម្បត្តិរដ្ឋវិញ»។
ទាក់ទងបញ្ហានេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរខេត្តគ្មានសិទ្ធិសើរើសំណង់ ឬសកម្មភាពចាក់ដីលុបមាត់បឹងព្រែកទប់ និងតំបន់ឆ្នេរបានទេ ព្រោះដីធ្លីទាំងនោះមានប័ណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវ។ លោកបន្តថា សម្រាប់ដីសម្បទាននៅតាមទីតាំងផ្សេងៗ ដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនឯកជន ទាល់តែរដ្ឋាភិបាលទើបមានសិទ្ធិសើរើការងារនេះ៖ «រាល់ថ្ងៃនេះយើងបានឃើញហើយអំពីសកម្មភាពចាក់ដីលុបមាត់បឹងព្រែកទប់ នៅជាប់ថ្នល់កៅស៊ូនេះដែរ ប៉ុន្តែមិនប៉ះពាល់ដល់ទំហំផ្ទៃបឹងដែលយើងរក្សាទុកទេ នេះជាបញ្ហាផ្លូវច្បាប់។ ដូច្នេះយើងពិបាកនឹងហាមឃាត់ដោយសារម្ចាស់ដីទាំងនោះមានប្លង់កម្មសិទ្ធិស្របច្បាប់។ ចំណែកផ្ទៃបឹង គឺមិនអនុញ្ញាតឲ្យមានអ្នកទន្ទ្រានកាន់កាប់នោះទេ»។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកកិច្ចប្រជុំសើរើទៅលើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនវិនិយោគមួយចំនួននាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកបានព្រមានថា នឹងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងឡាយណាដែលមិនបានអនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល៖ «ដីមិនធ្វើ គឺជាកម្មវត្ថុដែលរដ្ឋត្រូវដកហូតមកវិញ។ ប៉ុន្តែការដកនេះ គឺមិនមែនសម្រេចត្រឹមខ្លួនខ្ញុំម្នាក់ឯងទេ គឺខ្ញុំអាងទៅលើប្រធាន អនុគណៈកម្មការថ្នាក់ខេត្ត គេចុះពិនិត្យថា បើសម្បទានណាមួយមិនអនុវត្តទៅតាមកិច្ចព្រមព្រៀង ឬគោលការណ៍វិនិយោគជាមួយរដ្ឋាភិបាល គឺត្រូវដកហូតជាសម្បត្តិរដ្ឋវិញ។ ព្រោះដើម្បីកុំឲ្យក្រុមហ៊ុនទាំងនោះ ដីសម្បទានដែលរដ្ឋបានប្តល់ជូនលក់បន្តទៅឲ្យក្រុមហ៊ុនផ្សេងទៀត។ ទស្សនៈរបស់រដ្ឋាភិបាលគឺមានគោលដៅច្បាស់លាស់ដូច្នេះ»។
ចំណាត់ការនេះ មន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ បានប្រកាសសាទរ និងរង់ចាំមើលប្រសិទ្ធភាពការងាររបស់មន្ត្រីរដ្ឋាភិបាល ថាអាចមានសកម្មភាពទៅលើក្រុមហ៊ុននីមួយៗ ដែលមិនអនុវត្តតាមគោលការណ៍វិនិយោគបានត្រឹមកម្រិតណា។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៨ មានផ្ទៃដីសរុបប្រមាណជាង ១២ពាន់ហិកតារ នៅក្នុងខេត្តចំនួន ៣ គឺខេត្តព្រះសីហនុ ចំនួន ៥ក្រុមហ៊ុន ខេត្តកំពង់ស្ពឺ ១ក្រុមហ៊ុន និងខេត្តកោះកុង ចំនួន ២ក្រុមហ៊ុន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ថា មូលហេតុដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំង ៨នោះ ដោយសារមិនគោរពតាមគោលការណ៍វិនិយោគរបស់រដ្ឋាភិបាល ទើបក្រសួងដកហូតដីទាំងនោះដាក់ជាឧទ្យានជាតិ ឬជាសម្បត្តិរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។