តុលាការខត្តកណ្ដាល សម្រេចដោះលែងពលរដ្ឋ ៩នាក់ ដែលជម្លោះដីធ្លីក្រុមហ៊ុនអូស៊ីអាស៊ី (OCIC) ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ដោយគ្មានបញ្ជាក់សំអាងហេតុច្បាស់លាស់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការដោះលែងនេះទំនងជាកើតចេញពីលិខិតសុំទោសរបស់ក្រុមគ្រួសារអ្នកជាប់ឃុំទាំងអស់នោះ ដែលផ្ញើជូនអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយពួកគាត់សន្យាថា ឈប់ធ្វើអំពើមិនគប្បីដាក់កម្លាំងសមត្ថកិច្ចតទៅទៀត និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលលោក សូ សារិន និងអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ព្រមទាំងក្រុមគ្រួសារពលរដ្ឋទាំងនោះបានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
កាលពីថ្ងៃទី១៤ ខែកញ្ញា ចៅក្រមសាលាដំបូងខេត្តកណ្ដាលលោក វ៉ាន់ សុបញ្ញា សម្រេចចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី ៩នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ដោយថា បានប្រើហិង្សាលើនគរបាល ១៣នាក់ ឱ្យមានរបួសស្នាម។
ការចោទនោះ គឺយោងទៅតាមហេតុការណ៍ក្នុងពេលតវ៉ាដីធ្លី នៅព្រលានយន្តហោះថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី១២ ខែកញ្ញា ដែលមានការប៉ះទង្គិចគ្នានៅពេលសមត្ថកិច្ចបង្ក្រាបពលរដ្ឋតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។