កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល រាប់រយនាក់ ប្រើហិង្សា និងបាញ់គ្រាប់បែកផ្សែងដាក់ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី ដែលទាមទារចូលទៅមើលដីស្រែក្នុងទីតាំងព្រលានយន្តហោះថ្មី ដែលក្រុមហ៊ុនឈូសឆាយ។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ចាត់ទុកការប្រើហិង្សារបស់អាជ្ញាធរនេះ ថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសិទ្ធិតវ៉ារបស់ពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយវិវាទដីធ្លី ដោយសន្តិវិធី។
កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ប្រដាប់ដោយខែល និងដំបង ប្រើហិង្សាទៅលើប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ នៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ឲ្យរងរបួសជាច្រើននាក់ និងចាប់ខ្លួនពលរដ្ឋ២១នាក់ នាំទៅស្នងការនគរបាលខេត្តកណ្ដាល។
អំពើហិង្សា នៅថ្ងៃទី១២ កញ្ញា កើតឡើង ក្រោយពេលពលរដ្ឋនាំគ្នាដុតសំរាមនៅខាងមុខរនាំងដែកបិទផ្លូវរបស់កម្លាំងសមត្ថកិច្ច ដើម្បីទាមទារឲ្យអាជ្ញាធរបើកផ្លូវឲ្យពួកគាត់អាចចូលទៅមើលដីស្រែរបស់ពួកគាត់ ដែលត្រូវក្រុមហ៊ុនឈូសបំផ្លាញចោល ប៉ុន្តែត្រូវសមត្ថកិច្ចហាមឃាត់។
ពលរដ្ឋម្នាក់ដែលរត់គេចពីតាមការចាប់ខ្លួនរបស់សមត្ថកិច្ច លោកស្រី ឃឹម ម៉ាលី ឲ្យដឹងថា សមត្ថកិច្ច ដើរវាយទាត់ធាក់ប្រជាពលរដ្ឋ ដែលមានបាតដៃទទេ តាមអំពើចិត្ត និងដកយកម៉ូតូអ្នកភូមិដែលចតចោល អស់ជាច្រើនគ្រឿង ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់។
លោកស្រីបន្តថា សមត្ថកិច្ចព្យាយាមតាមស្វែងរកលោកស្រី និងប្ដី ដោយសង្ស័យថាជាតំណាងពលរដ្ឋ ព្រោះរយៈពេល២-៣ថ្ងៃមកនេះ ពលរដ្ឋនាំគ្នារៀបចំឯកសារផ្ដិតស្នាមមេដៃ និងថតចម្លងប្លង់ដី ដើម្បីដាក់ញត្តិនៅតាមស្ថាប័នរដ្ឋ ក្នុងរាជធានីភ្នំពេញ នៅដើមសប្ដាហ៍ក្រោយនេះ។
ពលរដ្ឋរូបនេះ ចាត់ទុកទង្វើអាជ្ញាធរខេត្តកណ្ដាលប្រើហិង្សាដាក់ប្រជាពលរដ្ឋ ថាជារឿងអយុត្តិធម៌ ចំពោះប្រជាពលរដ្ឋម្ចាស់ដីជិត៣រយគ្រួសារ ដែលត្រូវបាត់បង់ដីស្រែទៅខាងក្រុមហ៊ុនហើយ ថែមទាំងរងការធ្វើបាបពីសំណាក់អាជ្ញាធរទៀត៖ « គេមិនដែលយកក្បាលប្រជាពលរដ្ឋទុកក្នុងខ្លួនគេទេ។ ចង់ប្រជាពលរដ្ឋងាប់ម៉េចងាប់ទៅ។ នេះហើយអាជ្ញាធរស្រុកខ្មែរ ច្បាប់ស្រុកខ្មែរ។ ឲ្យប្រជាពលរដ្ឋគោរពច្បាប់ទៅ គោរពតែប្រជាពលរដ្ឋទៅ បើគាត់នាំគ្នាមកផ្ដល់ដីប្រជាពលរដ្ឋនេះ។ ឥឡូវ ឮសូរគេដាក់បណ្ដឹងថា ពួកខ្ញុំហ្នឹងគប់វៃពួកគេអីណា។ ខ្ញុំថាធ្វើម៉េចធ្វើទៅ ច្បាប់លើអ្នកឯង។ ទោះបី ពួកខ្ញុំត្រូវក៏ពួកអ្នកឯងថាខុសដែរ។ អ៊ីចឹង ! ពួកខ្ញុំវាគ្មានអ្វី នោះទេជាមួយអ្នកឯង គ្មានអ្វីតតាំងទេ »។

វិទ្យុអាស៊ីសេរី មិនសុំការឆ្លើយបំភ្លឺរឿងប្រើហិង្សាពីកម្លាំងសមត្ថកិច្ចនេះ ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និងស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានទេ ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការប្រើហិង្សាពីសំណាក់អាជ្ញាធរដាក់ប្រជាពលរដ្ឋម្ចាស់ដីបែបនេះបង្ហាញឲ្យឃើញពីជំហរមិនឯករាជក្នុងការដោះស្រាយជម្លោះរវាងពលរដ្ឋ និងភាគីក្រុមហ៊ុន និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកស្នើដល់អាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាដាក់ពលរដ្ឋ ហើយងាកទៅដោះស្រាយវិវាទដីធ្លីនេះដោយសន្តិវិធី និងផ្ដល់សំណងសមរម្យជូនពលរដ្ឋ៖ « កន្លែងហ្នឹង ដែលយើងជាសង្គមស៊ីវិលតែងលើកដល់រាជរដ្ឋាភិបាល សុំឲ្យមេត្តាគិតគូរមួយសារទៀតឲ្យមានការដោះស្រាយដោយសន្តិវិធី ចៀសវាងប្រើហិង្សា។ វាខុសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ក្នុងស្រុកយើងដែរ។ ដីគាត់មានប្លង់ត្រឹមត្រូវដល់ពេលទៅចរចាហើយ មិនបានត្រូវគ្នា ហើយទៅបង្ខំហ្នឹង ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់។ ការចាប់អីហ្នឹង សុទ្ធជាតាក់មួយខាងក្រុមហ៊ុននិងអាជ្ញាធរ ធ្លាប់បានធ្វើមកហើយ នៅជម្លោះដីធ្លីតាំងពីមុនៗមក »។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនៅទីនោះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន) លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)។
ប្រជាពលរដ្ឋ ប្រកាន់ជំហរថា នឹងរួមគ្នាបន្តការទាមទាររកដំណោះស្រាយជាថ្មីទៀត ទោះបីជាត្រូវប្រឈមនឹងការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរក៏ដោយ។ ពួកគាត់ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះឱ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។