ពលរដ្ឋ​១៣​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល

ដោយ ម៉ៅ សុធានី
2021-06-15
Share
ពលរដ្ឋ​១៣​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល ប្រជាពលរដ្ឋ ១៣ គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីបានឡើងមកដោះស្រាយជាមួយអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់​ឱ្យ

អ្នក​ភូមិ​កំឡុង ១៣ ​គ្រួសារ ក្នុង​ឃុំ​បឹងខ្យាង ដែល​រង​ផល​ប៉ះពាល់​​ខ្លាំង​ជាង​គេ លើក​ឡើង​ថា​ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ នៅ​តែ​ផ្ដល់​ជម្រើស​ដោះដូរ​ដី​​ទៅ​តាំង​ផ្សេង ឬ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ ក្នុង​១​ម៉ែត្រ​ការ៉េ ៨ ​ដុល្លារ ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ដំណោះស្រាយ​នេះ​ទេ។

ពលរដ្ឋ​ម្នាក់​ដែល​​មានផ្ទះ​រួម​នឹង​ដី​ជាង​ ១ ​ហិកតារ ត្រូវ​កាត់​ចូល​ក្នុង​ប្លង់​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុនលោក ណៃ ភន ថ្លែង​ថា ជីវភាព​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ គឺ​រស់​នៅ​អាស្រ័យ​នឹង​ការ​ធ្វើ​ស្រែ​ពី ​១ ​ឆ្នាំ​ទៅ ​១ ​ឆ្នាំ បើ​ឲ្យ​ពួក​គាត់​លក់​ដី​ស្រែ​ក្នុង​តម្លៃ​ថោក​បែប​នេះ ហើយ​ដើរ​ចេញ​ទៅ​រក​ទិញ​ដី​នៅ​កន្លែង​ផ្សេង​ គឺ​មិន​បាន​ទេ ព្រោះ​តម្លៃ​ដី​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ថ្លៃ​ច្រើន​ជាង​អ្វី​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ។

លោក​បន្ត​ថា ចំពោះ​ការ​ដោះដូរ​ដី​ទៅ​ទី​តាំង​ផ្សេង ​អាជ្ញាធរ​ហាក់​គ្រាន់​តែ​លើក​ឡើង​តែ​មាត់ ប៉ុន្តែ​ទីតាំង​និង​ប្លង់​ត្រឹម​ត្រូវ​ដែល​បញ្ជាក់​ពី​ដី​ទាំង​អស់​នោះ គឺ​មិន​ដែល​បង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ​ម្ដង​ណា​ឡើយ។​ លោក​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​​ជាង ​៣ ​ឆ្នាំនេះ ពលរដ្ឋ​ពិបាក​ធ្វើ​ស្រែ ហើយ​ដី​ធ្លី​របស់​ពួកគាត់​ ក៏​មិន​មាន​ឈ្មួញ​ណា​ហ៊ាន​ចូល​មក​ទិញ​ឲ្យ​តម្លៃ​តាម​ទី​ផ្សារ​បច្ចុប្បន្ន​បាន​ដែរ ក្រៅ​តែ​ពី​ក្រុមហ៊ុន​ OCIC ​របស់​ឧកញ៉ា ពុង ខៀវសែ ឲ្យ​ត្រឹម ​៨ ​ដុល្លារ ​​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​។

លោកយល់​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​នៅ​តែ​ចង់​បាន​ដី​របស់​ពលរដ្ឋ​យក​ទៅ​អភិវឌ្ឍន៍​នោះ​ លុះ​ត្រា​តែ​ក្រុមហ៊ុន​ហ៊ាន​ទិញ​ដី​ពលរដ្ឋ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ១៥០ ​ដុល្លារ ទើប​ពួកគាត់​យល់​ព្រម​និង​ឈប់​ធ្វើ​ការ​តវ៉ា​តទៅ​ទៀត៖ «សំណូមពរ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ដូច​សម្ដេច​អគ្គ​មហា​សេនា​បតី ហ៊ុន សែន សុំ​ឲ្យ​លោក​ចេញ​លិខិត​អី​មួយ​អ៊ីចឹង​មក សម្រេច​ចេញ​ពី​មាត់​គាត់​ផ្ទាល់​មក ហើយ​មាន​គណៈកម្មការ​របស់​លោក​ ជា សុផារ៉ា ឲ្យ​ពិត​ប្រាកដ​មក។ ហើយ​នៅ​ត្រឹម​តែ​ខេត្ត ខេត្ត​ហ្នឹង​នៅ​មន្ទិល​សង្ស័យ ហើយ​តម្លៃ​គាត់​ឲ្យ​ ៨ ​ដុល្លារ​ហ្នឹង។ ពួក​ខ្ញុំ​បើ​យក​មក​ គឺ​មិន​អាច​យក​ទៅ​ទិញ​ឯ​ណា​បង្ក​បង្កើន​ផល​បាន​ទេ។ មាន​តែ​យក​លុយ​ហ្នឹង ទិញ​អង្ករ​ហូប ហើយ​លុយ​ហ្នឹង​ ដេក​ស្លាប់​ទៅ។ ព្រោះ​មុខ​អត់​មាន​ អាយុ​ ៥០ ​ជាង​ ៦០​ឥឡូវ​ទៅ​ហើយ​ទៅ​ចេះ​ធ្វើ​អី។ ហើយ​កូន​ត្រឹម​តែ​អាយុ​១៥​ ទៅ១៦​ឆ្នាំ​ហ្នឹង។​ វេទនា​ដល់​កូន​ទៀត កូន​អត់​មាន​លុយ​រៀន»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​ពី​អភិបាល​ខេត្ត​កណ្ដាលលោក​ គង់ សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​លោក​មិន​ទទួល។

ទោះបី​ជា​យ៉ាង​ណាលោក​ គង់ សោភ័ណ្ឌ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ពេល​កន្លង​ទៅ​ថា នៅ​សល់​ពលរដ្ឋ​តិចតួច​​បំផុត ដែល​មិន​ព្រម​ទទួល​យក​សំណង តាម​តម្លៃ​ដី ដែល​​បាន​ដាក់​ចេញ ​មុន​​ពេល​មាន​​គម្រោង​អភិវឌ្ឍន៍​។ លោកបញ្ជាក់​ថា អាជ្ញាធរ​នឹង​ខិតខំ​ដោះស្រាយជាមួយ​ពលរដ្ឋ​​បន្ត​ទៀត។

ទាក់​ទង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ មិន​អាច​​ចេញ​មុខ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហាដីធ្លី ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន ហើយ​បែរ​ជា​ផ្ដល់​សំណង​មិន​សមរម្យ​ឲ្យ​ពលរដ្ឋ​បាន​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​​និង​​រដ្ឋាភិបាល មាន​កាតព្វកិច្ច​ធានា​ដល់​ភាព​សុខដុម​រមនា​របស់​ប្រជាពលរដ្ឋ ដោយ​គិតគូរ​ផ្ដល់​សំណង​ជូន​ពួកគាត់​ឲ្យ​សមរម្យ​ នៅ​ពេល​រដ្ឋឬ​ក្រុមហ៊ុនឯកជន​ណាមួយ​ចង់​យក​តំបន់​ ដែល​ពួក​គាត់​រស់​នៅ ​ទៅ​ធ្វើការ​អភិវឌ្ឍ​។

លោកយល់​ថា ​បើ​មិនមាន​ដំណោះស្រាយ​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ទេ ​រដ្ឋាភិបាល​នៅ​តែ​មាន​ឈ្មោះ​មិន​ល្អ​លើ​ឆាក​អន្តរជាតិ​ ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​ខាង​ក្រុមហ៊ុន ក៏​នឹង​អាចជួយហានិភ័យ​នៅ​ពេល​ណាមួយ ដោយ​សារ​វិនិយោគ​បរទេស​មិន​មាន​ហ៊ាន​រក​ស៊ី​ជាមួយ ព្រោះ​ក្រុមហ៊ុន​មាន​ប្រវត្តិ​មិន​ល្អ៖ «ហានិភ័យ​វា​ជា​ការ​ទទួល​ខុសត្រូវ​មួយ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ពន្យល់​ក្រុមហ៊ុន​ហ្នឹង មិន​មែន​រដ្ឋាភិបាល​ ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ ធ្វើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​​ហ្នឹង​ទេ។ ធ្វើ​អ៊ីចឹង​! ឃើញ​ថា​ រដ្ឋាភិបាល​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ យោង​ទៅ​តាម​ការ​ណែ​នាំ​របស់​អង្គការ​សហប្រជាជាតិ ស្ដី​អំពី​ធុរកិច្ច​និង​សិទ្ធិ​មនុស្ស​ទេ។ ត្រូវ​ធានា​ហ្នឹង មិន​មែន​ធានា​យក​ដី​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទេ ត្រូវ​ធានា​ថា ក្រុមហ៊ុន​ហ្នឹង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​​របស់​អង្គការ​សហប្រជាជាតិ ស្ដី​អំពី​ធុរកិច្ច​និង​សិទ្ធិ​មនុស្ស ប្រកប​ដោយ​និរន្តរភាព​ បាន​ក្រុមហ៊ុន​ហ្នឹង វា​អាច​មាន​ការ​ប្រតិបត្តិការ​ប្រកប​ដោយ​សន្តិភាព​ និង​និរន្តរភាព​ទៅ​ថ្ងៃ​ក្រោយ​ទៀត»

គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី លើ​ផ្ទៃ​ដី ​ជិត​បី​ពាន់​ហិកតារ (២.៦០០)​នេះ មាន​ភាព​ចម្រូង​ចម្រាស់​តាំង​ពី​ដើម​មក ដោយសារអាជ្ញាធរបាន​កំណត់​តម្លៃ​​ដី ក្នុង​មួយ​​ម៉ែត្រ​ការ៉េ​ចន្លោះពី ​៣ ​ដុល្លារ ដល់ ​៨ ​ដុល្លារ ប៉ុន្តែ​ពលរដ្ឋ​ទាមទារ​តម្លៃ​ដី​តាម​ទី​ផ្សារ​បច្ចុប្បន្ន​។ គម្រោង​នេះ លាត​សន្ធឹង​លើ​ឃុំ​ ៤ គឺ​ឃុំ​បឹងខ្យាង ឃុំ​អំពៅ​ព្រៃ ឃុំ​ព្រែក​ស្លែង​ ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល និង ឃុំ​ពត់សរ នៃ​​ស្រុក​បាទី​ ខេត្ត​តាកែវ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ អូ.ស៊ី.អាយ.ស៊ី​(OCIC) របស់​ លោក​ ពុង ឃាវសែ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធនឹង​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ទទួល​បាន​សិទ្ធិ​សាងសង់​​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ។ តាម​គម្រោង​ ក្រុមហ៊ុន​នឹង​សាង​សង់​រួចរាល់​នៅ ឆ្នាំ​២០២៣ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​​លាន​ដុល្លារ​​ (១.៥០០​លាន)​ ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន មិន​ទាន់​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ទាំងស្រុង​នោះទេ​។ ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វិនិយោគ​នេះ មាន​ប្រមាណ​៤​រយ (៤០០) គ្រួសារ។

ក្រុម​ពលរដ្ឋ​អះអាង​ថា បើ​ក្រុមហ៊ុន​ឯកជន និង​អាជ្ញាធរ មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ទេ ពួកគាត់​មិន​ព្រម​ប្រគល់​ដី​ស្រែ និង​ដី​លំនៅឋានឲ្យ​អភិវឌ្ឍន៍​ជា​ដាច់​ខាត។ ពួកគាត់​ថា នឹង​នាំ​គ្នា​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី និង​ក្រសួង​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល