អ្នកភូមិកំឡុង ១៣ គ្រួសារ ក្នុងឃុំបឹងខ្យាង ដែលរងផលប៉ះពាល់ខ្លាំងជាងគេ លើកឡើងថា អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅតែផ្ដល់ជម្រើសដោះដូរដីទៅតាំងផ្សេង ឬលក់ដីឲ្យក្រុមហ៊ុន ក្នុង១ម៉ែត្រការ៉េ ៨ ដុល្លារ ជាច្រើនដងមកហើយ ប៉ុន្តែពលរដ្ឋបដិសេធមិនទទួលយកដំណោះស្រាយនេះទេ។
ពលរដ្ឋម្នាក់ដែលមានផ្ទះរួមនឹងដីជាង ១ ហិកតារ ត្រូវកាត់ចូលក្នុងប្លង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនលោក ណៃ ភន ថ្លែងថា ជីវភាពរបស់ពលរដ្ឋនៅតំបន់នេះ គឺរស់នៅអាស្រ័យនឹងការធ្វើស្រែពី ១ ឆ្នាំទៅ ១ ឆ្នាំ បើឲ្យពួកគាត់លក់ដីស្រែក្នុងតម្លៃថោកបែបនេះ ហើយដើរចេញទៅរកទិញដីនៅកន្លែងផ្សេង គឺមិនបានទេ ព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននេះ គឺថ្លៃច្រើនជាងអ្វីដែលក្រុមហ៊ុនផ្ដល់ឲ្យ។
លោកបន្តថា ចំពោះការដោះដូរដីទៅទីតាំងផ្សេង អាជ្ញាធរហាក់គ្រាន់តែលើកឡើងតែមាត់ ប៉ុន្តែទីតាំងនិងប្លង់ត្រឹមត្រូវដែលបញ្ជាក់ពីដីទាំងអស់នោះ គឺមិនដែលបង្ហាញឲ្យពលរដ្ឋឃើញម្ដងណាឡើយ។ លោកឲ្យដឹងថា ក្នុងរយៈពេលជាង ៣ ឆ្នាំនេះ ពលរដ្ឋពិបាកធ្វើស្រែ ហើយដីធ្លីរបស់ពួកគាត់ ក៏មិនមានឈ្មួញណាហ៊ានចូលមកទិញឲ្យតម្លៃតាមទីផ្សារបច្ចុប្បន្នបានដែរ ក្រៅតែពីក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ខៀវសែ ឲ្យត្រឹម ៨ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។
លោកយល់ថា ប្រសិនបើខាងក្រុមហ៊ុននៅតែចង់បានដីរបស់ពលរដ្ឋយកទៅអភិវឌ្ឍន៍នោះ លុះត្រាតែក្រុមហ៊ុនហ៊ានទិញដីពលរដ្ឋក្នុង ១ ម៉ែត្រការ៉េ ១៥០ ដុល្លារ ទើបពួកគាត់យល់ព្រមនិងឈប់ធ្វើការតវ៉ាតទៅទៀត៖ «សំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាល ដូចសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន សុំឲ្យលោកចេញលិខិតអីមួយអ៊ីចឹងមក សម្រេចចេញពីមាត់គាត់ផ្ទាល់មក ហើយមានគណៈកម្មការរបស់លោក ជា សុផារ៉ា ឲ្យពិតប្រាកដមក។ ហើយនៅត្រឹមតែខេត្ត ខេត្តហ្នឹងនៅមន្ទិលសង្ស័យ ហើយតម្លៃគាត់ឲ្យ ៨ ដុល្លារហ្នឹង។ ពួកខ្ញុំបើយកមក គឺមិនអាចយកទៅទិញឯណាបង្កបង្កើនផលបានទេ។ មានតែយកលុយហ្នឹង ទិញអង្ករហូប ហើយលុយហ្នឹង ដេកស្លាប់ទៅ។ ព្រោះមុខអត់មាន អាយុ ៥០ ជាង ៦០ឥឡូវទៅហើយទៅចេះធ្វើអី។ ហើយកូនត្រឹមតែអាយុ១៥ ទៅ១៦ឆ្នាំហ្នឹង។ វេទនាដល់កូនទៀត កូនអត់មានលុយរៀន»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងពីអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី១៥ ខែមិថុនា ដោយហៅទូរស័ព្ទចូល តែលោកមិនទទួល។
ទោះបីជាយ៉ាងណាលោក គង់ សោភ័ណ្ឌ ធ្លាប់ប្រាប់អាស៊ីសេរី កាលពីពេលកន្លងទៅថា នៅសល់ពលរដ្ឋតិចតួចបំផុត ដែលមិនព្រមទទួលយកសំណង តាមតម្លៃដី ដែលបានដាក់ចេញ មុនពេលមានគម្រោងអភិវឌ្ឍន៍។ លោកបញ្ជាក់ថា អាជ្ញាធរនឹងខិតខំដោះស្រាយជាមួយពលរដ្ឋបន្តទៀត។
ទាក់ទងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត លើកឡើងថា អាជ្ញាធរខេត្ត មិនអាចចេញមុខសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ស្របទៅតាមការចង់បានរបស់ក្រុមហ៊ុន ហើយបែរជាផ្ដល់សំណងមិនសមរម្យឲ្យពលរដ្ឋបានទេ។ លោកបន្តថា អាជ្ញាធរនិងរដ្ឋាភិបាល មានកាតព្វកិច្ចធានាដល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ដោយគិតគូរផ្ដល់សំណងជូនពួកគាត់ឲ្យសមរម្យ នៅពេលរដ្ឋឬក្រុមហ៊ុនឯកជនណាមួយចង់យកតំបន់ ដែលពួកគាត់រស់នៅ ទៅធ្វើការអភិវឌ្ឍ។
លោកយល់ថា បើមិនមានដំណោះស្រាយល្អប្រសើរជូនប្រជាពលរដ្ឋទេ រដ្ឋាភិបាលនៅតែមានឈ្មោះមិនល្អលើឆាកអន្តរជាតិ ក្នុងរឿងរំលោភសិទ្ធិមនុស្ស ហើយខាងក្រុមហ៊ុន ក៏នឹងអាចជួយហានិភ័យនៅពេលណាមួយ ដោយសារវិនិយោគបរទេសមិនមានហ៊ានរកស៊ីជាមួយ ព្រោះក្រុមហ៊ុនមានប្រវត្តិមិនល្អ៖ «ហានិភ័យវាជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាល ក្នុងការពន្យល់ក្រុមហ៊ុនហ្នឹង មិនមែនរដ្ឋាភិបាល ត្រូវលើកទឹកចិត្តឲ្យក្រុមហ៊ុនហ្នឹង ធ្វើបញ្ហាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សហ្នឹងទេ។ ធ្វើអ៊ីចឹង ! ឃើញថា រដ្ឋាភិបាលអត់មានការទទួលខុសត្រូវ យោងទៅតាមការណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីអំពីធុរកិច្ចនិងសិទ្ធិមនុស្សទេ។ ត្រូវធានាហ្នឹង មិនមែនធានាយកដីពីប្រជាពលរដ្ឋយកទៅឲ្យក្រុមហ៊ុនហ្នឹងទេ ត្រូវធានាថា ក្រុមហ៊ុនហ្នឹងគោរពតាមគោលការណ៍ណែនាំរបស់របស់អង្គការសហប្រជាជាតិ ស្ដីអំពីធុរកិច្ចនិងសិទ្ធិមនុស្ស ប្រកបដោយនិរន្តរភាព បានក្រុមហ៊ុនហ្នឹង វាអាចមានការប្រតិបត្តិការប្រកបដោយសន្តិភាព និងនិរន្តរភាពទៅថ្ងៃក្រោយទៀត»។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)នេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារអាជ្ញាធរបានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះពី ៣ ដុល្លារ ដល់ ៨ ដុល្លារ ប៉ុន្តែពលរដ្ឋទាមទារតម្លៃដីតាមទីផ្សារបច្ចុប្បន្ន។ គម្រោងនេះ លាតសន្ធឹងលើឃុំ ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង ឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនេះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន) ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុន មិនទាន់ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋទាំងស្រុងនោះទេ។ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះ មានប្រមាណ៤រយ (៤០០) គ្រួសារ។
ក្រុមពលរដ្ឋអះអាងថា បើក្រុមហ៊ុនឯកជន និងអាជ្ញាធរ មិនព្រមផ្ដល់សំណងសមរម្យទេ ពួកគាត់មិនព្រមប្រគល់ដីស្រែ និងដីលំនៅឋានឲ្យអភិវឌ្ឍន៍ជាដាច់ខាត។ ពួកគាត់ថា នឹងនាំគ្នាទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងក្រសួងដែនដី ជួយដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។