ពលរដ្ឋ​​នៅ​ស្រុក​កណ្ដាល​ស្ទឹង​​ដែល​​មាន​​បញ្ហា​​ដីធ្លី​​ជាមួយ​​ក្រុមហ៊ុន​​ ហេង ​អភិវឌ្ឍន៍​ បដិសេធ​​ទទួល​​សំណង​​​ដែល​​ក្រុមហ៊ុន​​នេះ​​កំណត់

0:00 / 0:00

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ប្រកាស​មិន​ទទួលយក​គោលនយោបាយ​របស់​អភិបាលខេត្ត​កណ្ដាល ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ក្នុង​មួយម្នាក់ ១០០​ដុល្លារ​ទេ។ ពលរដ្ឋ​ទាមទារ គោលនយោបាយ មួយ​គ្រួសារ ២៥០​ដុល្លារ ឬ​គួរ​ទុក​ដី​នោះ ជា​ដី​រដ្ឋ កុំ​កាត់​លក់​ឲ្យ​ក្រុមហ៊ុន ទុក​ឲ្យ​អាស្រ័យ​ផល​តាម​ធម្មជាតិ​ដូច​ធម្មតា​វិញ។

តំណាង​ពលរដ្ឋ​ឃុំ​បឹងខ្យាង​ម្នាក់ គឺ​លោក ស៊ុន ខេមរា ឲ្យ​ដឹង​ថា ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន មិន​​ព្រម​​ទទួល​​យក​​គោល​​នយោបាយ​​ម្នាក់ ១០០​ដុល្លារ របស់​​អភិបាល​ខេត្ត​​កណ្ដាល លោក ម៉ៅ ភិរុណ ទេ ដោយសារ​​តិច​​ពេក មិន​​សាក​សម​​នឹង​​ទំហំ​ដី ដែល​បាត់បង់។ ទោះ​យ៉ាងណា តំណាង​ពលរដ្ឋ​រូប​នេះ ប្រាប់​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ពលរដ្ឋ​ប្រហែល​ជាង ៣០០​គ្រួសារ ស្មើ​នឹង​​ប្រមាណ ១៥​ភាគរយ ភាគច្រើន​ជា​អ្នកមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច បាន​ទទួល​យក​គោល​នយោបាយ ១០០​ដុល្លារ​ហើយ ស្រប​ពេល​អាជ្ញាធរ​រដ្ឋ​កំពុង​ប្រើប្រាស់​រូបភាព​គំរាមកំហែង គ្រប់​បែបយ៉ាង បង្ខំ​​​ឲ្យ​​​ពលរដ្ឋ​​​ទទួល​​យក​​​គោល​​នយោបាយ​​​នេះ៖ «សំដី​ដំបូន្មាន​របស់ប្រជាពលរដ្ឋ​ដែលជាអាជ្ញាធរមាន គ្រួសារ​ មេភូមិ មេឃុំ មាន​ប្រជា​ការពារ​ មាន​សមាគមន៍ មានយុវជនដែលមកពីគណបក្សកម្ពុជា គឺពួកគាត់ស្ម័គ្រចិត្តទៅទទួល​​គោល​នយោបាយ​​ ១០០។​ ​ចំណែក​​​ប្រជា​​ពលរដ្ឋ​​​រស់​​​នៅ​​​បឹង​​​ខ្យាង​​​នេះ គាត់​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​​របស់​រដ្ឋ ដែល​ជា​គោល​នយោបាយ​ ១០០ នោះ​ទេ ។ អ៊ីចឹង បាន​ជា​គាត់​ធ្វើការ​ប្រឆាំង​មាន​តែ​ប្រជាពលរដ្ឋ​តែ​ ជាង​ ១០នាក់​អី​​នោះ​ទេ ដែល​​ទៅ​​ទទួល​​ស្ម័គ្រ​​ចិត្ត​​យក​​​លុយ ១០០។ ពួក​​គាត់​​ជា​​ជន​​ចំណូល​​ថ្មី ពួក​គាត់​មាន​ការ​ជំពាក់​មីក្រូ​ហិរិញ្ញវត្ថុ ធនាគារ​អី ទើប​គាត់​នាំ​គ្នា​ទៅ​យក​តាម​គោលការណ៍ ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​យក។ ជាង​នេះ​ទៅ​ទៀត​អាជ្ញាធរ​ប្រើ​ គ្រប់​រូប​ភាព »។

លោក ម៉ៅ ភិរុណ កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ បាន​កោះហៅ ក្រុម​តំណាង​ពលរដ្ឋ​ឃុំ​បឹងខ្យាង ប្រាប់​ថា អាជ្ញាធរ​រក​បាន​ក្រុមហ៊ុន​ចំនួន​៤ ដើម្បី​​ទិញ​​ដី​​រួម​​របស់​​ពលរដ្ឋ នៅ​ឃុំ​បឹងខ្យាង ក្នុង​គោល​នយោបាយ​ម្នាក់ ១០០​ដុល្លារ។ ពលរដ្ឋ​អាច​ទៅ​ទទួល​លុយ​នៅ​សាលាឃុំ ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​៣០ ធ្នូ។ ពលរដ្ឋ​អះអាង​ថា អភិបាល​ខេត្ត លោក ម៉ៅ ភិរុណ បាន​ផ្ដល់​ជម្រើស​២ ឲ្យ​​តំណាង​​ពលរដ្ឋ គឺ​ជម្រើស​ទី​១ ទុក​ពេល​ឲ្យ ១១​ថ្ងៃ ដើម្បី​ទទួលយក​គោលនយោបាយ ១០០​ដុល្លារ និង​ផ្ដល់​ជម្រើស​​ទី​២ ទុក​ពេល​ឲ្យ ៣​ខែ ដើម្បី​ឲ្យ​តំណាង​ពលរដ្ឋ​រក​ក្រុមហ៊ុន​ណា ដែល​ហ៊ាន​ផ្ដល់​តម្លៃ​ខ្ពស់​ជាង ១០០​ដុល្លារ ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​តំណាង គឺ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ឃុំ​បឹងខ្យាង បច្ចុប្បន្ន មាន​ចំនួន ១.៨៤៩ គ្រួសារ ស្មើ​នឹង ៨.៣៩៥នាក់ និង​​បាន​​បង្កើត​​ក្រុម​​តំណាង ៣៣​នាក់ សម្រាប់​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ។

កាលពី​ថ្ងៃ​ទី​២០ ធ្នូ ជា​ថ្ងៃ​ដំបូង ដែល​អាជ្ញាធរ​កំណត់​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​យក​គោល​នយោបាយ ១០០​ដុល្លារ ក្នុង​ម្នាក់ នៅ​សាលាឃុំ ប៉ុន្តែ​ពលរដ្ឋ បាន​នាំគ្នា​ទៅ​សាលាឃុំ ដើម្បី​តវ៉ា​ពី​គោលនយោបាយ​នេះ ដោយ​ពលរដ្ឋ​អះអាង​ថា មិន​សាក​សម​នឹង​ទំហំ​ដី។ តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ឃុំ​បឹងខ្យាង លោក អ៊ឹម តារា ប្រាប់​ថា អាជ្ញាធរ​បាន​ដាក់​កង​កម្លាំង និង​​ប្រជា​​ការពារ​​ភូមិ ច្រើន​​នាក់ ដើម្បី​រារាំង ការ​តវ៉ា​នោះ នៅ​សាលាឃុំ ប៉ុន្តែ មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ទេ ហើយ​ការ​តវ៉ា​នោះ ក៏​មិន​ទទួល​បាន​លទ្ធផល​អ្វី​ដែរ។

យ៉ាងហោចណាស់ មាន​ដី​ទំហំ​ជាង ៤០០​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៤ គឺ ឃុំ​អំពៅព្រៃ ឃុំ​បឹងខ្យាង ឃុំ​​កណ្ដោក និង​​ឃុំ​​ព្រែក​ស្លែង នៃ​​ស្រុក​​កណ្ដាល​ស្ទឹង កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍។ តំណាង​ពលរដ្ឋ​ទាំង ៤​ឃុំ ធ្លាប់​ដាក់​ញត្តិ ស្វែងរក​កិច្ច​អន្តរាគមន៍ តាម​ស្ថាប័ន​ថ្នាក់​ជាតិ និង​ខេត្ត ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគាត់​អះអាង​ថា បាន​​គ្រប់គ្រង​​ដី តាំង​​នៅ​​កំឡុង​​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០ ហើយ​មិនដែល​ដឹង​ថា អ្នកស្រី សៀង ចាន់ហេង ឬ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មាន​ដី​នៅ​តំបន់​នោះ តាំងពី​ពេលណា​ទេ។ ប៉ុន្តែ ក្រោយ​ឆ្នាំ​២០០៨ អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត កោះ​ប្រជុំ​ប្រាប់​​អ្នក​ភូមិ​​ថា ផ្ទៃដី ដែល​​ពួក​គេ​គ្រប់គ្រង​​អាស្រ័យ​​ផល មិនមែន​ជា​ដី​របស់​ពួកគេ ឬ​ដី​រដ្ឋ​ទេ ហើយ​ពលរដ្ឋ​មិន​អាច​គ្របគ្រង​ដី​ទាំងនោះ​បន្ត​ទៀត​ទេ ដោយសារ​​ដី​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។

តំណាង​ពលរដ្ឋ លោក ស៊ុន ខេមរា អះអាង​ថា ដី​កំពុង​មាន​ជម្លោះ​នៅ​ឃុំ​បឹងខ្យាង មាន​ចំនួន​ប្រមាណ ​២៤៥​ហិកតារ ជា​ប្រភេទ​ដី​សហគមន៍ ហើយ​ពលរដ្ឋ​ធ្វើស្រែ អាស្រ័យ​ផល​លើ​ដី​នោះ តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ ដោយ​មិន​មាន​អាជ្ញាធរ​ណា ចេញ​​​​ប្លង់​​ឲ្យ​​ទេ។ ប៉ុន្តែ រហូតដល់​ថ្ងៃ​ទី​១២ ធ្នូ អភិបាលខេត្ត លោក ម៉ៅ ភិរុណ ប្រកាស​ថា ដី​នោះ​​មាន​​ប្លង់​​កម្មសិទ្ធិ​​រួច​ទៅ​​ហើយ ធ្វើ​​​ឲ្យ​​​ពលរដ្ឋ​​​ស្រងាក​ចិត្ត ចោទ​​​អាជ្ញាធរ និង​ក្រុមហ៊ុន​ថា ​ឃុបឃិត​​គ្នា​​លួច​​ធ្វើ​​ប្លង់​​ឲ្យ​​ក្រុមហ៊ុន ព្រោះ​​ពលរដ្ឋ​​នៅ​​តាំង​ពី​​ឆ្នាំ​១៩៨០ ឬ ១៩៩០មក តែ​​គ្មាន​​ប្លង់​​កម្មសិទ្ធិ តែ​​បែរ​ជា​​ក្រុមហ៊ុន ដែល​​ពលរដ្ឋ​​មិន​​ស្គាល់​​ទទួល​​​បាន​​​ប្លង់​​​កម្មសិទ្ធិ​​​ទៅ​​វិញ៖ «ដីទាំង ២៤៥ហិកតា​រ គឺ​​មាន​​ក្រុមហ៊ុន​​ដល់​​​ទៅ ៤ ឯ​ណោះ ក្រុមហ៊ុន​ទី១ គឺ​​សម្ព័ន្ធ​​កសិករ​​កម្ពុជា​​របស់​​លោកស្រី សៀង ចាន់ហេង​ មួយ​ទៀត​របស់​ក្រុមហ៊ុន វីរ៉ូ ណែល ក្រុមហ៊ុន​ទី៣ របស់​លោក ជូ ស្រេង ក្រុមហ៊ុន​ទី៤ ជា​ក្រុមហ៊ុន​ដែល​ខ្ញុំ​ភ្លេច​ឈ្មោះ​​បាត់​ហើយ។ ១០០ហ្នឹង ​ក្រុមហ៊ុន​ជា​​អ្នក​​ផ្តល់​​ឲ្យ​ម្នាក់​ ១០០ ចំនួន ៨.៣៩៥នាក់ តាម​​រយៈ​​អាជ្ញាធរ​​​យក​​​មក​​ចែក​​ជូន​​ប្រជាពលរដ្ឋ នៅ​​ក្នុង​ភូមិ​​បឹង​​​ខ្យាង»

បច្ចុប្បន្ន ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្នុងចំណោម ៤​ឃុំ មាន​ជម្លោះដីធ្លី​យ៉ាងហោចណាស់ មាន ២​ឃុំ ត្រូវ​បាន​​ដោះ​ស្រាយ​​បញ្ចប់​​ទំនាស់ គឺឃុំ​អំពៅព្រៃ ព្រម​ទទួលយក​គោលនយោបាយ ១០០​ដុល្លារ និង​ឃុំ​ព្រែកស្លែង ទទួល​បាន ២៦៥​ដុល្លារ ក្នុង​ម្នាក់។ តំណាង​ពលរដ្ឋ​ឃុំ​បឹងខ្យាងថា ពួកគេ​នឹង​ព្រម​ទទួល​យក​ដោយ​សប្បាយចិត្ត ប្រសិនបើ អាជ្ញាធរ​​ព្រម​​សម្របសម្រួល​​ឲ្យ​​ពួក​គេ​ទទួល​បាន ២៥០​ដុល្លារ ប្រហែល​គ្នា​នឹង​ពលរដ្ឋ​នៅ​ឃុំ​ព្រែកស្លែង​ដែរ។

លោក ម៉ៅ ភិរុណ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​អាច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​ពលរដ្ឋ​​ឃុំ​​បឹង​ខ្យាង ក្នុង​​ម្នាក់​បាន​​ត្រឹម​​តែ ១០០​ដុល្លារ​ប៉ុណ្ណោះ ប្រសិនបើ មិន​ទទួល​យក​លោក​ក៏​គ្មាន​ដំណោះស្រាយ​អ្វី​ទៀត​ដែរ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់ថា ក្នុង​ករណី អាជ្ញាធរ​មិន​អាច​ផ្ដល់​ជូន ២៥០​ដុល្លារ តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ​ទេ អាជ្ញាធរ​មិន​ត្រូវ​បង្ខំ​ពលរដ្ឋ​ឲ្យ​ទទួលយក​ទេ ហើយ​គួរ​ទទួល​យក​គំនិត​ពលរដ្ឋ​ដែល​ស្នើសុំ គឺ​ឲ្យ​រក្សា​ដី​នោះ ជា​ដី​សហគមន៍​ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ជា​ធម្មតា កុំ​ប្រគល់​ឲ្យ​ក្រុមហ៊ុន៖ «បើ​ពួក​គាត់​ទុក​ដី​នឹង​ធ្វើ​ការ​អាស្រ័យ​ផល​អនាគត ទៅ​ដី​ទាំង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ពួក​គាត់​បាន​ច្រើន​ជាង​ហ្នឹង ហើយ​វា​បាន​លើស​ពី​តម្លៃ​នា​ពេល បច្ចុប្បន្ន​នេះ​ផង​ដែរ​បាទ»

ពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ដើរ​បញ្ចុះបញ្ចូល និង​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​ទទួលយក​គោលនយោបាយ ១០០​ដុល្លារ និង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ថា ពលរដ្ឋ​ព្រម​ទទួលយក​គោលនយោបាយ ១០០​ដុល្លារ ដោយ​សប្បាយចិត្ត ពី​ក្រុមហ៊ុន និង​អាជ្ញាធរ។ ពលរដ្ឋ​ព្រមាន​ថា នឹង​បន្ត​ការ​តវ៉ា​ទៀត ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ទទួល​យក​សំណើ​ដោះស្រាយ ២៥០​ដុល្លារ ឬ​ទុក​ដី​នោះ ជា​ដី​សហគមន៍​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។