ពលរដ្ឋជាង ២០០នាក់ តំណាងឱ្យពលរដ្ឋ ៤៧៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វាលយន្តហោះថ្មី នៅថ្ងៃទី២៧ ធ្នូ បន្តលើកគ្នាតវ៉ាជាថ្មីទៀត នៅសាលាខេត្តកណ្ដាល ដើម្បីទាមទារឱ្យអាជ្ញាធរបំភ្លឺករណីដាក់ឱសានវាទឱ្យពលរដ្ឋរុះរើផ្ទះ និងហាមពួកគាត់មិនឱ្យសាងសង់លំនៅឋានលើដីរបស់ខ្លួន។
ពលរដ្ឋជិត ៥០០គ្រួសារទាំងនោះ កំពុងអន្ទះអន្ទែងក្នុងចិត្ត នៅគ្រាដែលតំណាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ ឧកញ៉ា ពុង ឃាវសែ និងអាជ្ញាធរតែងតែហាមឃាត់ពួកគាត់មិនឱ្យសង់ផ្ទះលើដីកេរឪពុកម្ដាយរបស់ខ្លួន និងគំរាមឱ្យពលរដ្ឋរុះរើផ្ទះសម្បែងចេញពីគម្រោងអភិវឌ្ឍន៍វាលយន្តហោះថ្មី។
ក្រុមពលរដ្ឋទាំងនោះ រស់នៅតំបន់ ៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និង អ្នកភូមិខ្លះទៀតរស់នៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
តំណាងពលរដ្ឋលោកស្រី ម៉ុត ចាន់សុផាននី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ធ្នូថា រដ្ឋបាលខេត្តកណ្ដាលបានទទួលញត្តិពីពួកលោកស្រីរួចហើយ នៅព្រឹកថ្ងៃដដែលនេះ ហើយអាជ្ញាធរសន្យាថា នឹងនាំក្តីកង្វល់របស់ពលរដ្ឋទៅដោះស្រាយជាបន្ទាន់។
លោកស្រីបន្ថែមថា បំណងរួមរបស់ពលរដ្ឋ គឺទាមទារឱ្យអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ផ្តល់ព័ត៌មានលម្អិត រឿងតំណាងក្រុមហ៊ុន និងអាជ្ញាធរតែងតែមកស្រង់លេខផ្ទះ និងស្រង់ទិន្នន័យពលរដ្ឋ រួចដាក់ឱសានវាទឱ្យរុះរើផ្ទះ ដែលធ្វើឱ្យអ្នកភូមិដេកភ័យ ខ្លាចក្រែង អាជ្ញាធរបណ្ដេញពួកគាត់ដោយបង្ខំ។
លោកស្រី ម៉ុត ចាន់សុផាននី៖ « ពលរដ្ឋរាល់ថ្ងៃនេះ មានកង្វល់ខ្លាចគេឱ្យរុះរើប្ដូរទីលំនៅ គាត់អត់ចង់ប្តូរទៅណាទេ គាត់ចង់រស់នៅ ទាំងខ្ញុំ និងគេ ទាំងអស់គ្នា ពុំមាននរណាចង់រុះរើទៅណាទេ។ មានតែដំណឹងថា គេឱ្យរុះរើៗ ប្រជាជនរាល់ថ្ងៃ គឺនៅភ័យខ្លាចកន្លែងហ្នឹង » ។
កាលពីព្រឹកថ្ងៃទី២៧ ធ្នូ ពលរដ្ឋជាង ២០០នាក់ តំណាងឱ្យពលរដ្ឋជិត ៥០០គ្រួសារ បានយកញត្តិមានស្នាមមេដៃ ពលរដ្ឋ ៤៧៣គ្រួសារ ដាក់ជូនរដ្ឋបាលខេត្តកណ្ដាល ក្នុងបំណងស្នើឱ្យអាជ្ញាធរខេត្តនេះពន្យល់ពិស្តារ ជុំវិញគម្រោងអភិវឌ្ឍន៍វាលយន្តហោះ ដែលបង្ខំឱ្យពលរដ្ឋរុះរើផ្ទះសម្បែង។
ក្នុងពេលតវ៉ា អភិបាលរងខេត្តពីរនាក់ បានចេញមកជួបតំណាងពលរដ្ឋ ហើយទទួលយកញត្តិ ដោយសន្យាថា នឹងពុំមានការរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះឡើយ។
លោកស្រី ម៉ុត់ ចាន់សុផាននី បន្ថែមថា អាជ្ញាធរខេត្តកណ្ដាល បានហាមឃាត់មិនឱ្យមន្ត្រីអាដហុកពីរនាក់ គឺលោក យី សុខសាន្ត និងលោក ម៉ើ ចាន់ដារ៉ា ចូលរួមតាមដាន កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ក្នុងការិយាល័យនោះទេ បើទោះជាមន្ត្រីសង្គមស៊ីវិលទាំងនោះ បានស្នើសុំអាជ្ញាធរក្តី។ លោកស្រីបញ្ជាក់ថា ក្រោយពីអាជ្ញាធរ បានទទួលញត្តិរួចហើយ ក្រុមពលរដ្ឋបានវិលមកផ្ទះរៀ ងៗ ខ្លួន នៅម៉ោង ១២ថ្ងៃត្រង់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី២៧ ធ្នូ ដោយសារទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ ក៏ប៉ុន្តែអភិបាលរងខេត្តកណ្ដាល លោក នូវប៉េង ច័ន្ទតារា បានប្រាប់អ្នកភូមិថា អាជ្ញាធរនឹងបើកវេទិកាសាធារណៈមួយ ដើម្បីជជែកពិភាក្សារកដំណោះស្រាយជាមួយពលរដ្ឋ និងផ្តល់លេខទូរស័ព្ទឱ្យពួកគាត់ ងាយស្រួលទាក់ទងកំណត់ថ្ងៃបើកវេទិកាសាធារណៈ។
គម្រោងអភិវឌ្ឍន៍វាលយន្តហោះ ថ្មី លើផ្ទៃដី ២.៦០០ហិកតារ ប៉ះចំឃុំចំនួន៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមានផ្នែកខ្លះ ឆ្លងចូលទឹកដីឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
គម្រោងអភិវឌ្ឍន៍នេះ បន្តកើតមានជម្លោះ ដីធ្លីរវាងក្រុមហ៊ុន និងពលរដ្ឋតាំងពីដំបូង ដោយសារអាជ្ញាធរបានកំណត់តម្លៃដីស្រែចម្ការ និងដីលំនៅឋានថោកក្រោមទីផ្សារ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ពន្យល់ថា ច្បាប់របស់កម្ពុជាចែងថា មុននឹងអភិវឌ្ឍន៍តម្រូវឱ្យក្រសួងពាក់ព័ន្ធត្រូវវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន ដោយផ្តល់សំណងជូនពលរដ្ឋឱ្យសមរម្យ មុននឹងរុះរើផ្ទះសម្បែង និងយកដីរបស់ពួកគាត់ទៅវិនិយោគ។ លោកសង្កេតឃើញថា ករណីនេះ ក្រុមហ៊ុន និងអាជ្ញាធរបន្តអនុវត្តគម្រោងប៉ះពាល់ពលរដ្ឋ ទើបរកដំណោះស្រាយជាក្រោយ ដែលជាទង្វើផ្ទុយពីច្បាប់។
លោក ស៊ឹង សែនករុណា៖ « កន្លងមកមានការទាមទារតវ៉ា ថ្វីត្បិតតែមានការដោះ ស្រាយផ្តល់សំណងមួយចំនួន។ ប៉ុន្តែឃើញរូបភាព បង្ខិតបង្ខំដោយប្រើប្រាស់ប្រព័ន្ធតុលាការ ការគំរាមកំហែងដោយក្រុមអាជ្ញាធរលើពួកគាត់ឱ្យទទួលយកសំណង។ ថ្វីពលរដ្ឋតវ៉ាទៀ ត គប្បីអាជ្ញាធរខេត្តគួរបំភ្លឺឱ្យច្បាស់លាស់ ចៀសវាងមានវិធានការលើពួកគាត់ ទាំងពុំមានសំណង។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ ដែលជាសេដ្ឋីស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់វាលយន្តហោះ ខ្នាតអន្តរជាតិមួយនេះ ។
តាមគម្រោងក្រុមហ៊ុននឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ (១.៥០០លាន) ក៏ប៉ុន្តែពេលនេះ ក្រុមហ៊ុននៅមិនទាន់ដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋទាំងស្រុងនៅឡើយទេ។
ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះ មានប្រមាណ ៤០០គ្រួសារ ឋិតក្នុងខេត្តកណ្ដាល និងខេត្តតាកែវ។ ក្រុមពលរដ្ឋព្រមានថា ប្រសិនបើក្រុមហ៊ុន និងអាជ្ញាធរ មិនព្រមផ្ដល់សំណងសមរម្យទេ ពួកគាត់មិនព្រមប្រគល់ដីស្រែ និងដីលំនៅឋានសង់វាលយន្តហោះជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។