ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ ដែលរងផលប៉ះពាល់ពីការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ ដើម្បីស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធ អន្តរាគមន៍ឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង បញ្ឈប់គម្រោងរុះរើផ្ទះ របស់ពួកគាត់នៅភូមិចាស់ ដែលលិចទឹកជាង៤ឆ្នាំមកហើយ។ ផ្ទះប្រជាពលរដ្ឋជនជាតិភាគតិចព្នងលិចទឹក ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនី។ តែអាជ្ញាធរខេត្តស្ទឹងត្រែងថា គម្រោងរុះរើផ្ទះលិចទឹក ពុំមានផលប៉ះពាល់នោះទេ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិក្បាលរមាសឱ្យដឹងថា មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងមហាផ្ទៃ និងមន្ត្រីក្រសួងដែនដី បានទទួលញត្តិរបស់ពួកគាត់រួចហើយ កាលពីថ្ងៃទី១៦ និង១៧ ខែសីហា។ ប្រជាសហគមន៍ប្រកាសជំហរថា នឹងស៊ូស្លាប់ ដោយមិនអនុញ្ញាតឱ្យអាជ្ញាធររុះរើផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលលិចក្នុងទឹកជាដាច់ខាត ព្រោះប៉ះពាល់ដល់អត្តសញ្ញាណប្រពៃណី និងជំនឿសាសនារបស់ជនជាតិដើមព្នង ដែលធ្លាប់ស្បថមិនបោះបង់ភូមិចាស់។
ប្រធានសហគមន៍ភូមិក្បាលរមាសលោកស្រី ស្រាំង ឡាញ់ ប្រាប់វិទ្យុអាស៊ីសេរីថា ទោះជាផ្ទះអ្នកភូមិជាង ៤០ ខ្នង លិចទឹកជាង ៤ ឆ្នាំមកហើយក្តី ក៏ពួកគាត់នៅតែស្នាក់អាស្រ័យ និងប្រតិបត្តិពិធីបន់ស្រន់បែបជនជាតិដើមភាគតិច ដោយពុំបានបោះបង់ចោលនោះទេ ហេតុនេះទើបពួកគាត់ចង់រក្សាផ្ទះនោះឱ្យគង់វង្ស។ លោកស្រីថា ក្រៅពីការទាមទារឱ្យអាជ្ញាធរបញ្ឈប់គម្រោងរុះរើផ្ទះរបស់ពួកគាត់ អ្នកភូមិ ក៏អំពាវនាវឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រសួងពាក់ព័ន្ធ ពន្លឿនចុះបញ្ជីដីព្រៃសហគមន៍ទំហំ ៧ ពាន់ហិកតារ ដើម្បីរក្សាព្រៃដែលជាជម្រកសត្វព្រៃ ឱ្យគង់វង្ស៖ «ទោះបីជារងផលប៉ះពាល់ក៏ដោយ ក៏យើងមិនរុះរើទេផ្ទះ ដោយសារទាក់ទងនឹងប្រពៃណីវប្បធម៌មិនអាចរុះរើបានទេ។ ដោយសារអភិបាលខេត្ត អាជ្ញាធរខេត្តស្ទឹងត្រែងយើងនឹងសហគមន៍យើងឡើងទៅដាក់ញត្តិបីដងហើយ គ្មានការពិភាក្សាឆ្លើយតប ជាមួយសហគមន៍ទេ»។
ក្រៅពីនេះ ប្រជាសហគមន៍បានជំរុញឱ្យអាជ្ញាធរជាតិដោះស្រាយករណីអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុនចិនស៊ីវហ្គិច (Sev Gek) បោះបង្គោលព្រំដីនៅចំកណ្ដាលភូមិ និងក្បែរសសរផ្ទះ បំពានចូលស្រែរបស់សហគមន៍។ ពួកគាត់ថា អាជ្ញាធរខេត្តនេះ មានផែនការកាត់ឆ្វៀលដីសហគមន៍ភូមិក្បាលរមាសស្ទើរតែទាំងស្រុង ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន កាប់បំផ្លាញព្រៃឈើ និងបំផ្លាញកន្លែងអាស្រ័យផលដ៏សំខាន់របស់សហគមន៍ នៅតំបន់នោះ។
កាលពីចុងខែកក្កដាកន្លងទៅ អាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ម៉ែន គុង និងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បានចុះជួបពលរដ្ឋដល់មូលដ្ឋាន។ អាជ្ញាធរថា ពួកគេ នឹងចុះមករុះរើផ្ទះលិចទឹក ៥៣ គ្រួសារ ក្នុងពេលឆាប់ៗនេះ។
ប្រជាសហគមន៍អះអាងថា លំនៅឋានលិចទឹកទាំងនោះ មិនបានបង្កគ្រោះមហន្តរាយ ឬហានិភ័យណាមួយដល់សហគមន៍ និងសង្គមជាតិនោះទេ។
អ្នកភូមិហៅទង្វើរបស់អាជ្ញាធរ កំពុងបំផ្លាញកន្លែងជំនឿ និងប្រតិបត្តិប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បកស្រាយថា សកម្មភាពរុះរើផ្ទះលិចទឹកនេះ គឺពុំមានផលប៉ះពាល់អ្វីនោះទេ។ ហេតុនេះលោកថា ពលរដ្ឋត្រូវចូលរួមរៀបចំ និងដោះស្រាយសំអាតទីតាំងនោះឱ្យបានស្អាត ចៀសវាងកុំឱ្យមានផ្ទះនៅក្នុងទឹក អាចបាក់អណ្ដែតពាសពេញទន្លេ។ លោកបន្ថែមថា អាជ្ញាធរនៅតែមានគោលជំហរ ដោះស្រាយបញ្ហានានាជូនពលរដ្ឋ ផ្អែកតាមច្បាប់ និងគោលនយោបាយដោះស្រាយផលប៉ះពាល់នានា៖ «មិនមានផលប៉ះពាល់អីទេ ដោយសារផ្ទះហ្នឹងវាលិចក្នុងទឹក អត់មានអាស្រ័យផលអីទេ គាត់ត្រូវចូលរួមរៀបចំដោះស្រាយ សំអាតកន្លែងហ្នឹងឱ្យបានស្អាត កុំឱ្យឃើញមាន ផ្ទះក្នុងទឹក ឬផ្ទះបាក់ហូរអណ្ដែតចេញព្រោងព្រាត។ អាជ្ញាធរនៅតែមានគោលជំហរដោះស្រាយចេញ ដើម្បីអាចដោះស្រាយ អាចទទួលយកបានទាំង»។
ទោះជាយ៉ាងនេះក្តី អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាលោក យុន ឡូរ៉ង់ យល់ថា អាជ្ញាធរគួរតែពិភាក្សា និងគោរពការសម្រេចចិត្តរបស់ប្រជាសហគមន៍ ព្រោះជនជាតិដើមភាគតិចមានជំនឿ និងអត្តសញ្ញាណជាច្រើន ដែលពាក់ព័ន្ធនឹងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលអាជ្ញាធរគ្រោងរុះរើ។ លោកថា អាជ្ញាធរខេត្តគួរតែផ្ដល់លទ្ធភាពឱ្យប្រជាសហគមន៍ចូលរួមសម្រេចចិត្តបញ្ហានេះ ព្រោះភូមិកំណើត និងផ្ទះពួកគាត់ បានក្លាយជាផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២៖ « អ្វីដែលយើងមើលឃើញថា ខេត្តពាក់ព័ន្ធនឹងសំណើរបស់សហគមន៍ គាត់ដូចជា គាត់ឆ្លើយតបដែរ ប៉ុន្តែអត់សូវដូចជា ផ្ដល់តម្លៃ និងគោរពទៅតាម នីតិវិធីច្បាប់ និងគោរពសិទ្ធិពួកគាត់សហគមន៍ស្របច្បាប់នោះទេ ផ្ទុយទៅវិញឃើញថា សំណើរបស់ក្រុមហ៊ុនទាំងពីរ ខេត្តហាក់យកចិត្តទុកដាក់ អត់ឱ្យសហគមន៍ចូលរួម កន្លែងហ្នឹងគឺជាចំណុចមួយ ដែលយើងសោកស្តាយដែរ»។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៣ គ្រួសារបូករួមទាំងពលរដ្ឋបំបែកគ្រួសារមួយចំនួនទៀត បានបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចស្រែវាល ឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ។ ក្រុមពលរដ្ឋទាំងនោះរស់ពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា ឃ្វាលគោក្របីធ្វើចម្ការវិលជុំ រកអនុផលព្រៃឈើ បេះបន្លែ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។