តើបណ្ឌិត កែម ឡី មានបំណងធ្វើអ្វីខ្លះកាលលោកនៅរស់?
2016.10.16
ត្បិតបណ្ឌិត កែម ឡី បានលាចាកលោកជាងបីខែកន្លងមក ដោយសារតែការបាញ់ប្រហារកាលពីថ្ងៃទី១០ ខែកក្កដា ក្តី ប៉ុន្តែបេសកកម្មរបស់លោកមិនបាត់បង់ដូចរួបរាងកាយរបស់លោកនោះឡើយ។ អ្នកដែលធ្លាប់ធ្វើការជាមួយ និងអ្នកដែលជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី បានរៀបរាប់ថា លោកបណ្ឌិត កែម ឡី នៅមានកិច្ចការជាច្រើនទៀតដែលលោកចង់ធ្វើ ហើយអ្នកដទៃពិបាកនឹងធ្វើដូចលោកបាន។
តើកិច្ចការអ្វីខ្លះដែលលោកបណ្ឌិត កែម ឡី ចង់ធ្វើកាលលោកនៅរស់នោះ?
អ្នកជិតស្និទនឹងលោកបណ្ឌិត កែម ឡី បានចាត់ទុកលោកគឺជាធនធានកម្រ និងជាគំរូរបស់ជាតិ ហើយលោកនៅមានបេសកកម្មជាច្រើនទៀត ដែលលោកត្រូវធ្វើមុនពេលលោកត្រូវបានឃាតកបាញ់ប្រហារ។
បេសកម្មរបស់លោកបណ្ឌិត កែម ឡី នោះ មានដូចជាការការពារបូរណភាពទឹកដី ការការពារធនធានធម្មជាតិ និងព្រៃឈើ កំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា ជាដើម។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលជាមនុស្សជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី មានថេរដីកាថា លោកបណ្ឌិត កែម ឡី មានបំណងជាច្រើនដែលលោកគ្រោងនឹងធ្វើ តែជាអកុសលត្រូវឃាតកប្រល័យជីវិតរបស់លោកមុនលោកបានធ្វើកិច្ចការទាំងនោះបានចប់សព្វគ្រប់ជាស្ថាពរ។ ព្រះតេជព្រះគុណ មានថេរដីកាថា កិច្ចការសំខាន់ៗដែលលោកបណ្ឌិត កែម ឡី ចង់ធ្វើនោះ មានដូចជា លោកចង់ចងក្រងឯកសារកោះទាំង ៦៤ របស់កម្ពុជា និងចងក្រងជាខ្សែវីដេអូ ឯកសារជាភស្ដុតាងរឹងមាំ ដើម្បីតទល់ជាមួយប្រទេសជិតខាង ដែលចង់លេបត្របាក់ទឹកដីខ្មែរ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បន្ថែមថា កោះទាំង ៦៤ នោះ លោកបណ្ឌិត កែម ឡី បានទៅសិក្សាស្រាវជ្រាវនោះ គឺកោះរ៉ុង៖ «កោះទាំង ៦៤កោះសំខាន់ទាំងអស់ បេសកកម្មនេះបាត់ដោយសារបាត់ម្ចាស់ តែមិនបញ្ចប់ទេបេសកកម្មនេះ ត្រូវមានក្រុមមនុស្សមកធ្វើបន្ត មិនមែនធ្វើដើម្បីបង្អួតជាតិទេ»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញក្នុងស្ថានីយសាំងកាល់តិច (Caltex) ស្ដុបបូកគោ កាលពីថ្ងៃអាទិត្យ ទី១០ កក្កដា ឆ្នាំ២០១៦។ មកទល់ពេលនេះ មានរយៈពេលជាងបីខែហើយ អាជ្ញាធរ ឬតុលាការមិនទាន់រកអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះមកផ្ដន្ទាទោសក្រៅពី អឿត អាង ហៅ ជួប សម្លាប់ នោះឡើយ។
លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនស្គាល់ថា ជាអ្នកវិភាគនយោបាយ និងសង្គមឥតសំចៃមាត់។ ឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅស្របពេលលោកបានធ្វើបទវិភាគជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអំពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ស្ដីពីក្រុមគ្រួសារត្រកូល "ហ៊ុន" មានអាជីវកម្មជាច្រើននៅកម្ពុជា។ ឃាតកម្មនេះក៏ទន្ទឹមនឹងលោកបណ្ឌិត កែម ឡី កំពុងធ្វើសកម្មភាពខ្លាំងក្លាពីបញ្ហាសង្គម គឺយុទ្ធនាការ ១០០រាត្រី ដែលលោកគ្រោងនឹងចងក្រងឯកសារប្រវត្តិសាស្ត្រសម្រាប់ក្មេងៗជំនាន់ក្រោយ និងជាការលាតត្រដាងឲ្យរដ្ឋាភិបាលបានដឹងអំពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងអ្វីដែលប្រជាពលរដ្ឋកំពុងប្រឈម ។ល។ តែជាអកុសលបំណងប្រាថ្នារបស់លោកមិនទាន់បានសម្រេចនៅឡើយ ត្រូវឃាតកប្រហារជីវិតលោកឥតត្រាប្រណី បន្សល់ទុកនូវប្រពន្ធ និងកូនប្រុសចំនួន ៥នាក់។ ថ្វីត្បិតតែរាងកាយរបស់លោកបានលាចាកពីលោកិយនេះក្ដី ប៉ុន្តែឧត្តមគតិ និងស្នាដៃរបស់លោកបានដក់ជាប់នៅក្នុងបេះដូងពលរដ្ឋខ្មែរ។
លោកបណ្ឌិត កែម ឡី កាលលោកនៅរស់តែងតែវិភាគពីបញ្ហាសង្គម និងនយោបាយឥតសំចៃមាត់ ហើយលោកប្រកាន់ជំហរធ្វើជាអ្នកវិភាគមិនរុញរានឹងសេចក្ដីស្លាប់ ដោយលោកប្រកាន់ទ្រឹស្ដីត្រូវហ៊ានលះបង់ជីវិតមួយចំនួនដូចជា "នៅពេលវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ" "ខ្ញុំនឹងនិយាយពីអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ" "ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណភាពទឹកដី មិនមែនជាជម្រើសល្អទេ" និង "សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺបេះដូងពលរដ្ឋ" ជាដើម។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោកបណ្ឌិត កែម ឡី ចង់ឃើញចរន្តនយោបាយមួយនៅកម្ពុជា មានការផ្លាស់ប្ដូរ និងចង់ឲ្យមានប្រជាធិតេយ្យក្នុងបក្សពិតប្រាកដ។ លោកបណ្ឌិត កែម ឡី តែងមានប្រសាសន៍តាមប្រព័ន្ធផ្សាយនានា អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងបក្ស ឬឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ដែលគណបក្សនោះមិនមានអំណាចប្រមូលផ្ដុំ ឬអំណាចមិនស្ថិតនៅលើប្រធានបក្សតែម្នាក់។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោកបណ្ឌិត កែម ឡី ចង់ឃើញប្រជាពលរដ្ឋចូលរួមនយោបាយយ៉ាងសកម្ម មិនមែនចង់ឃើញការបង្កើតគណបក្សច្រើននៅក្នុងសង្គមនោះទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ថ្លែងប្រាប់អ្នកកាសែតក្នុងវេទិកាយុវជនមួយកាលពីលោកនៅរស់ថា ក្នុងសង្គមប្រជាធិបតេយ្យចាំបាច់ណាស់ត្រូវការពហុមតិ ទស្សនៈ និងការចូលរួមពីប្រជាពលរដ្ឋ និងពីគណបក្សផ្សេងៗ៖ «ពេលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំហ្នឹងមានជីវិតទេ ព្រោះឋិតនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន មានពស់វែកច្រើន។ ពេលខ្ញុំវិភាគ ខ្ញុំមិនដែលគិតថាខ្ញុំមានជីវិតទេ ប៉ុន្តែបើយើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្ដល់គំរូដល់យុវជនទេ។ យើងអត់មានលទ្ធភាពកែប្រែសង្គមទេ»។
ក្រៅពីនេះទៀត លោកបណ្ឌិត កែម ឡី ចង់ឃើញសង្គមកម្ពុជា មានសន្តិភាពពិតប្រាកដ។ លោកបញ្ជាក់ថា សន្តិភាពពុំមែនមានន័យថា ប្រទេសគ្មានសង្គ្រាមនោះទេ សន្តិភាពគឺទាមទារឲ្យមានប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា កម្ពុជាគ្មានសង្គ្រាមមែន តែជាសង្គមអន្តិសុខ មនុស្សជាតិ ពិសេសសង្គមដែលមានបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃ និងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋជាដើម៖ «សង្គមប្រជាធិបតេយ្យចាំបាច់ណាស់ត្រូវមានទស្សនៈប្លែក ពហុទស្សនៈ ដើម្បីអភិវឌ្ឍសង្គម»។
ជំនួយការលោកបណ្ឌិត កែម ឡី នឹងជាអ្នកដែលធ្វើការជាប់លាប់មួយលោកផងនោះ កញ្ញា លុយ ដានី បានរំលឹកពីបណ្ដាំរបស់លោកបណ្ឌិត កែម ឡី ថា លោកតែងតែផ្ដែផ្ដាំឲ្យគិតពីជាតិជាធំ កុំអាត្មានិយម ដើម្បីរស់ខ្លួនឯងកុំសម្លាប់អ្នកដទៃ កុំឲ្យអ្នកដទៃឈឺចាប់ដោយសារយើង និងពលរដ្ឋគ្រប់រូបត្រូវធ្វើកិច្ចការសង្គម ដែលជាកាតព្វកិច្ចពលរដ្ឋ៖ «គ្រូនិយាយថាសូមកុំធ្វើជាដុំថ្មសម្រាប់សង្គម សូមធ្វើជាដុំពេជ្រសម្រាប់សង្គម ពួកខ្ញុំប្ដេជ្ញាចិត្តនឹងធ្វើបន្ត»។
កញ្ញា លុយ ដានី បញ្ជាក់ថា មូលហេតុសំខាន់ដែលធ្វើឲ្យលោកបណ្ឌិត កែម ឡី ប្រកាន់ជំហររឹងមាំដល់ទីបញ្ចប់នៃជីវិតរបស់លោកនោះ គឺលោករក្សាជំហរធ្វើអ្វីៗដើម្បីជាតិ មិនលក់ឧត្តមគតិ ហើយក៏ចង់ឲ្យពលរដ្ឋមើលឃើញពីភាពស្មោះត្រង់របស់លោកដែលធ្វើកិច្ចការសង្គម មិនមែនតែបម្រើក្រុមណាមួយ៖ «គាត់ចង់ធ្វើបដិវត្តន៍ផ្នត់គំនិតកុំឲ្យគេមើលឃើញបញ្ញវន្តខ្មែរអាមួយណាក៏ដូចអាមួយណា អ្នកមានចំណេះដឹងគេទិញ តែលោកគ្រូទោះបីគេទិញក៏គាត់មិនលក់ដែរ»។
រីឯអ្នកជិតស្និតនឹងលោកបណ្ឌិត កែម ឡី មួយរូបទៀត ដែលជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម គឺលោកបណ្ឌិត មាស នី ដែលលោកមានអាជីពដូចលោកបណ្ឌិត កែម ឡី ដែរនោះ មានប្រសាសន៍ថា លោក កែម ឡី គឺជាអ្នករូតវាំងននសង្គមដ៏សំខាន់ដែលមិនអាចខ្វះបាន តែគួរឲ្យសោកស្ដាយអ្នករូតវាំងននរូបនេះ ត្រូវបានឃាតកប្រហារជីវិតទៅវិញ។
លោក មាស នី សង្កត់ធ្ងន់ថា អ្វីដែលលោកបណ្ឌិត កែម ឡី ធ្វើ គឺលោកពាំនាំទុក្ខកង្វល់ពលរដ្ឋឲ្យរដ្ឋាភិបាល ឬថ្នាក់លើបានឃើញ ទោះបីជាការវិភាគម្ដងៗរបស់លោកបណ្ឌិត កែម ឡី ប្រឈមនឹងសេចក្ដីស្លាប់ក៏ដោយ៖ «ច្រើនតែចោទប្រកាន់ក្រុមយើងជាក្រុមអ្នកវិភាគដូរបាយ តែយើងពួកយើងច្រើនតែយកជីវិតមកប្ដូរច្រើនជាងប្ដូរបាយ ព្រោះយើងយកគំនិតមកវិភាគ»។
ក្រុមអ្នកជិតស្និទ្ធរបស់លោក បណ្ឌិត កែម ឡី បានប្ដេជ្ញាចិត្តថា ទោះបីជាពួកគាត់គ្មានលទ្ធភាពបន្តបេសកកម្មរបស់លោក កែម ឡី ឲ្យបានដូចលោក កែម ឡី ក៏ដោយ ប៉ុន្តែពួកគាត់នឹងព្យាយាមធ្វើម្ដងបន្តិចៗទៅតាមអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ក្រៅពីនេះ អ្វីដែលធ្វើមនុស្សជិតស្និទ្ធជាមួយលោកចងចាំ និងយកធ្វើជាគំរូនោះ គឺលោកបណ្ឌិត កែម ឡី ជាមនុស្សស្មោះត្រង់ ក្នុងមួយជីវិតរបស់លោកលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនធ្វើកិច្ចការដើម្បីសង្គមជាតិ មិនមែនដើម្បីផលប្រយោជន៍ខ្លួនឯង មិននិយាយដើមបុគ្គល តែនិយាយពីបញ្ហាសង្គម ឬជាអ្នករួតវាំងននសង្គមឲ្យពលរដ្ឋបានដឹងបានឃើញ និងជាមនុស្សមិនវាយប្រហារ ឬឈ្លោះប្រកែកដើម្បីផលប្រយោជន៍ខ្លួនជាដើម៕