ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​បញ្ហា​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់

ដោយ ខែ សុណង
2016-08-12
Share
ជម្លោះ​ដី​​ស្រុក​ថ្ពង កំពង់ស្ពឺ ៨៥៥ ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ឧកញ៉ា លី យ៉ុងផាត់ តវ៉ា​ដាក់​ញត្តិ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​ដីធ្លី​ជូន​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៦។
RFA/Khe Sonorng

ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាង ៣០០​នាក់ មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករស ចំនួន​២ គឺ​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) និង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) បាន​នាំ​គ្នា​ដាក់​ញត្តិ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​ដីធ្លី​ជូន​ពួកគេ។

អ្នក​ភូមិ​ដែល​កាន់​ញត្តិ​ជា​ច្រើន​ដុំ​នៅ​នឹង​ដៃ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដែល​ទើប​កាន់​តំណែង​ថ្មី លោក ជា សុផារ៉ា អន្តរាគមន៍​ទៅ​លោក​ឧកញ៉ា លី យ៉ុងផាត់ ដោះស្រាយ​សំណង​ដីធ្លី​ឲ្យ​ពួកគេ​យ៉ាង​ឆាប់​រហ័ស។

បុរស​អ្នក​ភូមិ​ម្នាក់​មក​ពី​ភូមិ​គោក ឃុំ​អមលាំង ស្រុក​ថ្ពង លោក អ៊ឹម គង់ បាន​ចោទ​ថា ក្រុមហ៊ុន​ភ្នំពេញ​ ស៊ូហ្គើរ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ព័ទ្ធ​ឈូស​ឆាយ​រំលោភ​យក​ដី​អ្នក​ភូមិ​ដាំ​ដើម​អំពៅ​តាំង​ពី​ឆ្នាំ​២០១០ មក​មិន​ដែល​ចរចា​ផ្ដល់​សំណង​ជូន​ពួកគាត់​ឡើយ។ ពួកគាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​ប្រកប​របរ និង​ប៉ះប៉ូវ​សំណង​ខូចខាត​កាល​ពី​ពេល​កន្លង​មក៖ «ពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​ប៉ះពាល់​ដី​គ្មាន​សល់​មួយ​ចង្អាម​ណា​ក៏​អត់​មាន​ដែរ គាត់​រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ រង​ទុក្ខ លំបាក គាត់​ស្រែក​យំ​រាល់​ថ្ងៃ​ដើម្បី​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ឬ​មួយ​ក៏​​ភាព​យុត្តិធម៌​ដើម្បី​ខ្លួន​គាត់។ ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ខ្ញុំ​និយាយ​អួល​ដើម​ក ស្នើ​ឲ្យ​ក្រសួង​ដែនដី​គាត់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​អី​លោក​ឧកញ៉ា លី យ៉ុងផាត់ គាត់​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ ព្រោះ​គាត់​ដឹង​ថា ខ្លួន​គាត់​ជា​អ្នក​យក​ដី​ពលរដ្ឋ។ ខ្ញុំ​ពឹង​ក្រសួង​ដែនដី ឲ្យ​គាត់​ជួយ​ពួក​ខ្ញុំ​រក​យុត្តិធម៌ និង​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សហគមន៍​ខ្ញុំ​ទាំង​អស់ ខ្ញុំ​សង្ឃឹម ១០០% សង្ឃឹម​ថា ក្រសួង​ដែនដី គាត់​ទើប​ឡើង​តំណែង​ថ្មី​នេះ គាត់​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ព្រោះ​អី​គាត់​ចង់​ស្តា​កេរ្តិ៍​ឈ្មោះ​ដែល​គាត់​ទើប​ឡើង​តំណែង​ថ្មី»

តំណាង​ពលរដ្ឋ​ភូមិ​ផ្លោច ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ លោក សឹង សុខុម ថ្លែង​ថា ក្រុមហ៊ុន​នេះ​ធ្លាប់​ចរចា​ជាមួយ​ពលរដ្ឋ​ដទៃ​ផ្ដល់​សំណង​ក្នុង​មួយ​គ្រួសារ​ពី ៥០០​ដុល្លារ ដល់ ២.៥០០​ដុល្លារ ប៉ុន្តែ​ពួកគាត់​ពុំ​អាច​ទទួល​យក​បាន​ទេ។ លោក​ថា ពលរដ្ឋ ​១២៤​គ្រួសារ​ដែល​មក​នេះ មិន​ទទួល​យក​សំណង​តាម​គោលការណ៍​នេះ​ឡើយ ពីព្រោះ​ជា​មធ្យម​អ្នក​ភូមិ​បាត់បង់​ដី​ពី ៣​ហិកតារ ទៅ ៦​ហិកតារ​ក្នុង​មួយ​គ្រួសារ៖ «បើ​ប្រៀបធៀប​យើង​ទៅ​ទិញ​គេ មក​ឥឡូវ​នេះ ស្តង់ដារ​មួយ​ហិកតារ ៥​ពាន់​ហើយ នៅ​តំបន់​ខ្ញុំ​ហ្នឹង បើ​គាត់​សង​តែ ៥០០ តើ​យើង​ទៅ​ទិញ​ដី​ណា​បាន»

ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ​ដែរ អ្នកស្រី ទេព វន្នី ដែល​បច្ចុប្បន្ន​រស់​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​ដាក់​ញត្តិ​ដែរ​នោះ​ថ្លែង​ថា អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​ទិញ​ដី​នៅ​ស្រុក​ថ្ពង អំឡុង​ឆ្នាំ​២០០៧ ដោយ​មាន​ឯកសារ​ទិញ​លក់ និង​ចុះ​ហត្ថលេខា​ដឹង​ឮ​តាំង​ពី​ថ្នាក់​ភូមិ​រហូត​ដល់​ខេត្ត។ ប៉ុន្តែ​ត្រូវ​រង​ការ​រំលោភ​យក​ដាំ​ដើម​អំពៅ​ដោយ​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ ទៅ​វិញ៖ «បើ ​គិត​សម្រាប់​គ្រួសារ​ខ្ញុំ​ផ្ទាល់ ឈ្មោះ​ខ្ញុំ​តែ​ម្ដង​គឺ ៥​ហិកតារ តែ​បើ​ជាមួយ​បង​ស្រី​ខ្ញុំ និង​ក្រុម​គ្រួសារ​សាច់​ញាតិ​ខាង​ប្ដី​ខ្ញុំ​ទៀត​ជិត ៤០​ហិកតារ​ត្រូវ​បាន​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ រំលោភ​យក ហើយ​មក​ដល់​ថ្ងៃ​នេះ មួយ​រៀល​លុយ​ខ្មែរ​ខ្ញុំ​អត់​ដែល​បាន​ទទួល​ដំណោះស្រាយ​ណា​មួយ​ពី​ក្រុមហ៊ុន​ នេះ​ទេ»

ឆ្លើយ​តប​នឹង​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​នេះ សមាជិក​ក្រុម​ទទួល​ញត្តិ​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ឡាយ ផល្លឹម បាន​សន្យា​ថា ក្រសួង​នឹង​ចាត់ការ​លើ​បញ្ហា​នេះ បន្ទាប់​ពី​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ។ លោក​ថា ក្រុម​ការងារ​ជំនាញ​នឹង​ពិនិត្យ​សំណុំ​រឿង​នេះ រួច​សុំ​គោលការណ៍​ដោះស្រាយ​ទៅ​លោក​រដ្ឋមន្ត្រី៖ «ខ្ញុំ​អត់​ទាន់​បាន​ដឹង​រឿង​ហ្នឹង​ទេ ប៉ុន្តែ​រុញ​ទៅ​ចាំ​មើល​ជំនាញ​គេ​ស្រាវជ្រាវ​ថា​ម៉េច? ខ្ញុំ​នឹង​ប្រគល់​លេខ​ទូរស័ព្ទ​ទៅ​ជំនាញ​ឲ្យ​ទាក់ទង​គ្នា»

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ក៏​បាន​ចូលរួម​ឃ្លាំមើល ការ​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​នេះ​ដែរ។ បើ​ទោះ​ជា​មន្ត្រី​ក្រសួង​ទទួល​យក​ញត្តិ​ពី​ពួកគេ អ្នក​ភូមិ​អះអាង​ថា បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ទេ​នោះ ពួកគេ​នឹង​បន្ត​តវ៉ា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល