ពលរដ្ឋខ្មែរក្រោមដែលត្រូវប៉ូលិសវៀតណាមបណ្ដេញចេញពីដីធ្លី កំពុងរៀបចំឯកសារបញ្ជូនទៅអាជ្ញាធរវៀតណាម ដើម្បីបញ្ជាក់ថា ដីធ្លីជាង ១០០ហិកតារ ដែលពួកគេកំពុងបង្កបង្កើនផល គឺជាដីធ្លីរបស់ខ្លួនតាំងពីដូនតាមកម្ល៉េះ។ សមាគមខ្មែរក្រោមធ្វើការងារខាងសិទ្ធិមនុស្សព្រមានថា សមាគមនឹងបន្តឃ្លាំមើលករណីជម្លោះដីធ្លីនេះ ហើយនឹងស្នើឲ្យមានកិច្ចអន្តរាគមន៍ពីប្រទេសមួយចំនួន ដែលមានទំនាក់ទំនងនឹងវៀតណាម ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ។
ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការបណ្ដេញពីដីធ្លី លោក សឺន ចាំង ឲ្យអាស៊ីសេរីដឹងថ្ងៃទី៨ ខែឧសភាថា ពលរដ្ឋខ្មែរក្រោម រងគ្រោះ គ្រោងនឹងដាក់ឯកសារទៅអាជ្ញាធរមូលដ្ឋានស្រុក និងថ្នាក់ខេត្ត ក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្តកៀងយ៉ាង ដើម្បីបញ្ជាក់ប្រាប់ថា ពលរដ្ឋខ្មែរក្រោម បានកាន់កាប់ដីរបស់ពួកគេ រាប់សិបឆ្នាំមកហើយ។ លោកបន្តថា សំណើសុំអន្តរាគមន៍ជាថ្មីនេះ ក្រោយមន្ត្រីវៀតណាមមិនដោះស្រាយ ដោយតម្រូវឲ្យពួកលោកទៅរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានវិញ ដោយលើកហេតុផលថាពួកលោក គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី៖ «យើងធ្វើមួយសន្លឹកទៅឃុំមួយសន្លឹកចូលស្រុកមួយសន្លឹកទៀតចូលទៅខេត្ត យើងឈ្មោះអីយើងដាក់ឈ្មោះយើងនៅពីក្រោមហ្នឹងទៅណាយើងធ្វើតាំងពីឆ្នាំ១៩៧៣»។
កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមរួមមាន៖ ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បានចុះទៅហាមឃាត់ និងរឹបអូសយកដីជាង ១០០ហិកតារ ដែលស្ថិតក្នុងភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿងខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្តកៀងយ៉ាង។ ប៉ុន្តែពលរដ្ឋខ្មែរជំទាស់រហូតផ្ទុះជាអំពើហិង្សាករណីនេះបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួសធ្ងន់និងស្រាល។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ។
ទាក់ទងករណីបណ្ដេញចេញនេះ អាស៊ីសេរីបានផ្ញើសំណួរសារតាមប្រព័ន្ធអេឡិចត្រូនិច្ចទៅស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញកាលពីថ្ងៃទី៧ ខែឧសភា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
អាស៊ីសេរី មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហារំលោភដីធ្លីរបស់ពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមបានទេ កាលពីថ្ងៃទី៨ ខែឧសភា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងថា ពលរដ្ឋខ្មែរក្រោមឋិតនៅគ្រប់គ្រងដោយវៀតណាម ដូច្នេះត្រូវអនុវត្តតាមច្បាប់របស់វៀតណាម។ ប៉ុន្តែពេលអ្នកយកព័ត៌មានអាស៊ីសេរីសួរថា ហេតុអ្វីបានកន្លងមកមេដឹកនាំវៀតណាមស្នើទៅរដ្ឋាភិបាលកម្ពុជាជួយមើលថែជនជាតិអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាបាន? លោក ឈឹម ផលវរុណ ឆ្លើយតបថា ករណីពលរដ្ឋខ្មែរក្រោមខុសពីករណីជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅកម្ពុជា ដោយលោកបញ្ជាក់ថា ជនជាតិវៀតណាមរស់នៅកម្ពុជា គឺជាជនអន្តោប្រវេសន៍ស្របច្បាប់ ប៉ុន្តែពួកគេនៅតែរក្សាសញ្ជាតិវៀតណាម៖ «ជាជនជាតិអីក៏ដោយតែសញ្ជាតិវៀតណាមបានន័យជាពលរដ្ឋវៀតណាមគឺត្រូវមានកាតព្វកិច្ចគោរពអនុវត្តន៍និងប្រើសិទ្ធិរបស់ខ្លួនជាជនជាតិវៀតណាម មិនខុសពីពលរដ្ឋខ្មែរដើមកំណើតខ្មែរតែចូលសញ្ជាតិអាមេរិក គឺត្រូវមានសិទ្ធិនិងកាតព្វកិច្ចអាមេរិកនៅប្រទេសអាមេរិកប៉ុណ្ណឹងឯង»។
ទោះបីជាយ៉ាង រដ្ឋាភិបាលលោក ហ៊ុន សែន នូវតែខ្លាចចិត្តរដ្ឋាភិបាលវៀតណាមដដែល។ រដ្ឋាភិបាលដែលជំពាក់គុណវៀតណាមនេះ ធ្លាប់បានផ្ដល់ជាច្រើនហិកតារនៅខេត្តកំពង់ឆ្នាំងដល់ជនជាតិវៀតណាម ដែលខ្លះរស់នៅស្របច្បាប់ និងខ្លះមិនស្របច្បាប់ ដោយសារតែពួកគេរស់នៅបំពុលបរិស្ថាននៅបឹងទន្លេសាប។ រដ្ឋាភិបាលប្រើប្រាស់ថវិការដ្ឋផ្ដល់ដីទៅជនជាតិវៀតណាមទាំងនោះ មករស់នៅលើដីគោកវិញ ដោយសារតែមានការរិះគន់ថា រដ្ឋាភិបាលអនុញ្ញាតឲ្យជនជាតិវៀតណាម រស់នៅលើបឹងទន្លេសាប។
ការលើកឡើង របស់ លោក ឈឹម ផលវរុណ ថា រដ្ឋាភិបាលកម្ពុជា គ្មានតួនាទីជួយខ្មែរក្រោម ដោយសំអាងថា ខ្មែរក្រោមគ្រប់គ្រងដោយវៀតណាមនេះ ហាក់ផ្ទុយទៅនឹងគោលបំណងពលរដ្ឋខ្មែរក្រោម ដែលកំពុងទាមទារសិទ្ធិស្វ័យសម្រេច និងនៅរក្សាសញ្ជាតិខ្មែរដដែល។ ពលរដ្ឋខ្មែរក្រោមជាច្រើន នៅតែរក្សាសញ្ជាតិខ្មែរ ក្នុងលិខិតកំណើតរបស់ពួកគេ ដោយពួកគេបដិសេធមិនព្រមទទួលសញ្ជាតិវៀតណាមនោះទេ។
ទាក់ទងជម្លោះដីធ្លីនឹងអាជ្ញាធរវៀតណាមនេះ អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា ពលរដ្ឋខ្មែរក្រោមនៅតែចាត់ទុករដ្ឋាភិបាលកម្ពុជានៅតែជាឪពុកម្ដាយរបស់ពួកគេដដែល ដោយសារតែខ្មែរក្រោមនៅតែមានសាច់ឈាមជាខ្មែរនិងពូជសាសន៍តែមួយ។ លោកឲ្យទៀតថា សមាគមខ្មែរក្រោមបានព្យាយាមជួយផ្ដល់គំនិតឲ្យពលរដ្ឋខ្មែរក្រោមដែលមានបញ្ហាដីធ្លីក្នុងខេត្តក្រមួនសនេះរៀបចំសរសេរលិខិតរៀបរាប់ពីប្រវត្តិនៃការកាន់ដីធ្លីដាក់ទៅអាជ្ញាធរវៀតណាម៖ « អ៊ី ចឹងរដ្ឋាភិបាលកម្ពុជាយើងគួរតែគិតគូរពិចារណាទៅលើបញ្ហានេះ ទោះពួកគាត់ទោះបីពួកគាត់ក្នុងការគ្រប់គ្រងរបស់វៀតណាម ប៉ុន្តែពួកគាត់ជាសាច់ឈាមពូជសាសន៍តែមួយអ៊ីចឹង គួរតែមានការចូលរួមចំណែកក្នុងការអន្តរាគមន៍ទៅដល់រដ្ឋាភិបាលវៀតណាមយ៉ាងណាមិញនៅកម្ពុជាវៀតណាមគេមិនដែលភ្លេចទេពេលគេមកដល់កម្ពុជាម្ដងៗ ឬក៏មានបញ្ហាស្អីសម្រាប់បងប្អូនវៀតណាមនៅកម្ពុជា គឺគេតែងតែអន្តរាគមន៍»។
លោកថា សមាគមខ្មែរក្រោមនឹងព្យាយាមជួយនិងតាមឃ្លាំមើលករណីជម្លោះដីធ្លីនេះក្នុងករណីអាជ្ញាធរវៀតណាមមិនផ្ដល់យុត្តិធម៌នោះទេ សមាគមលោកនឹងស្វែងរកអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ស្ថានទូតប្រទេសនានាដែលពាក់ព័ន្ធនិងប្រទេសវៀតណាម ឬអង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យជួយបន្ថែមទៀត។
សមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ឲ្យដឹងថា មិនមែនជាលើកទី១ ទេ ដែលមានករណីជម្លោះដីធ្លីក្នុងតំបន់នេះ កន្លងមកពលរដ្ឋខ្មែរក្រោម រងបណ្ដេញចេញពីដីធ្លីបង្កបង្កើនផលរបស់ខ្លួនជាង ១៤០គ្រួសារលើទំហំដីជាង ១.០០០ហិកតារ។ លោកថា ខ្មែរក្រោមមិនដែលទទួលបានយុត្តិធម៌ ពីរដ្ឋាភិបាលវៀតណាមនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។