សហគមន៍​មាន​ទំនាស់​ដីធ្លី​ នៅ​ខេត្ត​កោះកុង ៩៥៥​គ្រួសារ ​ជួបជុំ​គ្នា​នៅ​មុខ​សាលាស្រុក​ស្រែអំបិល ដើម្បី​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ

0:00 / 0:00

សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥ គ្រួសារ​នៅ​ខេត្ត​កោះកុង ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាស្រុក​ស្រែអំបិល ដើម្បី​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ។ អាជ្ញាធរ​បាន​ឲ្យ​តំណាង​ពលរដ្ឋ​២នាក់​ចូល​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​នេះ ហើយ​បាន​ឲ្យ​តំណាង​ពលរដ្ឋ​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ឡើង​វិញ។

សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥​គ្រួសារ​នៅ​ខេត្ត​កោះកុង រាប់​រយ​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​សាលាស្រុក​ស្រែអំបិល ដើម្បី​រង់ចាំ​ជួប​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី ដើម្បី​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា។

អាជ្ញាធរ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​២នាក់ គឺ​លោកស្រី ផាវ ញ៉ើង និង​លោក ហាន់ ទៀត ចូលរួម​ពិភាក្សា​ជា​មួយ​អាជ្ញាធរ។

តំណាង​ពលរដ្ឋ លោកស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា​ថា អាជ្ញាធរ​បាន​ឲ្យ​លោកស្រី​ពិនិត្យ​មើល​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រង់​កាល​ពី​ពេល​កន្លង​ទៅ មាន​ប្រមាណ​ជាង​២រយ​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​ក្នុង​ស្រុក​ស្រែអំបិល ហើយ​លោកស្រី កត់​សម្គាល់​ថា ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មាន​ចំនួន​ច្រើន​ជាង​អ្វី ដែល​អាជ្ញាធរ​បាន​រក​ឃើញ​នេះ។ លោកស្រី បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២រយ​គ្រួសារ​នោះ អាជ្ញាធរ​បាន​បែង​ចែក​ជា២ អាទិភាព​ផ្សេងៗ​គ្នា​ទៀត ហើយ​ពួកគាត់​នឹង​ទទួល​បាន​ទំហំ​ដី​ខុស​គ្នា​ដែរ។

លោកស្រី ផាវ ញ៉ើង៖«អាទិភាព​ទី​១​ហ្នឹង​គឺ ទទួល​បាន​ដី​តែ​៧ពាន់​ម៉ែត្រ​ការ៉េ​ទេ បាន​ន័យ​ថា ៧០អា អត់​ដល់​មួយ​ហិកតារ​ទេ​ទាំង​ដី​ផ្ទះ ដី​លំនៅឋាន លុះ​ត្រា​តែ​បុគ្គល​នោះ​ចូល​ក្នុង​អាទិភាព​ទី១ ហ្នឹង​ទៀត។ អាទិភាព​ទី១​នេះ មានន័យថា ពលរដ្ឋ​ដែល​អត់​មាន​ទាំង​ដី​ផ្ទះ ដី​ស្រែ ដី​ចម្ការ តែ​គាត់​រស់នៅ​ទី​ហ្នឹង ដប់ ម្ភៃ សាមសិប​ឆ្នាំ​ឧទាហរណ៍​អីចឹង។ សម្រាប់​បុគ្គល ដែល​មក​រស់នៅ​ទី​ហ្នឹង ដើរ​នៅ​ស៊ីឈ្នួល​ចាំ​ចម្ការ​ឲ្យ​គេ ឬ​ទើប​មក​រស់នៅ​ទី​ហ្នឹង គឺ​មិន​ផ្ដល់​អាទិភាព​ក្នុង​លក្ខខណ្ឌ​ទី១ ឬ​ទី២ ទេ គឺ​សុំ​មិន​ឲ្យ​តែ​ម្ដង គាត់​និយាយ​អីចឹង​ណា ប៉ុន្តែ​អាទិភាព​ទី២ គឺ​បាន​ដី ៥ពាន់​ម៉ែត្រ​ការ៉េ បាន​ន័យ​ថា កន្លះ​ហិកតារ»។

លោកស្រី ផាវ ញ៉ើង បន្ថែម​ថា ក្រោយ​ពី​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​បញ្ហា​ពលរដ្ឋ​ក្រីក្រ​តិច​ជាង​ចំនួន​ជាក់​ស្ដែង អភិបាល​រង​ខេត្ត​កោះកុង បាន​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​២នាក់ ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​សាឡើងវិញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​គណៈកម្មការ​គ្រប់​គ្រង​ដី​សាធារណៈ​របស់​រដ្ឋ ប្រចាំ​ខេត្ត​កោះកុង បន្ថែម​ទំហំ​ដី ដែល​ពលរដ្ឋ​ត្រូវ​ទទួល​បាន និង​ផ្ដល់​អាទិភាព​យ៉ាង​ហោច​ណាស់​ឲ្យ​ពលរដ្ឋ​៩៥៥គ្រួសារ មាន​សិទ្ធិ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល។

លោកស្រី ផាវ ញ៉ើង៖«សុំ​ឲ្យ​រដ្ឋាភិបាល​មេត្តា​គិតគូរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ​នេះ ឲ្យ​ខាន​តែ​បាន​ដោយសារតែ​ពួកគាត់ គឺ​ជា​ប្រជាពលរដ្ឋ ដែល​អត់​មាន​ដី​ធ្វើ​កសិកម្ម​ពិត​ប្រាកដ អ្នកខ្លះ​គឺ​ជា​ជន​រងគ្រោះ ប៉ុន្តែ​មិន​ហ៊ាន​ចេញ​មក​តវ៉ា​បាត់បង់​ដី អ្នកខ្លះ​គឺ​ជា​អ្នក​ដែល​អត់​មាន​ដី​ពិត​ប្រាកដ​មែន អត់​ដែល​បាន​លក់​បាន​ដូរ​អ្វី​ទេ តែ​គ្នា​វា​អត់​មាន ដូច​ថា កើត​មក​ត្រកូល​អ្នក​ក្រ​ស្រាប់ អត់​មាន​ដី​មាន​ធ្លី​អី​ទេ មាន​តែ​បន្តិច​បន្តួច​អីចឹង​ទៅ ហូប​មិន​គ្រប់»។

តំណាង​ពលរដ្ឋ លោកស្រី ផាវ ញ៉ើង ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ បាន​ស្នើ​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​២នាក់ ទុក​កិច្ច​ប្រជុំ​នៅ​ពី​ព្រឹក​ថ្ងៃ​ទី ១ កក្កដា ​ជា​ការណ៍​សម្ងាត់ ប៉ុន្តែ​លោកស្រី អះអាង​ថា ការ​បញ្ចេញ​ព័ត៌មាន​នេះ គឺ​ក្នុង​គោលបំណង​និយាយ​ពី​ការ​ពិត​ក្នុង​ភាព​ជា​តំណាង​របស់​ពលរដ្ឋ ដែល​បាន​ជជែក​ជា​មួយ​អាជ្ញាធរ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​ឆ្លើយ​តប សំណើ​របស់​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១ ខែកក្កដា ។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ គឺ​ពុំ​មាន​ភាព​លំបាក​ឡើយ ប្រសិនបើ​ជា​មាន​កិច្ច​សហការ​រួមគ្នា​រវាង​តំណាង​ពលរដ្ឋ និង​អាជ្ញាធរ។ មន្ត្រី​សង្គម​ស៊ីវិល រូប​នេះ លើកឡើង​ថា រដ្ឋាភិបាល គួរ​តែ​ផ្អាក​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំ​ច្រើន​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ហើយ​បង្វែរ​ទៅ​ជា ដី​សម្បទាន​សង្គម​កិច្ច​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរ លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ។

លោក យិន ម៉េងលី៖«កាល​ណា​ប្រជាពលរដ្ឋ​លោក​មាន​ដី​គ្រប់គ្រាន់​ក្នុង​ការ​បង្កបង្កើន​ផល សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​គាត់​មាន​ការ​កើនឡើង​ហើយ សេដ្ឋកិច្ច​ពលរដ្ឋ​មាន​ការ​ធូរធារ​អីចឹង​កំណើន​សេដ្ឋកិច្ច ក៏​វា​កើន​ពី​ហ្នឹង​ដែរ ហើយ​វា​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក ដែល​មាន​ការ​លំបាក​នៅ​ស្រុក​គេ​ដែរ។ អីចឹង​រដ្ឋាភិបាល​លោក​អាច​កាត់​ឆ្វៀល​បន្ថែម​ទៀត ហើយ​អីចឹង​យើង​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ឲ្យ​ជាក់​ស្ដែង​ទៅ ឲ្យ​ចំ​គោលដៅ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​មុខសញ្ញា ដែល​ត្រូវ​ឲ្យ ហើយ​ធ្វើ​យ៉ាង​ម៉េច កុំ​ឲ្យ​មាន​ពាក្យ​ចាស់​លោក​ថា ត្រី​ងៀត​ឆ្លៀត​ពង ពេល​ដែល​មាន​អីចឹង​ទៅ មាន​ការ​បន្លំ​ដេក​កណ្ដាល​អីចឹង​ទៅ អីចឹង​ឲ្យ​ច្បាស់​ជា​មួយ​ប្រជាពលរដ្ឋ ដែល​គាត់​អត់​ដី​ហ្នឹង»។

វិវាទ​ដី​ធ្លី​របស់​សហគមន៍​ចំនួន​៣​នៅ​ខេត្ត​កោះកុង​នេះ បាន​អូស​បន្លាយ​ពេល​ជិត​២០ឆ្នាំ​ហើយ ដោយសារ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឱ្យ​ទៅ​ឧកញ៉ា និង​អ្នក​មាន​អំណាច​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​នោះ​មាន លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា និង​លោក ហេង ហ៊ុយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ។

ដោយ​សារ​ជម្លោះ​ដីធ្លី​ទាំង​នេះ អាជ្ញាធរ​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១២នាក់ មក​ពី​សហគមន៍​ចំនួន៣ បន្ទាប់​ពី​ពួកគាត់​ព្យាយាម​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​របស់​ពួកគាត់​ចំនួន​៣០នាក់ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។

ក្រោយ​មក​តុលាការ​បាន​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​នោះ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ។ ក្រៅ​ពី​ជាប់​ពន្ធនាគារ ពលរដ្ឋ​ខ្លះ​បាន​បាត់បង់​ជីវិត​ក្នុង​អំឡុង​ពេល​ចេញ​តវ៉ា ខ្លះ​ទៀត​ធ្លាក់​ខ្លួន​ក្រីក្រ បែក​បាក់​គ្រួសារ និង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម៕