ប្រជា​ពលរដ្ឋ ៤២​គ្រួសារ​រស់​នៅ​លើ​សង្កាត់​កោះរ៉ុង ចោទ​ឧកញ៉ា សុខ ប៊ុន ក្លែង​ឯកសារ​រំលោភ​ដីធ្លី​ពួក​គាត់

ដោយ ស្ងួន អមរា
2018.03.29
កោះរ៉ុង ព្រែកស្វាយ ៦២២ ផែនទី​ភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ខេត្ត​ព្រះ សីហនុ។
Print screen

ប្រជា​ពលរដ្ឋ​ចំនួន ៤២​គ្រួសារ​រស់នៅ​លើ​កោះរ៉ុង ក្រុង​ព្រះសីហនុ បង្ហាញ​កង្វល់​បាត់បង់​ដីធ្លី​ជា​ថ្មី​ទៀត និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ឲ្យ​ចុះ​អង្កេត​សកម្មភាព​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដី​ចម្ការ និង​ដី​លំនៅឋាន​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​នោះ។

ប្រជា​ពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​ដាក់​ពាក្យប​ណ្តឹង​សុំ​អន្តរាគមន៍ ទៅ​លោក សេង ហ៊ួលៀង ចៅ​សង្កាត់​កោះរ៉ុង និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍។

លោក សុខ ប៊ុន អគ្គនាយ​ក្រុមហ៊ុន​សុខប៊ុន​គ្រុប និង​ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ដែល​បាន​នាំ​យក​ម៉ាស៊ីន ជីភីអេស (GPS) យក​ទៅ​ចុច​​វាស់​លើ​បរិវេណ​ដីធ្លី​ពួក​គាត់​កំពុង​កាន់កាប់ កាល​ពី​ថ្ងៃទី​២២ ខែ​មីនា នៅ​ចំណុច​ពយ​តា​ផេង ពយ​អាពត និង​ថ្ម​ជញ្ជាំង ស្ថិត​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុង ក្រុង និង​ខេត្ត​ព្រះសីហនុ។

ក្នុង​លិខិត​ដាក់​ជូន​ចៅ​សង្កាត់​កោះរ៉ុង និង​អភិបាល​ខេត្ត​ព្រះសីហនុ ប្រជា​ពលរដ្ឋ​ទាំង ៤២​គ្រួសារ​ បាន​បង្ហាញ​ថា ពួក​គាត់​មាន​កិច្ចសន្យា​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​ពី​ឆ្នាំ​២០១៣ និង​ពាក្យ​ស្នើសុំ​កាន់កាប់​ដី​ប្រើ​ប្រាស់ ចុះ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០០៨ ចុះ​ហត្ថលេខា​ដោយ លោក អ៊ួង និត អតីត​ចៅ​សង្កាត់​កោះរ៉ុង។ សាលាកប័ត្រ​ព័ត៌មាន ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៥ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​ស្រប​ច្បាប់។

ប្រជា​ពលរដ្ឋ​ខ្លះ ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​បាន​មក​រស់​នៅ​លើ​កោះរ៉ុង តាំង​ពី​ពួក​គាត់​មាន​អាយុ ១៥​ឆ្នាំ គឺ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម មក​ម្ល៉េះ ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត និង​បាន​ដាំ​ដំណាំ​កសិកម្ម​មួយ​ចំនួន​នៅ​លើ​ដី​នោះ រួម​មាន ដំណាំ​ដូង ខ្នុរ និង​ស្វាយចន្ទីរ​ជា​ដើម។

ប្រជា​ពលរដ្ឋបន្តថា ក្រោយ​សម័យ​សង្គ្រាម ឆ្នាំ​១៩៧៩ ពួក​គាត់​បាន​មក​រស់​នៅ និង​កាន់កាប់​ដីចំការ​រៀងៗ ខ្លួន បន្ត​រហូតមក​ដល់​បច្ចុប្បន្ន ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ និង​ក្រុង​ព្រះសីហនុ​ថែម​ទៀត​ផង។ ពិសេស​ជាង​នេះ ដី​លំនៅឋាន និង​ដី​ចម្ការ​របស់​ពួក​គាត់​ទាំង ៤២​គ្រួសារ ត្រូវ​បាន​ស្ថាប័ន​ជំនាញ នៃ​ក្រុម​ការងារ​ថ្នាក់​ជាតិ មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បានចុះ​វាស់វែង​​កំណត់​ក្បាលដី​ត្រៀមចេញបណ្ណកម្មសិទ្ធិ និង​បាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាល​ដី​ជា​សាធារណៈ នូវ​ឯកសារ​សូ​រិ​យោ​ដី ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ដែល​ក្រុម​ការងារ​បច្ចេកទេស​ បាន​ចុះ​បញ្ជី​ដីធ្លី និង​បាន​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាល​ដី​រួចរាល់​ស្រប​តាម​នីតិវិធី​ច្បាប់។ ជាង​នេះ​ទៀត ខាង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែន​ដី ក៏​បាន​ទុក​ពេល ១៥​ថ្ងៃ សម្រាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​តវ៉ា គឺ​ចាប់​ពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៧។

ប្រជា​ពលរដ្ឋទាំង ៤២​គ្រួសារ បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ។ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជា​ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ និង​អង្កេត​សកម្ម​ភាព​លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក ដែល​ឃុបឃិត​ប៉ង​រំលោភ​យក​ដីធ្លី​​ពួក​គាត់​នៅ​លើ​កោះរ៉ុង​ដោយ​អនុ​គ្រោះ​ផង។

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធារី អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ត្រូវ​ចុះ​ពិនិត្យ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ជូន​​ប្រជា​ពលរដ្ឋ​ទាំង ៤២​គ្រួសារ រស់​នៅ​ភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ឲ្យ​បាន​ឆាប់។ អ្នកស្រី​បន្ត​ថា តើ​តាម​ការ​រៀបរាប់​របស់​ប្រជា​ពលរដ្ឋ គឺ​ពួក​គាត់​បាន​មក​រស់នៅ និង​កាន់កាប់​ដីធ្លី​នៅ​ទីតាំង​នេះ ជាក់​ស្តែង ដោយ​មានដាំ​ដំណាំ​កសិកម្ម​ ព្រម​ទាំង​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ទៀត​ផង។

អាស៊ីសេរី មិនទាន់អាចទាក់ទង លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​វិវាទ​ដីធ្លី រវាង​ប្រជា​ពល​រដ្ឋ ៤២​គ្រួសារ រស់​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង មាន​ទំនាស់​ជាមួយ​លោក​ឧកញ៉ា សុខ ប៊ុន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨។

ចំណែក លោកឧកញ៉ា សុខ ប៊ុន ដែល​លំនៅឋាន​ជា​អចិន្ត្រៃយ៍​នៅ​រាជធានី​ភ្នំពេញ ក៏​មិន​ទាន់​ស្នើសុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់ របស់​ប្រជា​ពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​ចោទ​ក្លែង​ឯក​សារ​រំលោភ​យក​ដីធ្លី របស់​ពួក​គាត់​បាន​នោះ​ដែរ។ ប៉ុន្តែ យោង​តាម​ឯកសា​ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ របស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ញើ​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ក្រសួង​រៀបចំ​ដែនដី បាន​ឯកភាព​ជា​គោលការណ៍​បង្កើត​ក្រុម​ការ​ងារ​ចុះ​ពិនិត្យ​វាស់វែង​ក្បាល​ដី​ទំហំ ជាង ៥​លាន (.២៥០.០០០) ម៉ែត្រ​ការ៉េ របស់​ឈ្មោះ សុខ ប៊ុន ស្ថិត​នៅភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង និង​ខេត្ត​ព្រះសីហនុ។ លិខិត​នេះ បាន​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​អនុវត្ត​ការងារ​ខាង​លើ​នេះ​ឲ្យ​បាន​ជោគជ័យ។

ចំណែក​សំណើខាងលើនេះ ក្រសួង​រៀប​ចំដែនដី បានចាត់ឲ្យ លោក សួន សូផា ដឹកនាំ​ក្រុម​ការងារ​ចុះ​សហការ​អនុវត្ត​ការ​ងារវាស់វែង​ទំហំផ្ទៃ​ដី​ខាង​លើ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ឲ្យ​ទទួល​បាន​ជោគជ័យ។

លោក​ឧកញ៉ា សុខ ប៊ុន អគ្គនាយ​ក្រុមហ៊ុន សុខ ប៊ុន គ្រុប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥ ត្រូវ​បាន​តុលា​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់​ដាក់​គុក​ម្តង​រួច​មក​ហើយ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​លោក សុខ ប៊ុន និង​អង្គរក្ស បាន​វាយ​ទាត់​ធាក់​ទៅ​លើ​អតីត​ពិធីការីនី​ទូរទស្សន៍ CTN គឺ​កញ្ញា ឯក សុជាតា នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។